ពលរដ្ឋ​ដែល​នៅ​សេសសល់​ពី​ការ​បណ្ដេញ​ចេញ​នៅ​បុរី​កីឡា​ថា សាលាក្រុង​ហាក់​គ្មាន​ឆន្ទៈ​ដោះស្រាយ​បញ្ចប់​បញ្ហា

ពលរដ្ឋ​ជិត​ ១០​គ្រួសារ​ ដែល​កំពុង​រស់​នៅ​ក្នុង​អគារ​បុរី​កីឡា​ចាស់ កណ្ដាល​ក្រុងភ្នំពេញ ថា រដ្ឋបាល​សាលាក្រុង​ភ្នំពេញ ហាក់​គ្មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ឱ្យ​ពួកគាត់​ឡើយ។ អ្នក​បុរីកីឡា ស្នើ​សាលាក្រុង​ភ្នំពេញ ពន្លឿន​ផ្ដល់​សំណង​ជា​ទឹកប្រាក់​មួយ​ចំនួន ដែល​ពួកគាត់​អាច​ទិញ​ផ្ទះ​រស់នៅ​ក្នុង​ទីក្រុង​បាន ប្រសិនបើ​ខាង​ក្រុមហ៊ុន​មិន​អាច​សង់ ១០​អគារ ដូច​តាម​ការសន្យា​ឱ្យ​អ្នក​បុរីកីឡា។ ចំណែក មន្ត្រី​សាលាក្រុង​ភ្នំពេញ​ថា អាជ្ញាធរ​នៅ​រក្សា​គោលការណ៍​ដោះស្រាយ​ជូន​ពលរដ្ឋ ដោយ​ទៅតាម​ស្ថានភាព​ជាក់ស្ដែង និង​លិខិតស្នាម​ផ្សេងៗ​បញ្ជាក់​អំពី​ការ​តាំង​ទីលំនៅ​ពិតប្រាកដ​របស់​អ្នក​បុរី​កីឡា។

លោកស្រី ញឹក ហ៊ាង ជា​ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​បុរី​កីឡា​ផ្សេងទៀត ដែល​នៅ​មិនទាន់​ទទួល​បាន​សំណង​ពី​សាលាក្រុង​ភ្នំពេញ​នៅឡើយ។ សព្វថ្ងៃ លោកស្រី និង​នគរបាល​មួយ​គ្រួសារ កំពុង​រស់នៅ​ក្នុង​អគារ​ចាស់​មួយ ក្រោយ​ក្រសួងទេសចរណ៍ ទល់មុខ​នឹង​វិទ្យាល័យ​បាក់​ទូក ក្រុងភ្នំពេញ​។ លោកស្រី ញឹក ហ៊ាង ប្រាប់​អាស៊ីសេរី ជាច្រើន​ឆ្នាំ​មកនេះ ពួកគាត់​ចេះតែ​រង់ចាំ​ដំណោះស្រាយ​ពី​ខាង​សាលាក្រុង​ភ្នំពេញ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយ​មិន​ដឹង​ថា ដំណោះស្រាយ​នឹង​មាន​សម្រាប់​ពួកគាត់​នៅ​ពេល​ណា។

អ្នក​បុរីកីឡា​រូប​នេះ ថ្លែង​ថា ក្នុង​រយៈពេល​មួយ​ខែ ឬ​ពីរ​តែម្ដង មន្ត្រី​សាលាក្រុង​ភ្នំពេញ តែង​ហៅ​ពួកគាត់​ទៅ​និយាយ​អំពី​សំណង ជា​ផ្ទះ​នៅ​ភូមិ​អណ្ដូង រួម​នឹង​ទឹកប្រាក់​ចំនួន។ ប៉ុន្តែ​គាត់​បដិសេធ​ទទួល​សំណង​បែបនេះ ដោយ​មើល​ឃើញ​ថា អ្នក​បុរី​កីឡា​ជាច្រើន​គ្រួសារ​ដែល​ប្ដូរ​ទៅ​រស់នៅ​អណ្ដូង មាន​ជីវភាព​កាន់តែ​ពិបាក​ជាង ដោយ​មិន​ដឹង​ប្រកប​របរ​អ្វី​ចិញ្ចឹម​គ្រួសារ។

