សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្អាកសវនាការ ចំពោះអ្នកកំពុងជាប់ឃុំក្នុងពន្ធនាគារប៉េហ្ស៊ី (PJ) និងពន្ធនាគារព្រៃស ឬហៅថា មណ្ឌលអប់រំកែប្រែទី១ និងទី២ រយៈពេល ២សប្ដាហ៍ ដោយសារឆ្មាំពន្ធនាគារ កំពុងតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ ជាមួយគ្នានេះ អាជ្ញាធរបានបិទបរិវេណពន្ធនាគារព្រៃស និងផ្អាក ឲ្យសាច់ញាតិចូលសួរសុខទុក្ខ ឬផ្ញើម្ហូបអាហារចូលក្នុងពន្ធនាគារ នៅកំឡុងពេល ឆ្មាំពន្ធនាគារ កំពុងធ្វើចត្តាឡីស័ក។
ការសម្រេចផ្អាកសវនាការ ចំពោះអ្នកកំពុងជាប់ឃុំក្នុងពន្ធនាគារទាំង៣ នៅរាជធានីភ្នំពេញជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី១៤ ខែធ្នូនេះ គឺបន្ទាប់ពីប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក ឆែម សាវុធ និងសមាជិកក្រុមគ្រួសាររបស់លោក រកឃើញឆ្លងជំងឺកូវីដ-១៩ ហើយមន្ត្រីជាន់ខ្ពស់ពន្ធនាគាររូបនេះ ធ្លាប់បានចុះទៅបំពេញការងារ និងមានទំនាក់ទំនងជាមួយនឹងមន្ត្រីពន្ធនាគារព្រៃសមួយចំនួនផងដែរ។
សាច់ញាតិ របស់អ្នកទោសនយោបាយ កំពុងជាប់ឃុំ ក្នុងពន្ធនាគារព្រៃស ឬ ម១ ឲ្យដឹងថា មន្ត្រីពន្ធនាគារបានបិទទ្វាររបងពន្ធនាគារទាំងស្រុង ហើយមិនទទួលយកម្ហូបអាហារ ឬសម្ភារៈចូលខាងក្នុងទេ និងបានប្រាប់ឲ្យសាច់ញាតិផ្អាកចូលសួរសុខទុក្ខ មួយរយៈ រហូតដល់មានការបើកពន្ធនាគារឡើងវិញ។
ប្រពន្ធរបស់សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពង់ធំ លោក ស៊ុន ធន់ គឺ លោកស្រី សេង ចាន់ថន ឲ្យដឹងថា សាច់ញាតិបានទៅសួរសុខទុក្ខ លោក ស៊ុន ធន់ នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា តែអ្នកយាមនៅខាងមុខពន្ធនាគារ បានប្រាប់ឲ្យកូនប្រុស របស់ លោកស្រី យកម្ហូបអាហារ និងសម្ភារៈ ត្រលប់មកវិញទាំងអស់ ព្រោះពន្ធនាគារ ត្រូវបិទទាំងស្រុង បន្ទាប់ពីមានការពាក់ព័ន្ធជំងឺកូវីដ១៩ (Covid-19)។ លោកស្រី ប្រាប់ថា មកដល់ពេលនេះ ខាងគ្រួសារ មិនដឹងពីសុខទុក្ខ របស់លោក ស៊ុន ធន់ និងក្រុមអ្នកទោសនយោបាយ អ្នកទោសមនសិការផ្សេងទៀតទេ៖ « ខ្ញុំឲ្យកូនទៅ គេអត់ឲ្យជួបទេ ហើយម្ហូបអាហារអ្វីហ្នឹង យកទៅផ្ញើគាត់ ក៏គេអត់ទទួលដែរ។ គេឲ្យមកវិញទាំងអស់ ហើយពន្ធនាគារទាំងមូល គេបិទទាំងស្រុងតែម្ដង ដោយសារគេយកមន្ត្រីពន្ធនាគារទាំងអស់ហ្នឹង ទៅធ្វើកោសល្យវិច័យ ហើយមិនដឹងថា ថ្ងៃណា គេបើកទេ។ យើងអត់ដឹងថា ថ្ងៃណាគេបើកទេ។ ទៅដល់មុខហ្នឹង សួរទៅ មន្ត្រីនៅខាងក្រៅ គេប្រាប់មក អ៊ីចឹង»។
