ក្រសួង​​សុខាភិបាល​មិនទាន់​បាន​​កំណត់​ច្បាស់​លាស់​កន្លែង​ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់ម៉ាស់​

0:00 / 0:00

បុគ្គលណា​ដែល​ត្រូវ​ពាក់ម៉ាស់នៅកន្លែង​ត្រូវ​ពាក់ម៉ាស់ ប៉ុន្តែខកខាន​មិនបានពាក់ម៉ាស់ នឹង​ត្រូវពិន័យជាប្រាក់ចាប់ពី ២សែនរៀល (៥០ដុល្លារ) ដល់ ១លានរៀល (២៥០ដុល្លារ)។ ប្រាក់មួយលានរៀលនេះ បើពិន័យប៉ះចំលើកម្មកររោងចក្រ គឺស្មើនឹង​ប្រាក់ខែជាងមួយខែ​របស់គាត់​ម្នាក់។

នេះបើតាម​អ្វីដែលមានចែងក្នុងមាត្រា ៥ នៃ អនុក្រឹត្យថ្មី ស្តីពីវិធានការសុខាភិបាល​ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់​ធ្ងន់ធ្ងរផ្សេងទៀត។ អនុក្រឹត្យដដែលនេះ បញ្ជាក់ថា មានតែក្រសួង​សុខាភិបាលប៉ុណ្ណោះ ដែលជាអ្នកកំណត់ថា បុគ្គលណាខ្លះដែលត្រូវពាក់ម៉ាស់ និង​ទីកន្លែងណាខ្លះ ដែលតម្រូវ​ឲ្យ​បុគ្គលទាំងនោះ​ពាក់ម៉ាស់។

ការពិន័យនេះទៀតសោត ធ្វើទៅបានទាល់តែបុគ្គលនោះបំពានជាលើកទី២ ពោលគឺបើពួកគាត់​បំពានលើកទីមួយ ច្បាប់តម្រូវឲ្យណែនាំ និង​ព្រមានជាមុនសិន។ អ្នកដែលណែនាំ និង​ព្រមាននោះ គឺមន្រ្តីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។​

ទោះជាយ៉ាងនេះក្ដី តាំងពីថ្ងៃទី១២ ខែមីនាមក អនុក្រឹត្យនេះ​ចេញបាន ១០ថ្ងៃ​ទៅហើយ ប៉ុន្តែ​ក្រសួង​សុខាភិបាល​នៅតែ​មិនទាន់ប្រកាស​ ឬ​ចេញសេចក្ដីសម្រេចណាមួយ​​ ដើម្បីកំណត់បុគ្គលដែលត្រូវ​ពាក់ម៉ាស់ និង​ទីកន្លែងណាតម្រូវឲ្យបុគ្គលទាំងនោះពាក់ម៉ាស់​នៅឡើយទេ​។

អ្វីដែលក្រសួង​សុខាភិបាលធ្លាប់ធ្វើ​កន្លងទៅ គឺមានតែការអំពាវនាវឲ្យ​ប្រជាពលរដ្ឋអនុវត្ត​វិធានការ ៣ការពារ និង​ ៣កុំ។ ៣ ការពារ​ រួមមាន ពាក់ម៉ាស់ លាងដៃញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គលពីមួយម៉ែត្រ​កន្លះឡើង។ ៣កុំ រួមមាន កុំទៅកន្លែង​ដែលបិទជិតឈឹង​គ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងមនុស្សកុះករកកកុញច្រើន និង​កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នានៅពេលជួបគ្នាជាដើម។

រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌លោក កើត រិទ្ធ ក៏នៅរង់ចាំសេចក្តីប្រកាស​ និង​សម្រេច​របស់ក្រសួង​សុខាភិបាល ជុំវិញរឿងនេះដែរ។ លោកថ្លែងតាមប្រព័ន្ធតេឡេក្រាម ដែលក្រសួង​យុត្តិធម៌ដកស្រង់ប្រសាសន៍នេះមកផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងកាលពីថ្ងៃទី១៥ ខែមីនា​ថា៖ « ការផាកពិន័យអ្នក​អត់ពាក់ម៉ាស់​ មិនទាន់​ត្រូវបាន​ធ្វើឡើងជាទូទៅទេ ពោលគឺធ្វើឡើងតែនៅកន្លែង​ដែលប្រឈមខ្ពស់ នៃការរីករាលដាលជំងឺកូវីដ - ១៩ តែប៉ុណ្ណោះ និងត្រូវមាន​សេចក្តីសម្រេច​ពីក្រសួងសុខាភិបាល »

