របៀបវារៈនៃការចរចានយោបាយមួយ ដែលគណបក្សសង្គ្រោះជាតិទទួលបានជោគជ័យនោះ គឺការអនុញ្ញាតរបស់រដ្ឋាភិបាល ឲ្យគណបក្សប្រឆាំងនេះ អាចបើកស្ថានីយផ្សព្វផ្សាយ វិទ្យុនិងទូរទស្សន៍។ ក្នុងដំណើរការនៃ បើកការផ្សព្វផ្សាយរបស់ខ្លួននេះ គណបក្សសង្គ្រោះជាតិ បានសហការ និងក្រុមហ៊ុនមួយប្រព័ន្ធផ្សព្វផ្សាយឯករាជមួយឈ្មោះ ស៊ីអាយអឹម (Cambodian Independent Media) ។
ក្រុមហ៊ុនផ្សព្វផ្សាយឯករាជ្យកម្ពុជាមួយ កំពុងរៀបចំឯកសារ ដើម្បីដំណើរបើកស្ថានីយទូរទស្សន៍របស់ខ្លួន បន្ទាប់ពីក្រសួងព័ត៌មានបានសរសេរលិខិតអនុញ្ញាតកាលពីថ្ងៃទី២៤វិច្ឆិកា។ ប្រធានក្រុមប្រឹក្សាភិបាលនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកម្ពុជាដែលហៅកាត់ថា ស៊ីអាយអឹម អ្នកស្រី គុណ លំអង មានប្រសាសន៍នៅថ្ងៃទី ៣០វិច្ឆិកាថា អ្នកស្រី មានភាពជឿជាក់ថា នឹងទទួលបានអាជ្ញាប័ណ្ណបើកស្ថានីយទូរទស្សន៍ ពីក្រសួងព័ត៌មាន ប៉ុន្តែកត្តាដែលអ្នកស្រីព្រួយបារម្ភនោះ គឺបញ្ហាធនធានហិរញ្ញវត្ថុសម្រាប់ ដំណើរការស្ថានីយប្រព័ន្ធផ្សព្វផ្សាយមួយនេះ។ អ្នកស្រីបញ្ជាក់ទៀតថា បច្ចុប្បន្នក្រុមហ៊ុន កំពុងពិភាក្សានឹងគណបក្សសង្គ្រោះជាតិ ក្នុងការធានាឲ្យមានប្រភពហិរញ្ញវត្ថុគ្រប់គ្រាន់ នៅពេលដែលស្ថានីយនេះនឹងទទួលបានអាជ្ញាប័ណ្ណ ផ្សព្វផ្សាយនៅពេលដ៏ខ្លីខាងមុខ។
សេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាននាថ្ងៃទី ២៤វិច្ឆិកាបានបង្ហាញថា តាមសំណើរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្សី និងលិខិតពិសេសរបស់ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនផ្សព្វផ្សាយឯករាជ្យកម្ពុជា ស៊ីអាយអឹម ក្រសួងបានអនុញ្ញាតឲ្យក្រុមហ៊ុននេះ បើកស្ថានីយប៉ុស្តិ៍ទូរទស្សន៍របស់ខ្លួន ប៉ុន្តែក្រុមហ៊ុននេះ ត្រូវមកបំពេញបែបបទសុំអាជ្ញាប័ណ្ណ។
ទោះជាយ៉ាងណាក៏ដោយមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ កំពុងខិតខំប្រឹងប្រែងសហការនឹងក្រុមហ៊ុននេះ លើការបំពេញបែបបទសុំអាជ្ញាប័ណ្ណនេះ។
អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា នៅថ្ងៃច័ន្ទទី១ធ្នូ ក្រុមហ៊ុននឹងដាក់ការស្នើសុំអាជ្ញាប័ណ្ណនោះ នៅក្រសួងព័ត៌មាន ប៉ុន្តែដំណើរការនៃគ្រប់គ្រងនិងចាត់ចែងស្ថានីយនេះ កំពុងស្ថិតនៅក្នុងការពិភាក្សាគ្នានៅឡើយ។ លោកបញ្ជាក់ទៀតថា ទោះបីជាក្រុមហ៊ុនឯកជនណាមួយទទួលសិទ្ធិវិនិយោគក៏ដោយ ប៉ុន្តែស្ថានីយនោះត្រូវតែឯករាជ្យ និងស្របតាមវិជ្ជាជីវៈព័ត៌មាន។
ទោះជាយ៉ាងណាក៏ដោយ ការទទួលអាជ្ញាប័ណ្ណទូរទស្សន៍ គឺជាការព្រមព្រៀងគ្នានៅរបៀបវារៈចរចានយោបាយរបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាដែលចង់មានប្រព័ន្ធផ្សព្វព័ត៌មានដោយឯករាជ្យនៅប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។