គ្រួសារ​ស្ត្រី​​​ស្លាប់​​ក្នុង​​​ពេល​សម្រាលកូន​​ទាមទារ​ឲ្យ​ប្រធាន​មន្ទីរពេទ្យ​ចេញ​មុខ​បក​ស្រាយ

0:00 / 0:00

ក្រុម​គ្រួសារ​សព​កម្មការិនី ដែល​ស្លាប់​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ កាល​ពី​ព្រលប់​ថ្ងៃ​ទី​២៨ ខែ​ឧសភា ទាមទារ​ឲ្យ​ប្រធាន​មន្ទីរពេទ្យ​ស្រលាញ់​ទារក ឬ​ហៅ​ថា មន្ទីរពេទ្យ​ជប៉ុន អ្នកស្រី ទុង រដ្ឋាវី និង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរពេទ្យ ឬ​ក្រសួង​សុខាភិបាល ចេញ​មុខ​បកស្រាយ​ផ្ទាល់​ជាមួយ​ក្រុម​គ្រួសារ​សព។ ក្រុម​គ្រួសារ​សព​ថា មិន​អាច​ទទួល​យក​បាន​មូលហេតុ​របស់​គ្រូពេទ្យ​ដែល​ប្រាប់​ដោយ​របៀប​លាក់លៀម​ថា ទាំង​ម្ដាយ​ទាំង​កូន​នោះ​ស្លាប់​ដោយសារ​កម្មការិនី​ជា​ម្ដាយ​មាន​មេរោគ​ម្យ៉ាង​នៅ​ក្នុង​ឈាម។ ការ​អំពាវនាវ​នេះ​នៅ​ក្នុង​ថ្ងៃ​ដែល​ក្រុម​គ្រួសារ​សព​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​នៅ​ផ្ទះ​សព នា​ភូមិ​ត្រពាំងស្វាយ ឃុំ​ក្រាំងម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។

«សំឡេង​លោក​សូត្រ​ធម៌​ក្នុង​ពិធី​បុណ្យ​សព»

គ្រួសារ​នៃ​សព​កម្មការិនី​ដែល​ស្លាប់​ជាមួយ​កូនស្រី​នៅ​ក្នុង​ផ្ទៃ​ក្នុង​ពេល​សម្រាល បាន​ចោទ​គ្រូពេទ្យ​ម្នាក់​នៅ​មន្ទីរពេទ្យ​ស្រលាញ់​ទារក ឬ​ហៅ​ពេទ្យ​ជប៉ុន ថា បាន​សម្លាប់​ប្រពន្ធ​របស់​គាត់ និង​ចោទ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​នោះ​ថា បាន​ធ្វេសប្រហែស​បណ្ដោយ​ឲ្យ​ក្រុម​គ្រូពេទ្យ​ក្មេងៗ​នៅ​ប្រចាំការ​បង្កើត​កូន​របស់​គាត់​ដោយ​គ្មាន​វេជ្ជបណ្ឌិត​នៅ​ម្នាក់​សោះ៖ «មួយ​រំពេច​ភ្នែក​សោះ ពីរ​ថ្ងៃ​សោះ​ស្លាប់​ចោល​ខ្ញុំ កូន​រម៉ិងរម៉ង់ៗ គិត​ថា ពេទ្យ​ជប៉ុន ហ្នឹង​ទៅ​តាម​កូន​ឲ្យ​បាន​រលូន មាន​រលូន​ណា ទៅ​យក​ប្រពន្ធ​ដូច​ឲ្យ​ស្លាប់​នៅ​ពេទ្យ​ជប៉ុន​ហ្នឹង​អ៊ីចឹង។ ខំ​ទុក​ចិត្ត​លើ​ពេទ្យ​ជប៉ុន ចង់​បាន​កូនស្រី ខ្លាច​ប៉ះពាល់​ដល់​សុខភាព ខំ​ទៅ​យក​ពេទ្យ​ល្អ ប្រពន្ធ​នៅ​រស់​រវើក ដឹក​ដៃ​គ្នា​ដើរ​ក្នុង​ពេទ្យ​ហ្នឹង ដើរ​ទៅ​វិញ​ទៅ​មកៗ និយាយ​រក​គ្នា​ពាក្យ​ផ្អែមល្ហែម អត់​មាន​សុខភាព​អត់​មាន​ពិបាក​​អី។ មិន​គួរ​ប្រពន្ធ​ស្លាប់​ចោល​ខ្ញុំ ប្រពន្ធ​ខ្ញុំ​ល្អ​ណាស់​លោក​អើយ​លោក! ចេះ​គ្រប់គ្រង​កូន​បងប្អូន​ទាំង​អស់ មាន​អី​ហូប​ហ្នឹង​ជាមួយ​បង​ប្អូន អត់​ចេះ​ខឹង​គេ ទៅ​ណា​ក៏​គេ​ស្រលាញ់ គេ​អាណិត មនុស្ស​ល្អ​ឆាប់​ស្លាប់​បាត់​ចោល​ប្ដី បើ​គ្រោះថ្នាក់​ចរាចរណ៍ មិន​ដឹង​ធ្វើ​ម៉េច អា​នេះ​ជា​ព្រហ្មលិខិត នេះ​មិន​មែន​ព្រហ្មលិខិត​ទេ គាត់​សម្លាប់​ប្រពន្ធ​ខ្ញុំ»

