ប្រជាពលរដ្ឋដែលកំពុងរស់នៅពឹងផ្អែកលើមុខរបរនេសាទ នៅស្រុកបុទុមសាគរ ខេត្តកោះកុង អះអាងថា ក្រុមហ៊ុន អេសវី អ៊ែសេត (SV Asset) បន្តលួចបូមខ្សាច់នៅពេលយប់ធ្វើឲ្យផលប៉ះពាល់ដល់មុខរបរនេសាទរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។
សហគមន៍តានូន៖ អាជ្ញាធរ «មិនបានចុះបង្ក្រាប»
តំណាងសហគមន៍តានូន លោក សំ ធី បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែកុម្ភៈ ថា ក្រុមហ៊ុន អេសវី អ៊ែសេត នៅតែលួចធ្វើអាជីវកម្មបូមខ្សាច់ជារៀងរាល់យប់ធ្វើឲ្យបង្កផលប៉ះពាល់ដល់បរិស្ថាន និងមុខរបរនេសាទរបស់ប្រជាពលរដ្ឋរស់នៅតំបន់នោះ។ លោកថា អាជ្ញាធរពាក់ព័ន្ធត្រូវតែចុះសិក្សាស្រាវជ្រាវឲ្យបានហ្មត់ចត់ និងត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឹងទៅលើក្រុមហ៊ុនមួយនេះ បើពុំដូច្នោះទេ ប្រជាពលរដ្ឋជាង៣០០គ្រួសារ ដែលរស់ពឹងផ្អែកលើមុខរបរនេសាទ នឹងប្រឈមបាត់បង់មុខរបរមួយនេះ ហើយធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែធ្លាក់ក្រីក្រជាងមុខទៅទៀត។
លោក សំ ធី៖ «ទង្វើទាំងនេះវារំខានដល់ការនេសាទនៅចំណុចបងប្អូនទាំងអស់គ្នាដែលកំពុងនេសាទនោះ វាបាត់បង់ធនធានជាច្រើនត្រីសាច់មិនបានចូលមកដល់ក្នុងដើម្បីឲ្យប្រជាពលរដ្ឋយើងបាននេសាទ អ្នកប្រព្រឹត្តក៏មិនស្ដាប់ប្រជាពលរដ្ឋ អាជ្ញាធរក៏មិនបានចុះមកគិតគូរប្រជាពលរដ្ឋទាំងអស់ធ្វើឲ្យពួកខ្ញុំបារម្ភជាខ្លាំង»។
ប្រជាពលរដ្ឋជាង៣០០ គ្រួសារដែលកំពុងរស់នៅពឹងផ្អែកលើមុខរបរនេសាទ សុទ្ធសឹងតែជាពលរដ្ឋរងគ្រោះដីធ្លីដែលក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ឬយូឌីជី (UDG) បានរំលោភយកដីធ្លី ផ្ទះសម្បែងរបស់ពួកគាត់ ហើយបច្ចុប្បន្នសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនក៏កំពុងបំផ្លិចបំផ្លាញមុខរបររបស់ពួកគាត់ថែមទៀត។ ពលរដ្ឋស្នើឲ្យអាជ្ញាធរជួយទប់ស្កាត់ និងឈប់ផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មបូមខ្សាច់នៅតំបន់នេះតទៅទៀត។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា និងអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង បានទេ នៅថ្ងៃទី១៦ ខែកុម្ភៈ ដោយសារទូរស័ព្ទចូលច្រើនដងតែគ្មានអ្នកទទួល។ ចំណែកតំណាងក្រុមហ៊ុន អេសវី អ៊ែសេត ក៏វិទ្យុអាស៊ីសេរី មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានចុះហត្ថលេខាលើលិខិតមួយច្បាប់ ដោយយល់ព្រមឲ្យក្រុមហ៊ុន អេសវី អ៊ែសេត ធ្វើអាជីវកម្មបូមខ្សាច់លើផ្ទៃសមុទ្រចំនួន២៩ហិកតារ ស្ថិតនៅភូមិសាស្ត្រឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង ហើយបានតម្រូវឲ្យក្រុមហ៊ុនត្រូវសិក្សាពីផលប៉ះពាល់បរិស្ថាន និងត្រូវពិគ្រោះយោបល់ជាមួយសហគមន៍នៅតំបន់នោះជាមុនសិន។ ក្នុងលិខិតដដែលក៏បានបញ្ចាឲ្យក្រុមហ៊ុន បោះតម្រុយ ឬស្លាកសញ្ញាសម្គាល់ព្រំប្រទល់ឲ្យបានច្បាស់លាស់ជាមុនសិន មុនដំណើរការអាជីវកម្ម ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនមួយនេះមិនបានធ្វើតាមលក្ខខណ្ឌរបស់ក្រសួងរ៉ែ និងថាមពល ឡើយ។
