តើការផ្ដល់ឈាមពិតជាប៉ះពាល់ដល់សុខភាពមែនឬទេ?
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល មានប្រសាសន៍ថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយក៏មិនឆ្លងរោគអ្វីដែរ។ ការបរិច្ចាគឈាមគឺងាយស្រួលបំផុត។
លោកថា ការផ្ដល់ឈាមធ្វើឡើងតាមបច្ចេកទេសវិទ្យាសាស្ត្រដោយសុវត្ថិភាព គឺលោកគ្រូពេទ្យបូមឈាមពីអ្នកផ្ដល់ឈាមក្នុងចំណុះតិចតួចនៃចំណុះឈាមសរុបនៅក្នុងខ្លួនមនុស្សតែប៉ុណ្ណោះ៖ «ជាមធ្យមឈាមនៅក្នុងខ្លួនមនុស្សយើងមានពី ៣លីត្រ ទៅ ៥លីត្រ ទៅតាមទម្ងន់របស់ខ្លួនមនុស្សយើង។ ការបរិច្ចាគឈាមម្ដងមានកម្រិត ៣៥០មីលីលីត្រ ដូច្នេះការបរិច្ចាគឈាមមានការបាត់បង់ឈាមតែប្រហែល ៧ភាគរយតែប៉ុណ្ណោះនៃចំណុះឈាមដែលមានក្នុងខ្លួនមនុស្សយើង ហើយការបាត់បង់ឈាមដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នោះ ទាល់តែរហូតដល់ ២៥ ទៅ ៣៥ភាគរយឯនោះ។ ដូច្នេះជារៀងរាល់ ៣ខែម្ដងចំពោះបុរស ហើយនិង ៤ខែម្ដង ចំពោះស្ត្រី គឺគាត់អាចបរិច្ចាគឈាមយ៉ាងទៀងទាត់»។
ចំណែកចម្ងល់ដែលថា អ្នកផ្ដល់ឈាមខ្លាចឆ្លងរោគនៅពេលផ្ដល់ឈាមនោះ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ជារឿងមិនពិតទេ។ លោកថា មុនផ្ដល់ឈាមក្រុមគ្រូពេទ្យបានពិនិត្យសុខភាពអ្នកផ្ដល់ឈាមយ៉ាងប្រុងប្រយ័ត្ន ហើយពិនិត្យរកមើលមេរោគក្នុងឈាមជាមុនសិន។ បើពិនិត្យទៅឃើញថា សុខភាពមិនល្អ ឬឈាមអ្នកផ្ដល់មានមេរោគ លោកគ្រូពេទ្យមិនទទួលឈាមនោះទេ។ តាមរយៈការផ្ដល់ឈាមនេះ អ្នកផ្ដល់ឈាមអាចដឹងអំពីជំពូកឈាមរបស់ខ្លួន និងអាចដឹងទៀតថា តើក្នុងឈាមរបស់ខ្លួនមានមេរោគ ឬក៏អត់ ដើម្បីងាយស្រួលត្រៀមខ្លួនព្យាបាល។ លោកថា សព្វថ្ងៃមានប្រជាពលរដ្ឋខ្លះបានមកផ្ដល់ឈាមនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមយ៉ាងទៀងទាត់ ហើយមានអ្នកខ្លះបានផ្ដល់ឈាមរហូតដល់ទៅ ៧០ដងក៏មាន។
ក្រៅពីការផ្ដល់ឈាមអាចជួយសង្គ្រោះជីវិត អ្នកផ្ដល់ឈាមក៏បានទទួលបាននូវការសរសើរដែលមានឈ្មោះថា «ជាវីរបុសផ្ដល់ឈាម» និងមានឈ្មោះថា «ជាអ្នកជួយសង្គ្រោះជីវិតមនុស្ស»។ ជាពិសេសទៅទៀតនោះ គឺអ្នកធ្លាប់ផ្ដល់ឈាមឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាមមានការងាយស្រួលនឹងមកសុំឈាមសង្គ្រោះបន្ទាន់ពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅពេលខ្លួន ឬក្រុមគ្រួសារត្រូវការឈាមបន្ទាន់។
ទាក់ទងការផ្ដល់ឈាមនេះដែរ លោកគ្រូពេទ្យជំនាញបានបញ្ជាក់ទៀតថា ការផ្ដល់ឈាម គឺគ្រាន់តែបាត់បង់សារធាតុរាវនៃជីវិតក្នុងសរសៃឈាមក្នុងពេលផ្ដល់ឈាមតែប៉ុណ្ណោះ ហើយគ្រាប់ឈាមអាចកកើតឡើងវិញបានដោយឯកឯងរៀងរាល់ថ្ងៃ។
