លោក ស ខេង បដិសេធ​ថា លោក​បាន​ប្រាប់​លោក សម រង្ស៊ី កុំ​ឱ្យ​វិល​ចូល​ស្រុក​វិញ

0:00 / 0:00

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បដិសេធ​ថា លោក​បាន​ប្រាប់​ទៅ​លោក សម រង្ស៊ី មិន​ឱ្យ​វិល​ចូល​ស្រុក​វិញ កាលពី​ចុង​ឆ្នាំ២០១៥ នោះ​ឡើយ។ លោក​បន្ត​ថា មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​រួចហើយ ហើយ​ក៏​មាន​ដីកា​តាម​ចាប់ខ្លួន​ផង​ដែរ ដូច្នេះ​លោក​មិន​ល្ងង់​ដល់​ថ្នាក់​ទៅ​និយាយ​ប្រាប់​លោក សម រង្ស៊ី បែបនេះ​ឡើយ។

ថ្នាក់ដឹកនាំ​កំពូល​លំដាប់​ទី​ពីរ​នៃ​របប​ក្រុងភ្នំពេញ លោក ស ខេង ថ្លែង​នៅ​ក្នុង​ហ្វេសប៊ុក នៅ​ថ្ងៃទី៣០ ខែ​ធ្នូ ថា ការ​វិលត្រឡប់​ចូល​ប្រទេស​វិញ ឬ​យ៉ាងណា​នោះ ស្ថិត​នៅ​លើ​លោក សម រង្ស៊ី ខ្លួនឯង ព្រោះ​លោក​ជា​អ្នក​រត់​គេចខ្លួន មិន​មាន​អ្នកណា​ហាមឃាត់​លោក​មិន​ឱ្យ​វិល​ចូល​ប្រទេស​វិញ​នោះ​ឡើយ។ លោក​បន្ត​ថា ការ​ថ្លែង​របស់​លោក​លោក សម រង្ស៊ី នេះ គ្រាន់តែ​ពាក្យ​សម្ដី​មួលបង្កាច់ ដើម្បី​បិទបាំង​ភាព​កំសាក រត់គេច​ចេញពី​សំណាញ់​ច្បាប់​របស់​លោក​តែប៉ុណ្ណោះ។

លោក​ក៏បាន​ច្រានចោល​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ដែរ ដែល​ថា​លោក​ពិបាក​ធ្វើការ​ជាមួយ​លោក ហ៊ុន សែន។ លោក​អះអាង​ថា លោក​បាន​ធ្វើការ​រួមគ្នា​ជាមួយ​លោក ហ៊ុន សែន គ្រប់​កាលៈទេសៈ អស់​រយៈពេល ៤​ទសវត្សរ៍​ទៅ​ហើយ ហើយ​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ កក្កដា ឆ្នាំ​២០១៨ នោះ កាន់តែ​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ពី​ការ​ឯកភាព​គ្នា និង​ភាព​រឹងមាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ស ខេង បញ្ជាក់​ថា គឺ​លោក សម រង្ស៊ី ទៅវិញ​ទេ ដែល​លោក​ពិបាក​ធ្វើការ​ជាមួយ ព្រោះ​លោក​ថា ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​រូប​នេះ ជា​មនុស្ស​និយាយ​បាតដៃ​ខ្នងដៃ និង​មិន​ទទួលខុសត្រូវ។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី២៨ ធ្នូ ថា លោក ស ខេង បាន​ប្រាប់​លោក​ដោយ​ផ្ទាល់​មាត់​ថា លោក​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើការ​ជាមួយ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន។ លោក​បាន​បញ្ជាក់​ថា លោក ស ខេង គឺជា​អ្នក​ដែល​បាន​ផ្តល់​យោបល់​ឱ្យ​លោក​កុំ​ទាន់​អាល​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ក្នុង​ស្ថានភាព​នយោបាយ​តានតឹង កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ៖ «ដោយសារ​លោក​ ហ៊ុន សែន គាត់​ធ្វើ​ឱ្យ​គេ​មិន​សប្បាយ​ចិត្ត។ គាត់​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​តែ​ម្នាក់​គាត់ ធ្វើ​ច្រងេងច្រងាង។ លោក​ ស ខេង ប្រាប់​ថា គាត់​នឹង​រៀបចំ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​សិន ដើម្បី​បើក​ផ្លូវ​ឱ្យ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ។ នេះ​ជា​មតិ​លោក ស ខេង ជា​មតិ​ស្ថានទូត​អាមេរិកាំង»។