អ្នកដែលប្រព្រឹត្តជា«សាច់ញាតិ»របស់មន្ត្រីនៅខេត្តកោះកុង
សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន កញ្ញា លឹម គីមសួរ លើកឡើងថា ការធ្វើអាជីវកម្មបូមខ្សាច់នៅក្នុងខេត្តកោះកុង វាមិនមែនជាលើកទីមួយនោះទេ ហើយក្រុមហ៊ុនឯកជនទាំងនោះតែងតែបង្កផលប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋរស់នៅតំបន់នោះ ចំណែកអាជ្ញាធរពាក់ព័ន្ធវិញមិនបានយកចិត្តទុកដាក់ ត្រួតពិនិត្យ ឬមានវិធានការអ្វីទៅលើក្រុមហ៊ុនទាំងអស់នេះឡើយ។
កញ្ញា លឹម គីមសួរ៖ «ខ្ញុំមិនមានជំនឿទៅលើមន្ត្រីនៅខេត្តកោះកុង និងមន្ត្រីដែលពាក់ព័ន្ធទេ ប៉ុន្តែខ្ញុំជឿជាក់ទៅលើពលរដ្ឋនៅខេត្តកោះកុងថា នៅពេលដែលគាត់ឃើញមាន គាត់ត្រូវផ្សព្វផ្សាយជាសាធារណៈដើម្បីឲ្យអាជ្ញាធរគាត់បានឃើញ និងមហាជនបានឃើញជួយបញ្ចេញមតិ ពីព្រោះបច្ចុប្បន្ននេះអ្នកដែលប្រព្រឹត្តភាគច្រើនសុទ្ធតែសាច់ញាតិ បងប្អូន ឬក៏ជាមន្ត្រីផ្ទាល់ជាអ្នកបង្កើតក្រុមហ៊ុនបូមខ្សាច់នេះ»។
រហូតមកដល់ពេលនេះមិនមានរបាយការណ៍ណាមួយបង្ហាញពីឈ្មោះម្ចាស់ក្រុមហ៊ុន អេសវី អ៊ែសេត នេះឡើយ ប៉ុន្តែពលរដ្ឋសង្ស័យថា ក្រុមហ៊ុននេះគឺជាកម្មសិទ្ធិរបស់ប្រធានសមាគមឧកញ៉ាកម្ពុជា និងជាសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា អ្នកឧកញ៉ា លី យ៉ុងផាត់។
ព័ត៌មានដែលទាក់ទង៖
ពលរដ្ឋនៅខេត្តកោះកុង ស្នើឲ្យរដ្ឋាភិបាលដកអាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុន SV Asset
ពលរដ្ឋព្រួយបារម្ភពីអាជីវកម្មបូមខ្សាច់នៅខេត្តកោះកុងនឹងធ្វើឲ្យប៉ះពាល់បរិស្ថាន និងមុខរបរពលរដ្ឋ
យុវជនចលនាមាតាធម្មជាតិទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការបូមខ្សាច់នៅតំបន់កោះកាពិ ខេត្តកោះកុង
ទោះជាយ៉ាងណា ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា លី យ៉ុងផាត់ បានបដិសេធថា លោកមិនមានក្រុមហ៊ុនរកស៊ីបូមខ្សាច់នៅតំបន់ខេត្តកោះកុងនោះទេ ប៉ុន្តែលោកទទួលស្គាល់ថា ក្រុមហ៊ុនទាំងនោះ បានបូមខ្សាច់យកទៅលក់ឲ្យក្រុមហ៊ុនរបស់លោកមែន។
អ្នកឧកញ៉ា លី យ៉ុងផាត់៖ «មិនមែនរបស់ខ្ញុំទេ ខ្ញុំមានរកស៊ីបូមខ្សាច់ឯងណា មិនមែនរបស់ខ្ញុំទេ មិនមែនទេ មានគេបូមមកលក់ឲ្យខ្ញុំបានមាន បើខ្ញុំទៅបូមអត់មានទេ»។
បើទោះជាបែបនេះក្ដី ពលរដ្ឋស្នើឲ្យរដ្ឋាភិបាលចុះពិនិត្យ និងដកអាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុន អេសវី អ៊ែសេត នេះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។