ក្រុមយុវជនខ្មែរថាវរៈ នៅតែបន្តធ្វើយុទ្ធនាការបង្អត់អាហារ និងសមាធិនៅខេត្តព្រះវិហារដើម្បីជំរុញឱ្យរដ្ឋាភិបាល និងតុលាការផ្លាស់ប្ដូរគោលជំហរបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងដោះលែងកញ្ញា សេង ធារី រួមទាំងអ្នកទោសមនសិការដទៃទៀត។ មន្រ្តីសិទ្ធិមនុស្ស ស្នើឱ្យរដ្ឋាភិបាលគួរពិចារណាទៅលើសំណើររបស់យុវជន និងស្ដាប់ហេតុផលរបស់ពួកគេ ដើម្បីស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។
ថ្ងៃពុធនេះ គឺនេះជាថ្ងៃទី៣ហើយដែលក្រុមយុវជនខ្មែរថាវរៈបានធ្វើយុទ្ធនាការបង្អត់អាហាររយៈពេល១សប្តាហ៍ដើម្បីឱ្យរដ្ឋាភិបាលមើលឃើញពីឆន្ទៈរបស់យុវជននិងដោះលែងសកម្មជនការពារសិទ្ធិមនុស្សនានាជាពិសេសកញ្ញា សេង ធារី ឱ្យមានសេរីភាពវិញ។

សមាជិកយុវជនខ្មែរថាវរៈលោក ស្វាយ សំណាង ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី៨ខែវិច្ឆិកា ថា កូដកម្មបង្អត់អាហារនេះធ្វើឡើងដើម្បីផ្ញើសារប្រាប់ទៅរដ្ឋាភិបាលពីភាពវេទនារបស់ប្រជាពលរដ្ឋក្នុងការទាមទារយុត្តិធម៌ឱ្យអ្នកទោសមនសិការជាពិសេសកញ្ញា សេង ធារី ដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនក្នុងពន្ធនាគារនៅតំបន់ដាច់ស្រយាលដោយអយុត្តិធម៌។
លោក ស្វាយ សំណាង បញ្ជាក់ថាក្នុងពេលដែលពួកលោកកំពុងអង្គុយសមាធិកាលពីថ្ងៃអង្គារក្នុងខេត្តព្រះវិហារមានជនស៊ីវិលបីនាក់បានមកឃ្លាំមើលក្រុមរបស់លោក។ លោកបន្តថា ទោះបីរងការគំរាមកំហែងនិងទុក្ខវេទនាបណ្ដាលមកពីការអត់អាហារក្ដីក៏ក្រុមយុវជនខ្មែរថាវរៈនឹងតស៊ូជំនះរហូតដល់ថ្ងៃកំណត់កូដកម្មនេះ៖
«ការយើងបង្អត់អាហារយើងចង់ដឹងថា តើរដ្ឋាភិបាលគាត់ចង់បណ្ដោយឱ្យប្រជាពលរដ្ឋខ្លួនឯងបង្អត់អាហារដោយសារតែការទាមទាររកយុត្តិធម៌តើឱ្យពួកយើងនេះវេទនានៅក្នុងការទ្រាំបង្អត់អាហារដល់ពេលណា?តើរដ្ឋាភិបាលចង់ឱ្យយើងឈឺចាប់ដល់ពេលណាទៀត?បាទ!»។
ក្រុមយុវជនខ្មែរថាវរៈ៦នាក់ក្នុងនោះមានស្ត្រី៣នាក់ក្នុងសម្លៀកបំពាក់ជនជាប់ចោទពណ៌ខ្លឹមខ្នុរក្បាលចងកន្សែងពណ៌ខ្មៅអង្គុយសមាធិដោយស្ងប់ស្ងាត់និងដោយមិនបរិភោគអាហារនៅក្នុងព្រៃដាច់ស្រយាលមួយកន្លែងនៅខេត្តព្រះវិហារដើម្បីបួងសួងឱ្យកញ្ញា សេង ធារី ទទួលបានសេចក្ដីសុខនិងជៀសផុតពីការបៀតបៀនផ្សេងៗនៅក្នុងពន្ធនាគារ។តាមការឱ្យដឹងក្រុមយុវជនទាំង៦រូបគ្រោងធ្វើយុទ្ធនាការបង្អត់អាហារនេះចាប់តាំងពីថ្ងៃទី៧រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខនៅក្នុងខេត្តព្រះវិហារនិងរាជធានីភ្នំពេញ។