ស្របពេលដែលមន្រ្តីជាន់ខ្ពស់ក្រសួង​យុត្តិធម៌ និង​ពលរដ្ឋទូទៅកំពុងរង់ចាំមើលសេចក្តីប្រកាស និងសម្រេច​របស់ក្រសួងសុខាភិបាល ស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ កាន់តែរីកធំជាលំដាប់​។ ចំនួនអ្នកឆ្លងក្នុងសហគមន៍ ក្នុងរយៈពេល ៣០ថ្ងៃ គិត​ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ កើនដល់ ១.១៦២នាក់ គិតត្រឹមថ្ងៃទី២១ ខែមីនា។ ចំនួនអ្នកឆ្លងក្នុង​រយៈពេល ១ខែ​នេះ ច្រើនជាងពីរដងនៃចំនួនអ្នកឆ្លងជំងឺនេះនៅទូទាំងប្រទេសសម្រាប់រយៈពេល ១ឆ្នាំ។ អ្នកស្លាប់ក្នុងពេលសម្រាកព្យាបាលជំងឺកូវីដ-១៩ និង​ពេលកំពុងធ្វើចត្តាឡីស័កកើនឡើងដល់ ៦នាក់។ ប៉ុន្តែមានតែបីនាក់ប៉ុណ្ណោះ ដែលក្រសួងសុខាភិបាលទទួលស្គាល់ថាស្លាប់ដោយសារជំងឺកូវីដ-១៩។

ក្នុងពេលជាមួយគ្នានេះ កម្មករោងចក្រកាត់ដេរ និង​អ្នកដើរផ្សារនៅតែប្រជ្រៀតគ្នាដែលមិនអាចរក្សាគម្លាតសុវត្ថិភាពបាន។ ប៉ុន្តែអនុក្រឹត្យថ្មីក៏កំណត់ពិន័យអ្នកដែលមិនរក្សាគម្លាតនេះដែរ។ មាត្រា៧ មាត្រា១៩​ និងមាត្រា២០ នៃអនុក្រឹត្យដដែលចែងថា បុគ្គលនីមួយៗត្រូវរក្សាគម្លាតពីគ្នាយ៉ាងតិច ១ម៉ែត្រកន្លះ។ បើមិនដូច្នេះទេចំពោះបុគ្គលល្មើស នឹ​ងត្រូវ​ពិន័យដូចអត់ពាក់ម៉ាស់ដែរ គឺពី ២សែនរៀល ដល់ ១លានរៀល។ បើបុគ្គលល្មើសជាអ្នកទទួលខុសត្រូវក្នុងការរៀបចំការជួបជុំមនុស្ស ឬសកម្មភាពដទៃទៀតនឹងត្រូវពិន័យពី ១លានរៀល ដល់ ៥លានរៀល។ បើសហគ្រាស ឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្មវិញពួកគេនឹង​ត្រូវ​ពិន័យ ពី ២លានរៀល ដល់ ១០លានរៀល។

ក្រសួង​សុខាភិបាលជាអ្នកសម្រេចថា តើទីកន្លែងធ្វើការ ទីតាំងអាជីវកម្ម ឬទីកន្លែងសាធារណៈ និង​កម្មវិធីជួបជុំមនុស្ស ឬសកម្មភាពសង្គមណាខ្លះ ដែលត្រូវ​រក្សាគម្លាតនេះដែរ។ ប៉ុន្តែក្រសួង​នៅមិនទាន់ចេញសេចក្តីសម្រេច ឬប្រកាសណាមួយជុំវិញរឿងនេះនៅឡើយដែរ។

អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ជុំវិញរឿងនេះបានទេ ដោយសារអ្នកស្រីមិនលើកទូរសព្ទ។

ទោះជាយ៉ាងនេះក្ដី ពលរដ្ឋទូទៅនៅតែពពាក់ពពូនដើរផ្សារ និង​កម្មកររោងចក្រជិះរថយន្តប្រជ្រៀតគ្នា​ដូចម្រាមដៃទៅធ្វើការរាល់ថ្ងៃ ដោយអ្នកខ្លះពាក់ម៉ាស់ អ្នកខ្លះមិនពាក់នោះឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។