លោកស្រី ញឹក ហ៊ាង បញ្ជាក់​ថា អ្នក​បុរកីឡា​ដែល​នៅ​សេសសល់​មិន​ដល់ ១០​គ្រួសារ ក្នុង​អគារ​ចាស់​សព្វថ្ងៃ​នេះ ចង់​បានជា​ទឹកប្រាក់​មួយ​ចំនួន ដើម្បី​ឱ្យ​ពួកគាត់​មាន​លទ្ធភាព​រក​ទីកន្លែង​ផ្សេង​រស់នៅ​បាន​ប្រសើរ​ជាង​នេះ នៅ​ក្នុង​ភ្នំពេញ។ ពួកគាត់​មិន​ចង់​ចាកចេញ​ឆ្ងាយ​ពី​ទីក្រុង​ឡើយ ព្រោះ​កូន​ក្នុង​បន្ទុក កំពុង​រៀន​សូត្រ ហើយក៏​ងាយស្រួល​ប្រកប​របរ​បន្តិចបន្តួច គ្រាន់​នឹង​បាន​ចំណូល​ខ្លះ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ៖ «ខ្ញុំ​ចង់​ឱ្យ​ក្រុមហ៊ុន​ហ្នឹង ដោះស្រាយ​សង​សំណង​ឱ្យ​សមរម្យ ឱ្យ​តិចតួច​ពេក ខ្ញុំ​ផ្ទះ​មិន​បានទេ។ ខ្ញុំ​ទារ ២​ម៉ឺន ៥​ពាន់​ដុល្លារ តែ​គេ​ឱ្យ​តែ ១​ម៉ឺន​៧​ពាន់​ទេ ព្រោះ​អ្វី​ផ្ទះ​ឥឡូវ​ឡើងថ្លៃ​។ ខ្ញុំ​ទិញ​អត់​បានទេ តម្លៃ​ប៉ុណ្ណឹង អត់​បានទេ​។ ខាង​សាលាក្រុង ដោះស្រាយ​ឱ្យ​ប៉ូលិស​មួយ​គ្រួសារ​ហ្នឹង បាន​ជាង​១០​ម៉ឺន​ដុល្លារ​។ ពលរដ្ឋ​គេ​ឱ្យ​ទៅ​ភូមិ​អណ្ដូង លុយ​តែ​ពីរ​បី​ពាន់​អ៊ីចឹង ទទួល​មិន​បានទេ​។ គេ​ទៅ​នៅ​បុរី​បាត់ ចេញពី​អគារ​ចាស់​បាត់​ហើយ ព្រោះ​អី​គេ​ខាង​ប៉ូលិស គេ​បាន​ច្រើនជាង​រីឯ​ខាង​ពលរដ្ឋ​ដោះស្រាយ​ឱ្យ​បន្តិច»។

