សមាជិកសភាអឺរ៉ុបមកពីចក្រភពអង់គ្លេសលោក ហ្វីល ប៊ែននៀន (Phil Bennion) ដែលធ្លាប់សន្យាជាសាធារណៈថា លោកនឹងអមដំណើរលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ធ្វើមាតុភូមិនិវត្តមកកាន់កម្ពុជាវិញ ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកកាលពីថ្ងៃទី១៧ កក្កដា ថា ករណីរបបលោក ហ៊ុន សែន ដាក់បញ្ចូលឈ្មោះលោកទៅក្នុងបញ្ជីបដិសេធផ្ដល់ទិដ្ឋាការឱ្យចូលកម្ពុជានោះ រឹតតែស្ដែងឱ្យឃើញថា កម្ពុជាបានដកខ្លួនចេញឆ្ងាយពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។ លោកសង្កត់ធ្ងន់ៗថា ការធ្វើដូច្នេះ នឹងរឹតតែពង្រឹងឱ្យមាននូវការអំពាវនាវកាន់តែខ្លាំងឡើងថែមទៀត ឱ្យមានចំណាត់ការប្រឆាំងនឹងកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសមួយនេះ ដែលបានធ្វើទង្វើអកុសលទាំងនេះ។
កាលពី១៥ កក្កដា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានសរសេរលិខិតមួយច្បាប់ បញ្ជាឱ្យមន្ត្រីឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសរបស់ខ្លួននៅបរទេសទាំងអស់ ធ្វើការបដិសេធ ឬកុំផ្ដល់ទិដ្ឋាការដល់ជនបរទេសទាំងឡាយណា ដែលរបបនេះថា មានបំណងគាំទ្រ ឬការពារជនណាផ្ដន្ទាទោស ឬកំពុងជាប់ទោសដោយសាលដីកាតុលាការកម្ពុជា។ លោក ប្រាក់ សុខុន ស្នើឱ្យមន្ត្រីក្រោមឱវាទរបស់លោកទាំងនោះ ពិនិត្យមើលឱ្យបានហ្មត់ចត់ និងច្បាស់លាស់ពីគោលបំណងរបស់ជនបរទេសដែលស្នើសុំទិដ្ឋាការចូលកម្ពុជាទាំងនោះ ក្នុងអ្វីមួយដែលលោកថា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាព ក៏ដូចជាការពារអធិបតេយ្យកម្ពុជា។ លិខិតនោះ ក៏មានភ្ជាប់មកជាមួយនូវបញ្ជីឈ្មោះ អមដោយថ្ងៃខែឆ្នាំកំណើត និងរូបថតរបស់សមាជិកសភាអឺរ៉ុប ៤រូប អតីតសមាជិកសភាអឺរ៉ុបម្នាក់ និង អនុប្រធាន ចលនាសេរីនិយមអន្តរជាតិ (Liberal International) ។
មន្ត្រីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេសមួយរូប សុំមិនបញ្ចេញឈ្មោះ ប្រាប់អាស៊ីសេរីតាមទូរស័ព្ទបញ្ជាក់ថា ស្ថានទូតបានទទួលលិខិតពីលោក ប្រាក់ សុខុនមែន។
ថ្វីបើមានការបញ្ជាពីរបបក្រុងភ្នំពេញយ៉ាងដូច្នេះក៏ដោយ កន្លងមកពាក់ព័ន្ធនឹងសំណុំរឿងជាមួយលោក សម រង្ស៊ី របបនេះមិនដែលហ៊ានស្នើសុំប្រទេសបារាំងជាផ្លូវការឱ្យធ្វើបត្យាប័ន ឬចាប់បញ្ជូនខ្លួនលោក សម រង្ស៊ី មកទទួលទោសទណ្ឌនៅកម្ពុជាឡើយ បើទោះជាកម្ពុជា និងបារាំងមានកិច្ចព្រមព្រៀងបត្យាប័នយ៉ាងណាក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។