អ្នកជំនាញ​សុខាភិបាល​ហួសចិត្ត​ដែល​អាជ្ញាធរ​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ពពាក់ពពូន​គ្នា​ ក្នុង​ពេល​​កូវីដ​រាលដាល

0:00 / 0:00

អ្នកជំនាញ​សុខាភិបាល និង​មន្ត្រី​សង្គម​ស៊ីវិល ហួសចិត្ត​ដែល​អាជ្ញាធរ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ពពាក់ពពូន​គ្នា ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ ស្រប​ពេល​ដែល​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ នៅតែ​ជា​ក្តី​កង្វល់​ខ្លាំង​នៅ​ឡើយ​។ ការ​ភ្ញាក់ផ្អើល​នេះ កើត​មានឡើង​ក្រោយ​ពួកគាត់​ឃើញ​រូបភាព​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ខេត្ត​ក្រុង ប្រជ្រៀត​គ្នា​ដូច​ម្រាមដៃ ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។

រូបភាព​នៃ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ មី​ដេរដាស ប្រជ្រៀត​គ្នា​លេង​បាត​ម្សៅ បាញ់​ទឹក និង​រាំ​លេង​សប្បាយរីករាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​ក្រុង នៅ​ទូទាំង​ប្រទេស​កម្ពុជា។

Kny-bmc1.JPG
ទិដ្ឋភាព​ពលរដ្ឋខេត្ត​បន្ទាយមានជ័យ នាំគ្នាលេងកម្សាន្ត​បុណ្យ​ចូលឆ្នាំ​ថ្មី នៅ​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ (Vadhna Vey)

រូបភាព​ទាំងនេះ បាន​បង្ក​ភាព​ភ្ញាក់ផ្អើល និង​ហួសចិត្ត ចំពោះ​អ្នកជំនាញ​វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ​នៅ​ក្រៅ​ប្រទេស ដែល​ពួកគាត់​មិន​នឹកស្មាន​ថា ប្រជាពលរដ្ឋ​ខ្មែរ​ឆាប់​ភ្លេចខ្លួន​យ៉ាងនេះ​សោះ។

ឱសថការី​ខ្មែរ​អូស្ត្រាលី​លោក លឹម សួរ លាន់​មាត់​ថា ការ​ប្រជ្រៀត​គ្នា​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ឆ្នាំនេះ គឺ​ពលរដ្ឋ​ផ្តុំ​កៀក​គ្នា​ណែន​ណាន់​តាន់តាប់ ដែល​មិន​គួរ​ឲ្យ​ជឿ​ថា រឿង​នេះ ត្រូវ​អាជ្ញាធរ​បណ្តោយ​ឲ្យ​កើត​មានឡើង​បាន ក្នុង​សម័យ​កូវីដ-១៩ បែបនេះ​ទាល់តែសោះ៖ «ខ្ញុំ​មើលទៅ​ហាក់ដូចជា wow! មិនដែល​ឃើញ​ ! Wow! This is like កន្តំ !»។

លោក លឹម សួរ បន្ទោស​អាជ្ញាធរ​ដែល​បន្ធូរ​បន្ថយ​ការ​រឹតត្បិត និង​វិធានការ​សុខាភិបាល​ខ្លាំង​ពេក ទើប​ពលរដ្ឋ​ធ្វើ​ដូច្នេះ៖ «ចំពោះ​ខ្ញុំ​ អាហ្នឹង​ទៅលើ​អាជ្ញាធរ​ទាំងអស់​នៅ​ប្រទេស​នេះ គឺ​ថា​ ក្រសួង​សុខាភិបាល និង​រដ្ឋាភិបាល​ទទួល​ខុសត្រូវ​ទាំងស្រុង​។ ម្ល៉ោះ​ហើយ​ ការណ៍​ដែល​ធូរ​ថយ​នេះ​ គឺ​វា​យោង​ទៅតាម​ច្បាប់​យើង​នេះ បើ​ច្បាប់​យើង​ធូរ ប្រជាជន​ក៏​ធូរ​ដែរ​។ ប៉ុន្តែ ខ្ញុំ​ចេះតែ​និយាយ​លេង​ប្រាប់​បងប្អូន​យើង​ថា កូវីដ​អត់​ភ្លេច​យើង​ទេ​ ! តែ​យើង​ចេះតែ​ភ្លេច​កូវីដ។ អាហ្នឹង​ដែល​ជា​បញ្ហា​។ ជា​បញ្ហា​មួយ​ព្រួយបារម្ភ​យ៉ាង​ធំ»។