លោក សម រង្ស៊ី បញ្ជាក់​ថា លោក ស ខេង និង​រូបលោក បាន​ជជែក​គ្នា​ពី​ផែនការ​បោះឆ្នោត​ទម្លាក់​លោក ហ៊ុន សែន ចេញពី​តួនាទី​ជា​នាយករដ្ឋមន្ត្រី តាមរយៈ​ការប្រើប្រាស់​យន្តការ​សភា ក៏ប៉ុន្តែ​ផែនការ​នេះ​ត្រូវ​បាន​ផ្អាក​ទៅវិញ ដោយសារ​ក្រុម​លោក ស ខេង បារម្ភ​ខ្លាច​លោក ហ៊ុន សែន យក​កង​អង្គរក្ស​ផ្ទាល់ខ្លួន​ទៅ​ធ្វើ​បាប​ពួកគេ។ លោក​ថា លោក ហ៊ុន សែន នៅតែ​ព្រួយបារម្ភ​ខ្លាច​តំណាងរាស្ត្រ​មួយ​ចំនួន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា រួមដៃ​គ្នា​ជាមួយ​គណបក្ស​សង្គ្រោះជាតិ ទម្លាក់​លោក​ចេញពី​អំណាច ទើប​លោក​ប្រឹងប្រែង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ឱ្យ​ខាន​តែ​បាន៖ «យើង​ត្រូវ​ស្គាល់​បុគ្គលិក​លក្ខណៈ ឆន្ទៈ បំណង ទឹកចិត្ត ជំហរ​របស់​មនុស្ស​ម្នាក់ៗ ដែល​មិន​មែន​ជា​សត្រូវ​របស់​យើង​ទេ គឺ​ជា​ខ្មែរ​ដូច​យើង​ដែល​គេ​ស្រឡាញ់​ជាតិ។ គេ​ដឹង​ថា ហ៊ុន សែន​ កំពុង​តែ​បំផ្លាញ​ជាតិ​។ គេ​ឈឺចាប់​ណាស់​ក្នុង​ឋានៈ​គេ​ជាខ្មែរ ជា​កូន​ខ្មែរ គេ​មិន​អាច​និយាយ​អី​បាន​។ ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា មាន​មន្ត្រី​បក្ស​ច្រើន​ណាស់​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​ ហ៊ុន សែន ព្រោះ ហ៊ុន សែន យក​ស្រុក​ខ្មែរ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​គាត់»។

កាលពី​ពាក់​កណ្តាល​ខែ​ធ្នូ​កន្លងទៅ លោក សម រង្ស៊ី បាន​ប្រកាស​ថា លោក​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ដើម​ឆ្នាំ​២០១៩​ខាងមុខ ហើយ​លោក​ក៏បាន​ទទូច​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោក​ឡើង​តស៊ូ​ជាមួយ​លោក​ផង​ដែរ។ ក៏ប៉ុន្តែ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​ព្រមាន​ទុកជាមុន​ថា ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​រូប​នេះ​នឹង​ត្រូវ​ចាប់ខ្លួន ប្រសិនបើ​លោក​ហ៊ាន​ត្រឡប់​មក​កម្ពុជា​វិញ ទោះជា​តាម​ច្រក​ណា​ក៏​ដោយ។

ទោះជា​យ៉ាងណា អ្នកវិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា លោក ហ៊ុន សែន ព្រមាន​បែបនេះ ដោយសារ​លោក​បារម្ភ​ខ្លាច​លោក​សម រង្ស៊ី វិល​ទៅ​កម្ពុជា​វិញ ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​អំណាច​របស់​លោក ព្រោះ​គណបក្ស​សង្គ្រោះជាតិ​ដែល​លោក​បាន​រំលាយ​ចោល​នោះ នៅ​តែ​មាន​ពលរដ្ឋ​គាំទ្រ​ច្រើន​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។