ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​បន្ទាយមានជ័យ​ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ

0:00 / 0:00

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​ចំនួន ៨​គ្រួសារ​ នៅ​បេនឡាន​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ សម្ដែង​ក្ដី​បារម្ភ​ខ្លាច​បាត់បង់​ដី​ទៅ​ឲ្យ​ឈ្មួញ​រក​ស៊ី​ដី​នៅ​ក្នុង​ក្រុង។ អ្នក​ភូមិ​ថ្លែង​ដូច​នេះ​នៅ​បន្ទាប់​ពី​ការ​ប្ដឹង​តវ៉ា​តាម​ផ្លូវ​ច្បាប់​​តាំង​តែ​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ​អស់​រយៈពេល​ជាង ១០​​ឆ្នាំ​មក​ហើយ​ តែ​ពុំ​ទទួល​​លទ្ធផល។

ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី​នៅ​តំបន់​បេនឡាន​ថ្មី​​ក្រុង​សិរីសោភ័ណ ​អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ និង​មន្ត្រី​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​ប្រគល់​ដី​ឲ្យ​បាន​ឆាប់​ ដើម្បី​សង់​លំនៅឋាន​និង​ប្រកប​របរ​រក​ស៊ី​ដោះស្រាយ​ជីវភាព​​រស់​នៅ​ប្រចាំ​ថ្ងៃ​នៅ​លើ​ដី​ទំនាស់​នោះ។

ផ្ទៃ​ដី​ដែល​មាន​ទំនាស់​នោះ​​ ទំហំ​​ប្រមាណ​​ជាង ១០​ហិកតារ​ របស់​ប្រជាពលរដ្ឋ​ចំនួន ១៨​គ្រួសារ​ ស្ថិត​នៅ​ភូមិ​៣ សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។ ផ្ទៃដី​ចំនួន​នេះ​មាន​ទំនាស់​ជាមួយ​ឈ្មួញ​ទិញ​ដី​​នៅ​តំបន់​នោះ​ ក្នុង​គម្រោង​សាងសង់​បេនឡាន​ថ្មី​កាល​ពី​​ឆ្នាំ​២០០០ កន្លង​ទៅ។

ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង ១៨​គ្រួសារ​នោះ​ ​មាន​ប្រជាពលរដ្ឋ​ចំនួន ១០​គ្រួសារ ត្រូវ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដោះស្រាយ​ ដោយ​ប្រគល់​ដី​នៅ​តំបន់​ទំនាស់​​មួយ​គ្រួសារ​ទំហំ​ទទឹង ៤​ម៉ែត្រ​​​ គុណ​១៦​ម៉ែត្រ។ ចំណែក​ប្រជាពលរដ្ឋ​ចំនួន ៨​គ្រួសារ​ដែល​នៅ​សេសសល់​​ពុំ​បាន​ដោះស្រាយ​នៅ​ឡើយ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​វ័យ ៥០​ប្លាយ សម្បុរ​ស្រអែម ឈ្មោះ​ លោក​ ឈុំ លីអ៊ា រស់​នៅ​ភូមិ៣ សង្កាត់​ព្រះពន្លា ថ្លែង​ថា ហេតុ​ដែល​ប្រជាពលរដ្ឋ​ទាំង ១០​គ្រួសារ​​ទទួល​យក​តាម​សំណើ​ចែង​ចែក​របស់​អាជ្ញាធរ​នោះ ដោយសារ​គ្មាន​​ជម្រើស​ណា​ដែល​ប្រសើរ​ជាង​​នេះ​ គឺ​បន្ទាប់ពី​​ពួកគាត់​បាន​តវ៉ា​ប្រឆាំង​នឹង​គម្រោង​បែង​ចែក​ដី​នោះ​អស់​ជា​ច្រើន​ឆ្នាំ​​ ហើយ​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​​ពី​សំណាក់​អាជ្ញាធរ​ជា​បន្តបន្ទាប់ ទើប​សម្រេច​ចិត្ត​ទទួល​យក​ដី​នោះ​ទាំង​បង្ខំ។ លោក​បន្ត​ថា​ ហេតុ​ដែល​ប្រជាពលរដ្ឋ​មិន​ព្រម​យក​តាម​សំណើ​របស់​អាជ្ញាធរ ដោយហេតុ​ថា​ដី​ដែល​មាន​ទំនាស់​នោះ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​​ជា​កាន់កាប់ និង​ដាំដុះ​នៅ​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៧៩ រហូត​មក។

