ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ព្រះវិហារ​ប្រឈម​នឹង​ជំងឺ​ដោយសារ​ខ្វះ​អនាម័យ

0:00 / 0:00

អង្គការ​ពន្លក​ខ្មែរ ដែល​ចុះ​ធ្វើការ​ជាមួយ​សហគមន៍​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា ស្ទើរ​តែ​រៀងរាល់​ខែ ក្រុម​ជនជាតិ​ដើម ភាគតិច​កួយ​ជា​ច្រើន​នាក់​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ម៉ឺន​រៀល​ទៅ​លើ​ការ​ទិញ​ថ្នាំពេទ្យ និង​ព្យាបាល​ជំងឺ។

បញ្ហា​ទាំង​នេះ បណ្ដាល​មក​ពី​ពួកគេ​ពុំ​សូវ​យល់​ដឹង​អំពី​ចំណី​អាហារ​ស្អាត កា​រស់​នៅ​ស្អាត និង​ការ​ប្រើប្រាស់​ទឹក​មិន​ល្អ​ជាដើម។ តើ​បច្ចុប្បន្ន កង្វល់​អ្វី​ខ្លះ​កំពុង​កើត​មាន​នៅ​ក្នុង​សហគមន៍​ជនជាតិ​ភាគ​តិច​នា​តំបន់​ដាច់​ស្រយាល?

អ្នក​គ្រប់គ្រង​សហគមន៍​ជនជាតិ ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេ ស្រុក​ត្បែងមានជ័យ កំពុង​ព្រួយ​បារម្ភ​បញ្ហា​សុខភាព ដោយ​ថា ពេល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​របស់​គេ​ជា​ច្រើន​ឧស្សាហ៍​ប្រឈម​មុខ​នឹង​ជំងឺ​រាករូស ជំងឺ​រលាក​ក្រពះ និង​ជំងឺ​ពោះវៀន​ជាដើម។ បញ្ហា​សុខភាព​ទាំង​នេះ​បណ្ដាល​មក​ពី​ការ​រស់​នៅ​ប្រចាំថ្ងៃ បរិភោគ​ចំណី​អាហារ​មិន​ស្អាត និង​ប្រើប្រាស់​ទឹក​មិន​ស្អាត។

ជា​រៀងរាល់​ឆ្នាំ នៅ​រដូវប្រាំង​និង​វស្សា ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ​ជាច្រើន តែង​នាំ​ក្រុម​គ្រួសារ​ចាក​ចេញ​ពី​ផ្ទះ​ចូល​ទៅ​ក្នុង​ព្រៃ​ឆ្ងាយ​ដាច់ស្រយាល ដើម្បី​ប្រកប​របរ​កសិកម្ម ធ្វើ​ស្រែ​ចំការ។ ការ​ស្នាក់នៅ​ក្នុង​ព្រៃ​ជា​ច្រើន​ថ្ងៃ​នោះ ពួកគេ​តែង​ប្រើប្រាស់​ទឹក​មិន​ស្អាត និង​បេះ​បន្លែ​ផ្លែ​ឈើ​ព្រៃ​ដើម្បី​ធ្វើ​ជា​អាហារ​ទទួល​ទាន​ជាមួយ​បាយ។

បុរស​ជនជាតិ​ដើម​ភាគ​តិច​កួយ ម្នាក់ នៅ​ឃុំ​ប្រមេ ក្នុង​ចំណោម​ជនជាតិ​ដើម​ភាគតិច​កួយ​ជាច្រើន​ទៀត គឺ​លោក សិទ្ធិ សាវន។ លោក​មាន​ប្រសាសន៍​ថា ជា​ទម្លាប់​ជនជាតិ​ភាគតិច នៅ​ពេល​ចាកចេញ​ពី​ភូមិ​ទៅ​ស្នាក់នៅ​ក្នុង​ព្រៃ​ធ្វើស្រែ​ចំការ គឺ​មិន​ដែល​យក​ទឹក​ស្អាត​ពី​ផ្ទះ​ទៅ​ទុក​ប្រើប្រាស់​ទេ។ បុរស​ដដែល​បញ្ជាក់​ថា ទាំង​រូប​គាត់​និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត នៅ​ពេល​ធ្វើស្រែ​ចំការ​ក្នុង​ព្រៃ គឺ​តែង​ទៅ​ដង​ទឹក​អូរ ទឹក​ត្រពាំង ឬ​ក៏​ជីក​ដី​ឱ្យ​ចេញ​ទឹក រួច​ដង​យក​មក​ប្រើ​ប្រាស់​និង​ដាំ​ស្ល។

