នាយករដ្ឋមន្ត្រី ប្រកាសថា កម្ពុជា មិនអាចប្រើវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ (Covid-19) ដែលផលិតដោយសហរដ្ឋអាមេរិកបានទេ ព្រោះ វ៉ាក់សាំងនេះ ត្រូវការរក្សាក្នុងកម្រិតអង្សាត្រជាក់ខ្លាំងពេក។ តំណាងរាស្ត្របក្សប្រឆាំង ជំរុញឲ្យរដ្ឋាភិបាល រង់ចាំវ៉ាក់សាំងទទួលស្គាល់គុណភាពត្រឹមត្រូវ ពីអង្គការសុខភាពពិភពលោក (WHO) និងមិនត្រូវយកវ៉ាក់សាំងប្រទេសចិន មកចាក់ឲ្យពលរដ្ឋ ទាំងប្រថុយប្រថាននោះទេ។
មេដឹកនាំកម្ពុជា ប្រកាស ទទួលយកជំនួយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ពីគ្រប់បណ្ដាប្រទេសទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ ទោះជាជំនួយនោះ ជាវ៉ាក់សាំង ឬជាជំនួយថវិកា សម្រាប់ទិញវ៉ាក់សាំង ក៏ដោយ។ លោក ហ៊ុន សែន ប្ដេជ្ញាថា ប្រទេសណា ដឹកវ៉ាក់សាំង មកឲ្យកម្ពុជាមុន ប្រជាជនកម្ពុជា នឹងចាក់វ៉ាក់សាំងនោះមុនគេ។តែយ៉ាងណា លោក អះអាងថា កម្ពុជា មិនអាចប្រើវ៉ាក់សាំង ដែលផលិត ដោយសហរដ្ឋអាមេរិកបានទេ ព្រោះវ៉ាក់សាំងនេះ ត្រូវការរក្សាទុកក្នុងកម្រិតត្រជាក់ខ្លាំងពេក រហូតដល់ក្រោមសូន្យអង្សាសេ (-70) ដែល កម្ពុជា គ្មានលទ្ធភាពរក្សាទុកបានទេ។
លោក ហ៊ុន សែន ជំរុញឲ្យសហរដ្ឋអាមេរិក ផ្ដល់ជំនួយទាំងវ៉ាក់សាំង ទាំងការដឹកជញ្ជូន ឬផ្ដល់ជំនួយជាថវិកា ដល់កម្ពុជា ដើម្បីទិញវ៉ាក់សាំងរបស់ប្រទេសអង់គ្លេស (AstraZeneca Oxford) ដែលអាចរក្សាទុកក្នុងកម្រិតមិនសូវត្រជាក់ខ្លាំង (2អង្សាសេ) បាន៖ « អាមេរិកឲ្យក៏យក។ ប៉ុន្តែរបស់អាមេរិក ដែលស្ថិតនៅក្នុងកម្រិត ៧០អង្សាក្រោមសូន្យ កម្ពុជាប្រើអត់បានទេ ប្រើអត់កើតតែម្ដង។ អ៊ីចឹង បើអាមេរិក ចង់ឲ្យ ទាល់តែឲ្យលុយ មកទិញ Zenaca ដូចអូស្ត្រាលី ឲ្យ។ អាហ្នឹង យើងទទួលទាំងអស់ ៗ។ ប៉ុន្តែយ៉ាងណា ក៏ដោយអ្វីដែលយើងដឹងមុន គឺថា បានពីចិន ១លានដូស គឺ Sinopharm ហើយនឹងមកដល់ក្នុងខែកុម្ភៈនេះ ៦០ម៉ឺនដូស លើកដំបូង ដែលកម្ពុជានឹងចាក់វ៉ាក់សាំងចិន។ របស់ណា មកដល់មុន យើងចាក់ អាហ្នុងមុន។ ឧទាហរណ៍សុខៗ ស្រាប់តែឥណ្ឌាដឹកមកដល់មុន យើងចាក់របស់ឥណ្ឌាមុនហើយ។ អាហ្នឹង គឺជាគោលនយោបាយវ៉ាក់សាំងរបស់យើងហើយ»។
ទន្ទឹមនឹងនេះ លោក ហ៊ុន សែន បញ្ជាក់ជាថ្មីថា រដ្ឋាភិបាលចិន នឹងផ្ដល់វ៉ាក់សាំងដំណាក់កាលទី១ ចំនួន ៦០០.០០០ ដូសសិន មកកម្ពុជា ក្នុងខែកុម្ភៈនេះ។ ចំណែករដ្ឋាភិបាលអូស្ត្រាលី ក៏សម្រេចផ្ដល់ជំនួយ ជាថវិកា ២៨លានដុល្លារដល់កម្ពុជា សម្រាប់ទិញវ៉ាក់សាំងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ជំនួយរបស់អូស្ត្រាលីនេះ នឹងត្រូវប្រើសម្រាប់ទិញវ៉ាក់សាំងរបស់ប្រទេសអង់គ្លេស (AstraZeneca) ចាក់ឲ្យពលរដ្ឋចំនួន ១លាន ៥សែននាក់។ រីឯជំនួយវ៉ាក់សាំងរបស់អង្គការសហប្រជាជាតិផ្ដល់ឲ្យប្រទេសក្រីក្រ តាមរយៈកម្មវិធីកូវ៉ាក់ (COVAX) កម្ពុជា នឹងទទួលបាននៅខែមីនា ជាវ៉ាក់សាំងចំនួន ៧លានដូស សម្រាប់ចាក់ឲ្យពលរដ្ឋ ៣លាន ៥សែននាក់។
លោក ហ៊ុន សែន អះអាងថា ទិន្នន័យជំនួយវ៉ាក់សាំង មានចំនួន ១១លានដូស ហើយរដ្ឋាភិបាលកំពុងពិចារណាទិញវ៉ាក់សាំងរបស់ប្រទេសអង់គ្លេស និង វ៉ាក់សាំងរបស់ប្រទេសចិន បន្ថែមទៀត។ ជាមួយគ្នានេះ លោក ហ៊ុន សែន កំពុងស្នើសុំជំនួយវ៉ាក់សាំងពីរដ្ឋាភិបាលឥណ្ឌា និងរុស្ស៊ី ព្រមទាំងពីសហភាពអឺរ៉ុបផងដែរ ។
តំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ លោក ងឹម ញ៉េង មិនគាំទ្រក្នុងការយកវ៉ាក់សាំង ដែលមិនទាន់ មានការទទួលស្គាល់គុណភាព ពីអង្គការសុខភាពពិភពលោក ឲ្យពលរដ្ឋខ្មែរនោះទេ។ លោក យល់ថា ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មិនទាន់ប្រឈមហានិភ័យធ្ងន់ធ្ងរទេ និងគួរតែរង់ចាំវ៉ាក់សាំងមានគុណភាពត្រឹមត្រូវ។លោក ងឹម ញ៉េង អះអាងថា វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) របស់ចិន មិនទាន់ធ្វើតេស្តជោគជ័យ នៅដំណាក់កាលទី៣ ដូចវ៉ាក់សាំងអាមេរិក និងអឺរ៉ុបទេ។ តំណាងរាស្ត្ររូបនេះ ហៅការប្រញាប់ប្រញាល់យកវ៉ាក់សាំងនេះ មកចាក់ឲ្យពលរដ្ឋខ្មែរថា ជាការយកពលរដ្ឋ ធ្វើតេស្តវ៉ាក់សាំងឲ្យចិន៖ « ខ្ញុំអំពាវនាវទៅប្រជាពលរដ្ឋខ្មែរ កុំចាក់វ៉ាក់សាំងរបស់ចិន ដែលផ្ដល់ឲ្យហ្នឹង ព្រោះវាគ្រោះថ្នាក់ ហើយយើងរង់ចាំបន្តិចទៅ គឺខ្ញុំមានជំនឿថា នៅពេលដែលវ៉ាក់សាំងផលិតបានគ្រប់គ្រាន់ហើយ ប្រទេសជឿនលឿន ប្រទេសអ្នកមានលើពិភពលោក គេនឹងជួយយើងហើយ។ អ៊ីចឹង ខ្ញុំជឿថា ក្រោយពីគេចាក់ហើយ គេបរិបូរណ៍ហើយ យើងនឹងទទួលបានវ៉ាក់សាំង ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។ ពេលហ្នឹង គឺយើងចាក់ទាំងអស់គ្នាទៅ វាមានសុវត្ថិភាព។ ពេលនេះ ខ្ញុំអំពាវនាវកុំចាក់វ៉ាក់សាំងរបស់ចិន ព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់»។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យសង្គម លោក សន ជ័យ ជំរុញឲ្យរដ្ឋាភិបាល គោរពគោលការណ៍ស្ម័គ្រចិត្ត ក្នុងការទទួលចាក់វ៉ាក់សាំងកូវីដ១៩ និងត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីគុណភាពរបស់វ៉ាក់សាំង ដែលត្រៀមចាក់ឲ្យពលរដ្ឋ។ លោក បន្តថា ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាបច្ចុប្បន្ន មិនទាន់ប្រឈមខ្លាំងទេ ដូច្នេះ លោកយល់ថា រដ្ឋាភិបាល គួរតែត្រួតពិនិត្យគុណភាពវ៉ាក់សាំងឲ្យបានម៉ត់ចត់ និងស្នើសុំយន្តការនានា ពីអង្គការសុខភាពពិភពលោកជាមុនសិន៖ « មិនចាំបាច់ប្រញាប់ប្រញាល់ពេល ក៏អាចថាបានដែរ។ ប៉ុន្តែសំខាន់ យើងសិក្សាពីលទ្ធភាពសិន។ មើលឲ្យបានគ្រប់ជ្រុងជ្រោយ ហើយវាអាចថា ការរង់ចាំហ្នឹង ក៏មិនមែនជាអ្វីដែលអាក្រក់ដែរ ព្រោះអ្វីប្រៀបធៀបស្ថានភាពនៅកម្ពុជា ដូចជា មិនបានបង្ហាញអំពីប្រកាសអាសន្នណាមួយ ឬក៏ការភ័យព្រួយកម្រិតខ្ពស់ដែរណា។ បានន័យថា ស្ថានភាពនៅគ្រប់គ្រងបាន»។
កាលពីឆ្នាំ២០២០ លោក ហ៊ុន សែន ប្ដេជ្ញាថា កម្ពុជានឹងប្រើតែវ៉ាក់សាំងណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (World Health Organization) ប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយមក លោកបានប្ដូរចិត្តភ្លាមៗ ហើយបានទទួលយកជំនួយវ៉ាក់សាំងរបស់ចិន ដែលមិនទាន់មានការទទួលស្គាល់គុណភាព ចំនួន ១លានដូស ដើម្បីចាក់ឲ្យក្រុមមនុស្សអាទិភាពចំនួន ៥០ម៉ឺននាក់។
គិតត្រឹមថ្ងៃទី១ កុម្ភៈ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៦៦នាក់។ ក្នុងនោះជាសះស្បើយ ៤៤៣នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ២៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។