សង្គម​ស៊ីវិល៖ ពលរដ្ឋ​ខ្មែរ​នៅ​តែ​រងគ្រោះ​ព្រោះ​ខ្វះ​ការ​ចែក​ព័ត៌មាន​ពី​អ្នក​រង​គ្រោះ​មុនៗ

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​តែ​រងគ្រោះ​ពេល​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ហើយ​ម្ដង​ទៀត​នោះ ដោយសារ​ខ្វះ​ការ​ចែកចាយ​​បទពិសោធន៍​ពី​ជនរងគ្រោះ​មុនៗ។ ការ​អះអាង​យ៉ាង​ដូច្នេះ បន្ទាប់​ពី​ពលករ​ខ្មែរ​រង​គ្រោះ​លើ​ទូក​នេសាទ​ថៃ ជា​ច្រើន​នាក់ ដែល​បញ្ជូន​មក​ដល់​កម្ពុជា វិញ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ប៉ុន្តែ​ពលករ​ទាំង​នោះ​ព្យាយាម​មិន​និយាយ​អ្វី​ទាល់​តែ​សោះ​អំពី​ជីវិត​ជា​ទាសករ​នៅ​បរទេស​ដល់​អ្នក​កាសែត។

ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា (Caram Cambodia) ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ពលករ​ចំណាក​ស្រុក លោក យ៉ា ណាវុធ និយាយ​ថា ជនរងគ្រោះ​កម្ពុជា ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដូចជា​ពលករ​រងគ្រោះ​លើ​ទូក​នេសាទ​ថៃ និង​ស្ត្រី​ខ្មែរ​ដែល​រង​ការ​ជួញដូរ​ទៅ​រៀបការ​ជាមួយ​ជនបរទេស​នោះ មិន​គួរ​បិទបាំង​ព័ត៌មាន​អំពី​បទពិសោធន៍​ដ៏​ជូរចត់​របស់​ខ្លួន​ដល់​អ្នក​កាសែត ឬ​មហាជន​នានា​នោះ​ទេ។

​លោក​បន្ត​ថា ការ​ចែកចាយ​ព័ត៌មាន ឬ​បទពិសោធន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ មាន​សារសំខាន់​ណាស់​ដើម្បី​ផ្សព្វផ្សាយ​អោយ​បាន​ទូលំទូលាយ កុំ​អោយ​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ចាញ់​បោក​ល្បិចកល​របស់​មេខ្យល់​នាំ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​នោះ។ លោក​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​កង្វះ​ការ​ចែកចាយ​ព័ត៌មាន​ពី​ជន​រងគ្រោះ​មុនៗ​នេះ​ហើយ ទើប​បណ្ដាល​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​រងគ្រោះ​ម្ដង​ហើយ​ម្ដង​ទៀត៖ «គួរ​តែ​ឲ្យ​អ្នក​កាសែត​ជួប​ជាមួយ​ជន​រងគ្រោះ ដើម្បី​ផ្សព្វផ្សាយ​អំពី​ស្ថានភាព​ជន​រងគ្រោះ​ដែល​ជួប​ប្រទះ​បញ្ហា​នៅ​ប្រទេស​ទទួល ហើយ​របៀប​ដែល​មេ​ខ្យល់​បោក​បញ្ឆោត​ជន​រងគ្រោះ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស»

