អ្នក​ជាប់ឃុំ​ព្រោះ​តវ៉ា​រឿង​ផ្ទះ​លិច​ទឹក​ធ្វើ​យុទ្ធនាការ​បង្អត់​អាហារ​ក្នុង​គុក​ព្រៃ​ស

0:00 / 0:00

សកម្មជន​ការពារ​ដីធ្លី ជា​ស្ត្រី ក្នុងចំណោម​ព្រះសង្ឃ និង​សកម្មជន​គណបក្ស​នយោបាយ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​ដាក់​ពន្ធនាគារ កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ បាន​ចាប់​ផ្ដើម​បង្អត់​អាហារ​នៅ​ក្នុង​គុក​មួយថ្ងៃ ប្រឆាំង​សាលក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ទាមទារ​ឲ្យ​តុលាការ​ពិចារណា ទម្លាក់​បទ​ចោទ​នេះ​ចេញ។ យុទ្ធនាការ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល ព្រះ សង្ឃ សកម្មជន​ដីធ្លី និង​អង្គការ​សង្គម​ស៊ីវិល ប្រមាណ​២​រយ​នាក់ ទទូច​ឲ្យ​រដ្ឋាភិបាល ដោះលែង​អ្នក​ជាប់ឃុំ​ទាំង ១៩​នាក់​ឲ្យ​មាន​សេរីភាព​វិញ។

នេះ​ជា​លើកទីមួយ​ហើយ ដែល​សកម្មជន​ដីធ្លី​ធ្វើ​យុទ្ធនាការ ប្រកាស​បង្អត់​អាហារ​នៅ​ក្នុង​គុក ចាប់​តាំង​ពី​សាលក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ប្រឆាំង សកម្មភាព​សុំ​សិទ្ធិ​រស់នៅ​ដោយ​សមរម្យ កាលពី ៣​សប្ដាហ៍​កន្លង​ទៅ​នេះ។

ការ​បង្អត់​អាហារ​ពេញ​មួយថ្ងៃ នៅ​ថ្ងៃ​ទី ៣០ វិច្ឆិកា នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​យុទ្ធនា​ការ​ទាមទារ សុំ​ឲ្យ​ដោះលែង ព្រះសង្ឃ សកម្មជន​ដីធ្លី និង​សកម្មជន​គណបក្ស​នយោបាយ ឈាន​ចូល​ដល់​សប្ដាហ៍​ទី​បី ដែល​ពុំ​ទទួល​បាន​លទ្ធផល។

ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ផង និង និយាយ​ផង នៅ​ខាង​មុខ​មណ្ឌល​កែប្រែ ម​១ នៃ​ពន្ធនាគារ​ព្រៃ​ស ថា អ្នក​ជាប់ឃុំ​ជា​ស្ត្រី បាន​ព្រមាន​នៅ​ក្នុង​គុក​ថា លើក​នេះ អត់​អាហារ​មួយថ្ងៃ ហើយ​លើក​ក្រោយ​នឹង​បន្ត​បង្អត់​អាហារ​ទៀត រហូត​ប៉ះពាល់​អាយុជីវិត បើ​ការ​ទាមទារ​នេះ នៅ​មិន​ទទួល​បាន​យុត្តិធម៌​ទេ។

ស្ទើរ​ពេញ​មួយ​ព្រឹក នៅ​ថ្ងៃ​ទី ៣០ វិច្ឆិកា សកម្មជន​ដីធ្លី ព្រះសង្ឃ និង​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ផង ប្រមាណ ២​រយ​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ដូច​សព្វដង នៅ​ខាង​មុខ​មណ្ឌល​កែប្រែ ម​១ និង ម​២។ ការ​តវ៉ា​លើក​នេះ ហាក់​រាង​ប្លែក​ពី​លើក​មុនៗ​បន្តិច ដែល​កាលណោះ ក្រុម​អ្នក​តវ៉ា បាន​យក​រូប​ចៅក្រម និង​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​មួយ​ចំនួន ដុត​លាយ​ជាមួយ​អំបិល និង​ម្ទេស​ស្រស រួច​ដាក់​ដាក់​បណ្ដាសា។ក៏ប៉ុន្តែ​លើក​នេះ ខុស​នៅ​ត្រង់​ថា អ្នក​តវ៉ា​បាន​រៀប​ចំ​ពិធី​ខួបកំណើត កូន​របស់​លោកស្រី ទេព វន្នី នៅ​ខាង​មុខ​មណ្ឌល​កែប្រែ​ម​១​តែ​ម្ដង។

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ឃ្លាំមើល​ការ​ចាប់​ខ្លួន​នេះ យ៉ាង​ដិតដល់​យល់​ឃើញ​ថា ការ​ចាប់​និង​ឃុំខ្លួន នេះ​ជា​ល្បិច​នយោបាយ​របស់​គណបក្ស​កាន់អំណាច ដើម្បី​ដាក់​សម្ពាធ​ឲ្យ​គណបក្សប្រឆាំង ទម្លាក់​ការ​ទាមទារ រឿង​ការ​បង្កើត គ.ជ.ប ថ្មី ប៉ុណ្ណោះ។

