ប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន ៨គ្រួសារ នៅបេនឡានក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សម្ដែងក្ដីបារម្ភខ្លាចបាត់បង់ដីទៅឲ្យឈ្មួញរកស៊ីដីនៅក្នុងក្រុង។ អ្នកភូមិថ្លែងដូចនេះនៅបន្ទាប់ពីការប្ដឹងតវ៉ាតាមផ្លូវច្បាប់តាំងតែពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិអស់រយៈពេលជាង ១០ឆ្នាំមកហើយ តែពុំទទួលលទ្ធផល។
ក្រុមប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅតំបន់បេនឡានថ្មីក្រុងសិរីសោភ័ណ អំពាវនាវដល់ប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្ត្រីពាក់ព័ន្ធពន្លឿនដោះស្រាយប្រគល់ដីឲ្យបានឆាប់ ដើម្បីសង់លំនៅឋាននិងប្រកបរបររកស៊ីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃនៅលើដីទំនាស់នោះ។
ផ្ទៃដីដែលមានទំនាស់នោះ ទំហំប្រមាណជាង ១០ហិកតារ របស់ប្រជាពលរដ្ឋចំនួន ១៨គ្រួសារ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ផ្ទៃដីចំនួននេះមានទំនាស់ជាមួយឈ្មួញទិញដីនៅតំបន់នោះ ក្នុងគម្រោងសាងសង់បេនឡានថ្មីកាលពីឆ្នាំ២០០០ កន្លងទៅ។
ក្នុងចំណោមប្រជាពលរដ្ឋទាំង ១៨គ្រួសារនោះ មានប្រជាពលរដ្ឋចំនួន ១០គ្រួសារ ត្រូវអាជ្ញាធរខេត្តបន្ទាយមានជ័យ ដោះស្រាយ ដោយប្រគល់ដីនៅតំបន់ទំនាស់មួយគ្រួសារទំហំទទឹង ៤ម៉ែត្រ គុណ១៦ម៉ែត្រ។ ចំណែកប្រជាពលរដ្ឋចំនួន ៨គ្រួសារដែលនៅសេសសល់ពុំបានដោះស្រាយនៅឡើយ។
តំណាងប្រជាពលរដ្ឋម្នាក់វ័យ ៥០ប្លាយ សម្បុរស្រអែម ឈ្មោះ លោក ឈុំ លីអ៊ា រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ថ្លែងថា ហេតុដែលប្រជាពលរដ្ឋទាំង ១០គ្រួសារទទួលយកតាមសំណើចែងចែករបស់អាជ្ញាធរនោះ ដោយសារគ្មានជម្រើសណាដែលប្រសើរជាងនេះ គឺបន្ទាប់ពីពួកគាត់បានតវ៉ាប្រឆាំងនឹងគម្រោងបែងចែកដីនោះអស់ជាច្រើនឆ្នាំ ហើយទទួលរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរជាបន្តបន្ទាប់ ទើបសម្រេចចិត្តទទួលយកដីនោះទាំងបង្ខំ។ លោកបន្តថា ហេតុដែលប្រជាពលរដ្ឋមិនព្រមយកតាមសំណើរបស់អាជ្ញាធរ ដោយហេតុថាដីដែលមានទំនាស់នោះជាកម្មសិទ្ធិរបស់ខ្លួនជាកាន់កាប់ និងដាំដុះនៅលើដីនោះតាំងពីឆ្នាំ១៩៧៩ រហូតមក។
លោកថា អ្នកភូមិដែលនៅសេសសល់ទាំង ៨គ្រួសារនោះ ពុំអាចទទួលយកតាមសំណើបែងចែក ហើយបានតវ៉ាជាបន្តបន្ទាប់ រហូតមកទល់ពេលនេះក៏ពុំទទួលលទ្ធផលនៅឡើយទេ៖ «ការដោះស្រាយកន្លងមកយើងទទួលបានតែឯកសារ តែដីបានទៅគេ។ ការដោះស្រាយមិនចេញនេះខ្ញុំមានអារម្មណ៍ឈឺចាប់មែនទែន ព្រោះដីមានតែប៉ុណ្ណឹង ម្យ៉ាងទៀតមានកូនចៅច្រើនពុំមានដីចែកឲ្យពួកគេសង់លំនៅឋាននោះទេ»។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋនៅភូមិ៣ម្នាក់ទៀត ឈ្មោះ អ្នកស្រី សុន ចន្ធូ ថ្លែងថា ផ្ទៃរបស់អ្នកស្រីមានចំនួន ២រ៉ៃ ឬប្រមាណ ៣.២០០ម៉ែត្រក្រឡា បានដាំដុះអាស្រ័យផលនៅនៅលើដីនោះជាច្រើនឆ្នាំមកហើយ។ ទោះជាយ៉ាងនេះក្ដីអ្នកស្រីថា ប្រសិនបើអាជ្ញាធរបែងចែកដីនៅតំបន់នោះ ដែលមានទំហំ ៤ម៉ែត្រ គុណ ១៦ម៉ែត្រ ចំនួន ៤ឡូត៍នោះ អ្នកភូមិជាច្រើននឹងមិនបន្តការតវ៉ាទៀតនោះទេ។