ចំណែកប្រពន្ធរបស់សកម្មជនមាតាធម្មជាតិ លោក ថុន រដ្ឋា គឺ លោកស្រី ប៉ាត់ រស្មី ក៏មិនបានដឹងពីសុខទុក្ខប្ដី និងអ្នកទោសមនសិការផ្សេងទៀតដែរ ព្រោះមិនបានទទួលសេចក្ដីជូនដំណឹង ឬព័ត៌មាននានា ពីខាងពន្ធនាគារ។ លោកស្រី ប៉ាត់ រស្មី មានគម្រោង ទៅសុំចូលជួប សួរសុខទុក្ខ លោក ថុន រដ្ឋា នៅថ្ងៃទី០១ ធ្នូ៖ « ស្អែកហ្នឹង គឺខ្ញុំ និងម៉ាកអាគន្ធា គ្រោងនឹងទៅសួរសុខទុក្ខពួកគាត់ ព្រោះអ្វី ខ្ញុំទើបនឹងតេសួរគេព្រឹកមិញដែរ គេថា ខាងស្រីៗ គេអត់ទាន់ផ្អាកផងហ្នឹង។ ព្រឹកមិញ ខ្ញុំបានតេទៅអ្នកធ្វើការនៅក្នុង ម២។ អ្នកធ្វើការខាងម២ហ្នឹង ខ្ញុំសួរគេថា ម្ដេចហើយកូវីដអ៊ីចឹង គេមានផ្អាកឲ្យឈប់សួរសុខទុក្ខអត់។ គេថា អត់ផង នៅសួរសុខទុក្ខធម្មតា។ អាហ្នឹង ខាងស្រីៗ។ តែខាងប្រុសៗ ខ្ញុំអត់ដឹងផង ព្រោះអ្វីខ្ញុំមានបងប្អូនធ្វើការនៅក្នុងហ្នឹងអ៊ីចឹង។ ខ្ញុំចេះតែសួរ គេ»។
ចំណែកសាច់ញាតិរបស់អ្នកទោសមនសិការ កំពុងជាប់នៅក្នុងពន្ធនាគារព្រៃស ម២ ផ្នែកស្ត្រី ក៏មិនបានដឹងពីសុខទុក្ខរបស់អ្នកជាប់ឃុំដែរ តាំងពីផ្ទុះការរីករាលដាលជំងឺកូវីដ១៩ ឡើងវិញ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
ម្ដាយរបស់សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា គឺលោកស្រី សាន សារ៉ន ប្រាប់ថា លោកស្រី ក៏មានបំណង ទៅជួបកូនស្រី ក្នុងពន្ធនាគារ ម២ ដើម្បីសួរសុខទុក្ខដែរ នៅថ្ងៃទី១ ធ្នូ។ តែយ៉ាងណា លោកស្រី មិនទាន់ដឹងថា ខាងពន្ធនាគារអនុញ្ញាតឲ្យចូលជួប ឬអត់ទេ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា បានទេ នៅថ្ងៃទី៣០ វិច្ឆិកា ដោយសារ លោកមិនលើកទូរស័ព្ទ។ ទោះជាយ៉ាងណា ក្នុងសេចក្ដីជូនដំណឹង របស់លេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៣០ វិច្ឆិកា បានបញ្ជាក់ថា ប្រធានពន្ធនាគារប៉េហ្ស៊ី ប្រធានមណ្ឌលអប់រំកែប្រែ ម១ និង ម២ បានស្នើសុំផ្អាកសវនាការ លើជនជាប់ឃុំ រយៈពេល២សប្ដាហ៍ ដោយសារមានការពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដល់ពន្ធនាគារ និងមានមន្ត្រីពន្ធនាគារមួយចំនួន កំពុងធ្វើចត្តាឡីស័ក។
