ប្រទេសជាច្រើនក្នុងពិភពលោក កំពុងព្រួយបារម្ភជាខ្លាំង អំពីការកើនឡើងនៃចំនួនអ្នកស្លាប់និងឆ្លងជំងឺរលាកប្រព័ន្ធដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មីនេះ (nCoV-2019) ដែលបានសម្លាប់មនុស្ស ១៣២នាក់ ក្នុងចំណោមអ្នកឆ្លងរាលដាលចំនួនជាង ៦ពាន់នាក់ នៅប្រទេសចិន។ រហូតមកដល់ថ្ងៃទី២៩ ខែមករា ទោះបីជាមានការឆ្លងទៅដល់ប្រទេសជាច្រើនផ្សេងទៀត រួមមានកម្ពុជាផង ក៏គ្មាននរណាម្នាក់បាត់បង់ជីវិតនៅឡើយទេ ក្រៅតែពីនៅក្នុងប្រទេសចិន។
អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានការពារជំងឺឆ្លង លោកវេជ្ជបណ្ឌិត លី សូវណ្ណ ណែនាំប្រជាពលរដ្ឋខ្មែរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងនៃវីរុសកូរ៉ូណាប្រភេទថ្មីនេះ (nCoV-2019)។ ហើយប្រសិនបើមានរោគសញ្ញាណាមួយ ដូចជា គ្រុនក្តៅ ក្អក ឬ កណ្ដាស់ ឬហៀរសំបោរ ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់៖ «វាចាប់ផ្ដើមដោយគ្រុនក្តៅលើសពី៣៨អង្សា ក្អក ឈឺក ហៀរសំបោរ រហូតដល់វិវត្តដល់ហត់ និងពិបាកដកដង្ហើមហត់ៗ ករណីខ្លះនាំឱ្យឈឺសាច់ដុំ និងនាំឱ្យរាគទៀត»។
ចំណែកលោក ឆាន់ ទូច គ្រូពេទ្យប្រចាំគ្រួសារនៅគ្លីនិកមួយក្នុងទីក្រុង លីន (Lynn) រដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក មានប្រសាសន៍ថា រោគសញ្ញានៃវីរុសកូរ៉ូណាថ្មីនេះ គឺស្រដៀងគ្នាទៅនឹងជំងឺគ្រុនផ្តាសាយធំ។ ប៉ុន្តែ គេអាចកត់សំគាល់នូវរោគសញ្ញាមួយចំនួនដែលខុសគ្នាដូចជា ជំងឺគ្រុនផ្តាសាយ គឺកើតឡើងភ្លាមៗ មិនចាំបាច់ប្រើរយៈពេលយូរ ទើបចេញរោគសញ្ញានោះទេ។ បន្ថែមពីនេះជំងឺរលាកប្រព័ន្ធដង្ហើមថ្មីនេះ គឺនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សួត៖ «ធម្មតា មុនចេញរោគសញ្ញាគឺប្រើពេលពី ២ថ្ងៃ ទៅ ១៤ថ្ងៃ។ ចំណែកគ្រុនផ្តាសាយធំ គឺចាប់ផ្ដើមតែម្ដង។ ហើយគ្រុនក្តៅវិញ គឺកម្ដៅលើសពីគ្នា វីរុសកូរ៉ូណា ក្ដៅរហូតដល់៣៨អង្សាសេ តែគ្រុនផ្ដាសាយក្ដៅខ្លួនក្រោម ៣៧អង្សាសេ ហើយតែពីរ ឬបីថ្ងៃគឺគ្រាន់បើហើយ។ ផ្ដាសាយគឺឈឺពេញខ្លួន អស់កម្លាំងល្ហិតល្ហៃ។ លក្ខណៈមួយទៀតស្រដៀងគ្នាគឺក្អក។ បញ្ហាមួយទៀតគឺបញ្ហាដកដង្ហើម ចំណែកផ្ដាសាយធំអត់ទេ លុះណាតែយើងឈឺ ៣ឬ៤អាទិត្យ បានយើងចាប់ផ្ដើមពិបាកដកដង្ហើម»។
រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា រកឃើញបុរសចិនតែម្នាក់គត់ អាយុ៦០ឆ្នាំ ដែលកើតវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដោយសារធ្វើដំណើរ ពីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូបេ ((Hubei)) ប្រទេសចិន កាលពីថ្ងៃទី២៣ ខែមករា។ ទោះជាយ៉ាងនេះក្តីអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះថា សមត្ថកិច្ចនៃក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ កំពុងត្រួតពិនិត្យដោយយកចិត្តទុកដាក់ ក្រែងមានឆ្លងទៅមនុស្សផ្សេងទៀត។
តើគេអាចការពារការឆ្លងនៃវីរុសកូរ៉ូណាថ្មីនេះ ដោយរបៀបណា ?
