អារម្មណ៍​របស់​កូន​ៗ​ដែល​ម្ដាយ​ជាប់​ពន្ធនាគារ​ព្រោះ​តវ៉ា​ដីធ្លី

0:00 / 0:00

ស្ត្រី​តំណាង​អ្នក​តវ៉ា​ដីធ្លី​នៅ​តំបន់​បឹងកក់ ៧​នាក់ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឲ្យ​ជាប់ឃុំ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ប្រមាណ ៥០០​ដុល្លារ បន្ទាប់ពី​ក្រុម​ស្ត្រី​ទាំងនោះ ចេញ​តវ៉ា ព្រោះ​ទឹក​លិច​ផ្ទះ​ច្រើន​ថ្ងៃ ហើយ​គ្មាន​លូ​អាច​បង្ហូរទឹក​ចេញ ខណៈ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ូកាគូ វិនិយោគ​តំបន់​បឹងកក់ មិន​បាន​អើពើ។ ស្ត្រី​ទាំងនោះ រួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី គង់ ចន្ថា អ្នកស្រី ផាន់ ឈុនរ៉េត អ្នកស្រី ង៉ែត ឃុន កញ្ញា សុង ស្រីលាភ កញ្ញា បូ ឆវី និង​ស្ត្រី នង ស្រេង។

ការ​ជាប់​ឃុំ​របស់​ស្រី​ជា​ម្ដាយ​នេះ ត្រូវ​បាន​កូន​ៗ​របស់​ពួកគាត់ អះអាង​ថា ដោយសារ​ចង់បាន​សិទ្ធិ​រស់នៅ​ស្របច្បាប់ និង​មាន​ផាសុកភាព ទើប​ម្ដាយ​របស់​ពួកគេ ជាប់ឃុំ។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កុមារ​និង​យុវជន ដែល​ជា​កូន​របស់​ស្ត្រី កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ឈរ​ស្រែក សុំ​ឲ្យ​អាជ្ញាធរ ដោះលែង​ម្ដាយ​របស់​គេ និង​កាន់​ពាក្យស្លោក ឲ្យ​មាន​ការ​គោរព​សិទ្ធ​ស្ត្រី​និង​កុមារ នៅមុខ​ពន្ធនាគារ​ព្រៃ​ស។

និស្សិត​ឆ្នាំ​ទី​២ សាកលវិទ្យាល័យ​ន័រតុន កញ្ញា សៀក ហ័ន ថ្លែង​ថា ម្ដាយ​គាត់​ឈ្មោះ គង់ ចន្ថា ដែល​តុលាការ កាត់ទោស​ឲ្យ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ព្រោះ​គាត់​តវ៉ា​ចង់បាន ផាសុកភាព​បន្ទាប់​ពី​ទឹក​លិច​ផ្ទះ ព្រោះតែ​ក្រុមហ៊ុន​វិនិយោគ​តំបន់​បឹងកក់ បូម​ខ្សាច់​បិទ​លូ សម្រាប់​បង្ហូរទឹក​ចេញ ពី​បឹងកក់។ កញ្ញា​អះអាង​ថា ពួកគាត់​រងគ្រោះ​ច្រើន​សារ ដោយសារ​ការ​វិនិយោគ​បឹងកក់ ចាប់ពី ឆ្នាំ​២០០៦​មក ម្ដាយ​និង​ពួកគាត់​បានការ​តវ៉ា​ដើម្បី​សុំ​ការរស់នៅ​ស្របច្បាប់។ គាត់​និង​កុមារ​ដទៃ រស់នៅ​ភ័យខ្លាច ការ​បូម​ខ្សាច់​ពន្លិច​ផ្ទះ បង្ខំ​បណ្ដេញ​ចេញ។ ការ​បូម​ខ្សាច់​នោះ ធ្វើ​ឲ្យ​ទឹក​លិច​ផ្ទះ នៅ​ពេល​ភ្លៀង​ហើយ​ដក់​យូរ​ខែ បច្ចុប្បន្ន​ពួកគេ រងគ្រោះ​រស់នៅ​ខ្វះ​ម្ដាយ​ថែទាំ ព្រោះ​ជាប់ឃុំ​ជា​លើក​ទី ២ បន្ទាប់ពី​ម្ដាយ​គាត់ ជាប់ឃុំ​លើក​ទី​១ នៅ​ឆ្នាំ​២០១០។