លោក អំ សំអាត មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់​នៃ​អង្គការ​លីកាដូ ចាត់ទុកថា នេះ​ជា​យុទ្ធសាស្ត្រ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គំរាម​ដល់​អ្នក​តវ៉ា​ដទៃ​ទៀត ដោយហេតុថា សកម្មជន​តវ៉ា​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំងនេះ គឺជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ការអនុវត្ត​គោលនយោបាយ។ លោក អំ សំអាត មើល​មិន​ឃើញ​ទាល់តែសោះ​ថា អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ទាំងនោះ មាន​បទល្មើស ត្រូវ​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ ក្រៅពី​ហេតុផល​តែ​ម្យ៉ាង គឺ​ចង់​កេង​ចំណេញ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ​នោះ។

ដោយឡែក លោក ណៃ វង់ដា មន្ត្រី​ការពារ​សិទ្ធិមនុស្ស សមាគម​អាដហុក វិញ​យល់​ឃើញ​ថា ដើម្បី​ទប់ទល់​ការ​ចង់​បាន​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ រឿង​ការកែទម្រង់ គ.ជ.ប ថ្មី គណបក្ស​កាន់អំណាច ត្រូវ​អនុវត្ត​គោលនយោបាយ​ដូចនេះ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​មើល​ឃើញ​រួចជាស្រេច​ទៅ​ហើយ​ថា អ្នក​ត្រូវ​ចាប់ខ្លួន​ទាំងនេះ គឺ​សុទ្ធ​សឹង​ជា​សន្លឹក​បៀរ​ដែល​អាច​យក​ប្រៀប​លើ​គណបក្សប្រឆាំង​បាន។ ជាពិសេស​ដើម្បី​ចាប់​បង្ខំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទន់​ឥរិយាបថ ក្នុង​ការ​ទាមទារ​បាន​ខ្លះ។

បើ​ទោះ​ជា​យ៉ាងណា កាល​ពី​ពេល​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ហើយ​ថា ការ​ចាប់​ខ្លួន​អ្នក​ដែល​បិទ​ផ្លូវ ឬ អ្នក​ផ្សេង​ទៀត​នេះ វា​មិន​ជាប់​ទាក់ទិន​រឿង​នយោបាយ​ឡើយ ក៏ប៉ុន្តែ​ថា​នេះ គឺជា​បទល្មើស ហើយ​រដ្ឋាភិបាល​ក៏​ពុំ​មាន​សិទ្ធិ​ណាមួយ​នោះ​ទៀត​ផង ក្នុង​ការ​បង្គាប់បញ្ជា​លើ​តុលាការ។

នៅមុន​ពិធី​រំសាយ​ម៉ោង ជិត ១២ ថ្ងៃត្រង់ ពោល​គឺ​ចាប់ពី​ព្រឹក​ថ្ងៃ អាទិត្យ ក្រៅពី​ក្រុម​អ្នក​អ្នក​តវ៉ា បាន​រៀបចំ​ពិធី តាម​បែប​ព្រះពុទ្ធសាសនា​ហើយ ក្នុង​នោះ​ក៏​មាន​ការសូត្រ​កំណាព្យ ច្រៀង​ចម្រៀង​ដែល​និយាយ​ពី​ការ ប្រើ​អំណាច​របស់​រដ្ឋាភិបាល ប្រឆាំង​ពលរដ្ឋ ដែល​ហ៊ាន​តស៊ូ​ដើម្បី​សិទ្ធិ​រស់នៅ​ដោយ​សមរម្យ​។ បើ​ទោះ​ជា​បែប​ណា ការ​តវ៉ា​នេះ ពុំ​មាន​ការ​បង្ក្រាប ឬ​ទប់ស្កាត់​ការ​ជួបជុំ​ឡើយ។ កម្លាំង​មាន​សមត្ថកិច្ច​មួយ​ចំនួន ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ឃ្លាំមើល ប៉ុណ្ណោះ ។

យ៉ាងណា​មន្ត្រី​ការពារ​សិទ្ធិមនុស្ស សមាគម​អាដហុក លោក ណៃ វង់ដា ដែល​ចុះ​ឃ្លាំមើល​សកម្មភាព​នេះ យល់​ឃើញ​ថា កម្លាំង​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ វា​ហាក់​នៅ​ស្ដួចស្ដើង​នៅឡើយ។ លោក​ថ្លែង​ថា ដើម្បី​ជំរុញ​ឲ្យ​រឿង​នេះ កាន់​តែ​មាន​សម្ពាធ​ដល់​រដ្ឋាភិបាល គប្បី​មាន​អ្នកចូលរួម​ច្រើនជាង​នេះ​។​បន្ថែម​ពីលើ​នេះ​លោក អះអាង​ថា អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ដីធ្លី នឹង​ធ្វើ​ញត្តិ​រួមគ្នា ក្នុង​ពេល​ខាងមុខនេះ មុន​នឹង​ធ្វើ​យុទ្ធនាការ​ហែ​ជា​ក្បួន ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ទាំងនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។