កម្មការិនី​រោងចក្រ​កាត់ដេរ ឈ្មោះ ឈា សារិន ហៅ ស្រីមុំ បាន​ស្លាប់​នៅ​ពេល​សម្រាល​កូនស្រី​ដែល​ជា​កូន​ទី​៣ កាល​ពី​ព្រលប់​ថ្ងៃ​ទី​២៨ ខែ​ឧសភា នៅ​បន្ទប់​សម្រាលកូន​នៃ​មន្ទីរពេទ្យ​ស្រលាញ់​ទារក ឬ​ហៅ​ពេទ្យ​ជប៉ុន។ ស្វាមី​សព លោក ជូ ភារ៉ា ប្រាប់​ថា លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក​ថា មាន​គ្រូពេទ្យ​ម្នាក់​បាន​លូកដៃ​បង្កើត​កូនលោក តែ​បែរ​ជា​ប្រពន្ធ​របស់​លោក​ធ្លាក់​ឈាម ហើយ ៥​នាទី​ក្រោយ​មក ប្រពន្ធ​លោក​បាន​ស្លាប់​នៅ​លើ​គ្រែ​សម្រាល​ទាំង​មិន​ទាន់​បាន​សម្រាល​កូន៖ «ខ្ញុំ​សួរ​ថា ហេតុ​អី​បាន​ខ្យល់​អុកស៊ីហ្សែន​ហ្នឹង​អត់​មាន​ខ្សែ គាត់​ថា យក​ច្រលំ​អា​ខ្សែ​មួយ​ទៀត រក​អត់​ឃើញ ដល់​ហើយ​ពេទ្យ​ម្នាក់​នោះ​ទៀត គាត់​អាយុ​ប្រហែល ៣០​ជាង គាត់​ប្រាប់​ពេទ្យ​ក្មេងៗ សុទ្ធតែ​ក្មេងៗ ឈរ​មើល​ឲ្យ​ក្បាល​សុទ្ធ​តែ​តម្រៀប​បួន​ប្រាំ​នាក់ គាត់​ក៏​ហៅ​ពេទ្យ​ថា ទៅ​យក​ថ្នាំ​ហ្នឹង​មក ម្នាក់​ហ្នឹង​ក៏​យក​ថ្នាំ​អំពូល​ហ្នឹង​មក ពេទ្យ​ថា មិន​មែន​ថ្នាំ​ហ្នឹង​ទេ យក​ថ្នាំ​ខុស​ហើយ។ គាត់​ជា​គ្រូពេទ្យ​ប្រចាំ​ពេទ្យ​ជប៉ុន មួយ​ទាំង​មូល ហេតុ​អី​ក៏​គាត់​អត់​មាន​ឧបករណ៍ ឬ​ក៏​ថ្នាំ​អី​ឲ្យ​ច្បាស់លាស់ គេ​ទៅ​ឆ្លង​ទន្លេ គេ​ពឹង​អាយុ​ជីវិត​របស់​គេ គេ​ពឹង​ពេទ្យ​ជប៉ុន ហ្នឹង យក​ប្រពន្ធ​ខ្ញុំ​ទៅ​ពិសោធន៍​ឲ្យ​គ្នា​ស្លាប់​ទាំង​ម្ដាយ​ទាំង​កូន​នៅ​លើ​កៅអី​ហ្នឹង មើល​ទៅ​អាណោចអាធ័ម​ណាស់ ខ្ញុំ​អត់​ទទួល​យក​បាន​ទេ»