ចំណែកពន្ធនាគារមួយទៀត ដែលអាចប្រឈមការពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដែរ គឺពន្ធនាគារខេត្តបន្ទាយមានជ័យ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសរសេរលើហ្វេសប៊ុក ថ្ងៃទី២៩ វិច្ឆិកាថា មុនពេលធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ អគ្គនាយកដ្ឋានពន្ធនាគារ លោក ឆែម សាវុធ បានធ្វើដំណើរ ទៅខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យដំណើរការផ្ទេរអ្នកទោស ដែលផ្ញើតាមពន្ធនាគារខេត្តផ្សេង ក្នុងពេលទឹកជំនន់ចូលក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យវិញ។ ចំណែកទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានផ្សាយថា លោក ឆែម សាវុធ បានទៅពិនិត្យមើលពន្ធនាគារព្រៃស និងបានជួប ជាមួយអ្នកជាប់ឃុំ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា។ ក្រៅពីនេះ មន្ត្រីពន្ធនាគារផ្សេងទៀត បានចូលរួមកិច្ចប្រជុំនានា នៅតាមបណ្ដាខេត្ត។
កន្លងមក ក្រុមអង្គការជាតិ និងអន្តរជាតិ បានបង្ហាញការព្រួយបារម្ភពីហានិភ័យនៃការឆ្លងរីករាលដាលវីរុសកូវីដ១៩ និងការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅក្នុងពន្ធនាគារប្រទេសកម្ពុជា ដោយសារនៅតាមពន្ធនាគារទាំងអស់ នៅទូទាំងប្រទេស សុទ្ធតែប្រឈមនឹងភាពចង្អៀតណែន ក្នុងបន្ទប់ឃុំឃាំង។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ធ្លាប់ប្រាប់អាស៊ីសេរីថា គិតត្រឹម ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ មានជនជាប់ឃុំ ៣៩.៣០០នាក់ នៅក្នុងពន្ធនាគារទូទាំងប្រទេស។ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ធ្លាប់ចេញសេចក្ដីថ្លែងការណ៍រួមគ្នា ទាមទារឲ្យរដ្ឋាភិបាលអនុវត្តការដោះលែងអ្នកទោសស្រាលៗ និង ជិតរួចទោស ដើម្បីបន្ថយស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ។
ប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមអាដហុក លោក នី សុខា មានប្រសាសន៍ថា ប្រសិនបើខាងពន្ធនាគារ អនុវត្តត្រឹមត្រូវតាមវិធានការទាំងឡាយរបស់ក្រសួងសុខាភិបាល ជាការប្រសើរ។ ប៉ុន្តែយ៉ាងណា លោកមិនចង់ឃើញរូបភាព ការអនុវត្តវិធានការលើស ឬតឹងរ៉ឹងហួស ពីការណែនាំរបស់ក្រសួងសុខាភិបាល ដែលនាំឲ្យមានការរំលោភសិទ្ធិអ្នកជាប់ឃុំ ធ្ងន់ធ្ងរឡើយ។
សង្គមស៊ីវិលរូបនេះ ជំរុញអាជ្ញាធរឱ្យអនុញ្ញាតដល់សាច់ញាតិ បានផ្ញើម្ហូបអាហារ និងសម្ភារៈចាំបាច់ខ្លះ ចូលក្នុងពន្ធនាគារ។ ទោះជាយ៉ាងណា ក្រសួងសុខាភិបាលមិនទាន់រកឃើញ អ្នកជាប់ឃុំណាម្នាក់ក្នុងពន្ធនាគារ មានឆ្លងជំងឺកូវីដ១៩ ឡើយទេ គិតត្រឹមចុងខែវិច្ឆិកានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។