អ្នក​ជំនាញ​ផ្លូវចិត្ត​ស្នើ​ក្រសួង​សុខាភិបាល​យកចិត្តទុកដាក់​ឲ្យ​ខ្លាំង​ពី​ផលវិបាក​នានា​នៅ​កន្លែង​ធ្វើការ

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (RFA)

0:00 / 0:00

អ្នក​ជំនាញ​ផ្លូវចិត្ត នៃ​សាកល​វិទ្យា​ភូមិន្ទភ្នំពេញ ស្នើ​ឲ្យ​ក្រសួង​សុខាភិបាល យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង ដល់​ផលវិបាក​នានា​នៅ​កន្លែង​ធ្វើការ បណ្ដាល​មក​ពី​បញ្ហា​ផ្លូវចិត្ត​នេះ ដោយសារតែ​ជំងឺ​នេះ កំពុង​កើន​ឡើង​នៅ​កម្ពុជា។ តើ​មូលហេតុ​អ្វី​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត និង​មាន​រោគសញ្ញា​អ្វីខ្លះ?

សាស្ត្រាចារ្យ​ផ្នែក​ចិត្ត​វិទ្យា​នៃ​សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ លោក កៅ សុវណ្ណតារ៉ា បញ្ជាក់​ថា បញ្ហា​ផ្លូវចិត្ត​នៅ​កន្លែងធ្វើការ​នេះ គឺជា​រឿង​សំខាន់​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​ស្វះ​ស្វែងរក​វិធី​ដោះស្រាយ ជាពិសេស គឺ​ក្រសួងសុខាភិបាល។

ការ​ថ្លែង​របស់​អ្នក​ជំនាញ​ផ្លូវចិត្ត ធ្វើឡើង​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សុខភាព​ផ្លូវចិត្ត​ពិភពលោក នៅ​ក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ ដោយមាន​ការចូលរួម ពី​មន្ត្រី​អង្គការ​សុខភាព​ផ្លូវចិត្ត​ចំនួន​១៥​ស្ថាប័ន សាស្ត្រាចារ្យ និង​និស្សិត ប្រមាណ​ជាង ២​ពាន់​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា។ លោក​សាស្ត្រាចារ្យ កៅ សុវណ្ណតារ៉ា មានប្រសាសន៍​បន្ត​ថា គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​នេះ ដើម្បី​ឱ្យ​មហាជន ជាពិសេស​យុវជន បាន​យល់​ច្បាស់​ពី​បញ្ហា​ផ្លូវចិត្ត និង​អាច​ផ្លាស់ប្ដូរ​ផ្នត់គំនិត ដើម្បី​អាច​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត ដោយ​ខ្លួនឯង​បាន។ លោក​សាស្ត្រាចារ្យ ក៏បាន​សំណូមពរ​ដល់​ក្រសួង​សុខាភិបាល​យកចិត្ត​ទុកដាក់​ទៅលើ​សុខភាព​ផ្លូវចិត្ត​ជា​សំខាន់ ព្រោះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់​ថា យើង​អាច​កំណត់​ថា បុគ្គល​ម្នាក់​មាន​សុខភាព​ល្អ លុះ​ត្រា​តែ​មាន​កត្តា​សំខាន់ៗ ៣ គឺ កត្តា​សុខភាព​ផ្លូវកាយ​ល្អ សុខភាព​ផ្លូវ​ចិត្តល្អ និង​សុខុមាលភាព​សង្គម​ល្អ។

គេហទំព័រ​របស់​អង្គការក្រៅរដ្ឋាភិបាល​មួយ​ឈ្មោះ​កម្មវិធី​សុភាព​ផ្លូវចិត្ត TPO ឲ្យ​ដឹង​ថា តាម​ការស្រាវជ្រាវ ប្រជាពលរដ្ឋ​ខ្មែរ បច្ចុប្បន្ន ប្រមាណ​ជាង ៤០% រងគ្រោះ​ដោយសារ​បញ្ហា​ផ្លូវចិត្ត។ បញ្ហា​សុខភាព​ផ្លូវចិត្ត​នេះ គឺ​ជា​បន្ទុក​ធ្ងន់ធ្ងរ​ដល់​សង្គម​កម្ពុជា​បច្ចុប្បន្ន ដែល​កើតឡើង​ទ្វេដង​ក្នុង​ចំណោម​អ្នក​ក្រីក្រ។ បន្ថែម​ពី​នេះ​កម្ពុជា នៅ​មាន​បញ្ហា​ខ្វះខាត​យ៉ាង​ច្រើន​ក្នុង​ការ​ផ្ដល់​សេវា​នានា នៅ​មជ្ឈមណ្ឌល​សុខភាព​ផ្លូវចិត្ត និង​គ្រូពេទ្យ​ជំនាញ​ចិត្តសាស្ត្រ ដើម្បី​ព្យាបាល និង​ផ្ដល់​ដំបូន្មាន​ដល់​អ្នក​ជំងឺ​ផ្លូវចិត្ត​នៅ​កម្ពុជា។