លោក​ថា អ្នក​ភូមិ​ដែល​នៅ​សេសសល់​ទាំង ៨​គ្រួសារ​នោះ​ ពុំ​អាច​ទទួល​យក​តាម​សំណើ​បែងចែក​ ហើយ​បាន​តវ៉ា​ជា​បន្តបន្ទាប់​ រហូត​មក​ទល់​ពេល​នេះ​ក៏​ពុំ​ទទួល​លទ្ធផល​នៅ​ឡើយ​ទេ៖ «ការ​ដោះស្រាយ​កន្លង​មក​យើង​ទទួល​បាន​តែ​ឯកសារ តែ​ដី​បាន​ទៅ​គេ។ ការ​ដោះ​ស្រាយ​មិន​ចេញ​នេះ​ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់​មែន​ទែន​ ព្រោះ​ដី​មាន​តែ​ប៉ុណ្ណឹង ម្យ៉ាង​ទៀត​មាន​កូន​ចៅ​ច្រើន​ពុំ​មាន​ដី​ចែក​ឲ្យ​ពួកគេ​សង់​លំនៅឋាន​នោះ​ទេ»

​​​​​​​​​​​​​​​​​​​​​​​​​​ស្រដៀង​គ្នា​នេះ​ដែរ​ ប្រជាពលរដ្ឋ​នៅ​ភូមិ​៣​ម្នាក់​ទៀត​ ឈ្មោះ​ អ្នកស្រី សុន ចន្ធូ ថ្លែង​ថា ផ្ទៃ​របស់​អ្នក​ស្រី​មាន​ចំនួន ២​រ៉ៃ ឬ​ប្រមាណ ​៣.២០០​ម៉ែត្រ​ក្រឡា បាន​ដាំដុះ​អាស្រ័យ​ផល​នៅ​នៅ​លើ​ដី​នោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​អ្នកស្រី​ថា​ ប្រសិន​បើ​អាជ្ញាធរ​បែង​ចែក​ដី​​នៅ​​តំបន់​នោះ​ ដែល​មាន​ទំហំ ៤​ម៉ែត្រ គុណ ១៦​ម៉ែត្រ ​ចំនួន ៤​ឡូត៍​នោះ អ្នក​ភូមិ​ជា​ច្រើន​នឹង​មិន​បន្ត​ការ​តវ៉ា​ទៀត​នោះ​ទេ។

អ្នក​ស្រី​បន្ត​ទៀត​ថា​ ការ​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សា​​កន្លង​មក​​​អាជ្ញាធរ​ពុំ​បាន​ដោះស្រាយ​ដើម្បី​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ឡើយ៖ «តែ​អាជ្ញាធរ​មុន​ហៅ​ទៅ​សម្របសម្រួល​ដែរ​ តែ​ប្រគល់​ដី​តែ​មួយ​ល្វែង មិន​អាច​យក​បាន​នោះ​ទេ។ អ៊ីចឹង​ពួក​ខ្ញុំ​មាន​ការ​ឈឺចាប់​ណាស់​ដែល​ដី​របស់​ខ្លួន​ឯង​សោះ​តែ​ត្រូវ​គេ​​រំលោភ​យក​ ហើយ​អាជ្ញាធរ​មិន​បាន​ដោះស្រាយ​ឲ្យ​ខ្ញុំ»

