រឿងរ៉ាវ​ចម្រូងចម្រាស​ដែល​ពិភពលោក​ភ្ញាក់ផ្អើល​ពេល​កម្ពុជា​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ២០២២

0:00 / 0:00

អាណត្តិ​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ជាលើកទី៣​របស់​កម្ពុជា​ក្នុងឆ្នាំ២០២២ នេះ នឹង​ត្រូវ​បិទ​បញ្ចប់​ជា​ផ្លូវការ​ហើយ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ។ យ៉ាង​ហោច​ណាស់ មាន​រឿងរ៉ាវ​ចម្រូងចម្រាស​លេច​ធ្លោរ​ចំនួន៣ ដែល​កម្ពុជា​បាន​ធ្វើ​ឱ្យ​ពិភពលោក​ចងចាំ និង​ភ្ញាក់ផ្អើល​ក្នុងរយៈពេល​ពេញ​មួយ​ឆ្នាំ​នៃ​ការដឹកនាំ​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​របស់​កម្ពុជា​លើក​នេះ។

តើ​រឿងរ៉ាវ​ចម្រូងចម្រាស​លេច​ធ្លោរ​ទាំង៣​ ដែល​កម្ពុជា​បាន​ធ្វើ​ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​លើក​នេះ មាន​អ្វីខ្លះ?

ស្ទើរ​តែ​ក្លាយ​ជា​ប្រពៃណី​ទៅ​ហើយ​ដែល​នៅ​រៀងរាល់​ពេល​កម្ពុជា​ទទួល​បាន​ឱកាស​ធ្វើជា​ប្រធាន​ប្តូរវេន​អាស៊ាន​ម្តងៗ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល។

សម្រាប់​លោក ហ៊ុន សែន ការដឹកនាំ​អាស៊ាន​របស់​កម្ពុជា​លើក​នេះ គឺជា​មោទនភាព៖ « ឆ្នាំនេះ​យើង​ធ្វើ​ជា​ប្រធាន​អាស៊ាន ការងារ​ច្រើន​ណាស់។ ក៏ប៉ុន្តែ កម្ពុជា​​ក៏​ទទួល​បាន​នូវ​កិត្តិយស​សម្រាប់​កិច្ចការ​ដ៏​សំខាន់​មួយ​នេះ​បន្ទាប់ពី​យើង​គ្រប់គ្រង​បាន​កូវីដ យើង​បាន​បើក​ប្រទេស​ឡើង​វិញ ... ។ កម្ពុជា​បាន​ដើរ​តួនាទី​ទទួលខុសត្រូវ​ក្នុង​ការ​សម្របសម្រួល​ឱ្យ​ចេញ​រួច​នូវ​ឯកសារ​ចំនួន ១០១​ឯកសារ​នៃ​ការ​ប្រជុំ​កំពូល។ បើ​បូក​ទាំង​ឯកសារ​ ដែល​រដ្ឋមន្ត្រី​ការបរទេស​ចេញ​ចំនួនប្រមាណជា ៣០ឯកសារ​ទៀត យើង​សម្រេច​បាន​នូវ​ឯកសារ​រហូត​ទៅ​ដល់ ១២០ ឬ ១៣០ឯកសារ ដែល​រឿង​មិន​តូចតាច​ទេ ...»

ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា បាន​ព្យាយាម​យក​បញ្ហា​​ថ្កោលទោស​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី (Russia) នៅ​អ៊ុយក្រែន (Ukraine) ធ្វើ​ជា​ឈ្នាន់​ជួយ​សម្រួល​រូបភាព​នៃ​ការ​ដឹកនាំ​អាស៊ាន​របស់​លោក។

ក៏ប៉ុន្តែ នៅ​ចំពោះ​មោទនភាព​ដែល​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​សម្រេច​បាន​និង​នាំ​មក​នូវ​កិត្តិយស​ខ្ទរខ្ទារ​នេះ កម្ពុជា​របស់​លោក​ក៏​បាន​បន្សល់​ទុក​នូវ​កេរដំណែល​ចម្រូងចម្រាស​ចំនួន៣ ដែល​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​មិន​តិច​ទេ។

