អតីតពលរដ្ឋបុរីកីឡា និងអតីតពលរដ្ឋបឹងកក់ នៅថ្ងៃទី២៦ ខែមិថុនា តវ៉ារួមគ្នានៅមុខផ្ទះអ្នកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិច និងទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងធ្វើពិធីដាក់បណ្ដាសានៅតំបន់បឹងកក់ បន្ទាប់ពីគ្មានដំណោះស្រាយជាច្រើនឆ្នាំមកហើយ បណ្តាលឲ្យពួកគាត់ជួបការ វេទនាគ្រប់បែបយ៉ាង។ មន្ត្រីសិទ្ធិមនុស្ស យល់ថា ក្រុមហ៊ុន និងអាជ្ញាធរ គួរតែបន្តរកដំណោះបញ្ចប់ជម្លោះតំបន់បុរីកីឡា និងបឹងកក់ដែលនៅសេសសល់តិចតូច ដើម្បីកុំឲ្យកាន់តែអាក្រក់មើល និង មានបញ្ហាផ្សេងៗទៀត។
ការចេញតវ៉ារួមគ្នាជាថ្មីទៀតរបស់អតីតពលរដ្ឋបុរីកីឡា និងពលរដ្ឋ តំបន់បឹងកក់នេះ គឺមិនបានលទ្ធផលដូចលើកមុនៗដែរ។ ផ្ទុយទៅវិញ ពលរដ្ឋរងគ្រោះដីធ្លីទាំងនេះ ត្រូវបានអាជ្ញាធរស្ដីបន្ទោសធ្ងន់ៗ និងថែមទាំងដាក់កម្លាំងចុះទៅរំខានការជួបជុំរបស់ពួកគាត់ទៀតផង។
តំណាងពលរដ្ឋបុរីកីឡា ដែលមិនទាន់បានដំណោះស្រាយ អ្នកស្រី ភោគ សុភីន រៀបរាប់ថា តាំងពី ព្រឹកព្រលឹម ពួកគាត់មានគ្នា ប្រមាណ៣០នាក់ បានទៅស្រែកតវ៉ានៅមុខផ្ទះអ្នកស្រី ស៊ុយ សុផាន រយៈពេលពីរម៉ោង ប៉ុន្តែអ្នកស្រី ស៊ុយ សុផាន មិនចេញមកជួបពួកគាត់នោះទេ ដោយគ្រាន់តែប្រើអង្គរក្សថតរូបពួកគាត់ប៉ុណ្ណោះ។
បន្ទាប់មក ពួកគាត់បានដើរទៅជួបជុំតវ៉ានៅមុខទីស្ដីការគណៈរដ្ឋមន្ត្រីដែរ ប៉ុន្តែមន្ត្រីទីនោះស្ដីបន្ទោសធ្ងន់ៗដាក់ពួកគាត់ ហើយប្រាប់ឲ្យទៅតវ៉ានៅសាលាក្រុងភ្នំពេញវិញ។ ដោយអស់សង្ឃឹម ពួកគាត់ ក៏បានងាកទៅធ្វើពិធីដាក់បណ្ដាសាលើក្រុមហ៊ុន និងបុគ្គលមានអំណាចដែលប្លន់ដីធ្លី និងធ្វើបាបពួកគាត់រហូតមក។ ប៉ុន្តែពិធីនោះ ត្រូវបានសន្តិសុខខណ្ឌដូនពេញ ចូលទៅហាមឃាត់ និងទាត់រុះរើកម្ទេចចោល។
ពលរដ្ឋបុរីកីឡាដែលនៅសេសសល់ ជាង២០គ្រួសារទាមទារឲ្យដោះស្រាយសំណងផ្ទះសម្បែង និងប្រាក់ចាប់ពី២ម៉ឺនដុល្លារដល់ ជាង៥ម៉ឺនដុល្លារ ដែលក្រុមហ៊ុនផាន អ៊ីម៉ិច បានឈូសកម្ទេចតាំងពីឆ្នាំ២០១២។
អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីអ្នកស្រី ស៊ុយ សុផាន និងតំណាងក្រុមហ៊ុនរបស់អ្នកបាន នៅឡើយទេ នៅថ្ងៃទី២៦ ខែមិថុនា។
ដោយឡែក តំណាងអតីតពលរដ្ឋតំបន់បឹងកក់ លោកស្រី ស៊ា ណារ៉េត រៀបរាប់ថា ការដែល ពួកគាត់ ចេញតវ៉ាដែរនេះ ព្រោះពួកគាត់ចង់ឲ្យរបបលោក ហ៊ុន សែន និងក្រុមហ៊ុន ស៊ូកាគូ ដែលបូមខ្សាច់ពន្លិចផ្ទះរបស់ពួកគាត់ ជួយផ្តល់សំណង់បន្ថែម លើគោលនយោបាយដែលសាលារាជធានីភ្នំពេញផ្ដល់ឲ្យកន្លងមក។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា អាជ្ញាធរ និងក្រុមហ៊ុន គួរតែមានឆន្ទៈដោះស្រាយបញ្ចប់ទំនាស់ដីធ្លីទាំង នេះ កុំឲ្យនៅបន្តរ៉ាំរ៉ៃទៀត ព្រោះទំនាស់ដីធ្លីទាំងនេះ នៅសេសសល់តិចតូចបំផុត។
លោកបន្តថា បើទោះបីជាអាជ្ញាធរ និងក្រុមហ៊ុន នៅតែបន្តប្រើវិធី បង្ក្រាបពលរដ្ឋយ៉ាងណាក៏ដោយ ក៏មិនអាចបញ្ចប់ទំនាស់ ឬហាមឃាត់ពលរដ្ឋមិនឲ្យតវ៉ារហូតបានដែរ។ «»
កាលពីថ្ងៃទី១៣ ខែមិថុនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតមួយច្បាប់ជម្រុលឲ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវអត់ធ្មត់ និងប្រើប្រាស់យន្តការដោះស្រាយទំនាស់ដីធ្លី ប្រកបដោយតម្លាភាព សុចរិតភាព យុត្តិធម៌ និងប្រសិទ្ធភាពខ្ពស់។
លិខិតរបស់លោក ស ខេង ដែលធ្វើឡើងនៅមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រជិតមកដល់នេះ ហាក់មិនមានប្រសិទ្ធភាពទេ ពីព្រោះគេសង្កេតឃើញថា ពលរដ្ឋកាន់តែច្រើនឡើងៗសម្រុក មករកដំណោះស្រាយបញ្ហាដីធ្លីពីស្ថាប័នជាតិរាល់ថ្ងៃ។
អតីតពលរដ្ឋបុរីកីឡា និងអតីតពលរដ្ឋបឹងកក់ អះអាងថា ពួកគាត់ នឹងមិនរាថយនោះទេ ទោះបីជាបរាជ័យជាច្រើនលើកក្ដី។ ពួកគាត់ ប្ដេជ្ញាថានឹងបន្តដើរតវ៉ាសុំអន្តរាគមន៍គ្រប់ក្រសួងស្ថាប័នរដ្ឋ ជាពិសេសមុខផ្ទះអ្នកស្រី ស៊ុយ សុផាន តែម្ដងដែលរំលោភយកដីធ្លី ពួកគាត់ទាំងគ្មានដំណោះស្រាយសមរម្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។