សារគំរាមបញ្ឈប់កម្មករនេះធ្វើឡើងជាថ្មីដោយតំណាងរបស់ក្រសួងការងារគឺលោក ហេង សួរ។ លោក ហេង សួរ បានបង្ហោះសារក្នុងបណ្ដាញសង្គម (Telegram) ថា ចាប់ពីខែសីហាខាងមុខទៅរោងចក្រណាដែលបរាជ័យក្នុងការចុះឈ្មោះកម្មករឱ្យចាក់វ៉ាក់សាំងបានតិចជាង ៧០ ភាគរយ នឹងរងពិន័យពីក្រុមអធិការកិច្ចរបស់ក្រសួង។ អ្នកនាំពាក្យក្រសួងការងាររូបនេះ ក៏បានបើកដៃឲ្យថៅកែរោងចក្រអាចបញ្ឈប់កម្មករបានក្រោមហេតុផលមិនបានចាក់វ៉ាក់សាំង។ ជាមួយគ្នានេះ លោកបញ្ជាក់ថា ខាងពេទ្យការងារក៏នឹងមិនពិនិត្យ ឬមិនចេញវិញ្ញាបនបត្រឲ្យកម្មករសម្រាប់ចូលធ្វើការងារដែរ បើកម្មកររូបនោះគ្មានកាតចាក់វ៉ាក់សាំង។
ក្រៅតែពីសារគំរាមមួយនេះ លោក ហេង សួរ ក៏បានបង្ហោះសារតាមហ្វេសប៊ុក (facebook) លើកទឹកចិត្តឲ្យកម្មករចេះរាយការណ៍ពីគ្នា ឬអាចថតរូបទុកហើយប្រាប់ទៅនគរបាលក្នុងករណីមានកម្មករ ឬមាននរណាម្នាក់គំរាមកំហែង ញុះញង់ ឬបំផុសកម្មករ កុំឱ្យចាក់វ៉ាក់សាំង។ លោកអះអាងថា ការធ្វើបែបនេះ កម្មករនឹងបានបុណ្យច្រើន និងអាចរួចផុតពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ បានមួយគ្រួសារ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ហេង សួរ បានទេ នៅថ្ងៃទី០៥ ខែមេសា ជុំវិញសារគំរាមកំហែងទាំងនេះ។ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់អង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ថា ក្រសួងស្ថាប័នពាក់ព័ន្ធ គួរតែបង្កើនការផ្សព្វផ្សាយអប់រំដល់កម្មករកម្មការិនីឲ្យយល់ដឹងអំពីគុណភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះជាមុនសិន។ លោកយល់ថា ការគំរាមបញ្ឈប់កម្មករ ក្រោមហេតុផលមិនបានចាក់វ៉ាក់សាំង គឺខុសនឹងគោលការណ៍របស់ក្រសួងសុខាភិបាល។
លោក ឃុន ថារ៉ូ ជំរុញឲ្យរដ្ឋាភិបាលទិញវ៉ាក់សាំងដែលមានការទទួលស្គាល់គុណភាពពីអង្គការសុខភាពពិភពលោកជាជាងការប្រើយុទ្ធសាស្ត្រគំរាមកំហែងឲ្យចាក់វ៉ាក់សាំង ដែលគ្មានការទទួលស្គាល់គុណភាពត្រឹមត្រូវ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ក៏ទាមទារឲ្យមន្ត្រីរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់សារ ឬការគំរាមកំហែងបង្ខំឲ្យកម្មករចាក់វ៉ាក់សាំង ដែលខុសពីគោលការណ៍ស្ម័គ្រចិត្ត៖ «វាអត់មានជាស្មារតីនៃច្បាប់ដែលនិយាយនៅក្នុងលក្ខខណ្ឌហ្នឹងទេ។ ក្នុងច្បាប់ស្ដីពីការងារក៏ដូចគ្នា។ អ៊ីចឹងណា វាអត់មានហេតុផលណាមួយសមរម្យទៅបង្ខំឬក៏ទៅគំរាមកំហែងទេ។ ក្នុងករណីការបង្ហាញសារបែបហ្នឹង ហើយក្នុងនាមជាក្រសួងសាមី ដែលអនុវត្តច្បាប់ខ្ញុំគិតថា អាហ្នឹងរឹតតែលើកទឹកចិត្តឲ្យនិយោជកហ្នឹង យកហេតុផលមិនចាក់វ៉ាក់សាំងហ្នឹងមកបញ្ឈប់និយោជិតបានហើយអាហ្នឹងជារឿងមិនត្រឹមត្រូវទេ។ ជារឿងផ្ទុយពីច្បាប់ហើយ»។