រដ្ឋាភិបាល​កម្ពុជា កាលពី​ឆ្នាំ​២០១៩ បាន​ធ្វើ​ច្បាប់​អំពី​ការទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ពិន័យ​ជា​ប្រាក់ និង​ដាក់​ពន្ធនាគារ ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​នេះ​។ ដោយសារ​តែ​ច្បាប់​នេះ ពលរដ្ឋ​ជាច្រើន​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់​។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​បាន​ហាមប្រាម​រាល់​ការ​ជួប​ជុំគ្នា ដើម្បី​តវ៉ា​បញ្ហា​អយុត្តិធម៌​សង្គម​ផ្សេងៗ រួម​ទាំង​កូដកម្ម​របស់​បុគ្គលិក​ណាហ្គា វើលដ៍ (NagaWorld) ដោយ​អាជ្ញាធរ​អះអាង​ថា ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩​។ ប៉ុន្តែ បួន​ថ្ងៃ​មុន​ថ្ងៃ​ចូលឆ្នាំ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដាក់​ខេត្ត​បួន មាន​ខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ព្រះវិហារ ដែល​ប្រជាពលរដ្ឋ​មិន​ចាំបាច់​ពាក់​ម៉ាស់​ទៀត​ទេ​។ ដោយឡែក​ខេត្ត​ផ្សេងទៀត នៅ​ជាប់​បម្រាម​ពាក់​ម៉ាស់​នេះ​ដដែល​។ ទោះជា​យ៉ាងនេះ​ក្ដី នៅពេល​បុណ្យចូលឆ្នាំ​កាន់តែ​កៀក​ចូល​មក​ដល់ ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ចាប់ផ្តើម​ដោះ​ម៉ាស់ និង​ជួបជុំគ្នា​យ៉ាងច្រើន​កុះករ​។ ក្រោយ​មក លោកនាយក​រដ្ឋមន្ត្រី ប្រកាស​ឲ្យ​ព្យួរ​ច្បាប់​កូវីដ​-១៩ មួយ​រយៈ​សិន៖ «ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កុំ​អនុវត្ត​នូវ​ច្បាប់​ទាក់ទង​នឹង​ការគ្រប់គ្រង​កូវីដ​ - ១៩ គឺ​មិន​អនុវត្ត​នៅក្នុង​ដំណាក់កាល​នៃ​ការ​ចូល​ឆ្នាំ»។

kny-hunsen.jpg
ទិដ្ឋភាព​លោក ហ៊ុន សែន (រូប​កណ្ដាល​ចង​ក្រមា​បិទភ្នែក លេងល្បែង​វាយក្អម នា​ខេត្ត​ព្រះសីហនុ កាល​ពីថ្ងៃទី១៥ ខែ​មេសា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក ហ៊ុន សែន

លោក ហ៊ុន សែន ជឿជាក់​លើ​វ៉ាក់សាំង ដែល​លោក​ថា បាន​ចាក់​ស្រោច ដើម្បី​បាន​ភាពស៊ាំ និង​អត្រា​នៃ​ការ​ឆ្លង​ជំងឺ​នេះ ដែល​មាន​តិចតួច​នៅ​កម្ពុជា ទើប​លោក​ហ៊ាន​បណ្តោយ​បែប​នេះ​។ លោក​បន់ស្រន់ កុំ​ឲ្យ​ករណី​ឆ្លង​នៅក្នុង​សហគមន៍ កើត​មាន​ច្រើន​ក្រោយ​ចូលឆ្នាំ​ខ្មែរ។

