នៅសល់តែ ១ថ្ងៃទៀតទេ ដល់ឱសានវាទរបស់សាលារាជធានីភ្នំពេញ នឹងប្រើវិធានការរដ្ឋបាល វាយកម្ទេចចោលអគារចាស់របស់បុរីកីឡា។ អ្នកបុរីកីឡា ១៤គ្រួសារដែលរស់នៅត្រាំត្រែងក្នុងអគារចាស់នោះ ប្ដេជ្ញាថា ពួកគាត់នឹងមិនចាកចេញទៅណាឡើយ បើអាជ្ញាធរមិនផ្ដល់ដំណោះស្រាយ ជាផ្ទះនៅអគារបុរីកីឡាថ្មី ឬកញ្ចប់ថវិកាណាមួយ ដែលអាចទិញផ្ទះនៅក្នុងទីក្រុងបាន។
សមត្ថកិច្ចស្លៀកពាក់ស៊ីវិលជាច្រើននាក់ទៅឃ្លាំមើល សកម្មភាពជួបជុំគ្នារបស់ពលរដ្ឋមានជម្លោះដីធ្លីមកពីសហគមន៍មួយចំនួន នៅអគារបុរីកីឡាចាស់ នៅថ្ងៃទី២៩ សីហា ក្រោយពីសាលារាជធានីភ្នំពេញ ចេញឱសានវាទ តម្រូវអ្នកបុរីកីឡា ១៤គ្រួសារ ឱ្យទទួលយកផ្ទះមួយខ្នងនៅភូមិអណ្ដូង ជាថ្នូរនឹងការចេញពីអគារចាស់ ត្រឹមដំណាច់ខែសីហានេះ។
តំណាងអ្នកបុរីកីឡា លោកស្រី ស ស៊ន ឱ្យដឹងថា មានមន្ត្រីកងរាជអាវុធហត្ថម្នាក់ដែលនៅប្រចាំក្បែរអគារចាស់ប្រាប់ថា នៅថ្ងៃទី៣០ សីហាស្អែកនេះ អាជ្ញាធរនឹងប្រើប្រាស់គ្រឿងចក្រវាយកម្ទេចចោលអគារនោះហើយ។ លោកស្រី លើកឡើងថា ពួកគាត់ដែលភាគច្រើនជាស្ត្រីវ័យចំណាស់ និងកុមារ មិនភ័យតក់ស្លុតអ្វីឡើយ បើទោះបីជាត្រូវរងការបណ្ដេញចេញជាថ្មីទៀតក៏ដោយ៖ «ពួកមីងថាប្រឈមមុខនឹងអាជ្ញាធរ។ ឱ្យពួកមីងដាក់សំណើៗ មិនទាន់ធ្លាក់មកផង ហើយគាត់មកវាយដូចប៉េអិមប្រាប់មីងព្រឹកមិញថា ថ្ងៃទី៣០ គឺគេវាយហើយ។ ប៉ុន្តែមីងអត់ខ្វល់ទេ វាយអីវាយទៅ។ ប៉ុន្តែសំណើឱ្យមីងដាក់ មិចមិនដោះស្រាយឱ្យបានមុនថ្ងៃទី៣០។ ដាក់ទៅកប់ចោលអ៊ីចឹង។ បើប្រាកដថាវាយថ្ងៃទី៣០ ត្រូវសំណើហ្នឹង ធ្លាក់ឱ្យពួកមីងថ្ងៃទី២៧ ២៨ ហៅពួកមីងទៅដោះ។ ត្រូវឱ្យអ្វី គឺត្រូវដោះស្រាយគ្នានៅសាលាក្រុង។ មីងអត់ខ្វល់រឿងវាយទេ មីងខ្វល់រឿងមិនហៅមកវាយ។ វាអត់ត្រូវដូចថ្ងៃទី៣ មករា អ៊ីចឹង។ មិនបានជូនដំណឹងមកឈូសផ្ទះ ហើយដល់បាត់អីវ៉ាន់ទៅ ថាមិនទទួលខុសត្រូវ។ អ៊ីចឹង ! អាជ្ញាធរនិងពួកមីង ឥឡូវដូចពិបាកទុកចិត្តណាស់»។
កាលពីថ្ងៃទី៥ សីហា អ្នកបុរីកីឡាបានទៅដាក់សំណើសុំគោលនយោបាយពីសាលារាជធានីភ្នំពេញ ផ្ដល់ជាផ្ទះនៅក្នុងអគារបុរីកីឡាថ្មី ឬជាកញ្ចប់ថវិកាប្រមាណ ៥ម៉ឺនដុល្លារក្នុងមួយគ្រួសារ ដើម្បីឱ្យគាត់អាចទិញផ្ទះរស់នៅទីក្រុងបាន។ គិតមកដល់ពេលនេះ អ្នកបុរីកីឡា ១៤គ្រួសារ នៅមិនទាន់ទទួលបានការឆ្លើយតបពីអាជ្ញាធរក្រុងភ្នំពេញនោះទេ ខណៈនៅសល់ ១ថ្ងៃទៀត ដល់ពេលដែលអាជ្ញាធរតម្រូវឱ្យអ្នកបុរីកីឡាចាកចេញពីអគារចាស់នោះ។
