មេ​ប៉ុស្តិ៍​ឃុំ​កំពង់ឫស្សី​ខេត្ត​ព្រៃវែង​មិន​ជួប​តំណាងរាស្ត្រ​ដើម្បី​ដោះស្រាយ​ទំនាស់​ដី​ភូមិ

0:00 / 0:00

អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង​៣​រូប បាន​ទៅ​ជួប​ជា​មួយ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ត្នោត ឃុំ​កំពង់ឫស្សី ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង ដើម្បី​ប្រជុំ និង​ត្រួត​ពិនិត្យ​ករណី​ទំនាស់​ដី​រួម​របស់​អ្នក​ភូមិ។ ក្នុង​ទំនាស់​នោះ អ្នក​ភូមិ​ចោទ​ថា អាជ្ញាធរ​បាន​លក់​ដី​រួម​របស់​ពួកគេ។ ក្រុម​អ្នក​តំណាង​រាស្ត្រ​ក៏​បាន​ព្យាយាម​ជួប​មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់ឫស្សី ក៏​ប៉ុន្តែ​មិន​បាន​លទ្ធផល​ឡើយ។

អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង​៣​រូប ខក​ខាន​មិន​បាន​ជួប​មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់ឫស្សី​នៅ​ថ្ងៃ​ទី​ ២៩ ខែ វិច្ឆិកា ដើម្បី​សួរនាំ​ពី​ដំណើរ​រឿង​ដែល​អ្នក​ភូមិ​បាន​ចោទ​ថា អាជ្ញាធរ​បាន​យក​ដី​រួម​មួយ​កន្លែង​របស់​អ្នក​ភូមិ​សម្រាប់​សង់​សាលាឆទាន យក​ទៅ​លក់​នោះ។

មិន​ត្រឹម​តែ​មិន​មាន​កិច្ច​ស្វាគមន៍​ពី​សមត្ថកិច្ច​ទេ គឺ​ថែមទាំង​មាន​ក្រុម​សមត្ថកិច្ច​​ប្រហែល​៥០​នាក់ ខ្លះ​មាន​កាំភ្លើង​ផង នៅ​ឈរ​រាំង​ផ្លូវ​នៅ​មុខ​ទ្វារ​របង ប៉ុស្តិ៍​នគរបាល​នោះ​ទៅ​វិញ។ លោក អ៊ុង ថាន អធិការ​ស្រុក​ពោធិ៍រៀង និង​លោក កែវ វណ្ណា មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់ឫស្សី មាន​វត្តមាន​នៅ​ទី​នោះ ប៉ុន្តែ​មិន​បាន​មក​ជួប​អ្នក​តំណាង​រាស្ត្រ​នោះ​ទេ ដោយ​មាន​មន្ត្រី​ប៉ូលិស​ម្នាក់​មក​ឆ្លើយ​ឆ្លង​ជា​មួយ​អ្នក​តំណាង​រាស្ត្រ៖ ប៉ូលិស៖« កម្លាំង​គឺ​ដាក់​មក​ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណឹង»។ អ្នក​តំណាងរាស្ត្រ៖ «ចុះ​ហេតុអ្វី​បាន​ជា​មេ​គាត់​មិន​មក​ជួប​ខ្ញុំ​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ដំណាង​រាស្ត្រ»។ ប៉ូលិស៖ «ឲ្យ​បង​ទៅ​ជួប​ចៅហ្វាយ​ខេត្ត​ទៅ»

ទោះជា​យ៉ាងណា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង គី​លោក ឡាក់ លិតេយ្យ មាន​ប្រសាសន៍​ថា អ្នក​តំណាង​រាស្ត្រ​ទាំង​អស់​កំពុង​តែ​ពិភាក្សា​គ្នា​ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ​ជូន​ដល់​ពលរដ្ឋ ដែល​រួម​គ្នា​ថែរក្សា​សម្បត្តិ​រួម​នៅ​ក្នុង​ភូមិ​នេះ៖ « ខ្ញុំ​មាន​សំបុត្រ​បេសកកម្ម​ពី​លោក ហេង សំរិន ដើម្បី​ហៅ​អ្នក​ដែល​ពាក់ព័ន្ធ​ហ្នឹង​ទៅ​សាលា​ខេត្ត​ដើម្បី​បំភ្លឺ។ ខ្ញុំ​នឹង​ដោះស្រាយ​តាម​ហ្នឹង ហើយ​ខ្ញុំ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា ដើម្បី​ទុក​ឲ្យ​ពួក​ខ្ញុំ​មាន​ឱកាស​ក្នុង​ការ​ដោះស្រាយ។ តែ​ខ្ញុំ​សោកស្ដាយ​ដែរ ដែល​មេ​ប៉ុស្តិ៍​ប៉ូលិស​នៅ​ក្នុង​ហ្នឹង​អត់​មាន ហើយ​គាត់​និយាយ​ថា អត់​ដឹង​ទៀត »

តាម​របាយការណ៍​របស់​មេឃុំ​កំពង់ឫស្សី បាន​សរសេរ​ថា ដី​មាន​ទំនាស់​គឺ​ជា​ដី​រួម​របស់​ភូមិ​សម្រាប់​ធ្វើ​បុណ្យ ប៉ុន្តែ​ត្រូវ​អធិការ​នគរបាល​ស្រុក​ពោធិ៍រៀង និង​ជំទប់​ទី​១​ឃុំ បាន​ឃុបឃិត​គ្នា​លក់ ទើប​បណ្ដាល​ឲ្យ​មាន​ទំនាស់​ដល់​អ្នក​ភូមិ។

អ្នក​សម្របសម្រួល​អង្គការ​អាដហុក ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អ៊ាង គឹមលី ថ្លែង​ថា ​ប្រសិន​បើ​អាជ្ញាធរ​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​គឺ​ទំនាស់​នេះ​មិន​អូស​បន្លាយ​យ៉ាង​ដូច្នេះ​ទេ៖ « ខ្ញុំ​គិត​ថា ករណី​នេះ​ជា​ករណី​ដី ប៉ុន្តែ​ដី​ហ្នឹង​បើ​យើង​មើល​ទៅ​មិន​ធំ​ទេ គឺ​ជាង​៥​អា តែ​ប៉ុណ្ណឹង​ ហើយ​ប្រជាពលរដ្ឋ​គាត់​តវ៉ា​ដោយសារតែ​មាន​អ្នក​លក់​ដី​សាលាឆទាន​រួម​របស់​ប្រជាពលរដ្ឋ។ អ៊ីចឹង​ខ្ញុំ​គិត​ថា មិន​ពិបាក​ក្នុង​ការ​ដោះស្រាយ បើ​ថ្ងៃ ទី​០៣ ខែ​ធ្នូ មាន​ការ​ជួប​ជុំ​ជា​មួយ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ព្រម​ទាំង​អ្នកតំណាងរាស្ត្រ​គឺ​ខ្ញុំ​សង្ឃឹម​ថា នឹង​អាច​រក​ដំណោះស្រាយ​បាន​ក្នុង​ករណី​ហ្នឹង »

ក្រុម​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ប្រជុំ​ជា​មួយ​អភិបាល​ខេត្ត​ព្រម​ទាំង​អ្នក​ដែល​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​របស់​ពលរដ្ឋ​ទូទាំង​ខេត្ត​ព្រម​ទាំង​ករណី​ជម្លោះ​ដីធ្លី​នៅ​ឃុំ​កំពង់ឫស្សី​នេះ ផង​នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៤ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។