មន្ត្រី​សុខភាព​សាធារណៈ​នៃ​អង្គការ​សង្គម​ស៊ីវិល យល់​ថា ប្រជាពលរដ្ឋ​កម្ពុជា​ស៊ាំ​នឹង​ការរស់នៅ​ក្នុង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នេះ​ហើយ ទើប​ពួកគាត់​លែង​ខ្លាច​ដូច​មុន​។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​លោក អ៊ូច វុទ្ធី ថា មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​នេះ បើ​ទោះ​ឆ្លង​លឿន តែ​មិន​កាច​សាហាវ​ដូច​មេរោគ​បំប្លែង​ថ្មី​មុនៗ រួមផ្សំ​នឹង​កត្តា​វ៉ាក់សាំង​នោះ​ដែរ ទើប​ពលរដ្ឋ​បណ្តោយ​ខ្លួន មិន​ព្រួយ​ការ​ឆ្លង​ដូច​មុន៖ «ឥឡូវនេះ​យើង​វា​ខែចេត្រ​ចូលឆ្នាំ​ទៀត វា​រដូវក្ដៅ​។ អ៊ីចឹង​កូវីដ​បំប្លែង​ថ្មី​អូ​មី​ក្រុង​នេះ ក៏​មិនអាច​ចូល​មក​សេរី​រា​ង្គ​កាយ​គាត់ ធ្វើ​ឲ្យ​ហានិភ័យ​បាន​ដែរ​។ ដោយសារ​អី​គាត់​មាន​ប្រព័ន្ធ​ការពារ​ខ្លួន​ពី​ធម្មជាតិ​ផង ក្មេងៗ​ហ្នឹង​ភាគច្រើន ទី​១​។ ទី​ពីរ​ដោយសារ​អី ដោយសារ​គាត់​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស ដូចជា​ដូស​ជំរុញ ដល់​ថ្នាក់​អ្នក​ខ្លះ​ចាក់​ដល់​ដ​ស​ទី​បួន​ហើយ​បាទ»។

ផ្ទុយ​ពី​ការ​ជឿជាក់​របស់​លោក ហ៊ុន សែន ទៅ​លើ​វ៉ាក់សាំង​ដែល​បាន​ចាក់​រួច​ទាំងនោះ មន្ត្រី​សុខាភិបាល​ខ្មែរ​អាមេរិក​ឯណោះ​វិញ លោ​ក​ថា មេរោគ​កូវីដ-១៩ ប្រែប្រួល​ជានិច្ច ដែល​មិន​គួរ​ណា​ពលរដ្ឋ​ខ្មែរ​ប្រហែស​ដូច្នេះ​នោះ​ទេ​។ អនុ​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិក​លោក ទូច ឆាន់ ថា​មនុស្ស​នៅតែ​ស្លាប់​ច្រើន​នៅ​លើ​ពិភពលោក ដោយសារតែ​ជំងឺ​កូវីដ​-១៩ នេះ​។ ដូច្នេះ​លោក​ថា​ការ​ធ្វេសប្រហែស​របស់​ពល​រដ្ឋ​ខ្មែរ គឺជា​ចំណែក​នៃ​ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​គ្រោះមហន្តរាយ​ផ្នែក​សុខភាព ដែល​អាច​កើតមាន​ជាយថាហេតុ​ពី​ព្រឹត្តិការណ៍​ចូលឆ្នាំ​ខ្មែរ​នោះ៖ «ដូច្នេះ​ប្រសិនបើ​យើង​មិន​យកចិត្តទុកដាក់​ហ្នឹង យើង​មិន​ចាប់អារម្មណ៍ មិន​ការពារ​ខ្លួនឯង គឺ​យើង​អត់​មាន​នរណា​បន្ទោស មានតែ​បន្ទោស​ខ្លួនឯង​។ ជាពិសេស​យើង​ត្រូវ​បន្ទោស​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ដែល​ខ្វះ​ការណែនាំ​តឹងរ៉ឹង​រឿង​ហ្នឹង​។ យើង​ត្រូវ​ទទួល​ស្គាល់​ថា ដូច​នៅ​ប្រទេស​ចិន​។ ប្រទេស​ចិន​តឹងរ៉ឹង​មែនទែន​អា​រឿង​កូវីដ​ - ១៩​។ យើង​មិន​ត្រូវ​ប្រហែស​ដែរ ព្រោះ​អ្នក​ដែល​ស្លាប់ អ្នក​ដែល​វេទនា គឺ​យើង​ហើយ»។

