ថ្នាក់ដឹកនាំសហជីពរិះគន់សារព្រមានរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការបំភិតបំភ័យ និងបំបាក់ស្មារតីក្រុមសហជីព ដែលសកម្មក្នុងការជួយការពារសិទ្ធិនិងផលប្រយោជន៍កម្មករនិយោជិត។ ប្រតិកម្មនេះ កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមសហជីព ប្រសិនបើមានក្រុមកម្មករផ្ទុះការតវ៉ា ដែលលោកចោទថា ដោយសារតែក្រុមសហជីព គឺជាអ្នកញុះញង់ឲ្យកម្មករប្រព្រឹត្តហិង្សាធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ បង្កភាពវឹកវរចលាចល និងអសន្តិសុខសង្គម។
ថ្នាក់ដឹកនាំសហជីព លើកឡើងថា ការអនុវត្តសិទ្ធិរបស់ក្រុមសហជីពនិងកម្មករកំពុងដើរថយក្រោយ ជាពិសេសចំពេលស្ថានភាពជំងឺកូវីដ១៩ កំពុងរាតត្បាត។ ទោះជាយ៉ាងណាក្រុមសហជីព អះអាងថាសារ ព្រមានរបស់រដ្ឋមន្ត្រីក្រសួងការងារ នឹងមិនធ្វើឱ្យពួកគាត់រាថយនោះទេ ដោយពួកគាត់ នឹងបន្តចេញមុខការពារសិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់កម្មករស្របតាមច្បាប់។
អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (Naga world) អ្នកស្រី ឈុន សុខា ថ្លែងថា កន្លងមក សហជីពអ្នកស្រីធ្លាប់ទទួលរងការគំរាមកំហែងគ្រប់រូបភាពពីក្រុមហ៊ុនជាបន្តបន្ទាប់ជុំវិញការស្វែងរកដំណោះស្រាយវិវាទការងារ ជាពិសេសការពារសិទ្ធិបុគ្គលិក។ អ្នកស្រីបន្តថា សហជីព ចង់រកដំណោះស្រាយដោយសន្តិវិធីជាមួយភាគីក្រុមហ៊ុន ព្រោះកម្មករនិយោជិតមិនចង់ឈានដល់ជម្រើសចុងក្រោយ គឺការធ្វើបាតុកម្មនោះទេ ។ អ្នកស្រីយល់ថា រដ្ឋមន្ត្រីក្រសួងការងារគួរពិនិត្យមើលទង្វើរបស់ក្រុមហ៊ុនណាហ្គា វើលដ៍ ដែលរំលោភបំពានលើសិទ្ធិបុគ្គលិកដោយពិនិត្យមើលនិងបកស្រាយឱ្យច្បាស់អំពីទង្វើរបស់ក្រុមហ៊ុននេះដែលរំលោភបំពានលើកម្មករនិយោជិតជាជាងចេញសារព្រមានដាក់បន្ទុកគំរាមកំហែងលើពួកគាត់ដែលកំពុងរងគ្រោះពីសំណាក់ថៅកែ ។ អ្នកស្រីអះអាងថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារនេះ មិនអាចរារាំង ឬបំភិតបំភ័យឬដាក់សម្ពាធដល់សកម្មភាពសហជីពការពារប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់និយោជិតបានឡើយ ព្រោះសហជីពរបស់អ្នកស្រីនៅក្នុងក្រុមហ៊ុនណាហ្គា វើលដ៍ អនុវត្តត្រឹមត្រូវតាមច្បាប់៖ «ហើយកុំដាក់បន្ទុកតែទៅលើកម្មករនិយោជិតមកបន្ទោសថា ធ្វើកូដកម្មអត់សណ្ដាប់ធ្នាប់អីទាំងអស់ហ្នឹង ធម្មតានីតិវិធីនៃការធ្វើកូដកម្មគឺប្រជាជនខ្មែរកម្មករនិយោជិតគាត់មានសិទ្ធិចូលរួមធ្វើកូដកម្ម អ៊ីចឹងទេប្រសិនជាសហជីពមូលដ្ឋានណាមួយស្ថាប័នណាមួយគាត់បានដើរតាមនីតិវិធីនៃច្បាប់ត្រឹមត្រូវអស់ហើយគឺខាងរដ្ឋខាងច្បាប់មិនមានសិទ្ធិអ្វីក្នុងការហាមទេ ព្រោះអានេះគឺច្បាប់ធ្វើកូដកម្មមានចែងក្នុងច្បាប់ប្រទេសកម្ពុជាមិនអនុញ្ញាតឱ្យបុគ្គលិកកម្មករធ្វើកូដកម្មទេអ៊ីចឹងវាហាក់បីដូចជាបណ្តោយឱ្យថៅកែមានសិទ្ធិធ្វើអ្វីស្រេចក្បាលវាល់របស់ថៅកែបាននៅក្នុងប្រទេស»។