យុទ្ធនាការបង្អត់អាហារនេះធ្វើឡើងបន្ទាប់ពីអ្នកជំនាញច្បាប់និងកិច្ចការអន្តរជាតិនិងជាសកម្មជនសិទ្ធិមនុស្សកញ្ញា សេង ធារី បានសរសេរលិខិតផ្ទាល់ដៃមួយចេញពីពន្ធនាគារព្រះវិហារហើយវិទ្យុអាស៊ីសេរីទទួលបាននៅថ្ងៃទី១៤ខែតុលា បង្ហាញថា កញ្ញា ធ្វើកូដកម្មអត់អាហារនៅក្នុងពន្ធនាគារចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ប្រសិនបើតុលាការមិនដោះលែងកញ្ញាឱ្យមានសេរីភាពដោយគ្មានលក្ខខ័ណ្ឌ។ កញ្ញាសេង ធារី បញ្ជាក់ថា បើទោះបីជារូបកញ្ញាត្រូវតុលាការដោះលែងឱ្យមានសេរីភាពវិញក៏ដោយក៏កញ្ញានៅតែមិនចាកចេញពីប្រទេសកម្ពុជាដែរលុះត្រាណាតែប្រទេសកម្ពុជាផ្លាស់ប្ដូរមេដឹកនាំដោយសន្តិវិធីដែលមានអ្នកដឹកនាំជាអ្នកប្រជាធិបតេយ្យទើបកញ្ញាចាកចេញពីកម្ពុជា។
ទាក់ទិនរឿងនេះអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សវនា នៅតែអះអាងថារដ្ឋាភិបាលគ្មានសិទ្ធិសម្រេចដោះលែងកញ្ញា សេង ធារី ក្រៅប្រព័ន្ធតុលាការឡើយ។ ចំណែកឯការធ្វើកូដកម្មបង្អត់អាហាររបស់កញ្ញា សេង ធារី ក៏មន្ត្រីពន្ធនាគារមិនមានសិទ្ធិហាមឃាត់ដែរ។ ទន្ទឹមគ្នានេះលោកថាមន្ត្រីពន្ធនាគាររបស់លោកក៏បានត្រៀមថ្នាំសង្កូវនិងពេទ្យដើម្បីត្រៀមលក្ខណៈសង្គ្រោះបឋមរួចហើយដែរ៖
«ព្រោះថាអាហ្នឹងវាជាការអនុវត្តន៍សិទ្ធិរបស់គាត់អ៊ីចឹងកុំអោយថា មានការបំបិទសិទ្ធិសេរីភាពហ្អាហ្នឹងគាត់ធ្វើទៅ!ក៏ប៉ុន្តែយើងមិនចោលកាតាព្វកិច្ចនិងតួនាទីរបស់យើងទេគឺធ្វើម៉េចត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះគាត់»។
ទោះជាមន្ត្រីពន្ធនាគារអះអាងពីការយកចិត្តទុកដាក់និងគោរពសិទ្ធិកញ្ញា សេងធារី ក្តីក៏ប៉ុន្តែមេធាវីអន្តរជាតិរបស់កញ្ញាគឺលោក ចារិត ហ្គិនស័រ (Jared Genser) ដែលធ្លាប់ចូលសួរសុខទុក្ខកញ្ញាក្នុងពន្ធនាគារបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៧ ខែវិច្ឆិកា ពីថាសិទ្ធិរបស់កញ្ញាត្រូវបានរឹតត្បិតហើយរើសអើងមិនដូចអ្នកទោសធម្មតានោះទេ។ លោក ចារិត ហ្គិនស័ររៀបរាប់ក្នុងសេចក្តីថ្លែងការណ៍ពីកូដកម្មបង្អត់អាហាររយៈពេល១សប្តាហ៍របស់កញ្ញាសេង ធារី ថាកញ្ញាបានទាមទាឱ្យបញ្ចជូនកញ្ញាមកឃុំខ្លួននៅពន្ធនាគារព្រៃសរក្នុងរាជធានីភ្នំពេញវិញ ហើយ «ស្នើរសិទ្ធិដូចគ្នាទៅនឹងអ្នកទោសផ្សេងទៀត» រួមទាំងទទួលបានសេវាសាសនាប្រចាំសប្តាហ៍និងអាចតេទូរស័ព្ទចេញពីពន្ធនាគាជាដើម។