មិន​ថា​តែ​នៅ​ប្រទេស​កម្ពុជា​ទេ នៅ​ប្រទេស​ថៃ ប្រជាពលរដ្ឋ​ថៃ​ក៏​នាំ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ​ដែរ​។ អាជ្ញាធរ​ថៃ​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​ថៃ ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​នេះ​ដែរ ដោយ​បន្ធូរបន្ថយ​វិធានការ​រឹត​បន្តឹង​ខ្លះ ប៉ុន្តែ​មិនមែន​បន្ធូរបន្ថយ​ទាំងស្រុង​ដូច​នៅ​កម្ពុជា​នោះ​ទេ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា មាន​កត្តា​ពីរ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វេសប្រហែស​បែប​នេះ​។ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ យល់​ថា ពលរដ្ឋ​អាច​គិតថា​មេរោគ​បំប្លែង​ថ្មី​អូមីក្រុង បើ​ឆ្លង​ឆាប់​ជា​ទៅវិញ និង​ថា ឥឡូវនេះ​ខាង​ក្រសួង​រដ្ឋ​មាន​លក់​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ផង។

ជាង​នេះ​ទៅ​ទៀត លោក​ថា ពលរដ្ឋ​អាច​ធុញថប់​នឹង​វិធានការ​រឹត​បន្តឹង​ក្នុង​ស្ថានភាព​កូវីដ ដែល​ពេល​ឮ​ថា​រដ្ឋាភិបាល​បន្ធូរ​តែ​បន្តិច ក៏​តាម​គ្នា លែង​ការពារ​ខ្លួន​តែម្តង។

ទោះជា​យ៉ាងនេះ​ក្តី លោក​រម្លឹក​ពលរដ្ឋ​ខ្មែរ​ឲ្យ​មើល​ករណី​នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន ជា​គំរូ ដែល​ប្រជាពលរដ្ឋ​ក្រុង​នេះ​បាន​ចាក់​វ៉ាក់សាំង​ស្ទើរ​គ្រប់គ្នា​ដែរ ប៉ុន្តែ​ករណី​ឆ្លង​កើត​មាន​ខ្លាំង រហូត​ដល់​ឥឡូវនេះ​អាជ្ញាធរ​បិទ​ខ្ទប់​ទីក្រុង​ដែល​មាន​ពលរដ្ឋ ២៦​លាន​នាក់​នេះ​ថែម​ទៀត​ផង​។ លោក​ថា បើ​ពលរដ្ឋ​ខ្មែរ​ប្រហែស​យ៉ាងនេះ លោក​បារម្ភ​អំពី​គ្រោះមហន្តរាយ ដែល​កើតមាន​ជាយថាហេតុ​ដល់​កម្ពុជា៖ «ការ​ធ្វេស​ប្រហែស​នេះ​វា​អាច​ជា​រឿង​មួយ​នៅក្នុង​ស្ថានភាព​ដែល​គេ​ហៅថា ជង់​មិន​ដែល​ភ្លេច​កុក​ទេ។ ប៉ុន្តែ​មានតែ​កុក​ទេ​ដែល​ភ្លេច​ជង់។ បើ​ស្ថានភាព​បែប​នេះ​នៅតែ​បន្ត ខ្ញុំ​ចេះតែ​បារម្ភ​ថា​វា​អាច​នឹង​មាន​ហានិភ័យ​ពេល​ណាមួយ»។

ស្រប​ពេល​ដែល​រដ្ឋាភិបាល​បើ​ចំហ​ជើងមេឃ លែង​តម្រូវ​ឲ្យ​ធ្វើតេស្ត ឬ​ចត្តាឡីស័ក និង​ព្យួរ​បម្រាម​កូវីដ​-១៩ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​បរទេស​នៅ​គ្រប់​ទិសទី មក​លេង​កម្ពុជា​ឲ្យ​បាន​ច្រើន​កុះករ៖ «សូម​ស្វាគមន៍​បងប្អូន​ខ្មែរ​ដែល​រស់​នៅ​ឯ​បរទេស​អញ្ជើញ​មកលេង​នៅ​ប្រទេស​កម្ពុជា»។

