លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំវ៉ាក់សាំងបង្ការជំងឺកូវីដពីឥណ្ឌាពេលនេះ ក្នុងជំនួបរវាងលោក និងឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា អ្នកស្រី ទេវីយ៉ានី អ៊ុតតាំខូប្រាហ្គេត (Devyani Uttamkhobragade) ថ្ងៃទី១៨ ខែមករា។ លោក ហ៊ុន សែន សរសេរលើហ្វេសប៊ុកលោកថា ការស្នើសុំវ៉ាក់សាំងពីឥណ្ឌាបែបនេះ ព្រោះប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះ។
ទោះជាយ៉ាងនេះក្ដី លោក ហ៊ុន សែន មិនបញ្ជាក់ឱ្យដឹងថា កម្ពុជាសុំវ៉ាក់សាំងប៉ុន្មានពីឥណ្ឌានោះទេ ហើយភាគីខាងឥណ្ឌា ក៏មិនទាន់ឆ្លើយតបថា យ៉ាងណានោះដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលកំពុងរស់នៅប្រទេសន័រវេ លោក ម៉ែន ណាត សង្កេតឃើញថា ទោះប្រទេសឥណ្ឌាមានការរីកចម្រើនគួរសមផ្នែកវេជ្ជសាស្ត្រ ប៉ុន្តែវ៉ាក់សាំងបង្ការជំងឺកូវីដរបស់ឥណ្ឌា មិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ៖ «យើងចង់សួរថា តើមោទនភាពជាតិកម្ពុជាត្រង់កន្លែងណាដើរសុំទានចិនសុំអ្នកនេះសុំអ្នកនោះ។ លោក ហ៊ុន សែន ត្រូវប្រកដប្រជាត្រូវទិញវ៉ាក់សាំងកូវីដ ដែលមានការទទួលស្គាល់ពីការអង្គការសុខភាពពិភពលោកនិងពីវិទ្យាស្ថានកូវ៉ាក់ » ។
អ្នកឃ្លាំមើលសង្គមរូបនេះព្រួយបារម្ភថា សុខភាពពលរដ្ឋខ្មែរអាចប្រឈមនឹងគ្រោះថ្នាក់ ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន យល់ព្រមទទួលវ៉ាក់សាំងរបស់ចិន ដែលផ្ដល់ឱ្យកម្ពុជា។ លោកឱ្យដឹងទៀតថា តាមព័ត៌មានលោកទទួលបាន គឺពលរដ្ឋចិនមិនហ៊ានចាក់វ៉ាក់សាំងចិនទេ ប៉ុន្តែរដ្ឋអំណាចចិនបានបង្ខំឱ្យពលរដ្ឋខ្លួនចាក់វ៉ាក់សាំងនេះ៖ «ប្រជាពលរដ្ឋចិនអត់មានអ្នកណាចង់ចាក់វ៉ាក់សាំងរបស់ចិនទេ ប៉ុន្តែប្រទេសកុម្មុយនិស្តមួយនេះបង្ខំប្រជាពលរដ្ឋចាក់យកតែម្ដង។ យើងអត់មានទំនុកចិត្តទេ បើអង្គការសុខភាពពិភពលោកមិនទាន់ទទួលស្គាល់អ៊ីចឹង លោក ហ៊ុន សែន ធ្វើរបៀបហ្នឹងបានន័យថា គាត់ត្រូវតែឱនលំទោនជាមួយចិន»។
ការប្រកាសសុំវ៉ាក់សាំងរបស់ឥណ្ឌាពេលនេះ គឺក្រោយពីរដ្ឋាភិបាលលោក ហ៊ុន សែន បានប្រកាសទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ចិន ឈ្មោះស៊ីណូហ្វាម (Sinopharm) ដែលមិនទាន់មានការទទួលស្គាល់គុណភាពពីអង្គការសុខភាពពិភពលោកនៅឡើយ។ វ៉ាក់សាំងដែលចិនគ្រោងផ្តល់មកឲ្យកម្ពុជានោះមានចំនួន ១លានដូស។ លោក ហ៊ុន សែន ថា វ៉ាក់សាំងនេះនឹងត្រូវប្រើដើម្បីចាក់ជូនមន្ត្រីជួរមុខ និងប្រជាពលរដ្ឋប្រមាណកន្លះលាននាក់។ លោក ហ៊ុន សែន អះអាងថា លោកនឹងចាក់វ៉ាក់សាំងចិនមុនគេ ដើម្បីធ្វើឲ្យពលរដ្ឋទុកចិត្ត។
ទោះយ៉ាងណាក៏ដោយ ប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក ម៉ន ផល្លា ដែលកំពុងភៀសខ្លួននៅប្រទេសម៉ាឡេស៊ី ក៏មានក្តីបារម្ភដូចគ្នាដែរថា អាចជារឿងភូតកុហក។ លោកថា នេះមិនមែនជាលើកទី១ ឡើយ ដែលលោក ហ៊ុន សែន ភូតកុហកពលរដ្ឋ និងយកជីវិតពលរដ្ឋធ្វើខែលការពារអំណាច។ មន្ត្រីបក្សប្រឆាំងរូបនេះលើកឡើងថា មកដល់ពេលនេះ លោក ហ៊ុន សែន មិនទាន់ចំណាយលុយទិញវ៉ាក់សាំងនោះទេ។ ដូច្នេះ លោកទាមទារឱ្យលោក ហ៊ុន សែន ប្រគល់លុយជូនពលរដ្ឋ ដែលលោកបានរៃអង្គាសបានរាប់លានដុល្លារ នាពេលកន្លងមកថា យកទៅទិញវ៉ាក់សាំងជូនពលរដ្ឋវិញ៖ «មិនហ៊ានអះអាងថា តើឥណ្ឌាហ្នឹងពិតជាផលិតវ៉ាក់សាំងកូវីដ គុណភាពកម្រិតណាទេ។ អ៊ីចឹង ខ្ញុំសូមឱ្យពលរដ្ឋខ្មែរពិចារណា ការដែលមេដឹកនាំរបបក្រុងភ្នំពេញយកថ្នាំ ដែលមិនទាន់បានទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោកប្រើប្រាស់ អាចជាការសាកល្បងធ្វើឱ្យពលរដ្ឋយើងរងគ្រោះវិញ ក៏ថាបាន»។
កន្លងទៅលោក ហ៊ុន សែន ធ្លាប់ប្រកាសថា រដ្ឋាភិបាលកម្ពុជានឹងមិនទិញ ឬទទួលយកវ៉ាក់សាំងណាដែលគ្មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនោះទេ។ ក្នុងពេលប្រកាសនោះដែរ លោកបានរៃអង្គាលុយពីពលរដ្ឋមន្ត្រីរាជការ ជាពិសេសក្រុមឈ្មួញធំៗ បានជិត ៥៧លានដុល្លារអាមេរិក។
ទាក់ទងបញ្ហានេះអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បាននៅឡើយទេ។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងលោក ឈឹម ផលវរុណ ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ នៅថ្ងៃទី១៨ ខែមករា។
អ្នកជំនាញវិទ្យាសាស្ត្រថា រហូតមកដល់ពេលនេះក្រុមហ៊ុនចិនស៊ីណូហ្វាមនៅតែមិនទាន់បង្ហាញលទ្ធផលលម្អិតនៃការធ្វើស្តេតដំណាក់កាលទី៣ របស់ខ្លួននៅឡើយ ដែលខុសពីវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក អាល្លឺម៉ង់ និងអង់គ្លេស ដែលគេប្រកាសលទ្ធផលនេះជាផ្លូវការរួចទៅហើយ និងការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។