អាជ្ញាធរនៅតែបន្តរឹតបន្តឹងសេរីភាពរបស់កម្មករ ក្នុងការប្រារព្ធទិវាពលកម្មអន្តរជាតិ នៅព្រឹកថ្ងៃទី១ ឧសភា ក្នុងខណៈមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ចុះចែកលុយ ពិសាអាហារ និងរាំច្រៀង ជាមួយកម្មករនៅខេត្តកណ្ដាល។ មេដឹកនាំសហជីព អះអាងថា ពួកគេមិនអាចហែក្បួនទៅដាក់ញត្តិបានទេ ដោយសារ កងកម្លាំងបានដាក់បារ៉ាស់ និងព្រមានបង្ក្រាបភ្លាមៗ បើហ៊ានហែក្បួន។ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា អាជ្ញាធរនៅតែរឹតត្បិតសេរីភាពកម្មករ ដូចឆ្នាំមុនៗដែរ គឺអនុញ្ញាតឱ្យកម្មករប្រារព្ធទិវា តែហាមឃាត់សិទ្ធិហែក្បួន។ លោក អាត់ ធន់ រៀបរាប់ថា ក្រុមកម្មករជាង ២ពាន់នាក់ មានបំណងហែក្បួនយកញត្តិទៅដាក់នៅរដ្ឋសភា តែអាជ្ញាធរបានដាក់បារ៉ាស់ និងកងកម្លាំងសមត្ថកិច្ចរារាំងដូចឆ្នាំមុនៗ តែអនុញ្ញាតឱ្យហែក្បូននៅម្ដុំសួនច្បារក្បែរវត្តភ្នំប្រហែល៥០០ ឬ ៦០០ម៉ែត្រប៉ុណ្ណោះ៖ «កម្មវិធីព្រឹកមិញ យើងធ្វើបាន។ ប៉ុន្តែអត់អាចហែក្បួនបាន។ បើយើងពិនិត្យមើលសេរីភាពដែលយើងធ្លាប់ធ្វើកន្លងមក ហើយប្រៀបធៀបទៅនឹងច្បាប់ គឺយើងគិតថា អាជ្ញាធរដូចជានៅតែបិទសេរីភាព មិនទាន់បើកទូលាយនៅឡើយទេ»។
អ្នកចូលរួមជាង ២ពាន់នាក់ មានក្រុមកម្មករ មកពីសហជីពធំៗ ចំនួន៨ មន្ត្រីអង្គការសង្គមស៊ីវិល និងមានវត្តមានអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី រ៉ូណា ស្មីត (Rohna Smit) បានឡើងថ្លែងអបអរសាទរទិវាពលកម្មអន្តរជាតិ។
លោក អាត់ ធន់ ឱ្យដឹងថា មន្ត្រីខុទ្ទកាល័យលោក ហ៊ុន សែន និងតំណាងគណៈកម្មការទី១ នៃរដ្ឋសភា បានមកទទួលញត្តិពីក្រុមកម្មករ និងសន្យា យកញត្តិនោះ ដាក់ជូនប្រធានស្ថាប័នរៀងខ្លួន។ ញត្តិរបស់ក្រុមសហជីពទាំង៨ ដែលតំណាងឱ្យកម្មករជាង ១០ម៉ឺននាក់ នៅ១៦ខេត្តរាជធានី ទាមទារអត្ថប្រយោជន៍កម្មករចំនួន ២០ចំណុច ក្នុងនោះមានការដំឡើងប្រាក់ឈ្នួល ២៥០ដុល្លារ ក្នុងមួយខែ ពង្រឹង និងពង្រីកសេវាសន្តិសុខសង្គមឱ្យទូលាយ និងមានប្រសិទ្ធភាពជាងនេះ ទាមទារឱ្យរដ្ឋាភិបាល និងរដ្ឋសភា អនុវត្តសន្ធិសញ្ញាអន្តរជាតិឱ្យមានប្រសិទ្ធភាព និងធ្វើវិសោធនកម្ម នូវមាត្រាមួយចំនួននៃច្បាប់ស្ដីពីដែលរឹតត្បិត សហជីព ធ្វើឱ្យបាត់បង់ផលប្រយោជន៍កម្មករ ជាដើម។
លោក អាត់ ធន់ ប្រាប់ថា លោកបានសួរនាំពីការវិវត្តន៍ញត្តិរបស់កម្មករដែលបានដាក់ជូនរដ្ឋសភាកាលពីឆ្នាំមុន តែមន្ត្រីរដ្ឋសភាពន្យល់ថា រដ្ឋាភិបាលបានធ្វើរួចហើយ និងកំពុងខិតខំធ្វើ។
យ៉ាងណា ការប្រារព្ធទិវាពលកម្មអន្តរជាតិ ដឹកនាំដោយក្រុមសហជីពទាំង៨ នៅសួនច្បារក្បែរវត្តភ្នំ មិនមានការប៉ះទង្គិចគ្នា ជាមួយអាជ្ញាធរទេ។
ចំណែកក្រុមកម្មករសំណង់ នៃសហព័ន្ធសហជីព កម្មករសំណង់ និងព្រៃឈើកម្ពុជា បានជួបជុំគ្នា២០០នាក់ ប្រារព្ធទិវាពលកម្មអន្តរជាតិ នៅក្បែររោងចក្រផលិតស៊ីម៉ងត៍មួយ ក្នុងស្រុកដងទង់ ខេត្តកំពត។
