ឱសថការី​ខ្មែរ​អូស្រ្តាលីថា​​ កម្ពុជា​មិន​​គួរ​ជឿ​តាម​ចិនរឿង​ថ្នាំ​បុរាណចិន​ព្យាបាល​ជំងឺកូវីដ-១៩​នោះ​ទេ

0:00 / 0:00

អ្នកជំនាញ​វេជ្ជសាស្រ្ត​ ហួសចិត្ត​ដែលក្រសួង​សុខាភិបាល​កម្ពុជាទទួល​ស្គាល់ និង​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ថ្នាំបុរាណចិន ដោយគ្មាន​ឯកសារ​បង្ហាញ​អំពី​ប្រសិទ្ធភាព​និង​ការពិសោធន៍​ផ្នែក​វេជ្ជសាស្រ្ត​អ្វី​ទាំង​អស់។

ឱសថការី​ខ្មែរ​អូស្រ្តាលី​លោក លឹម សួរ ថា​មន្រ្តី​សុខាភិបាល​កម្ពុជាមិន​គួរណាជឿ​តាម​ចិន​ថា​ថ្នាំនេះ​មាន​ប្រសិទ្ធភាពក្នុងការ​ជួយ​ព្យាបាល​ជំងឺកូវីដ-១៩រួចព្រមទាំង​ចាប៉ីទាំង​ទ្រគាំទ្រថ្នាំ​នេះ។ លោក​ លឹម សួរ បន្តថា ការ​ព្រម​ទទួល​ស្គាល់​ថ្នាំបុរាណ​ចិន​នេះគឺខុស​ស្តង់ដារ​អន្តរជាតិព្រោះ​ថ្នាំ​នេះ​អង្គការ​សុខភាព​ពិភពលោក (WHO) មិន​បាន​ទទួល​ស្គាល់​ឲ្យប្រើប្រាស់​នោះទេ។ជាងនេះ​ទៅ​ទៀតលោក​ថា អ្នកប្រើប្រាស់អាចប្រឈម​ប៉ះពាល់​សុខភាព ជាពិសេស​អ្នកមាន​ជំងឺ​ប្រចាំកាយ។

ប្រតិកម្ម​របស់អ្នក​ជំនាញ​ខាង​ឱសថរូបនេះធ្វើឡើង​ក្រោយ​ក្រសួង​សុខាភិបាល​កម្ពុជាកាលពី​ខែ មេសា ប្រកាស​ឲ្យប្រើប្រាស់​ថ្នាំបុរាណ​ចិន​ឈ្មោះ លានហួរ គីងវិន (Lianhua Qingwen) សម្រាប់​ជួយ​បន្ធូរ​អាការ​អ្នក​ជំងឺកូវីដ-១៩។សូម្បី​តែ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ក៏ចេញ​មុខ​ប្រកាស​ជា​សាធារណៈដែរថា លោកប្រើថ្នាំនេះ​ជា​ប្រចាំបើទោះបី​លោកអះអាងថា លោកគ្មាន​ជំងឺកូវីដ-១៩៖ «ញុំក៏លេបដែរ ! ហើយ​ខ្ញុំមានចាក់ថ្នាំចិនមុន មុននឹង​ចេញដំណើរ ​ទៅណា​ត្រូវ​លេបថ្នាំហ្នឹង ទោះបី​មិន​ឈឺ​ក៏ដោយ ​ត្រូវ​លេប​ការពារ​វាបន្ថែម។ ដូច្នេះ​ត្រូវ​ទិញ​ ឲ្យវាច្រើន​បន្តិច​មក»។