លោក​បន្ត​ថា គ្រូពេទ្យ​ដែល​បាន​បង្កើត​កូន​ឲ្យ​លោក​មុន​ដំបូង​បាន​ប្រើ​សម្ដី​ពាក្យ​អសុរោះ​ដាក់​លោក ប៉ុន្តែ​គ្រូពេទ្យ​ម្នាក់​នោះ​បាន​គេច​ខ្លួន ក្រោយ​ពេល​លោក​ស្រែក​ថា ប្រពន្ធ​លោក​ស្លាប់។ លោក ជូ ភារ៉ា រៀបរាប់​ថា ក្រោយ​ពេល​ប្រពន្ធ និង​កូន​លោក​ស្លាប់​ជាមួយគ្នា​នៅ​ក្នុង​បន្ទប់​សម្រាល ក្រុម​គ្រូពេទ្យ​បាន​យក​សព​ប្រពន្ធ​លោក​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ ហើយ​កន្លះ​ម៉ោង​ក្រោយ​មក ទើប​មាន​ក្រុម​វេជ្ជបណ្ឌិត​មក​ពិនិត្យ​សព​ប្រពន្ធ​គាត់​ជា​បន្តបន្ទាប់ ដោយ​វេជ្ជបណ្ឌិត​ខ្លះ ទើប​មក​ពី​ហូប​ការ​គេ​ជាដើម។ ស្វាមី​សព​កម្មការិនី បាន​ចោទ​ថា ក្រុម​វេជ្ជបណ្ឌិត និង​ថ្នាក់ដឹកនាំ​របស់​មន្ទីរពេទ្យ​ជប៉ុន ធ្វេសប្រហែស​ទុក​តែ​គ្រូពេទ្យ​ក្មេងៗ អាច​ជា​គ្រូពេទ្យ​ទើប​ចេញ​ពី​សាលា​មួយ​ក្រុម​នៅ​បង្កើត​កូន​ឲ្យ​ប្រពន្ធ​លោក។

គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ឧសភា គ្រួសារ​នៃ​សព​មិន​អាច​ទទួល​យក​បាន​ឡើយ​នូវ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​កម្មការិនី ឈា សារិន។ ស្វាមី​សព លោក ជូ ភារ៉ា ថា ក្រុម​គ្រូពេទ្យ និង​ប្រធាន​មន្ទីរពេទ្យ​មិន​ព្រម​ចេញ​មុខ​ពន្យល់​ប្រាប់​គ្រួសារ​សព នៃ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ប្រពន្ធ​លោក​ស្លាប់។ លោក​ថា គ្រូពេទ្យ​ម្នាក់​ប្រាប់​លោក​ថា ប្រពន្ធ​លោក​ស្លាប់​ដោយសារ​មាន​មេរោគ​ម្យ៉ាង​នៅ​ក្នុង​ឈាម ហើយ​ទោះ​ជា​នៅ​អាមេរិក ក៏​គ្រូពេទ្យ​ជួយ​មិន​បាន​ដែរ។

គ្រួសារ​របស់​សព​កម្មការិនី ឈា សារិន ប្រាប់​ថា ហេតុផល​នេះ​នៅ​មិន​អាច​ទទួល​យក​បាន​ទេ ពួកគេ​ចង់​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​នៃ​មន្ទីរពេទ្យ​ជប៉ុន ចេញ​មុខ​ពន្យល់​ប្រាប់​គ្រួសារ​សព​ឲ្យ​បាន​ច្បាស់ ទើប​គ្រួសារ​អស់​ចិត្ត និង​មាន​យុត្តិធម៌​សម្រាប់​សព​កម្មការិនី​ដែល​ស្លាប់​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ។