ប៉ុន្តែ សារ​នេះ​មិន​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ជឿ​ទុក​ចិត្ត​ថា​កម្ពុជា​មាន​សុវត្ថិភាព​នោះ​ឡើយ​។ លោក ទូច ឆាន់ ថា ការ​ធ្វេស​ប្រហែល​របស់​ពលរដ្ឋ​ខ្មែរ និង​ការណ៍​ដែល​អាជ្ញាធរ​កម្ពុជា​បណ្តែតបណ្តោយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ពពាក់​ពពូន​គ្នា បំពាន​គោលការណ៍​បង្ការ​ជំងឺ​កូ​វីដ​-១៩ បែប​នេះ គឺជា​សារ​អវិជ្ជមាន​ទៅ​វិញ​ទេ ចំពោះ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស និង​ជនបរទេស ដែល​ចង់​ទៅ​លេង​ស្រុក​ខ្មែរ៖ «ជា​គ្រូពេទ្យ​ខ្ញុំ​និយាយ​តាម​ត្រង់​ដល់​តែ​បែប​ហ្នឹង​ពេក ខ្ញុំ​អត់​ទៅ​ទៅវិញ​ទេ​។ ខ្ញុំ​អត់​ទុកចិត្ត​។ ឥឡូវ​សូម្បីតែ​នៅ​អាមេរិក មាន​រដ្ឋ​មួយ​ហ្នឹង នៅ​ទីក្រុង​ហ្នឹង​គេ​ឲ្យ​ពាក់​ម៉ាស់​វិញ ព្រោះ​កូវីដ​វា​ត្រឡប់​មក​វិញ​។ ដូច្នេះ​យើង​មិន​អាច​ធ្វេស​ប្រហែស​បាន​ទេ ក្នុង​ករណី​បែប​ណា​ក៏​ដោយ»។

​លោក លឹម សួរ ឯណោះ​វិញ​លោក​ថា រដ្ឋាភិបាល​ប្រទេស​ដទៃ ពិបាក​នឹង​ជឿទុកចិត្ត​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ក្នុង​ការ​គ្រប់គ្រង​ជំងឺ​កូវីដ-១៩ បាន​ណាស់ ព្រោះ​ទីមួយ​លោក​ថា ក្រសួង​សុខាភិបាល​ផ្តល់​តួលេខ​អ្នក​ឆ្លង​មិន​គ្រប់គ្រាន់ ដោយ​យក​តែ​តេស្ត PCR មិន​យក​លទ្ធផល​តេស្ត​រហ័ស ដែល​គេ​មិន​អាច​ដឹង​ចំនួន​ឆ្លង​ពិតប្រាកដ និង​ម្យ៉ាងទៀត​លោក​ថា ឥរិយាបថ​ពលរដ្ឋ​ខ្មែរ​បែបនេះ ធ្វើ​ឲ្យ​អ្នក​ចង់​ទៅ​លេង​កម្ពុជា គិត​ឡើងវិញ៖ «ពិបាក​ដែរ​ណា​ ! ដូច​ប្រទេស​ជឿនលឿន​ដូច​ប្រទេស​អូស្ត្រាលី ក៏​គេ​គិត​វែងឆ្ងាយ​ដែរ មុននឹង​ទៅ ព្រោះ​រដ្ឋាភិបាល​របស់​គេ​តែងតែ​ជូន​យោបល់​អំពី​សុវត្ថិភាព​របស់​ខ្លួន​ឯង​។ ទៅ​មួយៗ​ត្រូវ​ប្រុងប្រយ័ត្ន​យ៉ាងម៉េច»។

ទោះបីជា​គ្រប់គ្នា ឥឡូវនេះ​កំពុង​រង់ចាំ​អ៊ុត​មើល​លទ្ធផល ថា​តើ​ក្រោយ​ចូលឆ្នាំ នឹង​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩ ហក់​ឡើង​ខ្លាំង​ប៉ុនណា​ក៏ដោយ ក៏​គ្រប់គ្នា​ពិបាក​នឹង​ដឹង​តួលេខ​ពិតប្រាកដ​ណាស់ ដោយសារតែ​ក្រសួង​សុខាភិបាល​រាយការណ៍ តែ​ករណី​ធ្ងន់ ដែល​ត្រូវ​ធ្វើតេស្ត PCR ប៉ុណ្ណោះ​។ អ្នក​ដែល​ធ្វើ​តេស្ត​ឃើញ​កូវីដ​-១៩ តាមរយៈ​តេស្ត​រហ័ស នៅតែ​បន្ត​លាក់​ព័ត៌មាន និង​ព្យាបាល​តាម​ផ្ទះ​ដោយ​ខ្លួនឯង ស្រប​ពេល​ដែល​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ ក៏​គ្មាន​នរណា​ដឹង ព្រោះ​ពួកគាត់​មិន​រាយការណ៍​ទៅ​ក្រសួង​សុខាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។