លើក​នេះ​ក៏​មិន​ខុស​ពី​លើក​មុន​ដែរ។ ការ​ភ្ញាក់ផ្អើល​ទីមួយ​ដ៏​លេច​ធ្លោរ​ជាងគេ​នោះ គឺ​គ្មាន​អ្វី​ក្រៅពី​កម្ពុជា​បន្ត​ធ្វើ​ជា​កូនអុក​របស់​ចិន​សម្រាប់​តំបន់​អាស៊ាន​ទាំងមូល។ បើ​ទោះ​ជា​ការ​ធ្វើ​ជា​កូនអុក​របស់​ចិន​លើក​នេះ មិន​ឈាន​រហូត​ដល់​ថ្នាក់​កម្ពុជា​យក​អាស៊ាន​ទាំងមូល​ធ្វើជា «ចំណាប់ខ្មាំង» ក្នុង​រឿងរ៉ាវ​ជម្លោះ​ដណ្តើម​អធិបតេយ្យ​លើ​ប្រជុំ​កោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ក៏ដោយ ក៏​រឿងរ៉ាវ​ចម្រូងចម្រាស​ប្រហាក់ប្រហែល​គ្នា​នេះ បាន​កើត​មាន​ឡើង។

ជាក់ស្តែង នៅ​មុន​ពេល​បញ្ចប់​តំណែង​ជា​ប្រធាន​ប្តូរវេន​អាស៊ាន លោក ហ៊ុន សែន មិន​ភ្លេច​ឡើយ​ជួយ​ឡង់សេ​ផ្សាយពាណិជ្ជកម្ម​ឱ្យ​ចិន ដោយ​លោក​ជំរុញ​ឱ្យ​តំបន់​អាស៊ាន​ទាំងមូល​បង្កើន​ទំនាក់ទំនង​ជាមួយ​ប្រទេស​នេះ​កាន់តែ «ស៊ីជម្រៅ» បន្ថែម​ទៀត។

លោក ហ៊ុន សែន ៖«អាស៊ាន និង​ចិន ចាំ​បាច់​បាច់​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ឱ្យ​កាន់​តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ជាពិសេស​លើ​ការ​ពន្លឿន​ការ​ធ្វើ​សមាហរណកម្ម​សង្គម-សេដ្ឋកិច្ច ការ​លុបបំបាត់​របាំង​ពាណិជ្ជកម្ម ការ​ពង្រឹង​ភាព​ធន់​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​ផលិតកម្ម​ក្នុង​តំបន់ ព្រមទាំង​ការ​ចាប់​យក​នូវ​កាលានុវត្តភាព​ថ្មីៗ ពី​សេដ្ឋកិច្ច​ឌីជីថល កំណើន​បៃតង អន្តរកាល​ថាមពល និង​ការ​បង្កើន​សមត្ថភាព​សហគ្រាស​មីក្រូ ធុន​តូច និង​មធ្យម(MSMEs)ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ចន្ទល់​កំណើន​សេដ្ឋកិច្ច​ក្នុង​គន្លង​ប្រក្រតី​ភាព​ថ្មី និង​ជាពិសេស​ការ​ប្រកាន់​ខ្ជាប់​នូវ​អភិក្រម​ពហុភាគី​និយម ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​នានា»។

រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​ចិន​មិន​ទាន់​បញ្ចប់​ត្រង់​នេះ​ទេ។ ទំនង​ជា​ចង់​ស្អំ​ចិត្ត​ក្រុម​មេដឹកនាំ​អាស៊ាន និង​ពិភពលោក​ដែល​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​លើក​នេះ លោក ហ៊ុន សែន បាន​ចាត់ចែង​ឱ្យ​ផលិត​នាឡិកា​ប្រណីត​អាស៊ាន​ចំនួន ២៥គ្រឿង សម្រាប់​ទុក​ចែក​ជា​វត្ថុ​អនុស្សាវរីយ៍​ជូន​ក្រុម​មេដឹកនាំ​ពិភពលោក​ទាំងនេះ។ លោក ហ៊ុន សែន ទំនងជា​ក្លាយជា​មេដឹកនាំ​អាស៊ាន​ទីមួយ​ហើយ ​ដែល​ហ៊ាន​ចំណាយ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​វត្ថុ​អនុស្សាវរីយ៍​ទាំងនេះ។ បើ​តាម​លោក នាឡិកា​ទាំងនេះ មាន​តម្លៃ​សរុប​ប្រមាណ​កន្លះ​លាន​ដុល្លារ ឬ​ស្មើ​នឹង ២ម៉ឺន​ដុល្លារ​ក្នុង​មួយ​គ្រឿង។ លោក​អះអាង​ថា លោក​មិន​បាន​ប្រើប្រាស់​ថវិកាជាតិ​សម្រាប់​ផលិត​នាឡិកា​ទាំង​នេះ​ទេ តែ​ជា​ថវិកា​បាន​មក​ពី​ក្រុមហ៊ុន​ឯកជន​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ។ ទោះ​យ៉ាង​ណា នាឡិកា​ទាំងនេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន ព្រីនស៍ ហូរ៉ូឡូជី (Price Horology) ដែល​មាន​ឬស​គល់​ចេញ​មក​ពី​ក្រុមហ៊ុន​ចិន។

រឿង​ចម្រូងចម្រាស​ភ្ញាក់ផ្អើល​ទីពីរ គឺ​លោក ហ៊ុន សែន បាន​នាំ​ចេញ​សារ​គំរាមកំហែង​ដល់​ពលរដ្ឋ​អឺរ៉ុប​ដើម​កំណើតខ្មែរ​ដែល​ហ៊ាន​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​លោក។ លោក​បាន​ថ្លែង​សារ​គំរាម​នេះ​ចេញ​ពី​ទីក្រុង​ព្រុចសែល (Brussels) នៃ​ប្រទេស​ប៊ែលហ្សិក (Belgium) ជា​បេះដូង​ប្រជាធិបតេយ្យ​នៃ​អឺរ៉ុប ​ក្នុង​ពេល​ដែល​លោក​ទៅ​ចូលរួម​ដឹកនាំ​ធ្វើ​ជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​លើក​ទី៤៥​ នៃ​ទំនាក់ទំនង​អាស៊ាន-សហភាព​អឺរ៉ុប នៅ​ទីក្រុង​ព្រុចសែល។

លោក ហ៊ុន សែន ៖«មក​ប្រមូល​គ្នា​មក​អឺរ៉ុប​មក។ ពួក​យើង​ក៏​ចាំ​ថត​ដែរ ចាំ​មើល​វា​បាន​ប៉ុន្មាន?ហើយ​ថត​ឱ្យ​បាន​មុខ​ទៀត​មើល ស្រណុក​ស្រួល​យក​ទៅ​បិទ​នៅ​ពោធិ៍ចិនតុង។ ធ្វើ​អ៊ីចឹង​មិនមែន​គំរាម​មិន​ឱ្យ​ចូល​ស្រុក​អី​ទេ ប៉ុន្តែ​ចង់​ដឹង​មុខ​អ្នក​ឯង ហើយ​ក៏​ចង់​តាម​រក​គ្រួសារ​អ្នកឯង​នៅ​ស្រុក​ខ្មែរ តើ​វា​ម៉េច​ទៅ​ហើយ»។