កុមារី​ជា​ប្អូន អាយុ​១៤​ឆ្នាំ ឈ្មោះ សៀក ម៉ីលី ថ្លែង​ថា សកម្មភាព​បូម​ខ្សាច់​ពន្លិច​ផ្ទះ​បង្ខំ​បណ្ដេញ​ចេញ ដើម្បី​ការ​ដក​ដី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​វិនិយោគ បាន​ដក់​ជាប់​ការភ័យខ្លាច​ក្នុង​អារម្មណ៍​របស់​គេ។ បន្ទាប់​មក គឺ​សកម្មភាព វាយ​បង្ក្រាប​លើ​ម្ដាយ​គេ និង​ក្រុម​ស្ត្រី​ដទៃ​ទៀត របស់​អាជ្ញាធរ​និង​សន្តិសុខ បាន​ស្ថិត​ក្នុង​ការ​យល់សប្តិ​អាក្រក់ កើតមាន​ស្ទើរ​រាល់​យប់។ កុមារី​បន្ត​ថា ពេល​ចេញពី​សាលា សម្លឹង​មើល​តុ​អាហារ និង​ចង្ក្រាន​បាយ មិន​ឃើញ​ម្ដាយ មក​ជួប​ជុំ​ក្នុង​រង្វង់​គ្រួសារ រូបគេ​មាន​អារម្មណ៍​ព្រាត់ប្រាស កើតមាន​ជា​ថ្មី​ទៀត ព្រោះតែ​ការ​អភិវឌ្ឍ​បឹងកក់​មួយ​នេះ។

ចំណែក​កុមារា និង​កុមារី ជា​កូន​អ្នកស្រី ទេព វន្នី ឲ្យ​ដឹង​ថា អត់​មាន​ម្ដាយ​ថែទាំ ពួកគេ​លំបាក​ខ្លាំង ពេល​ចង់​អោប​ម្ដាយ​គឺ​គ្មាន ព្រោះ​ម្ដាយ​នៅ​ក្នុង​ពន្ធនាគារ ពួកគេ​មិន​ដឹង​ថា​ម្ដាយ​មាន​កំហុស​អី្វ​ទេ។ កុមារី អ៊ូ កុងបញ្ញា អាយុ​១១​ឆ្នាំ សិស្សសាលា​បឋម​សិក្សា​ភ្នំ​ដូនពេញ ឲ្យ​ដឹង​ថា អ្នកស្រី ទេព វន្នី ជា​ម្ដាយ បាន​បង្រៀន​គាត់ ដឹង​ពី​ច្បាប់​ខ្លះៗ​ក្នុង​ការ​រស់នៅ។ មិន​តែ​ប៉ុណ្ណោះ ម្ដាយ​គាត់​បង្រៀន ឲ្យ​ចេះ​ច្រៀង​ច្រើន​បទ ដែល​ទាក់ទង សិទ្ធ​នៃ​ការ​រស់រាន និង​ការ​តាំង​លំនៅ។

ចំណែក​កុមារា អ៊ូ សុវណ្ណនាគរាជ អាយុ​១០ ឲ្យ​ដឹង​ថា បងប្អូន​គេ​ទាំង​២​នាក់ រងគ្រោះ​ច្រើន​ណាស់​តាំង​ពី​តូច​មក ត្រូវ​ម្ដាយ​ទេព វន្នី និង​ឪពុក ពរ​រត់គេច​ពី​ផ្ទះ ដែល​ខ្សាច់​ហូរ​ចូល។ ប៉ុន្តែ​បច្ចុប្បន្ន ម្ដាយ​នៅ​ក្នុង​ពន្ធនាគារ គេ​មិន​មាន អ្នក​នៅ​ថែទាំ គ្មាន​អ្នក​លួងលោម ដាំបាយ​ស្ល និង​គ្មាន​អ្នក​ម្ដាយ​បង្រៀន​មេរៀន​បន្ថែម​ទៀត ក្រោយពី​ពួកគេ​ចេញពី​សាលារៀន។

តុលាការ​ផ្ដន្ទាទោស​ស្ត្រី ៧​រូប កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា បន្ទាប់ពី​ក្រុម​ស្ត្រី​ទាំងនោះ​ចេញ​តវ៉ា​រឿង​ទឹក​លិច​ផ្ទះ​ច្រើន​ថ្ងៃ ហើយ​គ្មាន​លូ​អាច​បង្ហូរទឹក​ចេញ ខណៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ូកាគូ វិនិយោគ​តំបន់​បឹងកក់​នោះ មិនបាន​អើពើ​ពី​ជួយ​បង្ហូរទឹក​ចេញ។

បញ្ហា​នេះ ជំរុញ​ឲ្យ​ក្រុម​ស្ត្រី​បឹងកក់ បុរី​កីឡា និង​ថ្មគោល ឡើង​តវ៉ា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន រួច​បញ្ជូន​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ភ្លាមៗ។

លោក សៀក ហេង ស្វាមី​អ្នកស្រី គង់ ចន្ថា ថ្លែង​ថា ការ​តស៊ូ​របស់​ក្រុម​គ្រួសារ​គាត់ ដើម្បី​រស់នៅ ស្របច្បាប់ ក្នុង​តំបន់​បឹងកក់ ទម្រាំ​បាន​ប្លង់​កម្ម​សិទ្ធ គឺ​ជិត​១០​ឆ្នាំ​ហើយ។ លោក​ថា ចាប់ពី​ឆ្នាំ ២០០៦ ក្រុម​គ្រួសារ​គាត់​ងើប​តវ៉ា​ដំបូង ក្រោយពី​លូ​បូម​ខ្សាច់​បង្វែរ​មក​ពន្លិច​ផ្ទះ​គាត់ ដើម្បី​បណ្ដេញ​ចេញ ប្រគល់​ដី​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍ គាត់​និង​កូន​៤​នាក់ បោះបង់​មុខរបរ ផ្អាក​ការរៀនសូត្រ ទៅ​ឈរ​ស្រែក សុំ​តុលាការ និង​សមត្ថកិច្ច ដោះលែង​ប្រពន្ធ​និង​ម្ដាយ​នៅ​ឆ្នាំ​២០១០ និង​នៅ​ថ្ងៃ​នេះ ហាក់​ក្លាយទៅជា​ប្រវត្តិ​តស៊ូ​មួយ ដែល​អាច​ចងក្រង​ឆាក​ជីវិត ក្រោយ​ថ្ងៃ​៧​មករា​បាន។

