អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានសរសេរនៅក្នុងប្រព័ន្ធតេឡេហ្រ្គាម (Telegram) របស់លោក នៅថ្ងៃទី៣១ ធ្នូ ដោយហៅលោក សម រង្ស៊ី ថា ជាមនុស្សកំសាក នឹងមិនហ៊ានចូលស្រុកឡើយ។
លោក សុខ ឥសាន បានដាក់ជាសំណួរថា តើនឹងមានអ្វីកើតឡើង បើសិនលោក សម រង្សី ចូលស្រុក?
លោក សុខ ឥសាន បានឆ្លើយនឹងសំណួរនេះពីរចំណុច គឺទី១ លោក សម រង្សី មិនហ៊ានអើតក្បាលចូលស្រុកទេ ដោយសារលោកជាមនុស្សកំសាក និយាយបោកបញ្ឆោតអ្នកគាំទ្រខ្លួនយកតែរួចខ្លួនមួយពេលៗ ដូចធ្លាប់ភូតកុហកច្រើនដងនាពេលកន្លងមក ហើយចោទលោក សម រង្ស៊ី ថា ជាមនុស្ស ខ្លាច ភូតកុហក និងគ្មានការទទួលខុសត្រូវ។
ទី២ លោក សុខ ឥសាន បញ្ជាក់ថា លោក សម រង្ស៊ី ប្រថុយចូលមកក្នុងស្រុកនោះ គឺដោយនឹកគិតថា នឹងមានប្រជាជនច្រើនមកស្វាគមន៍ នឹកគិតថា នឹងមានបរទេសជួយឈឺឆ្អាលខ្លួន មានបាតុកម្មធំគាំទ្រ ដើម្បីយកអំណាចឲ្យខ្លួន។ លោកអះអាងថា លោក សម រង្ស៊ី គិតដូច្នេះ ទើបលោកហ៊ានចូលមកក្នុងស្រុក។ តែលោក សុខ ឥសាន អះអាងថា គ្មានបរទេសណាចេញមុខឈឺឆ្អាលជាមួយ សម រង្សី ឡើយ។ យ៉ាងច្រើនអាចនឹងមានមតិពីអ្នកវិភាគខ្លះប៉ុណ្ណោះ។
លោក សុខ ឥសាន ព្រមានថា នៅពេលលោក សម រង្ស៊ី ទៅដល់កម្ពុជា សមត្ថកិច្ចនឹងចាប់វ៉ៃខ្នោះភ្លាម មិនបង្អង់យូរ ហើយបញ្ជូនទៅដាក់នៅពន្ធនាគារណាមួយក្នុងប្រទេស។
ទោះជាយ៉ាងនេះក្ដី លោក សម រង្ស៊ី បានប្ដេជ្ញាចិត្តថា លោកនឹងវិលចូលកម្ពុជាវិញ នៅក្នុងខែមីនា ឆ្នាំ២០១៩ ខាងមុខ ហើយលោកថែមទាំងបានភ្នាល់ជាមួយលោក ហ៊ុន សែន ទៀត អំពីផែនការវិលចូលស្រុកវិញនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។