អង្គការ​យូនីសេហ្វ​បារម្ភ​ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​យុវជន​កម្ពុជា

0:00 / 0:00

មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ ហៅ​កាត់​ថា អង្គការ​យូនីសេហ្វ (UNICEF) ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​មួយ​រួមគ្នា​ជាមួយ​យុវជន ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សុខភាព​ផ្លូវចិត្ត​។ យុទ្ធនាការ​នេះ​ធ្វើឡើង ក្រោយពី​អង្គការ​យូនីសេហ្វ រក​ឃើញ​ថា ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ បាន​ធ្វើ​ឲ្យ​វិបត្តិ​សុខភាព​ផ្លូវចិត្ត​របស់​យុវវ័យ ដែល​កំពុង​មាន​ស្រាប់​ហើយ​នោះ កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ។

តើ​មាតាបិតា​ឬ​អាណាព្យាបាល គួរ​ធ្វើ​ដូចម្តេច ដើម្បី​ជួយ​សម្រាល​ដល់​ផ្លូវចិត្ត​របស់​ពួកគេ​?

របាយការណ៍​អង្គការ​យូនីសេហ្វ​ស្ដីពី​ស្ថានភាព​យុវវ័យ​នៅ​ឆ្នាំ​២០២១ រក​ឃើញ​ថា ភាព​ក្រីក្រ និង​ការ​ខ្វះ​ការថែទាំ​ពី​ឪពុកម្ដាយ គឺជា​មូលហេតុ​នាំមុខ​គេ​ដែល​បង្ក​ឲ្យ​មាន​សុខភាព​ផ្លូវចិត្ត ហើយ​ការ​និយាយ​ជាមួយ​មិត្តភក្ដិ គឺជា​វិធី​ល្អ​មួយ ដើម្បី​ដោះស្រាយ​ភាព​តានតឹង​ក្នុង​ចិត្ត​។ ក៏ប៉ុន្តែ ពួកគេ​ភ័យខ្លាច ចំពោះ​ការ​និយាយ​ជាមួយ​មិត្ត​ភ័ក្ដិ ដោយសារ​បារម្ភ​ពី​ការ​មាក់ងាយ និង​ការរើសអើង​ជាដើម។

របាយការណ៍​ដដែល​បង្ហាញ​ថា យុវវ័យ​ម្នាក់​ក្នុង​ចំណោម ៧​នាក់ នៅ​ទូទាំង​សកលលោក ត្រូវ​បាន​គេ​រក​ឃើញ​ថា កំពុង​រស់នៅ​ជាមួយ​វិបត្តិ​ផ្លូវចិត្ត។ ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ របាយការណ៍​រក​ឃើញ​ថា យុវវ័យ​ចំនួន​៤៥% ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ខ្លួន ក្នុង​អំឡុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និង ១៦% មានការ​ថប់​អារម្មណ៍ ឬ​ធ្លាក់​ទឹកចិត្ត ចាប់តាំងពី​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។ បន្ថែម​ពី​នេះ ការ​វាយតម្លៃ​ស្ដីពី​តម្រូវ​ការអប់រំ ក៏បាន​រក​ឃើញ​ថា ៥៨% នៃ​សិស្ស​មធ្យមសិក្សា យ៉ាងហោចណាស់​ក៏ ជួប​បញ្ហា​ផ្លូវចិត្ត​ម្តង​ដែរ​។ បន្ថែម​ពី​នេះ យុវជន​កម្ពុជា​មាន​ការ​យល់ដឹង​តិចតួច អំពី​សុខភាព​ផ្លូវចិត្ត និង​វិធីសាស្ត្រ​ពង្រឹងស្មារតី និង​អារម្មណ៍​ផ្លូវចិត្ត​របស់​ពួកគេ។