លោកវេជ្ជបណ្ឌិត លី សូវណ្ណ លើកឡើងថា វិធីដ៏ល្អបំផុតដើម្បីការពារការឆ្លងវិញ លោកអ្នកត្រូវនៅឱ្យឆ្ងាយពីអ្នកជំងឺ កុំប៉ះពាល់អ្នកជំងឺឱ្យសោះ។ ប្រើម៉ាស់ការពារ លាងដៃនឹងសាប៊ូ រៀងរាល់២០វិនាទី ជៀសវាងការប៉ះភ្នែក ច្រមុះនិងមាត់ នៅពេលមិនទាន់លាងដៃ។ បន្ថែមពីនេះ ត្រូវជៀសវាងការប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារៈការពារខ្លួន។ ហើយប្រសិនបើអ្នកជំងឺក្អក ឬកណ្ដាស់ ត្រូវខ្ទប់មាត់ច្រមុះ នឹងកន្សែង ក្រមា ឬក្រដាសជូតមាត់ រួចហើយលាងដៃភ្លាម៖ «មេរោគនេះឆ្លងតាមតំណក់ទឹកតូចៗ មានន័យថា បើសិនជាអ្នកជំងឺក្អក ឬកណ្ដាស់ គាត់ត្រូវពាក់ម៉ាស់ ដើម្បីទប់កុំឱ្យខ្ទាតទឹកចេញមកក្រៅដូចជាសំបោរ ឬទឹកសព៌ាង្គកាយនានាចេញមកខាងក្រៅ។ ចំពោះអ្នកជាវិញ ត្រូវនៅ ឱ្យឆ្ងាយពីអ្នកជំងឺ លើសពីមួយម៉ែត្រ ហើយអ្នកឈឺនិងអ្នកជា ឧស្សាហ៍លាងដៃឱ្យបានញឹកញាប់»។
តើគេអាចព្យាបាលជំងឺរលាកផ្លូវដង្ហើមបណ្ដាលមកពីវីរុសកូរ៉ូណាថ្មីនេះតាមវិធីណាខ្លះ ?
លោកគ្រូពេទ្យ ឆាន់ ទូច មានប្រសាសន៍ថា រហូតមកដល់ពេលនេះ គេគ្មានថ្នាំឬវ៉ាក់សាំង ដើម្បីការពារឬព្យាបាលអ្នកកើតជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV-2019) នេះទេ។ ប្រសិនបើមានរោគសញ្ញាណាមួយ អ្នកជំងឺត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើតេស្ត។ លោកឆាន់ ទូច បន្តថា ដើម្បីកាត់បន្ថយកម្ដៅក្នុងខ្លួន ងូតទឹកក្តៅអ៊ុនៗ ដើម្បីជួយសម្រួលការឈឺបំពង់ក និងក្អក ញ៉ាំទឹកឱ្យបានច្រើន នៅផ្ទះនិងគេងសម្រាកឱ្យបានច្រើន៖ «ជាមេរោគម្យ៉ាង ដែលក្នុងកាលៈទេសៈនេះ គ្មានថ្នាំព្យាបាលទេ ក៏ប៉ុន្តែអ្នកដែលស្លាប់នៅប្រទេសចិន គឺជាមនុស្សចាស់ មានសុខភាពមិនល្អ។ ដើម្បីការពារ ទី១ ពិសាម្ហូបឱ្យបានត្រឹមត្រូវ កុំញ៉ាំសាច់ឆៅ ហាត់ប្រាណឱ្យបានទៀងទាត់ និងជៀសវាងការញ៉ាំបារី។ ពេលមេរោគនោះចូលទៅក្នុងខ្លួនយើង វាធ្វើឱ្យបំពង់សួតយើងហើម នេះហើយដែលធ្វើឱ្យគ្រោះថ្នាក់ដល់ជីវិត»។
តើមូលហេតុអ្វីបណ្ដាលឱ្យកើតជំងឺរលាកប្រព័ន្ធដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ? ជំងឺរលាកផ្លូវដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ (nCoV-2019) បានផ្ទុះរាលដាលជាលើកដំបូង នៅកន្លែងផ្សារលក់សាច់សត្វព្រៃ នៅទីក្រុង វ៉ូហាន (Wuhan) នៃខេត្តហ៊ូបេ ((Hubei)) ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩។ តាមការចុះផ្សាយអត្ថបទរបស់ទូរទស្សន៍ស៊ីអិនអិន (CNN) នៅសហរដ្ឋអាមេរិក ឱ្យដឹងថា ប្រជាពលរដ្ឋចិន ចូលចិត្តបរិភោគសាច់ពស់វែក ឬសាច់ប្រជៀវ ដែលនេះគឺវាអាចជាប្រភពបណ្ដាលឱ្យកើតជំងឺវីរុសកូរ៉ូណាថ្មីនេះ។ អាជ្ញាធរចិន កាលពីថ្ងៃអាទិត្យ ទី ២៦ ខែមករា បានប្រកាសបិទទីផ្សារ នៅទីក្រុងវូហាន និងហាមជួញដូរលក់សាច់សត្វព្រៃទាំងនោះដើម្បីទប់ស្កាត់ ការរីកដាល។ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ជំងឺរលាកប្រព័ន្ធដង្ហើមបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី នេះ (2019-nCoV) គឺស្រដៀងគ្នាទៅនឹងជំងឺរលាកសួត MERS-CoV និង SARS-CoV ដែលបានផ្ទុះរាលដាលនាពេលកន្លងទៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។