​ជាក់ស្ដែង នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ពលករ​ខ្មែរ​រង​គ្រោះ​លើ​ទូក​នេសាទ​ថៃ ចំនួន ៣៨​នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​ដែល​រង​ការ​ធ្វើ​បាប​ពេល​នៅ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​បាន​សង្គ្រោះ​និង​បញ្ជូន​មក​ដល់​កម្ពុជា វិញ​ហើយ ប៉ុន្តែ​ក្រុម​ជនរងគ្រោះ​ទាំង​នេះ​បាន​បិទមាត់​មិន​ធ្វើ​អត្ថាធិប្បាយ​សូម្បី​មួយ​ម៉ាត់​ជាមួយ​អ្នក​កាសែត​អំពី​ជីវិត​របស់​ពួកគេ ដែល​ត្រូវ​គេ​បោក​ប្រើ​ដូចជា​ទាសករ​នោះ​ទេ។ ពួកគេ​បាន​ដើរ​ឡើង​ឡាន​ក្រុង​យ៉ាង​លឿន​ទាំង​ទឹក​មុខក្រញូវ ក្រោយ​ចុះ​ពី​យន្តហោះ​តាម​ច្រក​ទ្វារ វី.អាយ.ភី (VIP) នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ ពួកគេ​ម្នាក់ៗ ហាក់​ដូច​ជា​មាន​នរណា​ម្នាក់​ហាម​ប្រាម​យ៉ាង​ដាច់អហង្ការ មិន​អោយ​ឆ្លើយ​ផ្ដោះផ្ដង​ជាមួយ​អ្នក​កាសែត​ឡើយ៖ «សូម​បង​និយាយ​ចេញ​មក ថា​តើ​គេ​បោកប្រាស់ និង​ធ្វើ​បាប​យ៉ាង​ម៉េច​ខ្លះ​នៅ​ក្រៅ​ប្រទេស ហើយ​បង​ចាកចេញ​ពី​ខ្មែរ​ប៉ុន្មាន​ឆ្នាំ​ហើយ? ហេតុ​អ្វី​ពួក​បង​មិន​ឆ្លើយ តើ​អ្នក​ណា​គេ​មិន​ឲ្យ​និយាយ?»

ស្រប​ពេល​ជាមួយ​គ្នា​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង អះអាង​ថា សមត្ថកិច្ច​មិន​ដែល​ហាម​ឃាត់​ជន​រងគ្រោះ​មិន​ឲ្យ​ឆ្លើយ​ជាមួយ​អ្នក​កាសែត​ទេ ប៉ុន្តែ​អាច​មក​ពី​ជន​រងគ្រោះ​ខ្លួន​ឯង​មិន​ចង់​ឲ្យ​អ្នក​កាសែត​ផ្សព្វផ្សាយ​រឿងរ៉ាវ​របស់​ពួក​គេ​ជា​សាធារណៈ៖ «សមត្ថកិច្ច​មិន​ចង់​ឲ្យ​ពួក​គាត់​លាក់​បាំង​រឿង​ហ្នឹង​ទេ ពោល​គឺ​យើង​ចង់​ឲ្យ​ពួក​គាត់​ជួប​អ្នក​កាសែត ដើម្បី​និយាយ​រឿង​ទុក្ខ​លំបាក​ទាំង​នេះ វា​រឹត​តែ​ល្អ ព្រោះ​ដើម្បី​ផ្តល់​មេរៀន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត»

​ទាក់ទិន​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​ការ​បង្ក្រាប​ការ​ជួញដូរ និង​រត់ពន្ធ​មនុស្ស ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ផ្លូវ​ភេទ​លើ​ស្ត្រី និង​កុមារ អ្នកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ព្រួយ​បារម្ភ​ដែរ​ថា ការ​លាក់បាំង​ព័ត៌មាន​ពី​ជនរងគ្រោះ​នេះ ពិបាក​ក្នុង​ការ​ស្វែង​រក​ការ​ចាប់​ខ្លួន​មេខ្យល់ និង​ជួយ​ជនរងគ្រោះ​ដែរ៖ «គាត់​មិន​ព្រម​ផ្តល់​នូវ​ព័ត៌មាន​ពិត ដូចជា​ព័ត៌មាន​ជាក់លាក់​ឲ្យ​យើង​អាច​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ សម្រាប់​កសាង​សំណុំ​រឿង ដើម្បី​រក​ជនល្មើស​អី​ហ្នឹង គឺ​យើង​មាន​ការ​លំបាក​ខ្លាំង​ណាស់»

​មួយ​រយៈ​ចុង​ក្រោយ​នេះ ពលករ​ខ្មែរ​រងគ្រោះ​លើ​ទូក​នេសាទ​ថៃ រាប់​រយ​នាក់ ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា វិញ​ហើយ ក្រោយ​ពេល​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ឥណ្ឌូនេស៊ី សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ (IOM) និង​អាជ្ញាធរ​ឥណ្ឌូនេស៊ី ជួយ​សង្គ្រោះ​ពួកគេ​ពី​ទូក​នេសាទ​ថៃ ដែល​ឆ្លង​ចូល​ដែន​សមុទ្រ​ឥណ្ឌូនេស៊ី ដោយ​ខុស​ច្បាប់៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។