គាត់​បញ្ជាក់​ថា រូប​គាត់​ឧស្សាហ៍​កើត​ជំងឺ​រាករូស និង​ចុកពោះ​ដែរ នៅ​ពេល​ដែល​ពិសា​ទឹក​ទាំង​នោះ៖ «ពួក​ខ្ញុំ​ជីក​អណ្ដូង​ដៃ ជម្រៅ​កន្លះ​ម៉ែត្រ យក​ទឹក​ហ្នឹង​មក​ប្រើប្រាស់ អត់​មាន​ទឹក​ស្អាត​ផ្សេងៗ​អី​ទេ មាន​តែ​ទឹក​ត្រពាំង ទឹក​អូរ ទឹក​ប្រឡាយ​ប្រើប្រាស់។ ទឹក​ហ្នឹង​ដល់​ពេល​យើង​ប្រើ​ទៅ​វា​ធ្វើ​ឱ្យ​ស្អក​ក ធ្វើ​ឱ្យ​រាករូស ហើយ​ធ្វើ​ឱ្យ​សុខភាព​ចុះ​ខ្សោយ»

ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ម្នាក់​ទៀត គឺ​អ្នកស្រី នួន រ៉េត ដែល​កំពុង​អង្គុយ​ដាំបាយ​មួយ​ឆ្នាំង​ធំ​នៅ​ក្រោម​ខ្ទម​ស្រែ ហើយ​យូរៗ អោន​ផ្លុំ​ភ្លើង​ម្ដង មាន​ប្រសាសន៍​ថា រៀងរាល់​រដូវ​វស្សា​គឺ​គាត់​តែង​នាំ​ប្ដី​និង​កូនៗ ចេញ​ពី​ផ្ទះ​ជា​ច្រើន​សប្ដាហ៍​ទៅ​ស្នាក់នៅ​ក្នុង​ព្រៃ​ដើម្បី​ធ្វើ​ស្រែ។ ការ​ស្នាក់នៅ​ក្នុង​ព្រៃ​នោះ​គឺ​គាត់​តែង​ដង​ទឹក​ដែល​ដក់​តាម​កន្លុក យក​ទៅ​ងូត ឬ​ក៏​បោក​គក់​សម្លៀក​បំពាក់ ចំណែក​ឯ​ទឹក​ផឹក​និង​ទឹក​ដាំ​បាយ គឺ​គាត់​ជីក​ដី​ធ្វើ​ជា​អណ្ដូង​រាក់​មួយ​នៅ​ជិត​ខ្ទម។

ខ្ទម​ស្រែ​របស់​ជនជាតិ​ភាគ​តិច​កួយ នៅ​ក្នុង​ព្រៃ​ដាច់ស្រយាល​ជាប់​ព្រំដែន​ស្រុក​ឆែប នៃ​ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​៧ សីហា ឆ្នាំ​២០១៤
ខ្ទម​ស្រែ​របស់​ជនជាតិ​ភាគ​តិច​កួយ នៅ​ក្នុង​ព្រៃ​ដាច់ស្រយាល​ជាប់​ព្រំដែន​ស្រុក​ឆែប នៃ​ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​៧ សីហា ឆ្នាំ​២០១៤ (RFA/Hang Savyouth)

អ្នកស្រី នួន រ៉េត បញ្ជាក់​ថា ទឹក​ដែល​ដង​ចេញពី​អណ្ដូង​នោះ ទាំង​គាត់​និង​ក្រុម​គ្រួសារ​តែង​ផឹក​ដោយ​មិន​បាន​ដាំ​ចម្អិន​ទេ៖ «ចាស! នោះ​ទឹក ផឹក​អា​នោះ​ហើយ ដាំ​ឯ​ណា​ទាន់​ទៅ​លោក! ផឹក​ទឹក​ឆៅ​នោះ​ហើយ។ ងូត​នៅ​ត្រង់​នោះ អា​នៅ​នឹង​ផ្លូវ​នោះ​ហើយ។ ជួនកាល​ក៏​រមាស់ ប៉ុន្តែ​ឱ្យ​ធ្វើ​យ៉ាង​ណា​អ្នកស្រែ​គឺ​វា​តែ​អ៊ីចេះ។ ជន​ជាតិ​ដើម​ភាគ​តិច​កួយ តែ​អ៊ីចេះ​ហើយ​តាំង​ពី​ដើម​មក ជួនកាល​កូនៗ​វា​ឈឺ​ពោះ​ក៏​លេប​ថ្នាំ ប៉ុន្តែ​ធ្វើ​យ៉ាង​ម៉េច​អ្នកស្រុក​អ្នកស្រែ បើ​រវល់​តែ​ធ្វើ​អនាម័យ​តាម​ពេទ្យ ចង់​បាន​អនុវត្ត​ទឹក​ស្អាត និង​សម្ភារៈ​គ្រប់គ្រាន់ គឺ​ធ្វើ​តាម​មិន​បាន​ទេ ព្រោះ​ខ្វះខាត»