ប្រធាន​កម្មវិធី​សុខភាព​ផ្លូវចិត្ត (TPO) លោក វេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឲ្យ​ដឹង​ថា ជាទូទៅ បញ្ហា​តានតឹង​ក្នុង​អារម្មណ៍ ដែល​ភាសា​អង់គ្លេស​ហៅថា STRESS ជា​បញ្ហា​មួយ​ដែល​កើតមាន​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស។ បញ្ហា​តានតឹង​ក្នុង​អារម្មណ៍​នេះ កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ គ្រប់​ឋានៈ មាន​កម្រិត និង​ទម្រង់​ខុសៗ​គ្នា។ លោក​បន្ត​ថា មនុស្ស​មាន​សុខភាព​ល្អ គឺ​គេ​អាច​ជម្នះ​លើ​បញ្ហា​ជាច្រើន ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ ក៏ប៉ុន្តែ ប្រសិន​បើ​បញ្ហា​តានតឹង​ក្នុង​អារម្មណ៍ នៅតែ​បន្ត​កើត​មាន​រយៈពេល​យូរ នោះ​គ្រូពេទ្យ​ផ្នែក​ចិត្តសាស្ត្រ​ចាត់ទុកថា ជា​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ។ លោក​វេជ្ជបណ្ឌិត បាន​ពន្យល់​អំពី​មូលហេតុ​ចម្បង​ធំៗ​ចំនួន ៣ ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​ផ្លូវចិត្ត​នេះ៖ «បញ្ហា​សុខភាព​ផ្លូវចិត្ត មូលហេតុ​ទាក់ទង​នឹង​កត្តា ៣។ ទី​១ កត្តា​ជីវសាស្ត្រ ទី​២​កត្តា ចិត្តសាស្ត្រ និង​ទី​៣ គឺ​កត្តា​សង្គម។ កត្តា​ជីវសាស្ត្រ សំដៅ​ទៅលើ​ជំងឺ​ក្នុង​ប្រព័ន្ធ​ខួរក្បាល​តែម្ដង ពាក់ព័ន្ធ​ជាតិគីមី​ប្រែប្រួល កត្តា​ចិត្ត ដែល​ទាក់ទង​ការ​គិត​របស់​មនុស្ស ការយល់ឃើញ​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន និង​អ្វីៗ​ដែល​កើតឡើង​ចំពោះ​គាត់ ហើយ ចំណែក​កត្តា​សង្គម គឺ​សំដៅ​លើ​ក្រុម​គ្រួសារ ការងារ​និង​ការរស់នៅ»។

លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា ពន្យល់​បន្ថែម​ថា ភាព​តានតឹង​ផ្លូវចិត្ត និង​អារម្មណ៍ ពាក់ព័ន្ធ​នឹង​កត្តា​ក្នុង​ខ្លួន និង​ពី​ខាងក្រៅ។ កត្តា​ក្នុង​ខ្លួន ដែល​មាន​ឥទ្ធិពល​លើ​រាងកាយ​របស់​មនុស្ស គឺ​រួមមាន​ការទាក់ទង​ទៅ​នឹង​ស្ថានភាព​ចំណីអាហារ សុខភាព​ល្អ​ផ្នែក​រាងកាយ សុខុមាលភាព​ខាង​ផ្លូវចិត្ត ឬ​អារម្មណ៍ល្អ ការ​គិត​ជា​វិជ្ជមាន និង​ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់។ កត្តា​ក្នុង​ខ្លួន​នេះ​សំខាន់​ណាស់ ដើម្បី​ឆ្លើយតប​និង​ជា​ដំណោះស្រាយ​ល្អ​ទៅ​នឹង​កត្តា​ពី​ខាងក្រៅ​ដូចជា ស្ថានភាព​ក្នុង​គ្រួសារ បរិយាកាស​ការងារ និង​សង្គម ទំនាក់ទំនង​ជាមួយ​អ្នកដទៃ បញ្ហា​លំបាក​គ្រប់យ៉ាង ជាដើម។

