អាជ្ញាធរខេត្តកំពង់ឆ្នាំង សម្រេចបិទកន្លែងផលិត និងចែកចាយស្រាទូទាំងខេត្តជាបណ្ដោះអាសន្ន ក្រោយពីមានអ្នកភូមិ ៨នាក់បានពុលស្រាសស្លាប់ និងរងគ្រោះជាង ១៣០នាក់ផ្សេងទៀត។
ស្នងការខេត្តកំពង់ឆ្នាំង លោក ខូវ លី ប្រាប់អាស៊ីសេរីតាមទូរស័ព្ទ នៅយប់ថ្ងៃអង្គារថា អាជ្ញាធរក៏បានប្រមូលស្រាសទាំងនោះ និងគ្រោងកម្ទេចចោល ក្រោយពីពិនិត្យរកឃើញការផលិតស្រាសទាំងនោះខុសបច្ចេកទេស ដោយដាក់បញ្ចូលជាតិមេតាណុលខ្ពស់ហួសហេតុ រហូតដល់ទៅជាង១០%៖ « ឥឡូវនេះបិទកន្លែង និងដកហូតស្រា យកមកទុក ដើម្បីបំផ្លាញចោល ព្រោះពុលមនុស្សស្លាប់ ពុលនោះធ្វើឲ្យមនុស្សពុលជាង ១០០នាក់។ កន្លែងលក់ឲ្យតែមាន គឺដកហូតទាំងអស់។ ជាតិពុលនោះ តាមការពិនិត្យឲ្យទទួលទានតែ២ឬ៣ម៉ោង គឺបណ្ដាលឲ្យស្លាប់ភ្លាមៗ បាន។ យើងឃើញខុសបច្ចេកទេស អ៊ីចឹងយើងចុះទៅពិនិត្យប្រមូលយកមកទាំងអស់ »។

គេហទំព័រនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១ ខែធ្នូ បានចុះផ្សាយថា ក្រោយពីមន្ត្រីជំនាញសហការជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំ ចុះទៅពិនិត្យនៅទីតាំងកើតហេតុ ស្ថិតក្នុងភូមិជីប៉្រង ឃុំជៀប ស្រុកទឹកផុស និងសិប្បកម្មផលិតស្រា ចំនួន ៨កន្លែងផ្សេងទៀតមក លទ្ធផលតេស្តបង្ហាញថា សំណាកស្រាស ៥គំរូ ក្នុងចំណោមសំណាក ១៦គំរូ មានផ្ទុកសារធាតុមេតាណុលចន្លោះពី ១០,៥ ទៅ ១៧,២៥ភាគរយ ដែលលើសពីកម្រិតអនុញ្ញាត ដែលមានត្រឹមតែ ០,១៥% ប៉ុណ្ណោះ។
អភិបាលរងខេត្តកំពង់ឆ្នាំង លោក អម សុភា ដែលទទួលបន្ទុកផ្នែកសុខាភិបាល បានប្រាប់សារព័ត៌មានវីអូឌីថា អ្នកភូមិ ៨នាក់ហើយបានស្លាប់ គិតត្រឹមថ្ងៃអង្គារ ទី១ ខែធ្នូ ក្នុងនោះរួមមានអ្នកភូមិម្នាក់ទៀត ដែលបានស្លាប់នៅភូមិក្រាំងស្គារ។
ចំណែកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង លោក ទុំ សម្បត្តិ ប្រាប់វីអូឌីដែរថា គិតត្រឹមរសៀលថ្ងៃទី១ ខែធ្នូនេះ អ្នកភូមិ ១៣១នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅតាមមន្ទីរពេទ្យនានា ក្នុងនោះមានស្រី ៦នាក់ផងដែរ។ លោកបន្តថា បច្ចុប្បន្នអ្នកភូមិ ១២៧នាក់ បានជាសះស្បើយ ហើយបានត្រឡប់ទៅផ្ទះវិញ ខណៈ ៤នាក់ បន្ត សម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
នៅខេត្តកំពង់ឆ្នាំងដដែលនោះ ក្រៅពីករណីពុលស្រាស កាលពីថ្ងៃទី២៨ វិច្ឆិកា ក៏មានករណីពុលទឹកអណ្ដូងផងដែរ។ អ្នកភូមិមួយនៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ វិច្ឆិកា បានស្លាប់ ២នាក់ និងជាង ១០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពេលពួកគេនាំគ្នាទទួលទានទឹកអណ្ដូង នៅតាមវាលស្រែពេលសម្រាកបាយថ្ងៃត្រង់។
មន្ត្រីសុខាភិបាលថា មូលហេតុដែលនាំឱ្យពុលនេះ សង្ស័យថា អាចបណ្ដាលមកពីថ្នាំពុលសម្លាប់សត្វល្អិតដែលកសិករបាញ់ស្រូវ បានហូរចូលក្នុងទឹកអណ្ដូងដែលពលរដ្ឋទទួលទាននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។