ក្រៅ​ពី​ភាព​ចម្រូងចម្រាស​នៅ​អឺរ៉ុប​នេះ នៅ​ឯ​ទឹកដី​អាមេរិក​ឯណោះ​វិញ លោក​ក៏​បាន​បន្សល់​ទុកនូវ​ភាព​ចម្រូងចម្រាស​មួយ​ទៀត​ដែល​ក្លាយ​ជា​សុបិន​អាក្រក់​ដិតដាម​តំណែង​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​របស់​លោក។ នោះ​គឺ​លោក​បាន​បំបែក​ឯកត្តកម្ម​ក្លាយជា​មេដឹកនាំ​អាស៊ាន​ដំបូង​គេ​បង្អស់​ដែល​ទទួល​បាន​រង្វាន់​នៃ​ការ​គប់ស្បែក​ជើង​តម្រង់​ក្បាល​របស់​លោក ក្នុង​ពេល​ដែល​លោក​ទៅ​ចូលរួម​ដឹកនាំ​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-សហរដ្ឋអាមេរិក។ លោក ហ៊ុន សែន ឆ្លើយ​តប​រឿង​នេះ ដោយ​គំរាម​មេ​បក្ស​ប្រឆាំង​ក្នុង​ស្រុក​ថា ពួកគេ​អាច​ទទួល​នូវ​រឿងរ៉ាវ​ស្រដៀង​គ្នា​នេះ​នៅ​កម្ពុជា​ ប្រសិនបើ​ពួក​គេ​​ចាត់ទុក​ថា អំពើ​គប់ស្បែក​ជើង​នេះ​គឺជា «សេរីភាព​នៃ​ការ​បញ្ចេញ​មតិ»។

រឿងរ៉ាវ​ចម្រូងចម្រាស​ចុងក្រោយ​ដែល​ដិត​ដាម​កេរដំណែល​កម្ពុជា​ ក្នុង​នាម​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ក្នុងឆ្នាំ២០២២ នេះ គឺ​ការ​ចាត់ចែង​ដោះស្រាយ​បញ្ហា​ភូមា (Burma) ឬ​មីយ៉ាន់ម៉ា (Myanmar) មិនបាន​សម្រេច ទាំង​ដែល​លោក​មិន​អាច​ដោះស្រាយ​បញ្ហា​វិបត្តិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ស្រុក​ខ្លួន​ឯង។ លោក​បាន​ក្លាយ​ជា​មេដឹកនាំ​ក្នុង​តំបន់​ដំបូង​គេ​ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​មេដឹកនាំ​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ភូមា ក្នុងពេលដែល​ពិភពលោក​កំពុង​ថ្កោលទោស​ក្រុម​មេដឹកនាំ​យោធា​ភូមា​ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ លោក​ថែម​ទាំង​ឆ្លៀត​ឱកាស​នោះ សណ្ដោង​កូនៗ​ របស់​លោក​ទៅ​ជួប​ផ្ទាល់​ជាមួយ​ក្រុម​មេដឹកនាំ​យោធា​ភូមា ដើម្បី​ឈាន​ទៅ​បង្កើន​កិច្ចសហការ​បណ្តុះបណ្តាល​កង​កម្លាំង​ពិសេស​ទៅវិញ​ទៅមក។ ការណ៍​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ដើម្បី «ពង្រឹង​អំណាច​ផ្ដាច់ការ» នៅ​ក្នុង​តំបន់។ ដំណើរ​ទស្សនកិច្ច​ដ៏​ចម្រូងចម្រាស​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ឱ្យ​តំបន់​អាស៊ាន​បែក​បាក់​គ្នា​ជុំវិញ​បញ្ហា​វិបត្តិ​ភូមា ហើយ​ការដឹកនាំ​បើកឆាក​ដំបូង​របស់​កម្ពុជា​រៀបចំ​កិច្ច​ប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ត្រូវ​បាន​រលូត។

ទាំងអស់​នេះ គឺ​ជា​រឿងរ៉ាវ​ចម្រូងចម្រាស​លេចធ្លោ​ចំនួន៣​ របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២​ នេះ ដែល​ទំនង​ជា​ពិបាក​ធ្វើ​ឱ្យ​ពិភពលោក​បំភ្លេច​បាន។ ថា​តើ​កម្ពុជា​នឹង​បន្ត​បង្កើត​នូវ​រឿងរ៉ាវ​ចម្រូងចម្រាស​លេច​ធ្លោរ​បែប​ណា​ខ្លះ​ទៀត ​ក្នុង​ពេល​ដឹកនាំ​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​នៅ​លើក​ក្រោយ? គេ​ត្រូវ​រង់ចាំ​យ៉ាងហោចណាស់ ១០​ឆ្នាំ​ទៀត ទើប​អាច​ដឹង​ចម្លើយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។