​​​​​​​​​​​​​​ទាក់​ទង​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក គោ ស៊ុំសារឿត មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ទើប​តែ​មក​កាន់​តំណែង​ជា​អភិបាល​ខេត្ត​​ ហើយ​ម្យ៉ាង​ទៀត​ជា​ថ្ងៃ​ឈប់​សម្រាក​ផង​ ពុំ​អាច​ទៅ​ទាក់​ទង​ទៅ​ស្ថាប័នរដ្ឋ​ណា​ដើម្បី​បំភ្លឺ​បាន​ភ្លាម​ៗ​នោះ​ទេ៖ «រឿង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​អាជ្ញាធរ​ទទួល​យក​ទៅ​ដោះស្រាយ ប៉ុន្តែ​ធ្វើ​មិច​បើ​ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ ទៅ​ដោះ​ស្រាយ​ម៉េច​នឹង​កើត»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក​ ស៊ុំ ច័ន្ទគា​ មាន​ប្រសាសន៍​ថា រឿង​ទំនាស់​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន ៨​គ្រួសារ​នៅ​បេនឡាន​ថ្មី​នៅ​​ឃុំ​ព្រះពន្លា​ ក្រុង​សិរីសោភ័ណ ពុំ​មាន​អ្វី​​ដោះស្រាយ​មិន​ចេញ​នោះ​ទេ។

លោក​ថា​ការ​ដោះស្រាយ​យឺតយ៉ាវ​រហូត​មក​ទល់​ពេល​នេះ​ ដោយសារ​មាន​សែស្រឡាយ និង​ការ​​ប្រកាន់​បក្សពួកនិយម​​របស់​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​នា​​​សម័យ​មុន៖ «ការ​ដោះ​ស្រាយ​របស់​អាជ្ញាធរ​នេះ​ជា​ការ​បង្ខិតបង្ខំ​ដែល​មិន​គិត​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ។ ខ្ញុំ​សង្ឃឹម​ថា ឯកឧត្ដម គោ ស៊ុំសារឿត នឹង​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ជោគជ័យ​ទុក​ជា​ស្នាដៃ ព្រោះ​កន្លង​មក​មាន​មន្ត្រី​ឋានៈ​ធំៗ ដូចជា​​អភិបាល​ខេត្ត​ អភិបាល​ខេត្ត​រង​ជា​ដើម​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រក​ដំណោះស្រាយ​នោះ​ជា​រឿង​មួយ​​អាម៉ាស់​មុខ​មក​ហើយ»។​​​​​

ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​បង្ហាញ​ថា កាល​ពី​​ឆ្នាំ​២០០០ កន្លង​ទៅ​ ដោយ​​ផ្ទៃ​ដី​ដែល​មាន​ទំនាស់​នោះ​ផ្ដើម​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​សាងសង់​បេនឡាន​ថ្មី​ នៅ​តំបន់​ភូមិ​៣ សង្កាត់​ព្រះពន្លា​ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ។ ការ​អភិវឌ្ឍ​នេះ​ ​​ត្រូវ​បែងចែក​ជា ៥​ប្លុក រួម​មាន​ដី​ឡូត៍​ជាង ៤០០​ល្វែង​ ដែល​ដី​នីមួយៗ​​មាន​ទំហំ ៤​ម៉ែត្រ គុណ​នឹង ២០​ម៉ែត្រ។ នៅ​ក្នុង​ការ​​រៀបចំ​នេះ អាជ្ញាធរ​ខេត្ត​ធ្វើ​ការ​អភិវឌ្ឍន៍​ជាមួយ​ដៃគូ​ឯកជន​ជា​ការ​ដោះដូរ​នឹង​ដី​ល្វែង​ចំនួន ៧៣​ល្វែង។ ក្រុម​ប្រជាពលរដ្ឋ​ចំនួន ១៨​គ្រួសារ​ដែល​មាន​ដី​នៅ​តំបន់​នោះ​ កើត​ទុក្ខ​​មិន​សុខ​ចិត្ត​ហើយ​​បាន​ការ​តវ៉ា​ដណ្ដើម​យក​ដី​ជា​បន្តបន្ទាប់។ បន្ទាប់​ពី​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​មក​មាន​លិខិត​អន្តរាគមន៍​ជា​ហូរហែ​ មាន​ជាអាទិ៍​ រដ្ឋ​សភា​ជាតិ ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​ និង​សំណង់ ជាដើម ដើម្បី​ឲ្យ​ដោះស្រាយ​លើ​រឿង​នេះ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ​ចំនួន ៨​ដែល​មាន​ដី​ច្រើន​ជាង​គេ​នៅ​តំបន់​ពុំ​ទទួល​បាន​លទ្ធផល​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។