អ្នកស្រីបន្តទៀតថា ការតវ៉ាជាច្រើនលើកច្រើនសាកន្លងមកអាជ្ញាធរពុំបានដោះស្រាយដើម្បីផលប្រយោជន៍ដល់ប្រជាពលរដ្ឋឡើយ៖ «តែអាជ្ញាធរមុនហៅទៅសម្របសម្រួលដែរ តែប្រគល់ដីតែមួយល្វែង មិនអាចយកបាននោះទេ។ អ៊ីចឹងពួកខ្ញុំមានការឈឺចាប់ណាស់ដែលដីរបស់ខ្លួនឯងសោះតែត្រូវគេរំលោភយក ហើយអាជ្ញាធរមិនបានដោះស្រាយឲ្យខ្ញុំ»។
ទាក់ទងនឹងបញ្ហានេះ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មានប្រសាសន៍បញ្ជាក់ថា លោកទើបតែមកកាន់តំណែងជាអភិបាលខេត្ត ហើយម្យ៉ាងទៀតជាថ្ងៃឈប់សម្រាកផង ពុំអាចទៅទាក់ទងទៅស្ថាប័នរដ្ឋណាដើម្បីបំភ្លឺបានភ្លាមៗនោះទេ៖ «រឿងសំណូមពររបស់ប្រជាពលរដ្ឋអាជ្ញាធរទទួលយកទៅដោះស្រាយ ប៉ុន្តែធ្វើមិចបើថ្ងៃនេះជាថ្ងៃអាទិត្យ ទៅដោះស្រាយម៉េចនឹងកើត»។
ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា រឿងទំនាស់ដីរបស់ប្រជាពលរដ្ឋចំនួន ៨គ្រួសារនៅបេនឡានថ្មីនៅឃុំព្រះពន្លា ក្រុងសិរីសោភ័ណ ពុំមានអ្វីដោះស្រាយមិនចេញនោះទេ។
លោកថាការដោះស្រាយយឺតយ៉ាវរហូតមកទល់ពេលនេះ ដោយសារមានសែស្រឡាយ និងការប្រកាន់បក្សពួកនិយមរបស់មន្ត្រីពាក់ព័ន្ធមួយចំនួននាសម័យមុន៖ «ការដោះស្រាយរបស់អាជ្ញាធរនេះជាការបង្ខិតបង្ខំដែលមិនគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ខ្ញុំសង្ឃឹមថា ឯកឧត្ដម គោ ស៊ុំសារឿត នឹងយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះដោយជោគជ័យទុកជាស្នាដៃ ព្រោះកន្លងមកមានមន្ត្រីឋានៈធំៗ ដូចជាអភិបាលខេត្ត អភិបាលខេត្តរងជាដើមជាប់ពាក់ព័ន្ធនឹងការរកដំណោះស្រាយនោះជារឿងមួយអាម៉ាស់មុខមកហើយ»។
ឯកសារដែលវិទ្យុអាស៊ីសេរី ទទួលបានបង្ហាញថា កាលពីឆ្នាំ២០០០ កន្លងទៅ ដោយផ្ទៃដីដែលមានទំនាស់នោះផ្ដើមចេញពីគម្រោងអភិវឌ្ឍន៍សាងសង់បេនឡានថ្មី នៅតំបន់ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ការអភិវឌ្ឍនេះ ត្រូវបែងចែកជា ៥ប្លុក រួមមានដីឡូត៍ជាង ៤០០ល្វែង ដែលដីនីមួយៗមានទំហំ ៤ម៉ែត្រ គុណនឹង ២០ម៉ែត្រ។ នៅក្នុងការរៀបចំនេះ អាជ្ញាធរខេត្តធ្វើការអភិវឌ្ឍន៍ជាមួយដៃគូឯកជនជាការដោះដូរនឹងដីល្វែងចំនួន ៧៣ល្វែង។ ក្រុមប្រជាពលរដ្ឋចំនួន ១៨គ្រួសារដែលមានដីនៅតំបន់នោះ កើតទុក្ខមិនសុខចិត្តហើយបានការតវ៉ាដណ្ដើមយកដីជាបន្តបន្ទាប់។ បន្ទាប់ពីការតវ៉ារបស់ប្រជាពលរដ្ឋមកមានលិខិតអន្តរាគមន៍ជាហូរហែ មានជាអាទិ៍ រដ្ឋសភាជាតិ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ជាដើម ដើម្បីឲ្យដោះស្រាយលើរឿងនេះ។ ប៉ុន្តែរហូតមកទល់ពេលនេះ ប្រជាពលរដ្ឋចំនួន ៨ដែលមានដីច្រើនជាងគេនៅតំបន់ពុំទទួលបានលទ្ធផលនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។