អគ្គលេខាធិការសហព័ន្ធសហជីព កម្មករសំណង់ និងព្រៃឈើកម្ពុជា លោក យ៉ាន់ ធី ប្រាប់ថា អាជ្ញាធរខេត្តកំពត ក៏ដាក់បម្រាមមិនឱ្យកម្មករហែក្បួនដែរ។ តំណាងសហជីពរូបនេះ ចាត់ទុកបម្រាបនេះ ជាការរឹតត្បិតសេរីភាពកម្មករសំណង់។ សហជីព ថា ក្រុមកម្មករសំណង់ បានសួរនាំ និងស្នើសុំឱ្យតំណាងមន្ទីរការងារខេត្តកំពត និងតំណាងសាលាខេត្តកំពត ឱ្យផ្ដោតសំខាន់ ពង្រឹងសេវាប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬហៅថា ប.ស.ស៖ «នៅតែមានការរឹតត្បិត ដោយសារយើងអាចជួបជុំបាន។ តែយើងមិនអាចហែក្បួនបាន។ សូម្បីតែការជួបជុំហ្នឹង ក៏ត្រូវមានបង្គាប់បញ្ជា ហើយបើក្នុងករណីយើងមិនធ្វើតាមអាជ្ញាធរទេ យើងនឹងមានបញ្ហា។ ជាពិសេសគឺសកម្មជនសិទ្ធិមនុស្សដូចមេដឹកនាំសហជីព។ អ៊ីចឹង យើងគិតថា សិទ្ធិរបស់កម្មករនៅតែមានការរឹតត្បិត ហើយអាជ្ញាធរគឺហាមដាច់ខាត គឺក្រុមណាក៏ដោយ មិនឱ្យហែទេ។ ដូច្នេះយើងឃើញថា គ្រាន់តែហែក្បួនកម្មករ ដែលមិនពាក់ព័ន្ធរឿងនយោបាយសោះ ក៏មានការរឹតត្បិត។ ដូច្នេះ ខ្ញុំគិតថា វានៅតែតូចចង្អៀតសម្រាប់យើង ដែលអនុវត្តសិទ្ធិកម្មករ»។
ចាប់តាំងពីឆ្នាំ២០១៣មក របបក្រុងភ្នំពេញ បានរឹតត្បិតសេរីភាពមិនឱ្យហែក្បួនកម្មករក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឡើយ។ ក្រៅពីនេះ រាល់ទីតាំងប្រារព្ធទិវាពលកម្មអន្តរជាតិ អាជ្ញាធរ បានដាក់បារ៉ាស់ និងកងកម្លាំងប្រដាប់ដោយកាំភ្លើង ដំបង និងខែល គ្រប់ដៃ ដើម្បីឃ្លាំមើល និងហាមឃាត់ ក្រុមអង្គការ សមាគម សហជីព កម្មករ បើទោះ មានវត្តមានរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស មកទស្សនកិច្ចនៅកម្ពុជា ក៏ដោយ។
ចំណែក មេដឹកនាំរបបក្រុងភ្នំពេញ គឺ លោក ហ៊ុន សែន វិញ បានប្រើប្រាស់ទិវាពលកម្មអន្តរជាតិ ដើម្បីបញ្ចុះបញ្ចូលកម្មករ នៅរោងចក្រយីដា (មេនូហ្វេកធើរៀល ខូអិលធីឌី) នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ឱ្យទទួលស្គាល់លទ្ធផលបោះឆ្នោត និងរបបរបស់លោក។
លោក ហ៊ុន សែន សរសេរក្នុងហ្វេសប៊ុក (Facebook) ថា បានចែកលុយឱ្យកម្មកររោងចក្រ «យីដា» ជាង ៣ពាន់ (៣.៧០០)នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។ តាមរយៈសកម្មភាព ចុះចែកលុយ ពិសាអាហារ និងច្រៀងរាំកម្សាន្ត ជាមួយកម្មករ លោក ហ៊ុន សែន អះអាងថា កម្មករ ជាច្រើន ស្រលាញ់លោកណាស់៖ «ប៉ុន្មានអាទិត្យមុននេះ មានអ្នកនយោបាយខ្លះ គេស្នើឱ្យកម្មករចាប់ពូ ហើយថ្ងៃនេះ កម្មករពិតជាចាប់ពូមែន។ ចាប់អោប ចាប់ថើប និងចាប់ថតរូប។ ដូច្នេះស្ថានភាពនេះ ក៏បង្ហាញអំពីទំនាក់ទំនងជិតស្និទ្ធរវាងកម្មករជាមួយមេដឹកនាំប្រទេស។ ប៉ុន្តែអ្វីដែលហួសពីនេះ គឺការសាមគ្គីភាព នៅក្នុងចំណោមយើងទាំងអស់គ្នា»។
លោក ហ៊ុន សែន អះអាងថា រោងចក្រជាង ១ពាន់ (១.២៨៧) ផ្សេងទៀត នៅទូទាំងប្រទេសសុទ្ធតែរៀបចំកម្មវិធីជប់លៀងឱ្យកម្មករក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ និងមានកម្មករប្រមាណម្ភៃប្រាំបួនម៉ឺន (២៩ម៉ឺន)នាក់ បានចូលរួម ហើយក្រៅពីនេះ គឺកម្មករទៅចូលរួមដាក់ញត្តិជាមួយសហជីពនានា។
ទោះយ៉ាងណា មេដឹកនាំសហជីព លោក អាត់ ធន់ ទាមទារឱ្យរដ្ឋាភិបាលក្រុងភ្នំពេញបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពរបស់សហជីពកម្មករដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងបំពេញតាមលក្ខខណ្ឌស្នើសុំក្នុងញត្តិរបស់សហជីព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។