សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ពង្រឹង​វិស័យ​សុខាភិបាល​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ក្នុង​ពេលរដ្ឋ​ចង់​ឱ្យ​មាន​កំណើន​ពលរដ្ឋ

0:00 / 0:00

សង្គម​ស៊ីវិល​ថា ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​គ្រោង​ជំរុញ​ឱ្យ​មាន​កំណើន​ប្រជាសាស្ត្រ ឬ​កំណើន​នៃ​ប្រជា​ពលរដ្ឋ​ច្បាស់លាស់ ពី​ពេល​នេះ​រហូត​ទៅ​ដល់​ឆ្នាំ​២០២៥​នោះ រដ្ឋាភិបាល​គួរ​គិតគូរ​ពង្រឹង​វិស័យ​គោល​នយោបាយ​សុខាភិបាល​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ឲ្យ​ពួកគាត់​មាន​ឱកាស​ទទួល​បាន​ការ​ពិនិត្យ​ពី​ពេទ្យ​ជំនាញ​ក្នុង​គ្រា​កំពុង​ពរ​ពោះ​ទារក រហូតដល់​ពេល​និង​ក្រោយពេល​សម្រាលកូន​ហើយ​។ សង្គម​ស៊ីវិល​យល់​ឃើញ​ថា នៅ​ពេល​រដ្ឋាភិបាល​មាន​គោល​នយោបាយ​បែបនេះ អត្រា​នៃ​ការ​ស្លាប់​ទារក​និង​ម្តាយ​ក្នុង​ពេល​សម្រាលកូន​ត្រូវ​កាត់បន្ថយ។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ទៅកាន់​កម្មករ​រោងចក្រ​ក្នុង​ខេត្តតាកែវ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ លោក​ចង់ឱ្យ​កម្ពុជា​មាន​គម្រោង​កំណើន​ប្រជាពលរដ្ឋ​ច្បាស់លាស់​ពី​ពេល​នេះ រហូត​ដល់​ឆ្នាំ​២០២៥ ក៏ប៉ុន្តែ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​អំពី​ចំណុច​សំខាន់​មួយចំនួន ដែល​រដ្ឋាភិបាល​គួរ​ពិចារណា​ដើម្បី​អាច​សម្រេច​គោល​បំណង​នេះ នោះ​គឺ​រដ្ឋាភិបាល​ត្រូវ​មាន​គោ​នយោបាយ ពង្រឹង​វិស័យ​សុខាភិបាល បច្ចេកទេស​ពេទ្យ និង​សេវា​មន្ទីរពេទ្យ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ទប់​ស្កាត់​ចំនួន​ទារក ឬ​ម្តាយ​ស្លាប់​ក្នុង​ពេល​សម្រាលកូន។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក អ៊ូច វុទ្ធី មាន​ប្រសាសន៍​ថា វិស័យ​សុខាភិបាល​នៅ​កម្ពុជា​មាន​ភាព​ទន់ខ្សោយ​នៅឡើយ ហើយ​ទាំងអស់​នេះ​គឺ​ផ្អែក​ទៅ​លើ​ឆន្ទៈ​ថ្នាក់​ដឹកនាំ​ប្រទេស និង​អ្នក​នយោបាយ​ខ្មែរ។ លោក​ថា មាន​រឿង​រ៉ាវ​ច្រើនណាស់​ដែល​អ្នក​នយោបាយ​ត្រូវធ្វើ ដើម្បី​ឲ្យ​សេវា​សាធារណៈ មានគុណ​ភាព និង​ប្រសិទ្ធភាព ហើយ​បញ្ហា​ស្ថាប័ន​វិស័យ​សុខាភិបាល​នេះ មាន​សារៈសំខាន់​ចម្បង​មួយ សម្រាប់​សង្គមជាតិ និង​ជាពិសេស​សេវា​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ លោក​សង្កត់ធ្ងន់​ថា ទីមួយ​គឺ​ត្រូវ​លប់​បំបាត់​អំពើពុករលួយ​សិន បន្ទាប់មក​ត្រូវ​រៀបចំ​អ្នកជំនាញ​វិជ្ជាជីវៈ​ឲ្យ​ច្បាស់លាស់ ហើយ​ត្រូវ​ប្រតិបត្តិ​ក្រមសីល​ធម៌​ឲ្យ​បាន​ខ្ជាប់​ជួន ដោយ​មិន​ត្រូវ​យក​លុយ​ពី​ពលរដ្ឋ​ជា​ដាច់ខាត។

