សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​រក​សារធាតុ​ពុល​នៅ​ក្នុង​នំ​ប៉័ង​ដាក់​សាច់​នៅ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ

0:00 / 0:00

ប្រជាពលរដ្ឋ​ជាង ៤០​នាក់​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​ស្នួល ខេត្ត​ក្រចេះ នាំ​គ្នា​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ក្រោយ​ពេល​មាន​អាការៈ​វិល​មុខ ក្អួត​ចង្អោរ ដោយសារ​ពុល​ចំណី។ ហេតុការណ៍​នេះ កើត​ឡើង​ក្រោយ​ពេល​អ្នក​ភូមិ​ក្មេង​ចាស់​ប្រុស​ស្រី នាំ​គ្នា​បរិភោគ​នំ​បុ័ង​សាច់​ដែល​ជនជាតិ​វៀតណាម លក់​តាម​ម៉ូតូ។ មន្ត្រី​សុខាភិបាល​ស្រុក​បញ្ជាក់​ថា អាការៈ​របស់​អ្នក​ជំងឺ​ទាំង​នោះ បាន​ធូរ​ស្រាល​ឡើង​វិញ​ហើយ។

អាជ្ញាធរ​ស្រុក​មេមត់ សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ គឺ​ពិត​ជា​បាន​ពុល​នំ​បុ័ង​ដាក់​សាច់​ប្រាកដ​មែន ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា សារធាតុ​ពុល​បណ្ដាល​មក​ពី​នំ​ប៉័ង ជ្រក់ ឬ​សាច់​ប៉ាតេ​នៅ​ឡើយ​ទេ។

អធិការ​នគរបាល​ស្រុក​មេមត់ លោក ហុង គីមហឿន មាន​ប្រសាសន៍​ថា អាជ្ញាធរ​រួម​នឹង​មន្ត្រី​សុខាភិបាល​ខេត្ត នាំ​គ្នា​ចុះ​ទៅ​ប្រមូល​សំណាក​ដែល​សេសសល់ ដើម្បី​យក​ទៅ​ពិនិត្យ​ថា តើ​មូលហេតុ​អ្វី​ដែល​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ពុល​ប្រាកដ៖ «ខាង​ខេត្ត​គាត់​ចុះ​មក ប្រហែល​ជា​គាត់​យក​សំណាក​អី​ទៅ​ធ្វើ​កោសល្យវិច័យ​បែប​ម៉េច យើង​មិន​បាន​ដឹង​ទេ​បង»

ក្មេង​ចាស់​ប្រុស​ស្រី​ពុល​នំ​ប៉័ង​ដាក់​សាច់ ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ សរុប​ជាង ៤០​នាក់ ក្នុង​នោះ​ស្រី ២២​នាក់។ ប្រជាពលរដ្ឋ​ទាំង​នោះ​មក​ពី​តំបន់​ពីរ​ផ្សេង​គ្នា គឺ​ពលរដ្ឋ​ចំនួន​ជិត ៣០​នាក់ មក​ពី​ឃុំ​ស្រែចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ពលរដ្ឋ​ជិត ២០​នាក់ មក​ពី​ភូមិ​ស្រែសោមថ្មី ស្រុក​មេមត់។ បញ្ហា​នេះ កើត​ឡើង​ក្រោយ​ពេល​ពួក​គេ​បាន​បរិភោគ​នំ​ប៉័ង​ដាក់​សាច់​របស់​ជនជាតិ​វៀតណាម កាល​ពី​ថ្ងៃ​ទី​១៩ មករា។

ពលរដ្ឋ​មួយ​រូប​មក​ពី​ឃុំ​ស្រែចារ លោកស្រី ឯក សារ៉េត មាន​ប្រសាសន៍​ថា ក្រោយ​ពេល​លោកស្រី​ទិញ​នំ​ប៉័ង​ដាក់​សាច់​របស់​ជនជាតិ​វៀតណាម មក​ទទួល​ទាន​បាន​មួយ​សន្ទុះ ស្រាប់​តែ​លោកស្រី​ចាប់​ផ្ដើម​វិល​មុខ ហើម​ពោះ ព្រម​ទាំង​ក្អួត​ចង្អោរ​ទៀត​ផង ប៉ុន្តែ​យ៉ាង​ណា លោកស្រី​ថា ស្ថានភាព​ជំងឺ​លោកស្រី គឺ​ធូរ​ស្រាល​ឡើង​វិញ​ហើយ៖ «ដូច​ថា​អង្គុយ​អ៊ីចឹង​ទៅ ឃើញ​គេ​ទិញ​ហូប​ទៅ ក៏​ចេះ​តែ​ហូប​តាម​គ្នា​ទៅ»