ការណ៍​ដែល​លោក ហ៊ុន សែន​ ថាលេបថ្នាំបុរាណ​ចិនទាំង​លោក​មិន​ឈឺ និង​ថាលេប​ដើម្បី​ការពារ​បន្ថែម​នេះគឺជា​ការអះអាង​ផ្ទុយទៅ​នឹង​មន្រ្តីសុខាភិបាល​កម្ពុជា​អ្នកស្រី ឱ វណ្ណឌីន ដែល​អះអាង​បញ្ជាក់​ថារហូតមក​ដល់ពេល​នេះគ្មាន​ឱសថណាអាច​ការពារ​ជំងឺកូវីដ-១៩ នោះទេ។ ទោះជា​យ៉ាង​នេះ​ក្តី អ្នកស្រី ឱ វណ្ឌឌីន ថា​ថ្នាំបុរាណចិន​នេះល្អ។ អ្នកស្រី មិនបាន​បង្ហាញ​ភ័ស្តុតាង​ពិសោធន៍​និង​សិក្សា​ផ្នែក​វេជ្ជសាស្រ្ត​ណាមួយ អំពី​ការអះអាង​នេះទេ​ប៉ុន្តែ​អ្នកស្រី​ឲ្យជឿលើ​ប្រសិទ្ធភាព​ល្បីនៃ​ថ្នាំ​បុរាណ​គ្រប់​មុខដែលគេធ្លាប់​យកមក​ប្រើប្រាស់​តជំនាន់​មក​ហើយ៖ «ឱសថ​បុរាណ​នេះ បើ​ យើង​មើល​ពី​បុរុមកាល​របស់​យើង​មក ក្នុង​ប្រទេស​កម្ពុជា ក៏មាន​ការ​ប្រើប្រាស់​ឱសថ​បុរាណ​នេះ​ច្រើន​ណាស់។ ឥឡូវយើង​មិនបាច់​និយាយ​អ្វីទេ សូម្បី​តែ​ឫស​យិនស៊ិន បងប្អូន​យើង ដូចជា​ពេញ​និយម​ យក​មក​ប្រើ​យក​មក​ពិសារ ​។ ចុះម៉េចមិនថា​អាហ្នឹង ​ផង ? ហេតុអ្វី​ក៏​យើង មានទស្សនៈទាន​មួយ​ខ្មៅ សម្រាប់​តែ​ឱសថ​បុរាណ​ចិន»។

វិទ្យុអាស៊ីសេរី មិនទាន់​អាចសុំការ​បំភ្លឺ​ជុំវិញ​រឿងនេះ​ពីមន្រ្តី​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

ប៉ុន្តែ អង្គការសុខភាព​ពិភពលោកបានធ្វើ​ពិសោធន៍​អំពី​ប្រសិទ្ធភាព​ឱសថ​បួន​មុខ​ដែល​ប្រទេស​ជាច្រើន​បាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​ជំងឺកូវីដ-១៩។ឱសថ​ទាំង​នោះ​គ្មាន​ឈ្មោះ​ឱសថ​បុរាណ​ចិន​នេះ​ទេ។

ជាង​នេះ​ទៅ​ទៀតមន្រ្តី​សុខាភិបាលនៃ​រដ្ឋាភិបាលនៃ​ប្រទេស​មួយ​ចំនួនដូចជា​ប្រទេស​ហ្វីលីពីន​បាន​ព្រមាន​ប្រជាពលរដ្ឋខ្លួនរឿង​ប្រើប្រាស់​ឱសថ​បុរាណ​ចិន​នេះ​ព្រោះ​វាប៉ះពាល់​ដល់​អ្នក​ដែល​មាន​ជំងឺ​ប្រចាំកាយដូចជា​ជំងឺថ្លើមទឹកនោម​ផ្អែម និង​តម្រង​នោម​ជាដើម។ពួកគេ​ព្រមាន​ថា​ឱសថ​នេះ​មាន​ផលអាក្រក់​ច្រើន​ជាងល្អ ជាពិសេស ពេល​ប្រើ​សម្រាប់​កុមារស្រ្តីមាន​ផ្ទៃពោះ និង​មនុស្ស​ចាស់​ជរា​ជា​ដើមនឹងផ្តល់​ដំបូល​ន្មានឲ្យប្រើប្រាស់​វាតែ​ក្នុង​ករណីមាន​វេជ្ជបញ្ជាចេញ​ពី​គ្រូពេទ្យ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។