គ្រូពេទ្យ​ជំនាញ​សុខភាព​ឲ្យ​ដឹង​ថា កុមារ​និង​យុវវ័យ​ដែល​មាន​ជំងឺផ្លូវចិត្ត អាច​ពិបាក​សំរាប់​ឪពុកម្តាយ​ឬ​អាណាព្យាបាល ក្នុង​ការ​កំណត់​ឬ​ទទួលស្គាល់​ថា កូនៗ​របស់​ខ្លួន​មាន​វិបត្តិ​ផ្លូវចិត្ត​។ កុមារ​និង​យុវជន​ទាំងនោះ ភាគច្រើន​មិន​ត្រូវ​បាន​គេ​យកចិត្តទុកដាក់ និង​បាន​ទទួល​សេវា​ព្យាបាល​ផ្លូវចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ។

ម្ចាស់​គ្លីនីក​មេត្តា​នៅ​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មូលហេតុ​ចំបង​ដែល​នាំ​ឲ្យ​យុវវ័យ​មាន​បញ្ហា​ផ្លូវចិត្ត ដោយសារ​ភាព​ក្រីក្រ ខ្វះ​ការអប់រំ ឪពុកម្ដាយ​ផឹកស្រា លេងល្បែង ឈ្លោះ​គ្នា​រាល់ថ្ងៃ និង​ការប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។ បញ្ហា​ទាំងនេះ​ហើយ បណ្តាល​ឲ្យ​កូនៗ​រស់នៅ​ក្នុង​គ្រួសារ​ទាំងនេះ នៅពេល​គេ​ធំ​ដឹងក្តី គឺ​ងាយ​រងគ្រោះ​ពី​ការ​រំលោភបំពាន​ទាំង​រូបរាងកាយ ផ្លូវចិត្ត និង​ផ្លូវភេទ៖ «មូលហេតុ​សំខាន់ គឺ​កើត​នៅ​ប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ នៅក្នុង​ប្រទេស​ក្រីក្រ​ទាំងនោះ អ្នក​មាន​បញ្ហា​ផ្លូវចិត្ត គឺ​ភាគច្រើន​ថែមទៀត ចំពោះ​អ្នកក្រ​តែម្តង​។ ហេតុនេះ ពេល​គាត់​ក្រ គឺ​មាន​បញ្ហា​ច្រើន អ៊ីចឹង​ក្មេងៗ ឃើញ​ឪពុកម្ដាយ​មាន​បញ្ហា​ផ្លូវចិត្ត គឺ​គាត់​ក៏​មាន​បញ្ហា​ផ្លូវចិត្ត ឃើញ​ឪពុកម្ដាយ​ផឹកស្រា លេងល្បែង ឈ្លោះ​គ្នា​រាល់ថ្ងៃ ប្រើ​អំពើ​ហិង្សា គឺ​ក្មេងៗ​ក៏​មាន​បញ្ហា​ដែរ​។ បន្ថែម​ពី​នេះ ក្មេង​នៅ​តាម​តំបន់​ជនបទ រង​អំពើ​ហិង្សា​ផ្លូវកាយ​ផ្លូវចិត្ត និង​ផ្លូវភេទ ក៏​សម្បូណ៌​ដែរ ជាពិសេស ក្មេង​ដែល​ងាយ​រងគ្រោះ​បំផុត គឺ​ក្មេងស្រី នៅ​កម្ពុជា​គឺ​រងគ្រោះ​ច្រើន»។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា មាន​ប្រសាសន៍​បន្ត​ថា ឪពុកម្ដាយ​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​តាមដាន​និង​សង្កេត​ពី​អាកប្បកិរិយា​ប្រែប្រួល​របស់​កូនៗ ដូចជា ចូលចិត្ត​អង្គុយ​សញ្ជប់សញ្ជឹង មិនសូវ​និយាយ​ស្តី គេចវេស​ពី​គេឯង ឬ​សំងំ​នៅក្នុង​បន្ទប់​គេង ដោយ​មិន​ចេញ​មក​ក្រៅ​ទាល់តែសោះ ឬក៏​មិន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្ត​ភ័ក្ត្រ​និង​សមាជិក​ក្រុម​គ្រួសារ​ជាដើម៖ «គាត់​ចូលចិត្ត​នៅ​ម្នាក់ឯង គាត់​ស្លូតបូត​ខុស​ពី​ធម្មតា​អត់​មាត់​អត់​ក ដល់​វ័យ​ទៅ​រៀន​ក៏​មិន​ចង់ទៅ​រៀន គាត់​រៀន​អត់​ចេះ ឧស្សាហ៍​ឈឺក្បាល​ញឹកញាប់ គាត់​មិន​សូវ​ទទួល​ទាន ស្គមស្គាំង មិនសូវ​ប្រាស្រ័យ​ទាក់ទង​សូម្បី​ក្រុម​គ្រួសារ​ក្នុង​ផ្ទះ ទាំងនេះ ជា​សញ្ញា​សំខាន់ៗ​លើ​ផ្លូវ​ចិត្ត​។ បញ្ហា​ផ្លូវចិត្ត​នេះ ជាពិសេស សូម​ប្រុងប្រយ័ត្ន​ចំពោះ​ក្មេងស្រី គាត់​អាច​ទទួលរង​ការប្រើ​ហិង្សា ការ​បៀតបៀន​កេរ្តិ៍ខ្មាស ជាពិសេស​ការ​រំលោភបំពាន​ផ្លូវភេទ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្លូវចិត្ត​ ...»។