លោក​វេជ្ជបណ្ឌិត បន្ត​ថា ភាព​តានតឹង​ក្នុង​អារម្មណ៍​កម្រិត​តិចតួច និង​ក្នុង​រយៈពេល​ខ្លី គឺជា​រឿង​ធម្មតា ប៉ុន្តែ​ប្រសិនបើ​មិន​ចេះ​រក​វិធី​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ បញ្ហា​ផ្លូវចិត្ត​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ ជាហេតុ​ធ្វើ​ឲ្យ​សុខភាព​ផ្លូវកាយ​កាន់តែ​ទ្រុឌទ្រោម និង​នាំ​ឲ្យ​កើត​ជំងឺ​ជាច្រើន​ផ្សេង​ទៀត។

បន្ថែម​ពី​នេះ លោក​សាស្ត្រាចារ្យ​ចិត្ត​វិទ្យា កៅ សុវណ្ណតារ៉ា ក៏បាន​សំណូមពរ​ឱ្យ​យុវវ័យ​ទាំងអស់ ប្រសិនបើ​ដឹង​ថា ខ្លួនឯង​មាន​បញ្ហា​ផ្លូវចិត្ត ហើយ​មិន​អាច​ដោះស្រាយ​ដោយ​ខ្លួនឯង​បាន សូម​កុំ​ឲ្យ​ខ្មាសអៀន ក្នុង​ការ​ទៅ​រក​អ្នក​ជំនាញ​ដើម្បី​ដោះស្រាយ និង​ព្យាបាល​បញ្ហា​ផ្លូវចិត្ត៖ «ព្រោះ​ជំងឺ​ផ្លូវចិត្ត​នេះ គឺ​អាច​ព្យាបាល ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​បាន។ ចំពោះ​មាតា បិតា​វិញ លោក​សាស្ត្រាចារ្យ​ថា ប្រសិនបើ​ដឹង​នៅ​ក្នុង​គ្រួសារ​មាន​សមាជិក​ណា​ម្នាក់​មាន​បញ្ហា​ផ្លូវចិត្ត សូម​កុំ​ស្ដីបន្ទោស​ទៅ​លើ​ពួកគាត់ ប៉ុន្តែ​ត្រូវតែ​ជំរុញ​និង​លើកទឹកចិត្ត​គាត់​ឱ្យ​ទៅ​រក​អ្នក​ជំនាញ​ដើម្បី​ជួយ ដោះស្រាយ​បញ្ហា​របស់​គាត់។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​និយមន័យ​ថា សុខភាព​របស់​មនុស្ស​ម្នាក់ៗ តម្រូវការ​ចាំបាច់ គឺ​ត្រូវ​មាន​ភាព​ល្អ​ប្រសើរ​ខាង​រាងកាយ ផ្លូវចិត្ត ជំនឿ​ស្មារតី និង​សុខភាព​សង្គម។ សុខភាព​ផ្លូវកាយ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​សុខភាព​ផ្លូវចិត្ត។ ប្រសិនបើ​មនុស្ស​ម្នាក់ៗ មិន​បាន​ថែរក្សា​សុខភាព​ផ្លូវកាយ​ឲ្យ​បាន​ល្អ​ប្រសើរ​ទេ នោះ​បញ្ហា​ផ្លូវចិត្ត​ក៏​កើតមាន​ច្រើន​ដែរ ដូច​ជា​មាន​អារម្មណ៍​ខឹង ឆេវឆាវ ភ័យខ្លាច ពិបាកចិត្ត​ច្រើន គេង​មិន​លក់ អស់កម្លាំង និង​មាន​បញ្ហា​ដល់​ការ​ផ្ចង់​អារម្មណ៍ និង​ការ​ចងចាំ ផង​ដែរ។

លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន មិន​ចាប់​អារម្មណ៍​លើ​បញ្ហា​ផ្លូវចិត្ត​ទេ គឺ​គិតតែ​បញ្ហា​សុខភាព​រាងកាយ​ប៉ុណ្ណោះ។ លោក​ថា រោគសញ្ញា​នៃ​ជំងឺ​ផ្លូវកាយ​ភាគច្រើន បណ្តាល​មក​ពី​បញ្ហា​ផ្លូវចិត្ត ហើយ​អ្នក​ជំងឺ​ដែល​មក​ជួប​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ម្តងៗ គិត​ថា​ពួកគាត់ មាន​ជំងឺ​ផ្លូវកាយ​តែប៉ុណ្ណោះ៖ «ជំងឺ​ផ្លូវចិត្ត​ទាក់ទង​នឹង​ជំងឺ​ផ្លូវកាយ​ហើយ​ជាទូទៅ អ្នក​ជំងឺ​ច្រើន​តែងតែ​ស្វែងរក​ការពិគ្រោះ​ខាង​ជំងឺ​ផ្លូវកាយ ឧទាហរណ៍​ថា ជំងឺ​ថប់​អារម្មណ៍ ធ្វើ​ឲ្យ​គាត់​ញ័រ​ដើមទ្រូង ថប់ៗ​ដង្ហើម បេះដូង​ដើរ​ញាប់ អ៊ីចឹង​គាត់​គិត​ថា មាន​ជំងឺ​បេះដូង។ ហើយ​ការភ័យខ្លាច ការ​សម្រាន្ត​មិន​លក់​ហ្នឹង ធ្វើ​ឲ្យ​ជាតិ​អាស៊ីដ​ចេញ​ច្រើន គាត់​គិត​ថា គាត់​ឈឺ​ក្រពះ អ៊ីចឹង​គាត់​អត់​បាន​មក​រក​ការ​ព្យាបាល​ផ្លូវចិត្ត​ទេ ព្រោះ​គាត់​អត់​យល់​ពី​បញ្ហា»។