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ​ជា​ច្រើន​ទៀត អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា ពួកគេ​តែង​ប្រឈម​មុខ​និង​ជំងឺ​ជា​ច្រើន​នៅ​ពេល​ដែល​ចេញ​ពី​ផ្ទះ​ទៅ​ស្នាក់នៅ​ក្នុង​ព្រៃ នា​រដូវ​ធ្វើស្រែ​ចំការ ហើយ​បច្ចុប្បន្ន​នេះ ការ​ប្រឈម​មុខ​ជា​ថ្មី​ទៀត គឺ​ចាប់​តាំង​ពី​ក្រុមហ៊ុន​ចិន​ឈ្មោះ ឡាន ហ្វេង ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​ដោយ​ប្រើប្រាស់​ថ្នាំ​គីមី បាញ់​សម្លាប់​ស្មៅ​នៅ​ជាប់​តំបន់​ដីស្រែ​ចំការ​របស់​ពួកគេ​មក គឺ​ពួកគេ​តែង​ប្រឈម​នឹង​ជំងឺ​បំពង់ក ឬ​ក៏​ស្អក​ក​នៅ​ពេល​ដែល​ជីក​ដី​យក​ទឹក​ទៅ​ផឹក ឬ​ក៏​ដាំ​ស្ល។ អង្គការ​ពន្លក​ខ្មែរ គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​តែង​ចុះ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​ទី​នោះ។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ មាន​ប្រសាសន៍​ថា នៅ​ក្នុង​រដូវ​ធ្វើស្រែ​និង​ចំការ ស្ទើរ​តែ​រៀងរាល់​សប្ដាហ៍​លោក​តែង​សង្កេត​ឃើញ​ក្រុម​ជនជាតិ​ភាគ​តិច​ជា​ច្រើន​មាន​បញ្ហា​សុខភាព ហើយ​នាំ​គ្នា​ទៅ​ទិញ​ថ្នាំ ឬ​ក៏​ទៅ​ព្យាបាល​នៅ​តាម​គ្លីនិក​ឯកជន​ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ។ លោក ប៉ិក សោភ័ណ ឱ្យ​ដឹង​ថា ជា​ធម្មតា ពេល​រស់​នៅ​ក្នុង​ភូមិ គឺ​តាម​ផ្ទះ​របស់​ជនជាតិ​ភាគ​តិច​ខ្លះ​មាន​ធុង​ចម្រោះ​ទឹក​ស្អាត​ប្រើប្រាស់​ដែរ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ពួកគេ​ទៅ​ស្នាក់នៅ​ក្នុង​ព្រៃ គឺ​មាន​ទម្លាប់​ប្រើប្រាស់​ទឹក​មិន​ស្អាត ដែល​ដក់​តាម​ទីវាល​ដោយ​មិន​ទាំង​ដាំ​ចម្អិន​ផង។