អង្គការ​យូនីសេហ្វកម្ពុជា (UNICEF) ឲ្យ​ដឹង​ដែរ​ថា បញ្ហា​សុខភាព​ផ្លូវចិត្ត​លើ​កុមារ​និង​យុវជន រួម​មាន​ជំងឺ​ថប់​អារម្មណ៍ ជំងឺ​ភ័យខ្លាច ជំងឺស្ត្រេស​ឬ​តឹងតែង​ផ្លូវចិត្ត និង​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ឬ​បាក់​ទឹកចិត្ត ជាដើម​។ ភាព​តានតឹង​ក្នុង​អារម្មណ៍​កម្រិត​តិចតួច និង​ក្នុង​រយៈពេល​ខ្លី គឺជា​រឿង​ធម្មតា ប៉ុន្តែ​ប្រសិនបើ​មិន​ចេះ​រក​វិធី​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ បញ្ហា​ផ្លូវចិត្ត​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ ជាហេតុ​ធ្វើ​ឲ្យ​សុខភាព​ផ្លូវកាយ​កាន់តែ​ទ្រុឌទ្រោម និង​នាំ​ឲ្យ​កើត​ជំងឺ​ជាច្រើន​ផ្សេងទៀត​។ បន្ថែម​ពី​នេះ ករណី​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​ខ្លាំង ដោយ​មិន​ទទួល​បាន​សេវា​ព្យាបាល​ទាន់​ពេល​វេលា នោះ​អាច​បណ្តាល​ឲ្យ​យុវវ័យ​ធ្វើ​អត្តឃាត ដូចជា​ការប្រើ​ថ្នាំលេប ចងក ឬ​លោត​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជាដើម។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា សង្កត់ធ្ងន់​ថា ការ​ព្យាបាល​ជំងឺផ្លូវចិត្ត អាស្រ័យ​ទៅ​លើ​ស្ថានភាព​របស់​បុគ្គល​នីមួយៗ​។ សំខាន់​បំផុត ឪពុកម្ដាយ​និង​អាណាព្យាបាល ត្រូវ​យក​ពេលវេលា​ជជែក​ជាមួយ​កូន​ដោយ​សម្រួល និង​លើកទឹកចិត្ត​កូនៗ ឲ្យ​និយាយប្រាប់​ពី​អារម្មណ៍​របស់​ពួកគេ ដោយ​មិន​ត្រូវ​ស្តី​បន្ទោស​នោះ​ឡើយ​។ សំខាន់​ជាង​នេះ​ទៀត ឪពុកម្ដាយ​ត្រូវ​ស្វះ​ស្វែងរក​ជំនួយ​សេវា​ផ្លូវចិត្ត ពី​គ្រូពេទ្យ​ជំនាញ​៖ «ការ​ព្យាបាល​ផ្លូវចិត្ត​សំខាន់​បំផុត គឺ​ពឹង​ផ្អែក​ទៅ​លើ​យោបល់​របស់​គ្រូពេទ្យ គឺ​គាត់​ឲ្យ​អ្នក​ជំងឺ​រៀបរាប់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត អ៊ីចឹង​ហើយ​ពេទ្យ​ផ្តល់​ប្រឹក្សា​យោបល់​។ ក្នុង​ករណី​កម្រិត​ស្រាល គ្រូពេទ្យ​គ្រាន់តែ​ផ្តល់​យោបល់ ឲ្យ​ធ្វើ​ដូចម្តេច​ខ្លះ ហើយ​មិន​ចាំបាច់​ប្រើ​ថ្នាំពេទ្យ​ទេ​។ ចំពោះ​ករណី​ផ្លូវចិត្ត​ពី​កម្រិត​មធ្យម​ឬ​ធ្ងន់ធ្ងរ​ឡើង គ្រូពេទ្យ​ត្រូវ​ឲ្យ​ប្រើ​ថ្នាំ​ហើយ ទៅតាម​ប្រភេទ​ជំងឺផ្លូវចិត្ត ដូចជា ជំងឺ​ថប់​អារម្មណ៍ ជំងឺ​បាក់ស្បាត ជំងឺ​ភ័យខ្លាច ដូចនេះ​គ្រូពេទ្យ​នឹង​ផ្តល់​ថ្នាំ​ទៅតាម​ប្រភេទ​ជំងឺផ្លូវចិត្ត​ទាំងនោះ​ ...»។