គេហទំព័រ​សុខភាព​ផ្លូវចិត្ត​សហរដ្ឋអាមេរិក (Mental Health America -MHA) ឲ្យ​ដឹង​ថា សុខភាព​ផ្លូវចិត្ត កើតឡើង​ដោយសារ​បុគ្គល​នោះ គិត​ច្រើនពេក មាន​អារម្មណ៍​ថប់ៗ ពិបាកចិត្ត និង​មាន​ភាព​ស្មុគស្មាញ​ក្នុង​ចិត្ត​ជាប់​រហូត។ អ្នកមាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ខ្លះ គឺ​ដោយសារ​ធ្លាប់​ជា​សាក្សី និង​ជា​ជនរងគ្រោះ​ផ្ទាល់ នៃ​អំពើ​ហិង្សា ការ​ធ្វើ​ទារុណកម្ម លើ​ផ្លូវកាយ​ផ្លូវចិត្ត ការ​រំលោភ​បំពាន​ផ្លូវ​ភេទ និង​អ្នក​ប្រើប្រាស់​សារធាតុ​គ្រឿងញៀន ជាដើម។ ប្រភព​ដដែល​បន្ត​ថា មនុស្ស​ខ្លះ​ដែល​មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ គឺ​ដោយសារតែ​ពូជ​អំបូរ និង​អតុល្យភាព​ជាតិគីមី​ក្នុង​ខួរក្បាល ដែល​បណ្ដាល​ឲ្យ​បុគ្គល​នោះ​កើត​ទុក្ខ​គ្រាំគ្រា​រហូត និង​ធ្លាក់​ទឹកចិត្ត (Depression) រហូតដល់​ខ្លះ​អស់សង្ឃឹម​ក្នុង​ជីវិត និង​ធ្វើ អត្តឃាត ជាដើម។

គេហទំព័រ​សុខភាព MHA បន្ត​ថា ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន អ្នក​ជំងឺ​ត្រូវ​ស្វែងរក​ការពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ចិត្តសាស្ត្រ និង​វេជ្ជបណ្ឌិត​ជំនាញ​ព្យាបាល​ផ្នែក​វិកលចរិត ដើម្បី​ទទួល​បាន​ថ្នាំ​ពិសា​ជាប្រចាំ និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង ផ្នែក​ផ្លូវចិត្ត​និង​អារម្មណ៍ ពី​ក្រុម​គ្រួសារ​និង​មិត្តភ័ក្ដិ។

របាយការណ៍​ស្រាវជ្រាវ​មួយ​របស់​ក្រុម​អ្នក​ជំនាញ​ផ្លូវចិត្ត កាលពី​ឆ្នាំ​២០១២ នៅ​ទូទាំង​ប្រទេស បាន​រក​ឃើញ​ថា កម្ពុជា​មាន​អ្នក​ដែល​មាន​ជំងឺ​ថប់​អារម្មណ៍​ចំនួន ២៧% អ្នក​ជំងឺ​ធ្លាក់​ទឹកចិត្ត​មាន ជាង​១៦% និង​អ្នកមាន​ជំងឺ​បាក់ស្បាត​មាន ជាង​៧%។ កាលពី​ឆ្នាំ​២០១៥ គេ​បាន​ធ្វើ​ការសិក្សា​ទៅលើ​និស្សិត​សាកល​វិទ្យាល័យ​មួយ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​រក​ឃើញ​ថា មាន​៦៣% មាន​បញ្ហា​ធ្លាក់​ទឹកចិត្ត ៥៤% មាន​បញ្ហា​ថប់​អារម្មណ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។