ស្វាមី​នៃ​សព​ប្រាប់​ថា ប្រពន្ធ​លោក​ចូល​សម្រាក​មន្ទីរពេទ្យ​មុន​ថ្ងៃ​សម្រាក​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ហើយ​ក្រោយ​ពិនិត្យ និង​ឆ្លុះ​អេកូ គ្រូពេទ្យ​បាន​ប្រាប់​លោក​ថា ប្រពន្ធ និង​កូន​លោក​មាន​សុខភាព​ល្អ អាច​កើត​បាន ដោយ​គ្មាន​គ្រោះថ្នាក់។ តែ​ស្រាប់តែ​ដល់​ថ្ងៃ​សម្រាក​បែរ​ជា​មាន​តែ​គ្រូពេទ្យ​ក្មេងៗ មិន​ទាំង​ស្គាល់​ឈ្មោះ​ថ្នាំ​ផង នាំ​គ្នា​បង្កើត​កូន​ឲ្យ​ប្រពន្ធ​លោក។ ឪពុក​របស់​សព លោក សួន ឆាត ប្រាប់​ថា ក្រោយ​កូនស្រី និង​ចៅស្រី​លោក​ស្លាប់ គ្រូពេទ្យ​បាន​ប្រាប់​លោក​កុំ​ឲ្យ​ពួកគាត់​ឡូឡា ហើយ​ឆាប់​ដឹក​ជញ្ជូន​សព​ចេញ​ពី​មន្ទីរពេទ្យ ដោយ​ឲ្យ​អាច​យក​ទៅ​តម្កល់ ឬ​បូជា​បាន​នៅ​ក្នុង​វត្ត​មួយ​ក្បែរ​មន្ទីរពេទ្យ​ជប៉ុន នោះ។ លោក​ស្នើ​ឲ្យ​ក្រសួង​សុខាភិបាល រាជរដ្ឋាភិបាល ស្រាវជ្រាវ​ឲ្យ​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្វេសប្រហែស និង​ពី​ភាព​ទទួល​ខុសត្រូវ​របស់​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ជប៉ុន នេះ៖ «ខ្ញុំ​មក​ដេក​ហ្នឹង​ដល់​ពីរ​យប់ ម៉េច​ក៏​មិន​ប្រាប់​ខ្ញុំ ដល់​កូន​ខ្ញុំ​ងាប់ ថា កូន​ខ្ញុំ​មាន​មេរោគ​មើល​អត់​ជា អ៊ីចឹង​បើ​កូន​ខ្ញុំ​មាន​មេរោគ​ទារក​ហ្នឹង​មាន​មេរោគ​ដែរ​អត់​ទេ បាន​យក​ទារក​មក​មិន​បាន? ខ្ញុំ​សួរ​គ្រូពេទ្យ​អ៊ីចឹង​គ្រូពេទ្យ​ថា ពូ! អ៊ំ​ឯង​កុំ​មាត់​ឮ​ពេក ការងារ​នេះ ឥឡូវ​កូន​វា​ស្លាប់​ហើយ អ៊ំ​ឯង​មាន​បំពេញ​ឯកសារ​ទេ សំណុំ​បែបបទ​ដើម្បី​យក​កូន​ចេញ​ពី​ពេទ្យ។ ខ្ញុំ​ថា អត់​ឲ្យ​យក​ទេ ព្រោះ​ខ្ញុំ​នៅ​ស្រាវជ្រាវ​កោសល្យវិច័យ​កូន​ខ្ញុំ​សិន... ឲ្យ​ពេទ្យ ឲ្យ​ស្ថាប័ន​ជំនាញ ជួយ​រក​យុត្តិធម៌​ឲ្យ​កូន​ខ្ញុំ ព្រោះ​ងាប់​ទាំង​ម្ដាយ​ទាំង​កូន​វា​អត់​ដែល​មាន ពេទ្យ​ហ្នឹង​ពេទ្យ​សម្ភព​ជប៉ុន មិន​មែន​ពេទ្យ​ធម្មតា​ទេ មេ​ពេទ្យ​ណា»