កាលពីថ្ងៃទី១៥ សីហា រដ្ឋបាលសាលារាជធានីភ្នំពេញ ចេញលិខិតជូនដំណឹងមួយ អំពីការកំណត់រយៈពេលចុងក្រោយនៃការទទួលដោះស្រាយគោលនយោបាយ ជូនពលរដ្ឋនៅសេសសល់ក្នុងតំបន់បុរីកីឡា។ គិតចាប់ពីផ្សាយដំណឹងនេះរហូតដល់ដាច់ខែសីហានេះ អាជ្ញាធរក្រុងភ្នំពេញ ស្នើអ្នកបុរីកីឡា ១៤គ្រួសារ ដែលមិនទាន់ទទួលយកគោលនយោបាយ សូមទៅជួបរដ្ឋបាលខណ្ឌ៧មករា ដើម្បីទទួលយកគោលនយោបាយរបស់ខ្លួន។ អាជ្ញាធរបញ្ជាក់ថា ផុតរយៈពេលកំណត់នេះ អាជ្ញាធរក្រុងភ្នំពេញ នឹងអនុវត្តវិធានការរដ្ឋបាល និងផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតសម្ភារៈនានា និងការបាត់បង់ផលប្រយោជន៍របស់ពលរដ្ឋឡើយ។
រាល់ការពិភាក្សារកដំណោះស្រាយពីមួយពេលទៅមួយពេល អ្នកបុរីកីឡាថា សាលារាជធានីភ្នំពេញ នៅតែផ្ដល់ដំណោះស្រាយជាផ្ទះនៅភូមិអណ្ដូងឱ្យពួកគាត់ដដែល ប៉ុន្តែពួកគាត់មិនទទួលយក។
អាស៊ីសេរី មិនអាចសុំការបំភ្លឺរឿងនេះ ពីអភិបាលរងសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានទេ ដោយហៅទូរស័ព្ទចូល តែលោកចុចផ្ដាច់វិញ។ ប៉ុន្តែលោក ធ្លាប់បានប្រាប់អាស៊ីសេរី កាលពីកន្លងមកថា ការផ្ដល់ផ្ទះនៅភូមិអណ្ដូង ជាគោលការណ៍មនុស្សធម៌ ដើម្បីជួយពលរដ្ឋឱ្យមានលំនៅឋានត្រឹមត្រូវ។ អភិបាលរងក្រុងរូបនេះ បញ្ជាក់ថា ខាងរដ្ឋបាលមិនមានគោលនយោបាយ ឬលទ្ធភាពផ្ដល់សំណងជូនពលរដ្ឋនៅបុរីកីឡា ជាទឹកប្រាក់រាប់ម៉ឺនដុល្លារដូចដែលពលរដ្ឋស្នើសុំនោះទេ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត ដែលតាមករណីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅបុរីកីឡានេះ ឱ្យដឹងថា ខាងសង្គមស៊ីវិលបានស្នើសុំដល់សាលារាជធានីភ្នំពេញ ពិនិត្យនិងផ្ដល់ដោះស្រាយដល់អ្នកបុរីកីឡាដែលទទួលយកបាន ដោយសន្តិវិធី ជៀសការប្រើហិង្សាបណ្ដេញពលរដ្ឋដូចពេលកន្លងមក៖ «អង្គការសង្គមស៊ីវិលយើង គឺយើងតែឃ្លាំមើលថា តើការអនុវត្តរបស់អាជ្ញាធរហ្នឹងមានលក្ខណៈសមស្របទៅច្បាប់ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ស្ដីអំពីសិទ្ធិដីធ្លី និងសិទ្ធិលំនៅឋាន ដែលកម្ពុជាបានផ្ដល់សច្ចាប័នកន្លងមក។ អ៊ីចឹង ! យើងមានតែសំណូមពរ ហើយនឹងអំពាវនាវដល់សាលារាជធានីភ្នំពេញ ស្នើសុំពិនិត្យមើលសារឡើងវិញ ហើយទម្លាក់ចោលនូវការអនុវត្តវិធានការរដ្ឋបាល ហើយស្វែងរកដំណោះស្រាយដែលអាចទទួលយកបានវិញ។ នេះជាការប្រសើរជាង» ។