លោក អ៊ូច វុទ្ធី៖ «អ្នក​ដែល​មាន​ជំនាញ​ឯកទេស​ទាំងអស់​ហ្នឹង មន្ត្រី​ដែល​មាន​ជំនាញ​ទាំងអស់​ហ្នឹង​យក​ឆន្ទៈ​ខ្លួន​ហ្នឹង ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​យើង គឺ​ថ្ងៃក្រោយ​ល្អ​បំផុត​ហើយ​លោក​ប្អូន អត់​មាន​អី​ពិបាក​ទេ បើសិនជា​យើង​មាន​បេះដូង​មាន​ឆន្ទៈ​ចង់​កែប្រែ​សង្គម​យើង ចង់​កែប្រែ​ប្រទេស​យើង​ឲ្យ​ជឿនលឿន​ដូច​ស្រុក​គេ សំខាន់​គឺ​យើង​កុំ​ពុករលួយ(កុំCorruption)កុំ​ឃើញ​លុយ​ធំ​ពេក​ហ្នឹងហើយ ជួយ​មើល​គាត់​សិន ហើយ​ផ្សព្វផ្សាយ​អា​រឿង​គាត់​មាន​ផ្ទៃពោះ​ហ្នឹង ឲ្យ​គាត់​ប្រយ័ត្ន​អី ឲ្យ​គាត់​ធ្វើ​អី​យ៉ាងម៉េច»។

ស្រដៀង​គ្នា​នេះ​ដែរ តំណាង​សហជីព​កម្មករ​ណាហ្គា​វើលដ៍ (Naga World) អ្នកស្រី រី សុវណ្ណឌី ដែល​កំពុង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ យល់​ឃើញ​ថា រដ្ឋាភិបាល ចំ​បាច់​ណាស់​ត្រូវ​ផ្តល់​សេវា​ថែទាំ​ស្ត្រី​មាន​ផ្ទៃពោះ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​មិន​ត្រូវ​តម្រូវ​ឲ្យ​ពួកគាត់​បង់ថ្លៃ​ក្នុង​ពេល​ទៅ​ពិនិត្យ​ពេទ្យ​នោះ​ទេ។ អ្នក​ស្ត្រី​បន្ត​ថា អ្នកស្រី​ត្រូវ​បង់លុយ ពី ៨ ដុល្លារ ទៅ ២០​ដុល្លារ ក្នុង​ពេល​ទៅ​ពិនិត្យ​ពោះ​ម្តងៗ។ អ្នកស្រី​ថា​នេះ ចំពោះ​អ្នកមាន​ការងារ​ធ្វើ​ខ្លះ ឬ​អ្នកមាន​ល​យុយ​តិចតួច ទើប​ទទួល​សេវា​នេះ​បាន​ខ្លះ​។ ប្រសិន​ស្ត្រី​មាន​ផ្ទៃពោះ​នោះ​គ្មាន​ការងារ​ធ្វើ ឬ​រស់​នៅ​តាម​ទី​ជនបទ​ឆ្ងាយ​ពី​ទីក្រុង ពួកគាត់​ភាគច្រើន​គ្មាន​ឱកាស​ទៅ​ពិនិត្យ​ឲ្យ​បាន​ដិតដល់​នោះ​ទេ ហើយ​នេះ​ជា​ហានិភ័យ ដែល​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ក្នុង​ពេល​ពួកគាត់​សម្រាលកូន។ លើស​ពី​នេះ​លោកស្រី​ថា មាន​កត្តា​ផ្សេង​ច្រើន​ទៀត ដែល​រដ្ឋាភិបាល​មិន​បាន​ធ្វើ ដែល​ធ្វើ​ឲ្យ​ស្ត្រី​មិន​ចង់​មានកូន​ច្រើន។

