លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោកនៅល្ងាចថ្ងៃទី៥ ខែកុម្ភៈថា លោកមិនអាចចាក់វ៉ាក់សាំងរបស់ចិនទេ ដោយសារលោកមានអាយុ ៦៨ឆ្នាំហើយ លើសអាយុកំណត់ដែលត្រូវចាក់។
លោក ហ៊ុន សែន សរសេរបន្តថា លោកទទួលបានព័ត៌មានពីក្រសួងសុខាភិបាល ដែលបានទទួលលិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូតចិននៅកម្ពុជា ដែលបញ្ជាក់ថា វ៉ាក់សាំងឈ្មោះស៊ីណូហ្វាម (Sinopharm) ចាក់បានតែមនុស្សមានអាយុចន្លោះពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំតែប៉ុណ្ណោះ។ លោក ហ៊ុន សែន កាលពីថ្ងៃទី៤ កុម្ភៈ ប្រកាសថា លោក និងមន្ត្រីជាន់ខ្ពស់មួយចំនួននឹងចាក់វ៉ាក់សាំងចិន នៅថ្ងៃទី១០ កុម្ភៈ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ទោះបីជាយ៉ាងណា លោក ហ៊ុន សែន អះអាងថា លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ ដែលមានអាយុ ៧៥ឆ្នាំ បានចាក់វ៉ាក់សាំងកូវីដ-១៩ របស់ចិនរួចហើយ ស្របពេលជំនួយរបស់ចិនមិនទាន់មកដល់កម្ពុជានៅឡើយ។ លោក ហ៊ុន សែន មិនបានបញ្ជាក់លម្អិតថា តើលោក ទៀ បាញ់ ចាក់វ៉ាក់សាំងនោះតាំងពីថ្ងៃណាឡើយ ខណៈវ៉ាក់សាំងដែលជាជំនួយរបស់ចិននឹងមកដល់កម្ពុជានៅថ្ងៃទី៧ កុម្ភៈ។ លោក ហ៊ុន សែន ក៏ពុំបានពន្យល់ពីមូលហេតុដែលលោក ទៀ បាញ់ ចាក់វ៉ាក់សាំងនោះមុនលោកដែរ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់រឿងនេះពីលោក ទៀ បាញ់ បានទេ នៅថ្ងៃទី៥ កុម្ភៈ។
គិតត្រឹមថ្ងៃទី៤ កុម្ភៈ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៤៧០នាក់ ក្នុងនោះអ្នកជាសះស្បើយមាន ៤៥២នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានចំនួន ១៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។