USAID ប្រកាស​ពី​យុទ្ធនាការ​គម្រោង​អភិវឌ្ឍន៍​កុមារ​តូច

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​ដៃគូ​អភិវឌ្ឍ ប្រកាស​ពី​យុទ្ធនាការ​ផ្លាស់ប្ដូរ​ឥរិយាបថ​សហគមន៍ ដើម្បី​ជួយ​ឱ្យ​កុមារ​មាន​ការ​លូតលាស់ និង​សម្រេច​បាន​នូវ សក្ដានុពល​អភិវឌ្ឍ​ពេញលេញ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ USAID នៅ​ថ្ងៃទី១ ខែ​មេសា ឲ្យ​ដឹង​ថា គោលបំណង​សំខាន់​នៃ​គម្រោង​អភិវឌ្ឍន៍​កុមារ​តូច​នេះ គឺ​គាំទ្រ​ដល់​ការ​លើកកម្ពស់ ការ​ចិញ្ចឹម​បីបាច់​ថែរក្សា សំរាប់​កុមារ​ចាប់ពី​មុន​ពេល​កើត រហូត​ដល់​អាយុ​៥​ឆ្នាំ​។ គម្រោង​អភិវឌ្ឍន៍​កុមារ​តូច​នេះ ក៏​នឹង​ជួយ​ដល់​ក្រុម​គ្រួសារ និង​កុមារ​មាន​ការ​អភិវឌ្ឍ​យឺត​និង​ពិការភាព ទទួល​បាន​នូវ​សេវា​ថែទាំ​និង​គាំទ្រ​ដ៏​សមស្រប។

នាយក​គម្រោង​អភិវឌ្ឍន៍​កុមារ​តូច នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ត្រីកោណ​អន្តរជាតិ (RTI International) លោក ចន វីលៀម អាមេស (John Ames) ថ្លែង​នៅ​ចំពោះមុខ ភាគី​ពាក់ព័ន្ធ​ប្រមាណ ៣០​ស្ថាប័ន និង​ក្រុម​គ្រួសារ​ចំនួន ១៧០​គ្រួសារ ក្នុង​ក្រុង​សៀមរាប នៅ​ថ្ងៃទី ១ មេសា​នេះ ថា «​យុទ្ធនាការ​នេះ មាន​គោលបំណង​លើក​កម្ពស់​ការ​ចូលរួម​ដោយ​ស្មើភាព​គ្នា រវាង​បុរស​និង​ស្ត្រី​ក្នុង​ការ​ចិញ្ចឹម បីបាច់​ថែរក្សា​កូនតូចៗ ដើម្បី​ជួយ​ឱ្យ​កុមារ​មានការ​អភិវឌ្ឍ​បាន​ល្អ លើ​បញ្ញា​ស្មារតី ការ​គិត ភាសា អារម្មណ៍ និង​ការលូតលាស់​ផ្នែក​រាងកាយ​របស់​ពួកគេ»។

គម្រោង​អភិវឌ្ឍន៍​កុមារ​តូច ដឹកនាំ​អនុវត្ត​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ត្រីកោណ (RTI International) សហការ​ជាមួយ​អង្គការ​ហេឡែន ខេលល័រ អន្តរជាតិ (Helen Keller International) អង្គការ​សេហ្វ ហេវិន (Safe Haven) និង​រដ្ឋាភិបាល​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។