ប្រទេសកម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីប្រទេសចិនចំនួន ១លានដូស (១.០០០.០០០) បន្ថែមទៀត ស្របពេលចំនួនអ្នកស្លាប់ និងអ្នកឆ្លងថ្មី កំពុងកើនឡើងជាបន្តបន្ទាប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះសារនៅលើទំព័រហ្វេសប៊ុក (Facebook) ថា វ៉ាក់សាំងចំនួន១លានដូស ដែលទើបដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមិថុនា គឺជាវ៉ាក់សាំងក្រុមហ៊ុនចិនស៊ីណូវ៉ាក់ (Sinovac) ចំនួន ៥សែនដូស ដែលកម្ពុជាបានបញ្ជាទិញ និងវ៉ាក់សាំងក្រុមហ៊ុនចិនស៊ីណូហ្វាម (Sinopharm) ចំនួន ៥សែនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។ លោកបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក ក៏បានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនចិនទាំងពីរជាច្រើនលានដូសបន្ថែមទៀត ហើយសម្រាប់ខែមិថុនានេះ វ៉ាក់សាំងចំនួន ៤លាន ៥សែនដូស នឹងបញ្ជូនមកដល់កម្ពុជាជាបន្តបន្ទាប់ថែមទៀត។ លោក ហ៊ុន សែន អះអាងថា កម្ពុជានឹងសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១ នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។
ទោះបីជាក្នុងពេលនេះ រដ្ឋាភិបាល កំពុងធ្វើយុទ្ធនាការសម្រុកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្តី ក៏ចំនួនអ្នកស្លាប់ និងអ្នកឆ្លងថ្មី កំពុងកើនឡើង។
ក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃទី៨ មិថុនាថា មានអ្នកជំងឺកូវីដចំនួន ១២នាក់បន្ថែមទៀត បានស្លាប់ ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងរបាយការណ៍ប្រចាំថ្ងៃ។ ចំនួនអ្នកស្លាប់ថ្មីនេះ បានធ្វើឲ្យតួលេខអ្នកស្លាប់កើនដល់ចំនួន ២៧៨នាក់។ នៅថ្ងៃដដែលនេះ ក្រសួងរកឃើញអ្នកឆ្លងថ្មី ៦៧៩នាក់ ខណៈអ្នកជាសះស្បើយមាន ៥៥៧នាក់។
គិតត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ មានជាង ២ម៉ឺន ៥ពាន់ (៣៥.៥១១) នាក់ ក្នុងនោះ អ្នកជាសះស្បើយមានជាង ២ម៉ឺន ៨ពាន់ (២៨.៦៤៩)នាក់ ហើយអ្នកជំងឺរាប់ពាន់នាក់ទៀត កំពុងសម្រាកព្យាបាលនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។