តុលាការកំពូលនៅថ្ងៃទី២៦ ខែកុម្ភៈ បានសម្រេចឲ្យសកម្មជនបឹងកក់ ចំនួន២នាក់ គឺលោកស្រី ង៉ែត ឃុន ហៅយាយម៉ាំមី និងលោកស្រី ឆេង លាភ ឲ្យរួចពីការចោទប្រកាន់ពីបទ «គំរាមកំហែងថានឹងសម្លាប់» ពាក់ព័ន្ធនឹងពលរដ្ឋ នៅបឹងកក់ បាននាំគ្នាតវ៉ាដកលោកស្រី លី មុំ ចេញពីតំណាងសហគមន៍ ក្រោយរកឃើញថា លោកស្រី លី មុំ គប់គិតជាមួយក្រុមហ៊ុនស៊ូកាគូ (Shukaku) របស់លោកឧកញ៉ា ឡាវ ម៉េងឃីន ជាសមាជិកព្រឹទ្ធសភារបស់បក្សកាន់អំណាច ដែលបានរំលោភយកដីធ្លីផ្ទះសម្បែងរបស់ពួកគាត់ កាលពីឆ្នាំ២០១២។
សកម្មជនដីធ្លីនៅតំបន់បឹងកក់ លោកស្រី ង៉ែត ឃុន ហៅយាយម៉ាំមី ដែលមានវ័យ ៨៣ឆ្នាំ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ កុម្ភៈ ថា លោកស្រីមិនបានចូលរួមស្ដាប់ការប្រកាសសាលដីការបស់តុលាការកំពូលនោះទេ ដោយទទួលដំណឹងពីការទម្លាក់ការចោទប្រកាន់ពីមេធាវី។
លោកស្រីមិនបានភ្ញាក់ផ្អើលចំពោះការសម្រេចរបស់តុលាការនេះទេ ព្រោះលោកស្រី មិនបានធ្វើដូចការចោទប្រកាន់ឡើយ ប៉ុន្តែលោកស្រីអះអាងថា លោកស្រីជាជនរងគ្រោះ នៃអំពើហិង្សា ដែលត្រូវបានគេគប់ដោយដុំថ្មបណ្ដាលឲ្យរងរបួសត្រង់ក្បាល។ លោកស្រីស្នើដល់តុលាការស្វែងរកជនបង្កមកទទួលទោសតាមច្បាប់។
លោកស្រី ង៉ែត ឃុន៖ «ខ្ញុំចង់សំណូមពរថា ចង់ដឹងថា ប្រព័ន្ធតុលាការហ្នឹងយុត្តិធម៌ឯករាជឲ្យបានសន្តិភាពពិតប្រាកដ បើសិនជាអីចឹងមែន ខ្ញុំចង់សំណូមពរឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រកមុខអ្នកវៃប៉ងសម្លាប់ខ្ញុំហ្នឹង បែកក្បាលហ្នឹង ខ្ញុំចង់ឲ្យលោក ហ៊ុន ម៉ាណែត រកភាពយុត្តិធម៌ឲ្យខ្ញុំផង»។
កាលពីថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៣កន្លងទៅ សាលាឧទ្ធរណ៍ភ្នំពេញបានរក្សាការចោទប្រកាន់លើសកម្មជនដីធ្លីបឹងកក់ល្បីឈ្មោះលោកស្រី ទេព វន្នី លោកស្រី ង៉ែត ឃុន និងលោកស្រី ឆេង លាប រួមទាំងស្ត្រីបឹងកក់ ៣នាក់ផ្សេងទៀត ទុកជាបានការដដែល ពាក់ព័ន្ធនឹងសំណុំរឿងជេរប្រមាថជាសាធារណៈ និងគំរាមកំហែងថា នឹងសម្លាប់។ ដើមបណ្ដឹងនៃសំណុំរឿងនេះ គឺជាអតីតតំណាងសហគមន៍បឹងកក់ម្នាក់ គឺលោកស្រី លី មុំ ។ ពួកគាត់អះអាងថា មូលហេតុ ដែលលោកស្រី លី មុំ ប្ដឹងពួកគាត់ហើយតុលាការ ចាត់វិធានការយ៉ាងអយុត្តិធម៌នេះ បន្ទាប់ពីពួកគាត់ រួមទាំងពលរដ្ឋនៅបឹងកក់ផ្សេងទៀត នាំគ្នាតវ៉ាដកលោកស្រី លី មុំ ចេញពីតំណាងសហគមន៍ ក្រោយរកឃើញថា លោកស្រី លី មុំ គប់គិតជាមួយក្រុមហ៊ុនស៊ូកាគូ (Shukaku) របស់លោកឧកញ៉ា ឡាវ ម៉េងឃីន ជាសមាជិកព្រឹទ្ធសភារបស់បក្សកាន់អំណាច ដែលបានរំលោភយកដីធ្លីផ្ទះសម្បែងរបស់ពួកគាត់។ សំណុំរឿងនេះ កាលពីខែសីហា ឆ្នាំ២០១៨ តុលាការក្រុងភ្នំពេញ បានកាត់ទោសឲ្យពួកគាត់ទាំង៦នាក់ជាប់ពន្ធនាគារ ៦ខែ ប៉ុន្តែព្យួរទោសពោលគឺពុំត្រូវជាប់ឃុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។