សារព្រមានម្ចាស់រោងចក្រ និងកម្មករឲ្យទៅចាក់វ៉ាក់សាំងនេះ ធ្វើឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រីប្រកាសពីគម្រោងចាក់វ៉ាក់សាំងឲ្យបានមួយលានដូស (១.០០០.០០០) ក្នុងមួយខែ។ វ៉ាក់សាំងដែលរដ្ឋាភិបាលចាក់ឲ្យមន្ត្រីរាជការកម្មករនិងពលរដ្ឋទូទៅនោះភាគច្រើនលើសលុប គឺជាវ៉ាក់សាំងរបស់ចិន (Sinopharm & Sinovac) ដែលមិនទាន់មានការទទួលស្គាល់គុណភាព។ ឯវ៉ាក់សាំង (Astra Zeneca) របស់អង់គ្លេសដែលមានការទទួលស្គាល់គុណភាពត្រឹមត្រូវជាជំនួយមនុស្សធម៌ (COVAX) សម្រាប់កម្ពុជានោះ ភាគច្រើនត្រូវបានចាត់ចែងសម្រាប់ចាក់ឲ្យមន្ត្រីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញនិងក្រុមគ្រួសាររបស់ពួកគេ។
បើទោះជារដ្ឋាភិបាលកំពុងដំណើរការចាក់វ៉ាក់សាំងយ៉ាងទូលាយនៅកម្ពុជាបែបណាក៏ដោយក៏ពលរដ្ឋនិងកម្មករខ្លះមិនទាន់យល់ដឹងពីគុណភាពវ៉ាក់សាំងនៅឡើយទេ។ កម្មកររោងចក្រញ៉ូ អូរៀន (New Orient) នៅតំបន់សេដ្ឋកិច្ចពិសេសកាណាឌីយ៉ា រាជធានីភ្នំពេញ លោក ប៊ុន វ៉ាន ស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅសប្ដាហ៍ក្រោយ ក្នុងរោងចក្ររបស់លោកកំពុងធ្វើការ។ កម្មកររូបនេះនិយាយថា ទាំងលោកនិងកម្មករខ្លះទៀតមិនបានដឹងពីគុណភាព ឬ ប្រភេទវ៉ាក់សាំងអ្វីទេ គឺពួកលោកនាំគ្នាចាក់តាមគ្នា៖ «វាមិនដឹង (គុណភាព)ដែរ ហើយខ្ញុំក៏មិនហ៊ាននិយាយអ្វីផ្ដេសផ្ដាសដែរ។ អ៊ីចឹងណា តែអានេះជាគំនិតដែលខ្ញុំស្វែងយល់។ អ្វីដែលខ្ញុំយល់ មិនដឹងថា ចាក់ទៅវាល្អ ឬមិនល្អ។ ខ្ញុំអត់ដឹងដែរ ព្រោះអ្វីដូចដែលខ្ញុំនិយាយពីខាងដើមហ្នឹង គឺខ្ញុំអត់មានពីបច្ចេកទេសក្នុងការស្រាវជ្រាវដឹងថា វ៉ាក់សាំងហ្នឹងល្អ សម្រាប់ខ្លួនខ្ញុំ ឬសម្រាប់អ្នកដទៃទេ។ តែគ្រាន់ថា ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលដែរ ថាវ៉ាក់សាំងហ្នឹងយកមកវាការពារដល់ពលរដ្ឋខ្មែរ និងកម្មករទាំងអស់ហ្នឹង។ នេះជាអ្វីដែលខ្ញុំគិត»។

ជុំវិញគម្រោងចាក់វ៉ាក់សាំងឲ្យកម្មករតាមរោងចក្រនេះដែរ អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោក ខេន លូ បានទេ នៅថ្ងៃដដែលនេះ។ តែលោកធ្លាប់ប្រាប់អាស៊ីសេរីថា លោកចង់ឲ្យកម្មករស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានច្រើន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងរោងចក្រនិងជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់កម្មករនិងក្រុមគ្រួសារពួកគេ។
ក្រសួងការងារ បានហ្វឹកហាត់គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតផ្នែកពេទ្យការងារ សរុបជាងប្រាំរយ (៥៣០) នាក់ សម្រាប់ត្រៀមចាក់វ៉ាក់សាំងជូនកម្មករនិយោជិតនៅតាមរោងចក្រ។ ក្រសួងនេះបានកំណត់យកថ្ងៃទី០១ ខែមេសា ជាថ្ងៃចាប់ផ្ដើមចាក់វ៉ាក់សាំង (Sinovac) ឲ្យមន្ត្រីរាជការក្នុងក្រសួង។ ក្រសួងការងារមានគម្រោងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ឲ្យក្រុមអាទិភាពក្នុងវិស័យការងារមានទាំងកម្មករផងឲ្យបានប្រមាណជាងប្រាំពីរសែន (៧៤ម៉ឺន) នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។