លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទទួលស្គាល់ថា លោកនៅមិនទាន់ដឹងពីប្រសិទ្ធភាពពិតប្រាកដនៃវ៉ាក់សាំងចិន រួមទាំងវ៉ាក់សាំងប្រទេសដទៃទៀត ក្នុងការការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ នៅឡើយទេ។ ក៏ប៉ុន្តែ លោកប្រកាសដោយមិនអល់អែកទទួលយកវ៉ាក់សាំងផ្ដល់ដោយរដ្ឋាភិបាលចិនចំនួនដល់ទៅ ១លានដូស ដើម្បីទុកចាក់ជូនប្រជាពលរដ្ឋខ្មែរប្រមាណ ៥០ម៉ឺននាក់។ វ៉ាក់សាំងផ្ដល់ដោយចិននេះ មានឈ្មោះថា វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm)។
លោក ហ៊ុន សែន ប្រកាសយ៉ាងដូច្នេះនៅក្នុងសារសំឡេង ផ្សាយជាសាធារណៈកាលពីយប់ថ្ងៃទី១៥ មករា។ លោកបានលើកយកអំណះអំណាងមួយចំនួន មកការពារការសម្រេចចិត្តប្រកាសទទួលយកវ៉ាក់សាំងពីប្រទេសចិននេះ។ លោកថា ទីមួយ គឺដោយសារតែកម្ពុជាកំពុងទទួលរងការរីករាលដាលខ្លាំងនៃការឆ្លងជំងឺកូវីដ-១៩នេះ និងទីពីរ គឺដោយសារតែមេដឹកនាំប្រទេសចិន ប្រទេសឥណ្ឌូណេស៊ី (Indonesia) និងមនុស្សរាប់លាននាក់លើពិភពលោកបានប្រើប្រាស់វ៉ាក់សាំងនេះរួចហើយ។ លោកបញ្ជាក់ថា កម្ពុជា មិនអាចរង់ចាំទម្រាំដល់ពេលមានវ៉ាក់សាំងទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) បានទៀតទេ។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរបស់លោកតែងប្រកាសក្តែងៗថា កម្ពុជានឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយយកប្រជាពលរដ្ឋខ្លួនធ្វើជាធុងសំរាមពិសោធន៍ ឬជាសត្វកណ្ដុរសម្រាប់ពិសោធន៍ប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩ នេះឡើយ ហើយថា កម្ពុជាសុខចិត្តរង់ចាំទទួលយក ឬទិញវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកវិញ។ ក៏ប៉ុន្តែ លោក ហ៊ុន សែន បានផ្លាស់ប្ដូរចិត្តយ៉ាងឆាប់រហ័សក្នុងរយៈពេលមិនដល់ ១ខែផង។ យ៉ាងណា លោក ហ៊ុន សែន ថ្លែងថា ជនអាទិភាពដែលនឹងត្រូវចាក់វ៉ាក់សាំងនេះ រួមមានអ្នកនៅជុំវិញព្រះមហាក្សត្រ អ្នកនៅជុំវិញខ្លួនលោក ជុំវិញប្រធានព្រឹទ្ធសភា និងរដ្ឋសភា និងក្រុមគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធជាដើម។ លោក ហ៊ុន សែន មិនបានបញ្ជាក់ទេ ថាតើ ព្រះមហាក្សត្រ រូបលោកខ្លួនឯង និងមន្ត្រីជាន់ខ្ពស់នៃគណៈរដ្ឋមន្ត្រីរបស់លោក នឹងសុខចិត្តនាំគ្នាចាក់វ៉ាក់សាំងចិននេះមុនគេ ឬយ៉ាងណានោះទេ។
បច្ចុប្បន្ន ប្រទេសធំៗនៅទូទាំងពិភពលោក រួមមានសហរដ្ឋអាមេរិក (USA) ចក្រភពអង់គ្លេស (UK) អាល្លឺម៉ង់ (Germany) បារាំង (France) រុស្ស៊ី (Russia) និងចិនសុទ្ធតែបានប្រកាសថា ខ្លួនរកឃើញវ៉ាក់សាំងដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩។ ក៏ប៉ុន្តែ គេនៅមិនទាន់ដឹងអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងនេះនៅឡើយទេ ហើយអង្គការសុខភាពពិភពលោក ក៏នៅមិនទាន់ប្រកាសទទួលស្គាល់ជាក់លាក់លើវ៉ាក់សាំងរបស់ប្រទេសណាមួយនោះដែរ។ អង្គការនេះគ្រាន់តែប្រកាសទទួលស្គាល់ សម្រាប់ការប្រើប្រាស់ក្នុងគ្រាអាសន្ននូវវ៉ាក់សាំងផលិតដោយក្រុមហ៊ុន ហ្វាយហ្សឺ (Pfizer) របស់អាមេរិក និងក្រុមហ៊ុន បាយអូអេនថិក (BioNTech) របស់អាល្លឺម៉ង់តែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។