លោក ប៉ិក សោភ័ណ បញ្ជាក់​ទៀត​ថា ក្នុង​រដូវ​ធ្វើ​ស្រែ​ចំការ​ម្ដងៗ គឺ​ជនជាតិ​ភាគ​តិច​ម្នាក់​អាច​ចំណាយ​ប្រាក់​ប្រមាណ​ពី ៣០-​៤០​ម៉ឺន​រៀល លើ​ថ្លៃ​ថ្នាំពេទ្យ និង​ថ្លៃ​ព្យាបាល​ដោយសារ​តែ​ការ​ផឹក​ទឹក​មិន​ស្អាត​នៅ​តាម​ទីវាល៖ «ពួកគាត់​ភាគច្រើន​គាត់​ឆ្លើយ​ថា ​យើង​នៅ​ផ្ទះ យើង​ហូប​ទឹក​ស្អាត ក៏ប៉ុន្តែ​ដល់​ពេល​មក​ព្រៃ​យើង​រវល់​តែ​ដាំ រវល់​តែ​រក​ទឹក​ស្អាត​ពី​ណា​មក? អីចឹង​យើង​ធ្វើ​អី​អត់​ទាន់​ការងារ​ទេ។ ការ​ប្រឈមមុខ​នឹង​សុខភាព​របស់​គាត់ គឺ​មាន​ច្រើន​ណាស់ ព្រោះ​កន្លង​ទៅ​គាត់​រាករូស​មាន​ជំងឺ​គ្រុន​ចាញ់ ហើយ​និង​ជំងឺ​ឈឺ​ក្រពះ ពោះវៀន គឺ​តែងតែ​មាន​ជា​ដរាប។ បើ​យើង​ពិនិត្យមើល​គ្លីនិក​ឈ្នួល​នៅ​ខេត្ត​វិញ​គឺ​អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច គាត់​ឡើង​មក​ច្រើន​មែន​ទែន។ ១​ថ្ងៃ ២​ថ្ងៃ​អ៊ីចឹង​៣០-​៤០​ម៉ឺន គាត់​ចំណាយ»

មេឃុំ​ប្រមេ លោក ណែម ថាំង យល់​ស្រប​ទៅ​នឹង​អ្វី​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​លើក​ឡើង​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​អ្នក​ភូមិ​របស់​លោក​ចេញពី​ភូមិ​ទៅ​ស្នាក់នៅ​ក្នុង​ព្រៃ​ធ្វើ​ស្រែ​ចំការ​ម្ដងៗ គឺ​មាន​អ្នក​ឈឺ​ក្រពះ ពោះវៀន អ្នក​រាករូស និង​អ្នក​កើត​ជំងឺ​អាសន្នរោគ​ជាដើម។ លោក​មេ​ឃុំ​កំពុង​មាន​កង្វល់​ទៅ​លើ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​មិន​ស្អាត​នេះ។

លោក ណែម ថាំង ឱ្យ​ដឹង​ថា នៅ​ក្នុង​ឃុំ​ប្រមេ គឺ​មាន​ជនជាតិ​ដើម​ភាគតិច​កួយ ប្រមាណ​ជាង ៥០០​គ្រួសារ ហើយ ៧៥% នៃ​អ្នក​ទាំង​នោះ​ពុំ​មាន​ទឹក​ស្អាត​ប្រើប្រាស់​ទេ នៅ​ពេល​ដែល​គេ​ចេញ​ទៅ​ស្នាក់​នៅ​ធ្វើស្រែ​ចំការ​ក្នុង​ព្រៃ​នា​តំបន់​ដាច់​ស្រយាល៖ «អូ! បញ្ហា​ប្រជាជន​ខ្ញុំ​បារម្ភ​មែន​ទែន​ត្រង់​ថា គាត់​ពុំ​ទាន់​មាន​ការ​យល់​ដឹង​ជ្រៅជ្រះ​អំពី​សុខភាព​អនាម័យ ហើយ​មួយ​ទៀត គាត់​ក៏​ជួប​ប្រទះ​ការ​លំបាក ភាព​ខ្វះខាត»

អាជ្ញាធរ​ឃុំ​ប្រមេ អំពាវនាវ​ដល់​អង្គការ​សុខភាព​នានា ព្រម​ទាំង​មន្ត្រី​សុខាភិបាល​របស់​រដ្ឋាភិបាល​ឱ្យ​ជួយ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុខភាព​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ខេត្ត​ព្រះវិហារ​ផង ពី​ព្រោះតែ​ជនជាតិ​ដើម​ទាំង​នោះ ភាគច្រើន​ជា​ជន​ក្រីក្រ​ពុំ​មាន​សូវ​មាន​ការ​ចេះដឹង​ខ្ពស់ និង​មិន​សូវ​យល់​ពី​ការ​អប់រំ​ផ្នែក​សុខភាព​ឡើយ។ ចំណែក​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ គឺ​គ្មាន​សម្ភារៈ​សម្រាប់​ទឹក​ស្អាត និង​មិន​មាន​ថ្នាំ​ខ្ល័ររ៉ាមីន ដើម្បី​ដាក់​ទឹក​សម្លាប់​មេរោគ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។