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ប្រធាន​មន្ទីរពេទ្យ​ស្រលាញ់​ទារក ឬ​ហៅ​ពេទ្យ​ជប៉ុន អ្នកស្រី ទុង រដ្ឋាវី ជា​ច្រើន​ដង ប៉ុន្តែ​ទូរស័ព្ទ​គ្មាន​អ្នក​ទទួល។ វេជ្ជបណ្ឌិត​ម្នាក់​នៃ​មន្ទីរពេទ្យ​នេះ ដែល​មិន​បង្ហាញ​ឈ្មោះ បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​របស់​គ្រួសារ​សព ហើយ​លោក​ថា គ្រូពេទ្យ​មិន​បាន​ធ្វេសប្រហែស​ទេ។ វេជ្ជបណ្ឌិត​រូប​នេះ បាន​បង្វែរ​ឲ្យ​ទៅ​សួរ​ក្រសួង​សុខាភិបាល ព្រោះ​លោក​ថា ក្រសួង​បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ។
អាស៊ីសេរី ក៏​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ បាន​ដែរ ដោយ​មិន​លើក​ទូរស័ព្ទ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ប្រាប់​ថា រវល់​ប្រជុំ ក្រោយ​អ្នក​យកព័ត៌មាន​បាន​ណែនាំ​ខ្លួន​ថា ទូរស័ព្ទ​ពី​អាស៊ីសេរី។

ទាក់ទង​នឹង​ការ​មិន​ចេញ​ទទួល​ខុស​ត្រូវ ឬ​មិន​ព្រម​បកស្រាយ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល តាម​ការ​ចង់​បាន​ពី​ក្រុម​គ្រួសារ ប្រធាន​គណៈកម្មការ​សុខាភិបាល​នៃ​រដ្ឋ​សភា​ អ្នកស្រី កែ សុវណ្ណរតន៍ ប្រាប់​ថា គណៈកម្មការ​ជំនាញ​នឹង​ប្រជុំ​ផ្ទៃក្នុង ហើយ​កត់ត្រា​ករណី​នេះ ដើម្បី​មាន​ឱកាស​ណា​មួយ​ហៅ​រដ្ឋមន្ត្រី​សុខាភិបាល​ទៅ​សួរនាំ។ ក្នុង​ករណី​មាន​បណ្ដឹង​ទៅ​កាន់​រដ្ឋសភា​ពី​ក្រុម​គ្រួសារ​សព គណៈកម្មការ​ជំនាញ​នឹង​អន្តរាគមន៍​កោះហៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ទៅ​បំភ្លឺ​នៅ​រដ្ឋសភា៖ «ជា​ពិសេស​ក្រុម​គ្រួសារ​គាត់ គាត់​មាន​ការ​សោក​សង្វេគ គាត់​មាន​ការ​ភិតភ័យ គាត់​បាត់​បង់​សមាជិក​មួយ​នៅ​ក្នុង​ក្រុម​គ្រួសារ។ ជា​ធម្មតា​ជា​អារម្មណ៍​គាត់ គឺ​ការ​ផ្ដោត​សំខាន់ ឬ​ក៏​គាត់​ចូល​រួម​សោកស្ដាយ​ទៅ​លើ​បញ្ហា​ហ្នឹង»

មូលហេតុ​ដែល​គ្មាន​វេជ្ជបណ្ឌិត​យកចិត្ត​ទុក​ការ​សម្រាលកូន​របស់​សព​កម្មការិនី ឈា សារិន ត្រូវ​បាន​ស្វាមី​សង្ស័យ​ថា ដោយសារ​ប្រពន្ធ​លោក​ជា​សមាជិក​បេឡា​របប​សន្តិសុខ​សង្គម (ប.ស.ស)។ លោក ជូ ភារ៉ា ជា​ស្វាមី​ថា នៅ​ពេល​ដែល​បង្ហាញ​ប័ណ្ណ​សមាជិក ប.ស.ស ដើម្បី​បន្ថយ​ការ​ចំណាយ​ពេល​សម្រាលកូន មាន​គ្រូពេទ្យ​ស្រែក​ថា ម៉ូយ​មក​ទៀត​ហើយ។

