ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​អាជ្ញាធរ​និង​ក្រុមហ៊ុន​នៅ​ពោធិ៍សាត់​ផ្អាក​ការ​តវ៉ា​រង់ចាំ​ដំណោះស្រាយ

0:00 / 0:00

ប្រជាពលរដ្ឋ​ ១៦​​នាក់ តំណាង​ឲ្យ​អ្នក​ភូមិ​សង្គមថ្មី ចំនួន ២៣​គ្រួសារ យល់​ព្រម​ផ្អាក​សកម្មភាព​តវ៉ា​របស់​ខ្លួន​បណ្ដោះអាសន្ន ហើយ​រង់ចាំ​លទ្ធផល​នៃ​ការ​ដោះ​ស្រាយ​របស់​អភិបាល​ខេត្ត​ពោធិ៍សាត់។ ការ​ផ្អាក​នេះ គឺ​បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​ដើរ​បាន​ចម្ងាយ​ផ្លូវ​ជិត ១០​គីឡូម៉ែត្រ​ដោយ​ថ្មើរ​ជើង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ដោយ​មាន​កាន់​បដា​ស្រែក​ទាមទារ​ដីធ្លី ប៉ុន្តែ​ត្រូវ​បាន​អភិបាល​ខេត្ត និង​អាជ្ញាធរ​ប៉ូលិស​ជា​ច្រើន​នាក់​ចេញ​មុខ​មក​សម្របសម្រួល​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​អាជ្ញាធរ និង​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង បាន​បោះ​បង់​បំណង​តវ៉ា​សុំ​អន្តរាគមន៍​ដោយ​ដើរ​ថ្មើរ​ជើង​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់ ឆ្ពោះ​ទៅ​មន្ទីរ​រដ្ឋសភា​ជាតិ និង​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​អភិបាល​ខេត្ត​បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត​ថា នឹង​ជួយ​ដោះស្រាយ​បញ្ចប់​រឿង​ដីធ្លី​របស់​ពួកគាត់​ឆាប់ៗ។

តំណាង​ពលរដ្ឋ​ម្នាក់ អ្នកស្រី យស ផល្លី មាន​ប្រសាសន៍​ថា រូប​អ្នកស្រី​និង​ពលរដ្ឋ​ផ្សេង​ទៀត​សម្រេច​ផ្អាក​សកម្មភាព​តវ៉ា​នៅ​ពេល​នេះ គឺ​ដោយសារតែ​មាន​ការ​សន្យា​ពី​អភិបាល​ខេត្ត​ថា នឹង​ធ្វើ​ជម្រក​​ជូន​ពួកគាត់​ និង​មាន​វិធានការ​ដោះស្រាយ​រឿង​ដីធ្លី​នេះ​ក្នុង​រយៈ​ពេល​១​សប្ដាហ៍ ប៉ុន្តែ​បើ​គ្មាន​ដំណោះស្រាយ​ដូច​ការ​សន្យា​​នោះ​ទេ ពួកគាត់​នឹង​នាំ​គ្នា​តវ៉ា​ជា​ថ្មី​ទៀត​ក្នុង​រូបភាព​ដូច​គ្នា​នេះ៖ «សុំ​ឲ្យ​សម្ដេច​ជួយ​ដោះស្រាយ និង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​កូនចៅ ពីព្រោះ​ប្រជាពលរដ្ឋ​មាន​បង្កាន់​កាន់កាប់​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ និង​ភូមិបាល​ស្រុក​វាលវែង»

ចំណែក​អ្នកស្រី សុខ ដា ដែល​ធ្លាប់​អាជ្ញាធរ​ប៉ូលិស​ចាប់​​ឃុំ​ឃាំង​ចំនួន ៤​ថ្ងៃ ដោយសារ​តែ​រឿង​ជេរ​ប្រមាថ និង​រារាំង​សកម្មភាព​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ឈូស​ឆាយ​កម្ទេច​ផ្ទះ និង​ផល​ដំណាំ​របស់​ខ្លួន​នោះ​ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត និង​ស្រុក​បាន​សន្យា​នៅ​ចំពោះ​មុខ​ពលរដ្ឋ​ជា​ច្រើន​ដង​ហើយ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​អ្វី​សោះ។ អ្នកស្រី​បន្ថែម​ថា ដី​ផ្ទះ និង​ចម្ការ​របស់​អ្នកស្រី​បាន​កាន់​កាប់​ស្របច្បាប់​តាំង​ពី​ឆ្នាំ​១៩៩៩ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ និង​ភូមិបាល​ស្រុក ប៉ុន្តែ​ក្រោយ​ពី​ក្រុមហ៊ុន អឹម.ឌី.អេស ចូល​មក​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០១០ ស្រាប់​តែ​គាត់​មាន​រឿង​ដីធ្លី​នេះ​តែ​ម្ដង។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ចម្រុះ​រាប់​រយ​នាក់​ចុះ​រុះរើ​ផ្ទះ​សម្បែង និង​ខ្ទម​ពលរដ្ឋ​ចំនួន ១២​ខ្នង នៅ​ចំណុច​អូរដើមគរ នៃ​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា។ សកម្មភាព​កាល​ណោះ​ត្រូវ​ពលរដ្ឋ និង​មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​ខ្លះ​រិះគន់​ថា ធ្វើ​ឡើង​ក្នុង​រូបភាព​ភាព​ព្រៃ​ផ្សៃ និង​ផ្ដាច់​ការ ដើម្បី​រឹបអូស​ដី​ពី​ប្រជា​ពលរដ្ឋ​ទៅ​ឲ្យ​ក្រុមហ៊ុន។ ក្រុម​គ្រួសារ​ដែល​អស់​ផ្ទះ និង​ផល​ដំណាំ​ដោយ​ការ​ឈូស​ឆាយ​របស់​អាជ្ញាធរ​ក្នុង​ចំណោម ២៣​គ្រួសារ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ជិត ៥​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​បាន​ត្រឹម​សន្យា​តែ​គ្មាន​លទ្ធផល។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ទាំង ២៣​គ្រួសារ នៅ​ភូមិ​សង្គមថ្មី នៃ​ឃុំ​ថ្មដា មាន​ផ្ទៃ​ដី​ជិត ២០០​ហិកតារ ប៉ះពាល់​ជាមួយ​ដី​បរិស្ថាន និង​ក្រុមហ៊ុន អឹម.ឌី.អេស។

អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ឡើយ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ ហើយ​ជំរុញ​ឲ្យ​វិទ្យុ​អាស៊ីសេរី ទៅ​សួរ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​វិញ។ ចំណែក​លោក កើត ឆែ ដែល​ជា​អ្នក​នាំ​ពាក្យ​បញ្ជាក់​ថា អាជ្ញាធរ​មិន​បាន​រារាំង ឬ​បង្ខំ​ឲ្យ​ពួកគាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ ប៉ុន្តែ​ពួកគាត់​ស្ម័គ្រចិត្ត ហើយ​សង្ឃឹម​ថា មាន​ដំណោះស្រាយ​ច្រើន​បន្ទាប់​ពី​ការ​បញ្ជាក់​របស់​អភិបាល​ខេត្ត។ លោក​ថា ក្រុម​ពលរដ្ឋ​អត់​មាន​ដី​សម្រាប់​រស់​នៅ និង​បង្កបង្កើន​ផល គឺ​អាជ្ញាធរ​នឹង​រក​ដី​ជូន​​នៅ​ក្នុង​ឃុំ​ថ្មដា​ដដែល ប៉ុន្តែ​មិន​អាច​ចូល​ទៅ​រស់​នៅ​កន្លែង​ឈូស​ឆាយ​បណ្ដេញ​នោះ​វិញ​បាន​ទេ៖ «អាជ្ញាធរ​ខេត្ត​នឹង​ដោះស្រាយ​ទៅ​តាម​តម្រូវ​ការ​ជាក់ស្ដែង​របស់​គាត់ មិន​អាច​គាត់​ចង់​បាន​កន្លែង​ណា​នៅ​កន្លែង​ហ្នឹង​បាន​ទេ។ ទីតាំង​ដែល​គាត់​សង់​ខ្ទម​គឺ​ជា​ដី​រដ្ឋ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថ្លែង​ថា ការ​សន្យា​ថា​នឹង​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​របស់​អាជ្ញាធរ​ខេត្ត​នៅ​ពេល​នេះ គឺ​គ្រាន់​តែ​ជា​លេស​មួយ​មិន​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​ប៉ុណ្ណោះ។ លោក​ថា ​បញ្ហា​នឹង​មិន​កើត​មាន​ឡើយ​ប្រសិន​បើ​អាជ្ញាធរ ឬ​ក្រុមហ៊ុន​អនុវត្ត​គោលនយោបាយ​ឆ្វៀល​ដី​ប៉ះពាល់​ចេញ​តាម​បទបញ្ជា​លេខ​០១ របស់​ប្រមុខ​រដ្ឋាភិបាល​ដោះស្រាយ​មិន​បាន ហើយ​ដំណោះ​ស្រាយ​ជូន​ពលរដ្ឋ​នៅ​ពេល​នេះ គឺ​ត្រូវតែ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ​ដើម្បី​ស៊ើប​អង្កេត​រក​ការ​ពិត​លើ​រឿង​ដីធ្លី​នោះ ពីព្រោះ​ប្រជាពលរដ្ឋ​មាន​បង្កាន់​ដៃ​កាន់​កាប់​ដី​ត្រឹម​ត្រូវ៖ «សម្ដី​របស់​អាជ្ញាធរ​ខេត្ត គឺ​គ្រាន់​តែ​ជា​ការ​លួងលោម​រម្ងាប់​ចិត្ដ​ពលរដ្ឋ​មិន​ឲ្យ​តវ៉ា​ប៉ុណ្ណោះ»

ក្នុង​រយៈ​ពេល​ជិត ៥​ឆ្នាំ​ដែល​ប្រជា​ពលរដ្ឋ​ភូមិ​សង្គម​ថ្មី​ចំនួន ២៣​គ្រួសារ តវ៉ា​រឿង​ដីធ្លី​ជាមួយ​អាជ្ញាធរ​និង​ក្រុមហ៊ុន អឹម.ឌី.អេស យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ចំនួន​បី​នាក់​ត្រូវ​ចាប់​ខ្លួន និង​ខ្លះ​ជាប់​បណ្ដឹង​នៅ​តុលាការ​ខេត្ត​ពោធិ៍សាត់ តាម​អំណាច​នៃ​ការ​ប្ដឹង​របស់​មន្ត្រី​បរិស្ថាន។ បច្ចុប្បន្ន​នៅ​មាន​ពលរដ្ឋ​រស់​នៅ​ស្រុក​វាលវែង ជា​ច្រើន​គ្រួសារ​ទៀត កំពុង​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន និង​អាជ្ញាធរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។