ប្រជាពលរដ្ឋ ១៦នាក់ តំណាងឲ្យអ្នកភូមិសង្គមថ្មី ចំនួន ២៣គ្រួសារ យល់ព្រមផ្អាកសកម្មភាពតវ៉ារបស់ខ្លួនបណ្ដោះអាសន្ន ហើយរង់ចាំលទ្ធផលនៃការដោះស្រាយរបស់អភិបាលខេត្តពោធិ៍សាត់។ ការផ្អាកនេះ គឺបន្ទាប់ពីក្រុមអ្នកតវ៉ាដើរបានចម្ងាយផ្លូវជិត ១០គីឡូម៉ែត្រដោយថ្មើរជើងតាមបណ្ដោយផ្លូវជាតិលេខ៥ ដោយមានកាន់បដាស្រែកទាមទារដីធ្លី ប៉ុន្តែត្រូវបានអភិបាលខេត្ត និងអាជ្ញាធរប៉ូលិសជាច្រើននាក់ចេញមុខមកសម្របសម្រួលឲ្យត្រឡប់ទៅផ្ទះវិញ។
ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយអាជ្ញាធរ និងក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់លោកឧកញ៉ា ទ្រី ភាព នៅឃុំថ្មដា ស្រុកវាលវែង បានបោះបង់បំណងតវ៉ាសុំអន្តរាគមន៍ដោយដើរថ្មើរជើងពីទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅមន្ទីររដ្ឋសភាជាតិ និងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីអភិបាលខេត្តបញ្ជាក់ជំហរជាថ្មីទៀតថា នឹងជួយដោះស្រាយបញ្ចប់រឿងដីធ្លីរបស់ពួកគាត់ឆាប់ៗ។
តំណាងពលរដ្ឋម្នាក់ អ្នកស្រី យស ផល្លី មានប្រសាសន៍ថា រូបអ្នកស្រីនិងពលរដ្ឋផ្សេងទៀតសម្រេចផ្អាកសកម្មភាពតវ៉ានៅពេលនេះ គឺដោយសារតែមានការសន្យាពីអភិបាលខេត្តថា នឹងធ្វើជម្រកជូនពួកគាត់ និងមានវិធានការដោះស្រាយរឿងដីធ្លីនេះក្នុងរយៈពេល១សប្ដាហ៍ ប៉ុន្តែបើគ្មានដំណោះស្រាយដូចការសន្យានោះទេ ពួកគាត់នឹងនាំគ្នាតវ៉ាជាថ្មីទៀតក្នុងរូបភាពដូចគ្នានេះ៖ «សុំឲ្យសម្ដេចជួយដោះស្រាយ និងចេញប្លង់កម្មសិទ្ធិជូនកូនចៅ ពីព្រោះប្រជាពលរដ្ឋមានបង្កាន់កាន់កាប់ទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំ និងភូមិបាលស្រុកវាលវែង»។
ចំណែកអ្នកស្រី សុខ ដា ដែលធ្លាប់អាជ្ញាធរប៉ូលិសចាប់ឃុំឃាំងចំនួន ៤ថ្ងៃ ដោយសារតែរឿងជេរប្រមាថ និងរារាំងសកម្មភាពកម្លាំងសមត្ថកិច្ចចម្រុះចុះឈូសឆាយកម្ទេចផ្ទះ និងផលដំណាំរបស់ខ្លួននោះថ្លែងបញ្ជាក់ថា អាជ្ញាធរខេត្ត និងស្រុកបានសន្យានៅចំពោះមុខពលរដ្ឋជាច្រើនដងហើយ ប៉ុន្តែគ្មានដំណោះស្រាយអ្វីសោះ។ អ្នកស្រីបន្ថែមថា ដីផ្ទះ និងចម្ការរបស់អ្នកស្រីបានកាន់កាប់ស្របច្បាប់តាំងពីឆ្នាំ១៩៩៩ ដោយមានការទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ និងភូមិបាលស្រុក ប៉ុន្តែក្រោយពីក្រុមហ៊ុន អឹម.ឌី.អេស ចូលមកអភិវឌ្ឍន៍នៅឆ្នាំ២០១០ ស្រាប់តែគាត់មានរឿងដីធ្លីនេះតែម្ដង។
កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ អាជ្ញាធរមានសមត្ថកិច្ចបានដាក់កម្លាំងចម្រុះរាប់រយនាក់ចុះរុះរើផ្ទះសម្បែង និងខ្ទមពលរដ្ឋចំនួន ១២ខ្នង នៅចំណុចអូរដើមគរ នៃភូមិសង្គមថ្មី ឃុំថ្មដា។ សកម្មភាពកាលណោះត្រូវពលរដ្ឋ និងមន្ត្រីផ្នែកសិទ្ធិមនុស្សខ្លះរិះគន់ថា ធ្វើឡើងក្នុងរូបភាពភាពព្រៃផ្សៃ និងផ្ដាច់ការ ដើម្បីរឹបអូសដីពីប្រជាពលរដ្ឋទៅឲ្យក្រុមហ៊ុន។ ក្រុមគ្រួសារដែលអស់ផ្ទះ និងផលដំណាំដោយការឈូសឆាយរបស់អាជ្ញាធរក្នុងចំណោម ២៣គ្រួសារ បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុនទៅអាជ្ញាធរពាក់ព័ន្ធជិត ៥ឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរបានត្រឹមសន្យាតែគ្មានលទ្ធផល។ បច្ចុប្បន្នប្រជាពលរដ្ឋទាំង ២៣គ្រួសារ នៅភូមិសង្គមថ្មី នៃឃុំថ្មដា មានផ្ទៃដីជិត ២០០ហិកតារ ប៉ះពាល់ជាមួយដីបរិស្ថាន និងក្រុមហ៊ុន អឹម.ឌី.អេស។
អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះឡើយ ដោយលោកប្រាប់ថា កំពុងជាប់ប្រជុំ ហើយជំរុញឲ្យវិទ្យុអាស៊ីសេរី ទៅសួរអ្នកនាំពាក្យសាលាខេត្តវិញ។ ចំណែកលោក កើត ឆែ ដែលជាអ្នកនាំពាក្យបញ្ជាក់ថា អាជ្ញាធរមិនបានរារាំង ឬបង្ខំឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញឡើយ ប៉ុន្តែពួកគាត់ស្ម័គ្រចិត្ត ហើយសង្ឃឹមថា មានដំណោះស្រាយច្រើនបន្ទាប់ពីការបញ្ជាក់របស់អភិបាលខេត្ត។ លោកថា ក្រុមពលរដ្ឋអត់មានដីសម្រាប់រស់នៅ និងបង្កបង្កើនផល គឺអាជ្ញាធរនឹងរកដីជូននៅក្នុងឃុំថ្មដាដដែល ប៉ុន្តែមិនអាចចូលទៅរស់នៅកន្លែងឈូសឆាយបណ្ដេញនោះវិញបានទេ៖ «អាជ្ញាធរខេត្តនឹងដោះស្រាយទៅតាមតម្រូវការជាក់ស្ដែងរបស់គាត់ មិនអាចគាត់ចង់បានកន្លែងណានៅកន្លែងហ្នឹងបានទេ។ ទីតាំងដែលគាត់សង់ខ្ទមគឺជាដីរដ្ឋ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា ថ្លែងថា ការសន្យាថានឹងដោះស្រាយជូនប្រជាពលរដ្ឋរបស់អាជ្ញាធរខេត្តនៅពេលនេះ គឺគ្រាន់តែជាលេសមួយមិនឲ្យប្រជាពលរដ្ឋតវ៉ាប៉ុណ្ណោះ។ លោកថា បញ្ហានឹងមិនកើតមានឡើយប្រសិនបើអាជ្ញាធរ ឬក្រុមហ៊ុនអនុវត្តគោលនយោបាយឆ្វៀលដីប៉ះពាល់ចេញតាមបទបញ្ជាលេខ០១ របស់ប្រមុខរដ្ឋាភិបាលដោះស្រាយមិនបាន ហើយដំណោះស្រាយជូនពលរដ្ឋនៅពេលនេះ គឺត្រូវតែបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីស៊ើបអង្កេតរកការពិតលើរឿងដីធ្លីនោះ ពីព្រោះប្រជាពលរដ្ឋមានបង្កាន់ដៃកាន់កាប់ដីត្រឹមត្រូវ៖ «សម្ដីរបស់អាជ្ញាធរខេត្ត គឺគ្រាន់តែជាការលួងលោមរម្ងាប់ចិត្ដពលរដ្ឋមិនឲ្យតវ៉ាប៉ុណ្ណោះ»។
ក្នុងរយៈពេលជិត ៥ឆ្នាំដែលប្រជាពលរដ្ឋភូមិសង្គមថ្មីចំនួន ២៣គ្រួសារ តវ៉ារឿងដីធ្លីជាមួយអាជ្ញាធរនិងក្រុមហ៊ុន អឹម.ឌី.អេស យ៉ាងហោចណាស់មានពលរដ្ឋចំនួនបីនាក់ត្រូវចាប់ខ្លួន និងខ្លះជាប់បណ្ដឹងនៅតុលាការខេត្តពោធិ៍សាត់ តាមអំណាចនៃការប្ដឹងរបស់មន្ត្រីបរិស្ថាន។ បច្ចុប្បន្ននៅមានពលរដ្ឋរស់នៅស្រុកវាលវែង ជាច្រើនគ្រួសារទៀត កំពុងមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន និងអាជ្ញាធរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។