ចំណែក​ពលរដ្ឋ​នៅ​ភូមិ​ស្រែសោមថ្មី លោកស្រី អាត សាអែម ឲ្យ​ដឹង​ថា គ្រួសារ​លោកស្រី​មាន​អ្នក​ពុល​នំ​ប៉័ង​ដាក់​សាច់​ចំនួន​ពីរ​នាក់ គឺ​ប្អូន​បង្កើត​ម្នាក់ និង​ប្អូន​ថ្លៃ​ម្នាក់ ប៉ុន្តែ​អាការៈ​ប្អូន​បង្កើត គឺ​ធ្ងន់ធ្ងរ​រហូត​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម។ លោកស្រី​បារម្ភ​ចំពោះ​បញ្ហា​សុវត្ថិភាព​ចំណី​អាហារ ខណៈ​មាន​អ្នក​ភូមិ​ពុល​ច្រើន​បែប​នេះ៖ «ចា៎! ខ្ញុំ​សំណូមពរ​ដល់​ពួក​គាត់​ឲ្យ​ជួយ​ទប់ស្កាត់​ការពារ​ផង​ទៅ ព្រោះ​ខ្ញុំ​មិន​ដឹង​ថា របស់​ណា​ពុល របស់​ណា​ហួស​ឌឺឡេ (ហួស​សុពលភាព​ប្រើប្រាស់)»

ទាក់ទង​បញ្ហា​នេះ ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​មេមត់ លោក អ៊ិន ម៉ារ៉ាឌី មាន​ប្រសាសន៍​ថា ស្ថានភាព​អ្នក​ជំងឺ​ទាំងអស់ គឺ​ប្រសើរ​ឡើង​វិញ​ហើយ ក្រោយ​ពេល​ពួក​គេ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក។ លោក​បន្ត​ថា ខាង​មន្ទីរពេទ្យ និង​មន្ត្រី​សុខាភិបាល​ខេត្ត បាន​ចុះ​ប្រមូល​យក​វត្ថុ​តាង​មួយ​ចំនួន ដើម្បី​បញ្ជូន​ទៅ​ក្រសួង​សុខាភិបាល សម្រាប់​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ជុំវិញ​ករណី​នេះ៖ «ជាទូទៅ​យើង​តែង​អប់រំ​គាត់​ជុំវិញ​ការ​បរិភោគ អនាម័យ ក្នុង​ការ​រស់នៅ​ណា​បង»

ករណី​ប្រជាពលរដ្ឋ​ស្រុក​មេមត់ ពុល​នំ​បុ័ង​ដាក់​សាច់​ដែល​ជនជាតិ​វៀតណាម យក​មក​លក់ គឺ​កើត​ឡើង​ចំនួន​ពីរ​លើក​ហើយ ដោយ​រួម​បញ្ចូល​ទាំង​ករណី​ពុល​នំ​បុ័ង​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥ បណ្ដាល​ឲ្យ​ពលរដ្ឋ​ជាង ២០​នាក់​រងគ្រោះ។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​តាម​ដាន​រឿង​នេះ លោក គង់ សំអាន សម្ដែង​ក្តី​បារម្ភ ខណៈ​ករណី​ពុល​នំ​បុ័ង​ដាក់​សាច់​នៅ​តែ​កើត​មាន​ឡើង​ដដែលៗ។ លោក​ថា សមត្ថកិច្ច​ព្រំដែន ព្រម​ទាំង​មន្ត្រី​សុខាភិបាល ហាក់​ធ្វេសប្រហែស​មិន​បាន​ត្រួត​ពិនិត្យ​ជុំវិញ​ការ​លក់​ដូរ​ចំណីចំណុក​របស់​ជនជាតិ​វៀតណាម ឲ្យ​បាន​ដិតដល់ ហើយ​ពេល​ប្រជុំ​ម្តងៗ តែង​តែ​រុញ​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ទើប​ធ្វើ​ឲ្យ​បញ្ហា​នៅ​តែ​កើត​មាន​ឡើង៖ «ខ្ញុំ​ចង់​ឲ្យ​សមត្ថកិច្ច​នៅ​ព្រំដែន​ហ្នឹង ជួយ​រឹត​បន្តឹង​ឲ្យ​បាន​មែន​ទែន ព្រោះ​បញ្ហា​រឿង​ជនជាតិ​វៀតណាម យក​របស់​របរ​មក​លក់​ហ្នឹង ដូច​អត់​មាន​ការ​ត្រួត​ពិនិត្យ​សោះ»

បើ​ទោះ​បី​ជា​ករណី​ពុល​នំ​បុ័ង​ពេល​នេះ​ជា​លើក​ទី​ពីរ​ក៏ដោយ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម ដើម្បី​សាកសួរ ឬ​ចាត់​វិធានការ​យ៉ាង​ណា​ទេ។ អធិការ​ស្រុក​បញ្ជាក់​ថា ត្រូវ​រង់ចាំ​លទ្ធផល​ចេញ​ពី​ក្រសួង​ជា​មុន​សិន ពីព្រោះ​ក្រោយ​ពេល​ជនជាតិ​វៀតណាម លក់​នំ​ប៉័ង​ឲ្យ​ពលរដ្ឋ​ខ្មែរ​រួច ពួក​គេ​ក៏​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ ជា​ហេតុ​ធ្វើ​ឲ្យ​អាជ្ញាធរ​ពិបាក​ស្វែងរក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។