ប្រធាន​បេឡា​របប​សន្តិសុខ​សង្គម លោក ជាវ ប៊ុនរិទ្ធ យល់​ថា មិន​មាន​ករណី​គ្រូពេទ្យ​រើសអើង អ្នក​កាន់​ប័ណ្ណ ប.ស.ស នោះ​ទេ តែ​លោក​យល់​ថា អាច​មក​ពី​អារម្មណ៍​របស់​គ្រួសារ​សព​កម្មការិនី។ លោក ជាវ ប៊ុនរិទ្ធ អះអាង​ថា គ្រប់​មន្ទីរពេទ្យ​រដ្ឋ​អាច​មាន​ការ​រើសអើង​តិចតួច​បំផុត សម្រាប់​អ្នក​ជំងឺ​ដែល​កាន់​ប័ណ្ណ ប.ស.ស ទៅ​ពិនិត្យ ឬ​សម្រាក ប៉ុន្តែ​សម្រាប់​ករណី​ស្លាប់​ស្ត្រី​សម្រាលកូន​ទាំង​ម្ដាយ​ទាំង​កូន​ប្រធាន ប.ស.ស យល់​ថា មិន​មែន​ជា​ការ​រើសអើង​ពី​ក្រុម​គ្រូពេទ្យ​នោះ​ទេ។

លោក ជូ ភារ៉ា ថា ប្រពន្ធ​លោក​បង់​ថ្លៃ​ប័ណ្ណ ប.ស.ស ក្នុង​មួយ​ខែ ៣​ដុល្លារ។

ទីប្រឹក្សា​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ថា លោក ជាវ ប៊ុនរិទ្ធ ឆ្លើយ​របៀប​គ្មាន​ការ​ទទួល​ខុសត្រូវ។ លោក ជា មុនី បន្ត​ថា អាច​ប្រហែល​ក្រុម​គ្រួសារ​របស់​ប្រធាន ប.ស.ស មិនទាន់​ជួប​ការ​ឈឺ​ចាប់​ដែល​កើត​ឡើង​ដោយសារ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា។ លោក​បន្ត​ថា ការ​លើក​ឡើង​របស់​ប្រធាន ប.ស.ស ដើម្បី​ចង់​បិទបាំង​ពី​កំហុស ឬ​កង្វះខាត​របស់ ប.ស.ស តែប៉ុណ្ណោះ៖ «បើ​គាត់​គិត​ថា បសស គាត់​ល្អ មាន​ឥទ្ធិពល​ល្អ ខ្លាំង សហការ​ជាមួយ​ក្រសួង​ការងារ ជាមួយ​ពេទ្យ​រដ្ឋ​មែន ឬ​ក៏​ពេទ្យ​ឯកជន​មែន គួរ​ណាស់​មិន​ទុក​ឲ្យ​ស្ត្រី គ្រាន់​តែ​ជា​ការ​ឆ្លង​ទន្លេ​ហ្នឹង ហើយ​ជា​កូន​ទី​៣ របស់​គាត់​ទៀត មិន​មែន​ជា​ស្ត្រី​ឆ្លង​ទន្លេ​កូន​ដំបូង គាត់​ស្លាប់ អ៊ីចឹង​ការ​លើក​ឡើង​របស់​គាត់​ហ្នឹង​វា​មិន​ស៊ីចង្វាក់»

ក្រុម​គ្រួសារ​នៃ​សព​នៅ​តែ​ទទូច​ចង់​បាន​យុត្តិធម៌ ដោយ​ចង់​ឃើញ​មាន​វិធានការ​ច្បាស់លាស់​លើ​គ្រូពេទ្យ​ដែល​ធ្វេសប្រហែស​មិន​មាន​វេជ្ជបណ្ឌិត​ប្រចាំការ និង​បាន​បណ្ដាល​ឲ្យ​ប្រពន្ធ និង​កូន​ស្លាប់។ ស្វាមី​នៃ​សព​ប្រាប់​ថា នឹង​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ដើម្បី​ស្វែង​រក​យុត្តិធម៌​សម្រាប់​ពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។