តំបន់បុរីកីឡា ត្រូវបានគេស្គាល់ថា ជាកន្លែងដ៏ចម្រូងចម្រាសមួយ ក្រោយពីមានការប្រើអំពើហិង្សាពីសំណាក់សមត្ថកិច្ចខណ្ឌ ៧មករា ទៅលើអ្នកបុរីកីឡា ក្នុងជម្លោះដីធ្លី អស់រយៈពេលជាង ៧ឆ្នាំកន្លងមកហើយ។ អ្នកបុរីកីឡាមួយចំនួន ត្រូវសមត្ថកិច្ចវាយធ្វើបាប ហើយផ្ទះសម្បែងរបស់ពួកគាត់ ត្រូវក្រុមហ៊ុនរបស់អ្នកស្រី ស៊ុយ សុផាន ប្រើប្រាស់គ្រឿងចក្រឈូសឆាយកម្ទេច ដោយបង្ខំឱ្យទទួលយកសំណងទៅរស់នៅជាយក្រុងភ្នំពេញ ដើម្បីយកដីនៅចំកណ្ដាលក្រុងភ្នំពេញ ធ្វើការអភិវឌ្ឍ ។ អ្នកបុរីកីឡាអះអាងថា ការអភិវឌ្ឍនេះ បង្កឱ្យគ្រួសារភាគច្រើន ត្រូវធ្លាក់ខ្លួនក្រលំបាក បាត់បង់មុខរបរចិញ្ចឹមជីវិត និងក្មេងៗបាត់បង់ការសិក្សា។
កាលពីឆ្នាំ២០០៣ ដីបុរីកីឡា ដែលមានទំហំជាង ១៤ហិកតារ (១៤,១២ហិកតារ) ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ ៧ មករា ត្រូវបានរដ្ឋាភិបាលធ្វើសម្បទានទៅឱ្យក្រុមហ៊ុន ផានអ៊ីម៉ិច ដើម្បីសាងសង់អគារពាណិជ្ជកម្ម និងសង់អគារចំនួន ១០អគារ លើផ្ទៃដីទំហំ ២ហិកតារ ដើម្បីសង់លំនៅឋានជូនប្រជាពលរដ្ឋបុរីកីឡា ជិត ២ពាន់ គ្រួសារ (១.៧៧៦)។ ការសង់អគារចំនួន ១០អគារនេះ គឺដើម្បីដូរយកដីជាង ១២ហិកតារ សម្រាប់គម្រោងអភិវឌ្ឍន៍បុរីកីឡារបស់ក្រុមហ៊ុន ផានអ៊ីម៉ិច។
ប៉ុន្តែ ផ្ទៃដីនៅបុរីកីឡា ដែលបណ្ដេញពលរដ្ឋចេញដោយបង្ខំកាលពីឆ្នាំ២០១២ ត្រូវជំនួសមកវិញ ជាអគារពាណិជ្ជកម្មអន្តរជាតិ កម្ពស់៣៣ជាន់ ឈ្មោះថា CEO KT Pacific តាមរយៈការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុនចិន ឈ្មោះ លីស៊ីន គ្រុប (LiXin Group) និងក្រុមហ៊ុន ខេធី ប៉ាស៊ីហ្វិច គ្រុប (KT Pacific Group)។
ទោះបីជាយ៉ាងណា អ្នកបុរីកីឡា ១៤គ្រួសារ ប្ដេជ្ញាថា នឹងបន្តរស់នៅក្នុងអគារចាស់នេះដដែល បើទោះជាអាជ្ញាធរបង្ខំឱ្យពួកគេចាកចេញជាច្រើនដង ដើម្បីយកដីប្រគល់ឱ្យក្រុមហ៊ុនចិនក៏ដោយ។
កាលពីពេលថ្មីនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញរបាយការណ៍មួយដោយបានរកឃើញថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ចាប់ពីខែមេសា ឆ្នាំ២០១៨ ដល់ ខែមីនា ឆ្នាំ២០១៩ មានមនុស្សចំនួន ១៩នាក់ ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួន ១៥នាក់ត្រូវបានកោះហៅ ២១នាក់ត្រូវឃុំខ្លួន ៤៥នាក់ត្រូវបានសាកសួរ និង ៥នាក់ ត្រូវបានផ្ដន្ទាទោសរឿងទំនាស់ដីធ្លីនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។