អ្នកស្រី រី សុវណ្ណឌី៖ «ហើយ​មួយទៀត បើសិនជា​គាត់​ចង់បាន​អ៊ីចឹង គាត់​គួរតែ​មាន​ប្រាក់​ឧបត្ថម្ភ ឬក៏​អី​ទៅលើ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ អាច​ជួយ​ចិញ្ចឹម​ជួយ​អី​អ៊ីចឹង​ទៅ ហើយ​បើសិនជា​គាត់​ចេះតែ​ចង់​ហើយ​ត្រូវ​ដាក់​បន្ទុក​ទៅ​លើ​ប្រជាជន​ទាំងស្រុង គឺ​គ្មាន​អ្នកណា​គេ​ចង់​បានកូន​ទេ ព្រោះ​ជាក់ស្តែង​ឥឡូវ​ហ្នឹង​ទៅ​ពេទ្យ​គឺ​ចំណាយ​លុយ ហើយ​ចំណាយ​លុយ​ហើយ ហានិភ័យ​នៅ​ពេល​ដែល​កើតកូន​មក មិន​ដឹង​ថា យើង​នឹង​ផ្តល់​ការ​សិក្សា​របៀប​ម៉េច បើសិន​ជីវភាព​របស់​យើង​ពិបាក​អ៊ីចឹង»។

ជុំវិញ​រឿង​នេះ វី​ទ្យុ​អាស៊ីសេរី​បាន​សុំ​ការ​ឆ្លើយ​តប​ពី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា នៅ​ថ្ងៃទី​២១ កញ្ញា ដោយ​លោក​ឆ្លើយ​យ៉ាង​ខ្លី​ថា លោក​បាន​គិតគូរ​ក្នុង​រឿង​សេវា​សុខាភិបាល​នេះ​ហើយ ជាពិសេស​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ តែ​លោក​មិន​បាន​បរិយាយ​អំពី​គោលការណ៍​ច្បាស់លាស់ ឬ​បង្ហាញ​វិធានការ អំពី​ការថែទាំ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​កាត់បន្ថយ​ការ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទារក ឬ​ម្តាយ​ក្នុង​ពេល​ពួកគាត់​សម្រាលកូន​នោះ​ទេ។

លោក ឈាង រ៉ា៖ «ខ្ញុំ​សុំ​ជម្រាប​ថា​នែ​…​ដោយសារ​ខ្ញុំ​ជាប់ ខ្ញុំ​សុំ​ថា​ជម្រាប​ដោយ​ខ្លី​ហើយ​ណាស់ ដល់​មាន​ការ​ផ្សេងទៀត យើង​មាន​ក្រុម​ទំនាក់ទំនង​ការ​ខាង​ព័ត៌មាន ខ្ញុំ​គ្រាន់​ឆ្លើយ​ជា​ខ្លី កិច្ចការ​នេះ​គឺ​យើង​ច្បាស់​ជា​មាន​ការ​គិតគូរ​ហើយ ប្រជាពលរដ្ឋ​សុខភាព​យើង ទាំង​មនុស្ស​គ្រប់​វ័យ​ទាំងអស់ ហើយ​ជាពិសេស​នោះ​អ្នកមាន​ផ្ទៃពោះ​ហ្នឹង​ទៀត»។

ស្ថិតិ​ចុង​ក្រោយពី​ធនាគារ​ពិភពលោក ក្នុង​ឆ្នាំ​២០២០ បញ្ជាក់​ថា ស្ត្រី​កម្ពុជា​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ក្នុង​ពេល​សម្រាល​កូន ក្នុង​១០​ម៉ឺន​នាក់ មាន​ស្លាប់​ចំនួន ២១៨​នាក់ ហើយ​ចំនួន​នេះ គឺ​ខ្ពស់​ជាង​បណ្តា​ប្រទេស​ទាំងអស់ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។