ការរិះគន់របស់ថ្នាក់ដឹកនាំសហជីពនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមសហជីពដែលញុះញង់ឲ្យកម្មករប្រព្រឹត្តហិង្សាធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ បង្កភាពវឹកវរចលាចល និងអសន្តិសុខសង្គម ។ ការព្រមាននេះ ធ្វើឡើងនៅក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NSCC) កាលពីថ្ងៃទី២៥ មិថុនា។ រដ្ឋមន្ត្រីរូបនេះក៏ជំរុញក្រុមសហជីពត្រូវគិតដល់ការចរចា ដោយជៀសវាងដឹកនាំបាតុកម្មបិទផ្លូវ ឬប្រើហិង្សាបំផ្លិចបំផ្លាញសម្បត្តិសាធារណៈនិងឯកជន។
ប៉ុន្តែក្រុមសហជីពឯករាជ្យចាត់ទុកសារព្រមានរបស់រដ្ឋមន្ត្រីក្រសួងការងារនេះហាក់ចង់បំភិតបំភ័យ បំបាក់ស្មារតីក្រុមសហជីពនិងកម្មករនិយោជិតដែលហ៊ានចេញមុខតវ៉ាប្រឆាំងអំពើអយុត្តិធម៌នៅកន្លែងការងារ ខណៈនិយោជិតតាមរោងចក្រ និងសហគ្រាសមួយចំនួន តែងតែរំលោភបំពានសិទ្ធិការងារឥតស្រាកស្រាន្ត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ដើម្បីឆ្លើយតបរឿងនេះ បាននៅឡើយទេ នៅថ្ងៃទី២៧ មិថុនា។
មន្ត្រីគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ លើកឡើងថាកម្មករនិយោជិតមានសិទ្ធិធ្វើកូដកម្ម បាតុកម្មដោយសន្តិវិធី ដែលមានចែងក្នុងអនុសញ្ញាពលកម្មអន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា។ លោកយល់ថា អាជ្ញាធររដ្ឋ ជាពិសេសក្រសួងការងារ គួរអនុវត្តច្បាប់លើនិយោជកដែលមិនអនុវត្តកាតព្វកិច្ច មិនគោរពសិទ្ធិការងារ និងរំលោភបំពានលើកម្មករនិយោជិត ជាជាងចេញសារគំរាមកំហែងបំបាក់ស្មារតីដល់សហជីពឯករាជ្យដែលប្រើប្រាស់សិទ្ធិមូលដ្ឋានតាមវិជ្ជាជីវៈតំណាងឱ្យកម្មករនិយោជិត៖ «រដ្ឋហ្នឹងជាជាងប្រើប្រាស់សារនៃការព្រមានគួរពិនិត្យមើលយន្តការនៃការដោះស្រាយវិវាទយន្តការធ្វើអធិការកិច្ចហ្នឹងឱ្យបានប្រសិទ្ធភាពដើម្បីធានាថា យុត្តិធម៌នឹងត្រូវទទួលបានដោយភាគីទាំងសងខាង មិនថានិយោជក ឬកម្មករនិយោជិតទេ អ៊ីចឹងកន្លងមកថា មិនឃើញនិយោជកណាប្រឈមនឹងបទល្មើសព្រហ្មទណ្ឌដោយសាររំលោភបំពានកេងប្រវ័ញ្ចពលកម្មកម្មករមិនដែលប្រឈមបទល្មើសព្រហ្មទណ្ឌទេ ដូចបិទរោងចក្ររត់ចោលមិនទំនួលខុសត្រូវ មិនបើកប្រាក់ឈ្នួលមិនដែលឃើញគាត់ប្រឈមបទល្មើសទេ»។
ក្រុមមេដឹកនាំសហជីពមើលឃើញថា សិទ្ធិជាមូលដ្ឋានគួរធានាដោយមិនត្រូវជ្រៀតជ្រែក ឬប្រើប្រាស់រូបភាពបំបាក់ស្មារតីលើក្រុមសហជីពដែលប្រើប្រាស់សិទ្ធិការពារកម្មករឡើយ។ ពួកគាត់យល់ថា សារព្រមានពីថ្នាក់ដឹកនាំក្រសួងបែបនេះតែងតែកើតឡើងជារឿយៗ ដែលកន្លងមកក្រុមសហជីពតែងប្រឈមការចោទប្រកាន់តាមប្រព័ន្ធតុលាការជាបន្តបន្ទាប់ក្រោយពេលពួកគាត់ចេញមុខការពារសិទ្ធិ និងផលប្រយោជន៍កម្មករដែលទទួលរងអំពើអយុត្តិធម៌ចំពោះការអនុវត្តច្បាប់មិនស្មើភាព មិនតម្លាភាព និងគ្មានប្រសិទ្ធភាព។ ក្រុមមេដឹកនាំសហជីពលើកឡើងទៀតថាសិទ្ធិសេរីភាពរបស់កម្មករនិយោជិតបច្ចុប្បន្នកំពុងដើរថយក្រោយ ពួកគាត់ទទូចឱ្យរដ្ឋគួរពិនិត្យមើលយន្តការដោះស្រាយវិវាទការងារឱ្យមានប្រសិទ្ធភាពដើម្បីធានាយុត្តិធម៌ជូនគ្រប់ភាគីដោយជៀសមានចេញសារព្រមាន ឬចាត់វិធានការណាមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។