ចំណែក​ស្វាមី អ្នកស្រី ទេពវន្នី លោក អ៊ូ គង់ជា ឲ្យ​ដឹង​ថា ដោយសារតែ​ប្រពន្ធ​ជាប់​នៅ​ក្នុង​ពន្ធនាគារ គាត់​សុំ​ព្យួរ​ការងារ​មួយ​រយៈ​មើល​ថែទាំ​កូន ជំនួស​ម្ដាយ​ដែល​តុលា​ការ​ចាប់​ឃុំ ខណៈ​សុំ​តវ៉ា​ឲ្យ​សាលា​រាជធានី​ភ្នំពេញ បើកទឹក​ចេញពី​តំបន់​បឹងកក់ ព្រោះ​ការ​ដក់​ទឹក​យូរ​ថ្ងៃ ខែ គឺ​ប៉ះពាល់​ផាសុកភាព ខ្លាច​ឆក់​ខ្សែភ្លើង ខ្លាច​សត្វ​មាន​ពិស​ផ្សេងៗ ចឹក​ឬ​ទិច​ជាដើម។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌីម៉ង់ ថ្លែង​ថា សាលា​រាជធានី​ភ្នំពេញ បាន​លើក គម្រោង​ថវិកា ដើម្បី​ស្តា​និង​រៀបចំ​ប្រព័ន្ធ​លូ បង្ហូរទឹក​ចេញពី​បឹងកក់ នៅ​រដូវប្រាំង​នេះ​ហើយ។

អ្នក​សម្រមសម្រួល​និង​ស៊ើបអង្កេត អង្គការ​លីកាដូ លោក អំ សំអាត ថ្លែង​ថា ប្រទេស​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន លើ​អនុសញ្ញា​ស្ដីពី​សិទ្ធ​កុមារ នៅ​ថ្ងៃ​១៥​ខែ​តុលា ឆ្នាំ​១៩៩២ ហើយ​អនុសញ្ញា​នោះ បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្ងៃ​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣។ ប៉ុន្តែ​កុមារ​ដែល​រស់​នៅ​ក្នុង​តំបន់​អភិវឌ្ឍ ដូចជា​បូម​ខ្សាច់​ពន្លិច ដើម្បី​ឲ្យ​រើ​ផ្ទះ​ចេញ ឬ​បង្ខំ​ឲ្យ​ទទួលយក សំណង​មិន​សមរម្យ​នោះ គឺ​ក្រុម​កុមារ​និង​យុវជន បាន​រងគ្រោះ​ច្រើន​ជាន់ ទាំង​អារម្មណ៍ ស្មារតី ការសិក្សា និង​ការ​ព្រាត់ប្រាស​ក្រុម​គ្រួសារ។

តំណាង​សហគមន៍​បឹងកក់ លោក ច័ន្ទ ពុទ្ធិស័ក្តិ ថ្លែង​ថា កុមារ​និង​យុវជន ជាង​២​ពាន់​នាក់ ជា​កូន​របស់​ក្រុម​គ្រួសារ​ចំនួន​៧០០​គ្រួសារ ក្នុង​សហគមន៍​បឹងកក់ ដែល​រង​ផល​ប៉ះពាល់ ផាសុកភាព នៃ​ទឹក​លិច យូរ​ខែ ខណៈ​ទឹកភ្លៀង​ធ្លាក់​មក គ្មាន​លូ​បង្ហូរ​ចេញ ព្រោះតែ​ក្រុមហ៊ុន​ស៊ូកាគូ បូម​ខ្សាច់​លុប​បឹងកក់ ហើយ​ទឹក​នោះ ហៀរ​មក​ភូមិ​ដែល​នៅ​លើ​គោក ធ្វើ​ឲ្យ​លិច​ផ្ទះ ក្លាយ​ជា​បឹង​ម្ដង​វិញ​នេះ។

លោក​បន្ត​ថា អ្នកភូមិ​បឹងកក់ មិន​ទាន់​បាន​សិទ្ធ​រស់នៅ​ស្របច្បាប់ នៅសល់​ជិត​៦០​គ្រួសារ​ទៀត ដែល​សាលា​រាជធានី​ភ្នំពេញ​កំពុង​ពិចារណា​ផ្ដល់​កម្មសិទ្ធិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។