លោកគ្រូពេទ្យ ចាន់ បញ្ញា ដែលកំពុងបូមឈាមពីអ្នកបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានពន្យល់ថា ដើម្បីជួយឲ្យគ្រាប់ឈាមអាចកកើតបានឆាប់រហ័ស ក្រុមគ្រូពេទ្យបានរៀបចំអាហារបំប៉នសម្រាប់អ្នកផ្ដល់ឈាមទទួលទានមុន ឬក្រោយការផ្ដល់ឈាម និងជាការលើកទឹកចិត្តផង។
លោកគ្រូពេទ្យបានផ្ដល់ដំបូន្មានខ្លះៗចំពោះសប្បុរសជនណាដែលមានបំណងអញ្ជើញមកផ្ដល់ឈាមនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជួយសម្រួលសុខភាពបានប្រសើរនៅមុននិងក្រោយពេលផ្ដល់ឈាម។ លោកថាឈាមគឺសារធាតុរាវនៃជីវិតរបស់មនុស្សដែលមានចលនាក្នុងសរសៃឈាម។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង មានប្រសាសន៍ថា ឈាមមានមុខនាទីសំខាន់ណាស់ក្នុងការដឹកជញ្ជូនអុកស៊ីហ្សែន ទៅចិញ្ចឹមកោសិកា សរីរាង្គក្នុងរាងកាយ ដើម្បីចិញ្ចឹមជីវិតរស់នៅជាប្រចាំរបស់មនុស្ស។ នៅពេលដែលខ្វះឈាមក្នុងចំនួនមួយច្រើនធ្វើឲ្យការដឹកជញ្ជូនអុកស៊ីហ្សែន ទៅចិញ្ចឹមកោសិកាទៅដល់ខួរក្បាលមិនបានគ្រប់គ្រាន់ធ្វើឲ្យមនុស្សមិនអាចរស់បាន។
លោកវេជ្ជបណ្ឌិតបន្តថា មជ្ឈមណ្ឌលជាតិផ្ដល់ឈាមកំពុងខិតខំពិនិត្យមើលគោលនយោបាយផ្ដល់ឈាម ឬពិនិត្យមើលច្បាប់គ្រប់គ្រងចំពោះអំណោយឈាម ជារឿងមួយយ៉ាងសំខាន់ ដែលធ្វើឲ្យប្រជាពលរដ្ឋទូទៅមានទំនុកចិត្តកាន់តែខ្លាំងឡើងលើសេវាកម្មផ្ដល់ឈាម ដើម្បីឆ្ពោះទៅទទួលអំណោយឈាមស្ម័គ្រចិត្តមិនគិតកម្រៃឲ្យបាន ១០០ភាគរយ នៅមុនឆ្នាំ២០២០ ដែលជាអនុសាសន៍រួមរបស់អង្គការសុខភាពពិភពលោក។
ស្របពេលនេះដែរ លោកវេជ្ជបណ្ឌិតឲ្យដឹងថា មានប្រជាពលរដ្ឋខ្មែរជាច្រើននៅមិនទាន់យល់ដឹងអំពីសារប្រយោជន៍នៃការផ្ដល់ឈាមនៅឡើយទេសព្វថ្ងៃនេះ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យស្ម័គ្រចិត្តផ្ដល់ឈាមឲ្យបានគ្រប់គ្នា។
ឯកសារមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល បានផ្សព្វផ្សាយថា ប្រជាពលរដ្ឋអាចផ្ដល់ឈាមបានត្រូវមានលក្ខណដូចតទៅ៖
ត្រូវមានអាយុចាប់ពី ១៧ឆ្នាំ ដល់ ៦០ឆ្នាំ មានទម្ងន់តិចបំផុត ៤៥គីឡូក្រាម។ ស្ត្រីអាចផ្ដល់ឈាមបានក្នុងរយៈពេល ៤ខែម្ដង ចំណែកបុរសអាចផ្ដល់ឈាមបានក្នុងរយៈពេល ៣ខែម្ដង។ អ្នកផ្ដល់ឈាមចំណាយពេលតែ ៤៥នាទីប៉ុណ្ណោះ ក្នុងដំណើរការផ្ដល់ឈាម និងបានទទួលទានអាហារក្រោយពេលផ្ដល់ឈាម។ គ្រូពេទ្យជំនាញនឹងពិនិត្យសុខភាពដើម្បីធានាថា ការផ្ដល់ឈាមប្រព្រឹត្តទៅដោយងាយស្រួលនិងគ្មានការឈឺចាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។