ថ្នាក់ដឹកនាំរបបក្រុងភ្នំពេញជាច្រើននាក់ ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ និងដាក់ឱ្យធ្វើចត្តាឡឺស័ក ក្រោយពេលបានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលត្រូវបានគេរកឃើញថា មានផ្ទុកជំងឺកូវីដ-១៩ ក្រោយចាកចេញពីកម្ពុជា។
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៤ វិច្ឆិកានេះ មិនបានបញ្ជាក់ថា តើថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋាភិបាលណាខ្លះ ដែលត្រូវអនុវត្តវិធានការនេះទេ។ ប៉ុន្តែអំឡុងពេលទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៣ វិច្ឆិកា រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន រដ្ឋមន្ត្រីកសិកម្ម លោក វេង សុខុន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៃរបបក្រុងភ្នំពេញ ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនទៀតផង។ ដូចទម្លាប់សព្វដង លោក ហ៊ុន សែន និងមន្ត្រីរបស់លោកភាគច្រើន មិនបានពាក់ម៉ាស់ការពារសុវត្ថិភាពនោះទេ។
អាស៊ីសេរីបានព្យាយាមទាក់ទងប្រធានអង្គភាពនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ដើម្បីសាកសួររឿងនេះបន្ថែម ប៉ុន្តែពួកលោកមិនលើកទូរស័ព្ទ។
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) ត្រូវបានរកឃើញថា មានផ្ទុកជំងឺកូវីដ-១៩ នៅពេលលោកទៅដល់ប្រទេសថៃ។
រដ្ឋមន្ត្រីសុខាភិបាលថៃ លោក អនុទីន ឆានវីរៈគុល (Anutin Charnvirakul) ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP (Associated Press) ថា អាជ្ញាធរថៃបានធ្វើតេស្តសុខភាពលើក្រុម ប្រតិភូប្រទេសហុងគ្រីចំនួន ១៣នាក់ បន្ទាប់ពីពួកគេបានធ្វើដំណើរពីកម្ពុជាទៅដល់ប្រទេសថៃ កាលពីថ្ងៃទី៣ វិច្ឆិកា។ លទ្ធផលបង្ហាញថា រដ្ឋមន្ត្រីការបរទេសហុងគ្រីមានផ្ទុកជំងឺកូវីដ-១៩ តែមន្ត្រីហុងគ្រី ១២នាក់ទៀត មិនមានផ្ទុកជំងឺនេះទេ។ ចំណែក មន្ត្រីជាន់ខ្ពស់ហុងគ្រីវិញ ក៏បានបញ្ជាក់ជាផ្លូវការដែរថា លោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) មានផ្ទុកជំងឺកូវីដ-១៩។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ហុងគ្រីអះអាងថា មុនចាកចេញពីប្រទេសហុងគ្រីឆ្ពោះមកកាន់តំបន់អាស៊ី លោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) បានធ្វើតេស្តរួចហើយ ដោយមិនមានផ្ទុកជំងឺកូវីដ-១៩ នោះទេ។
មន្ត្រីថៃអះអាងថា កិច្ចប្រជុំទាំងឡាយរវាងលោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) និងប្រមុខដឹកនាំថៃ ត្រូវលុបចោលទាំងអស់ ហើយរដ្ឋមន្ត្រីការបរទេសហុងគ្រីរូបនេះនឹងត្រឡប់ទៅប្រទេសហុងគ្រីវិញ ដោយជិះយន្តហោះតែម្នាក់ឯង ចំណែកក្រុមប្រតិភូរបស់លោកចំនួន ១២នាក់ទៀត នឹងជិះយន្តហោះមួយដោយឡែក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។