អភិបាលរង​ក្រុងភ្នំពេញ លោក មាន ចាន់យ៉ាដា ប្រាប់​អាស៊ីសេរី ថា រាល់​សំណង​ទាំងអស់​សម្រាប់​អ្នក​បុរី​កីឡា គឺ​ធ្វើ​ឡើង​ក្រោម​ការវិនិច្ឆ័យ​ពី​គណៈកម្មការ​ចម្រុះ ៤​បាន ៤​អត់ ប្រវត្តិ​ចូល​ស្នាក់នៅ និង​ឯកសារ​កាន់កាប់​ដែល​ពួកគាត់​មាន។ ចំពោះ​ការ​ផ្ដល់​ផ្ទះ​នៅ​ភូមិ​អណ្ដូង​វិញ លោក មាន ចាន់យ៉ាដា ឡើងលើ​កថា នោះ​ជា​គោលការណ៍​មនុស្សធម៌ ដើម្បី​ជួយ​ពលរដ្ឋ​ឱ្យ​មាន​លំនៅឋាន​ត្រឹមត្រូវ​។ មន្ត្រី​រដ្ឋបាល​រូប​នេះ បញ្ជាក់​ថា ខាង​រដ្ឋបាល​មិន​មាន​គោលនយោបាយ ឬ​លទ្ធភាព​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​នៅ​បុរី​កីឡា ជា​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​ដែល​ពួកគាត់​ស្នើសុំ​នោះ​ទេ៖ «យើង​មិន​អាច​គិត​ថា អ្នកនេះ​ត្រូវ​បាន​ប៉ុន​នេះ អ្នកនោះ​ត្រូវ​បាន​ប៉ុន​នោះ ទៅលើ​តាម​មាត់ ឬ​ទៅតាម​បុគ្គល​ណាមួយ​ទេ​។ យើង​មាន​ក្រុម​ការងារ​របស់​យើង​វាយតម្លៃ។ យើង​ដោះស្រាយ​បញ្ហា​បុរី​កីឡា គឺ​ស្ទើរតែ​ចប់​ទាំងស្រុង​ហើយ ក៏ប៉ុន្តែ​ពួកគាត់​នៅសល់​ជិត​១០​គ្រួសារ​នេះ គឺជា​គ្រួសារ​ដែល​រឹងរូស មិន​ព្រម​ទទួលយក​លទ្ធផល​ដែល​គណៈកម្មការ​យើង​បាន​វាយតម្លៃ។ ហើយ​ហៅ​គាត់​មក​ជួប​បួនដប់​ដង ដើម្បី​បង្ហាញ​លក្ខណៈសម្បត្តិ​របស់​គាត់ ក៏ប៉ុន្តែ​ចុងក្រោយ យើង​នៅ​រក​ឃើញ​ថា គាត់​ពុំ​មាន​លក្ខណៈសម្បត្តិ​ដែល​ត្រូវ​ទទួល​ផ្ទះ​នៅ ទៅតាម​គោលការណ៍​ដែល​គាត់​ស្នើសុំ​នោះ​ទេ»។

ចំពោះ​ដំណឹង​ថា​មាន​មួយ​គ្រួសារ​ជា​នគរបាល បាន​ទទួល​សំណង​ជា​ទឹកប្រាក់​ដល់​ទៅ ១០​ម៉ឺន​ដុល្លារ​អាមេរិក​ជា​ថ្នូរ​នឹង​ការ​ចាកចេញ​នោះ លោក មាន ចាន់យ៉ាដា យល់ថា គឺជា​រឿង​មិន​ពិត ហើយ​គ្រាន់តែ​ជា​ការ​លើកឡើង​របស់​អ្នក​បុរីកីឡា ដែល​មិន​ទាន់​បាន​សំណង​ប៉ុណ្ណោះ។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត ដែល​តាម​ករណី​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​បុរី​កីឡា​នេះ សង្កេត​ឃើញ​ថា ដំណោះស្រាយ​កន្លង មក​របស់​អាជ្ញាធរ មាន​ផ្ដល់​សំណង​ជា​ប្រាក់សុទ្ធ​ឱ្យ​អ្នក​បុរីកីឡា ហើយ​ពលរដ្ឋ​ខ្លះ​ទៀត ក៏​ទទួល​បានជា​ផ្ទះ​នៅ​ភូមិ​អណ្ដូង។ លោក វណ្ណ សូផាត យល់ថា ដំណោះស្រាយ​នៅ​តែ​មាន ប្រសិនបើ​អាជ្ញាធរ​មាន​ឆន្ទៈ​ពិតប្រាកដ ដោះស្រាយ​បញ្ចប់​បញ្ហា​របស់​អ្នក​បុរី​កីឡា​ដែល​នៅ​សេសសល់​មិន​ដល់​១០​គ្រួសារ​នេះ៖ «ការដែល​គាត់​ស្នើសុំ​ឱ្យ​មាន​ដំណោះស្រាយ​ជា​ថវិកា សម្រាប់​ឱ្យ​គាត់​អាច​ទិញ​ដី​នៅ​កន្លែង​ណា​បាន​ហ្នឹង ខ្ញុំ​យល់ថា វា​ការដែល​គាត់​ដឹង​ពី​ស្ថានភាព​ជាក់ស្ដែង អ្នករងគ្រោះ​នៅ​ភូមិ​អណ្ដូង​ហ្នឹង​វា​យ៉ាង​មិច។ វា​ប៉ះពាល់​ដល់​ជីវភាព​ពួកគាត់ ប្រាក់ចំណូល​ពួកគាត់​អ៊ីចឹង​។ ការ​ទទួល​បាន​របស់​ភាគី​ទាំងសងខាង ហ្នឹង​វា​សមរម្យ​ហើយ ហើយ​តម្លាភាព​យ៉ាង​មិច​នោះ វា​រក​មិន​ឃើញ​ទេ»។