ការស្រាវជ្រាវ​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ឈ្មោះ​កម្មវិធី​សុខភាព​ផ្លូវចិត្ត (TPO) ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ បច្ចុប្បន្ន ប្រមាណ​ជាង ៤០% រងគ្រោះ​ដោយសារ​បញ្ហា​ផ្លូវចិត្ត​។ បញ្ហា​សុខភាព​ផ្លូវចិត្ត​នេះ គឺជា​បន្ទុក​ធ្ងន់ធ្ងរ​ដល់​សង្គម​កម្ពុជា​បច្ចុប្បន្ន ដែល​កើតឡើង​ទ្វេដង​ក្នុងចំណោម​អ្នក​ក្រីក្រ​។ បន្ថែម​ពី​នេះ​កម្ពុជា នៅ​មាន​បញ្ហា​ខ្វះខាត​នូវ​មជ្ឈមណ្ឌល​សុខភាព​ផ្លូវចិត្ត និង​គ្រូពេទ្យ​ជំនាញ​ចិត្តសាស្ត្រ ដើម្បី​ព្យាបាល និង​ផ្ដល់​ដំបូន្មាន​ដល់​អ្នកជំងឺ​ផ្លូវចិត្ត។

អង្គការ​យូនីសេហ្វ​កម្ពុជា (UNICEF) កាលពី​ពាក់​កណ្តាល​ខែមិថុនា​កន្លង​មក​នេះ បាន​ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​មួយ​ដោយ​រួម​សហការ​ជាមួយ​យុវជន ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​អំពី​សុខភាព​ផ្លូវចិត្ត​រយៈពេល​៣​ខែ​។ យុទ្ធនាការ​នេះ បង្ហាញ​ពី​វីដេអូ​របស់​យុវជន កំពុង​ប្រើប្រាស់​យន្តការ​ដោះស្រាយ​បែប​វិជ្ជមាន​ដូចជា “​ខ្ញុំ​ធូរចិត្ត នៅពេល​លេង​កីឡា​...​ខ្ញុំ​មាន​អារម្មណ៍ល្អ នៅពេល​និយាយ​ជាមួយ​មិត្តភ័ក្ដិ​ជាដើម ព្រមទាំង​ណែនាំ​ធ្វើ​សកម្មភាព​ច្នៃប្រឌិត​អ្វីមួយ ដើម្បី​ពង្រឹង​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ និង​បន្តសកម្មភាព​អនទ្បាញ​ជាប្រចាំ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង ផ្ដល់​គន្លឹះ និង​ណែនាំ​ដល់​យុវជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។