ជុំវិញរឿងនេះអ្នកនាំពាក្យសមាគមអាដហុកលោក សឹង សែនករុណា មានប្រសាសន៍ថារដ្ឋាភិបាលគួរពិចារណាលើសំណើររបស់យុវជនដែលបានលះបង់ពេលវេលានិងសុខភាពដើម្បីស្ដារប្រជាធិបតេយ្យនិងបើកលំហរសិទ្ធិមនុស្ស។ លោកបន្តថា ទន្ទឹមគ្នានេះរដ្ឋាភិបាលគួរតែប្រញាប់កែលម្អសួនប្រជាធិបតេយ្យឡើងវិញដើម្បីបន្ថយសម្ពាធតានតឹងការបរទេសនិងស្ដារមុខមាត់កម្ពុជាលើឆាកនយោបាយអន្តរជាតិ។ លោក សឹង សែនករុណា បន្ថែមថាការដែលរដ្ឋាភិបាលមិនទទួលស្គាល់កំហុសរបស់ខ្លួនទេនោះនឹងធ្វើឱ្យសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋខ្លួនឯងធ្លាក់ចុះកាន់តែខ្លាំងដែលនាំឱ្យប៉ះពាល់ដល់ការរីកចម្រើននៃប្រទេសជាតិ៖
«ហើយក្នុងរឿងនេះខាងយើងដែលជាអង្គការសង្គមស៊ីវិលយើងទទូចឱ្យរដ្ឋាភិបាលពិចារណាទៅលើក្រុមយុវជនទាំងអស់នេះដែលពួកគាត់សុខចិត្តលះបង់ពេលវេលាហើយនិងសុខភាពរូបរាង្គកាយអីអស់នេះឱ្យមានការពិចារណាអំពីការស្នើសុំនេះ។ហើយគប្បីពិនិត្យរកដំណោះស្រាយជូនពួកគាត់ស្របតាមរដ្ឋធម្មនុញ្ញពីព្រោះថាការទាមទាតវ៉ាការលើកឡើងរបស់ពរលដ្ឋគឺមានចែងក្នុងរដ្ឋធម្មនុញ្ញ»។
សមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនកញ្ញា សេង ធារី កាលពីថ្ងៃទី១៤ ខែមិថុនា នៅខាងមុខតុលាការក្រុងភ្នំពេញក្រោយតុលាការប្រកាសសាលក្រមកាត់ទោសឲ្យកញ្ញាជាប់ពន្ធនាគារចំនួន៦ឆ្នាំពីបទចោទរួមគំនិតក្បត់ក្នុងសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ មួយថ្ងៃបន្ទាប់មកតុលាការបានបញ្ជូនកញ្ញាទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារដែលជាតំបន់ដាច់ស្រយាលឆ្ងាយពីរាជធានីភ្នំពេញរហូតមកទល់នឹងបច្ចុប្បន្ននេះ។
យុទ្ធនាការបង្អត់អាហារសមាជិកយុវជនខ្មែរថាវរៈទាំង៦រូបនឹងបន្តរហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីឱ្យមានការដោះលែងកញ្ញា សេង ធារី និងអ្នកទោសមនសិការផ្សេងទៀត។ ក្រុមយុវជនដដែលក៏គ្រោងធ្វើយុទ្ធនាការនេះនៅក្នុងរាជធានីភ្នំពេញនៅសប្តាហ៍នេះផងដែរខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានដែលមានប្រមុខមេដឹកនាំកំពូលៗមកពីប្រទេសផ្សេងៗរួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។