កន្លង​ទៅ ពលរដ្ឋ​បុរីកីឡា​ពីរ​ក្រុម​ដែល​អាជ្ញាធរ​បាន​ផ្ដល់​សំណង​គឺ​ក្រុម​ពលរដ្ឋ​ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់​ចំនួន ៣២​គ្រួសារ និង​ក្រុម​ពលរដ្ឋ​មាន​ឯកសារ​គ្រប់គ្រាន់​ចំនួន ១១​គ្រួសារ​។ ពលរដ្ឋ​ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់​ជិត ២០​គ្រួសារ ក្នុងចំណោម ៣២​គ្រួសារ ព្រម​ទទួលយក​សំណង​ជា​ផ្ទះ​នៅ​ជាយក្រុង​ភ្នំពេញ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អណ្ដូង សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ ក្រុង​ភ្នំពេញ​។ ចំណែក​ពលរដ្ឋ​១១​គ្រួសារ​ដែល​មាន​ឯកសារ​គ្រប់គ្រាន់ ស្នើសុំ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ផ្ដល់​ជា​ផ្ទះ​នៅ​បុរី​កីឡា ឬ​ទឹកប្រាក់​ដែល​អាច​រក​ទិញ​ផ្ទះ​បាន។

ពលរដ្ឋ​បុរី​កីឡា​ដែល​កំពុង​រស់នៅ​អាគារ​ចាស់ នៅតែ​រក្សា​ជំហរ​ទាមទារ​ផ្ទះ​នៅ​បុរី​កីឡា ឬ​ជា​ប្រាក់​ប្រមាណ​ពីរ​ម៉ឺន ប្រាំ​ពាន់​ដុល្លារ (២៥.០០០) ក្នុង​មួយ​គ្រួសារ​។ ពួកគាត់​បញ្ជាក់​ថា ប្រសិនបើ​ខាង​ក្រុមហ៊ុន ផានអ៊ីមិច មិន​អាច​ផ្ដល់​ផ្ទះ​នៅ​បុរីកីឡា​បាន ភាគី​ក្រុមហ៊ុន និង​សាលាក្រុង​ភ្នំពេញ ត្រូវ​ផ្ដល់​សំណង​ជា​ទឹកប្រាក់​ដែល​អាច​ឱ្យ​ពួកគាត់​យក​ទៅ​ទិញ​ផ្ទះ​ថ្មី​រស់នៅ​បាន។ ប្រសិនបើ​មិន​បាន​ដូច​ការ​ស្នើសុំ​នេះ​ទេ ពួកគេ​នៅតែ​បន្ត​រស់នៅ​ក្នុង​អគារ​ចាស់​តទៅទៀត ទោះបីជា​ត្រូវ​ប្រឈម​នឹង​ការ​បណ្ដេញ​ជា​ថ្មី​ទៀត​ក៏ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។