លោក កឹម សុខា ថា​លោក​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង​រាល់​ថ្ងៃ

0:00 / 0:00

លោក កឹម សុខា ទម្លាយ​ប្រាប់​សាធារណជន​ថា លោក​រង​ការ​គំរាមកំហែង​រាល់​ថ្ងៃ ដែល​ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់ ប៉ុន្តែ​លោក​មិន​បាន​តបត​រឿង​នេះ​ដោយ​ហិង្សា ឬ​បាតុកម្ម​ដើម្បី​វាយ​បក​វិញ​ទេ។ ចំណែក​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ ប្រាប់​ថា សមត្ថកិច្ច​រង់ចាំ​អន្តរាគមន៍ ប្រសិនបើ​មាន​ការ​ស្នើ​សុំ​ជា​ផ្លូវការ​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ប្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ នេះ​ថា លោក​រង​ការ​គំរាមកំហែង​រាល់​ថ្ងៃ ប៉ុន្តែ​លោក​មិន​ប្រាប់​ថា អ្នក​ណា​ដែល​ជា​អ្នក​គំរាមកំហែង​លោក​នោះ​ទេ។ លោក កឹម សុខា អះអាង​ថា លោក​នៅ​តែ​បន្ត​អត់ធ្មត់ ដើម្បី​ដណ្ដើម​ជ័យជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ៖ «ខ្ញុំ កឹម សុខា ថ្ងៃ​ណា​ក៏​គេ​គំរាម​ដែរ ថ្ងៃ​ណា​ក៏​គេ​ធ្វើ​ឲ្យ​ឈឺ​ចាប់​ដែរ...។ ខ្ញុំ​សូម​បញ្ជាក់​ថា ដរាប​ណា​យើង​អត់​ធ្មត់​បាន​ប៉ុណ្ណា ប្រជាពលរដ្ឋ​គាំទ្រ​យើង​បាន​ច្រើន​ប៉ុណ្ណឹង»

ការ​លើក​ឡើង​របស់​លោក កឹម សុខា នៅ​ពេល​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​ថា នឹង​មាន​បាតុកម្ម​ប្រឆាំង​បាតុកម្ម ខណៈ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ថា​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក-​អាស៊ាន។ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ លោក កឹម សុខា អះអាង​ថា ទោះ​មាន​បាតុកម្ម​ប្រឆាំង​នឹង​រូប​លោក​ជា​ថ្មី ក៏​មិន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដែរ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​បន្ថែម​លើ​ប្រសាសន៍​របស់ លោក កឹម សុខា ថា ការ​គំរាមកំហែង​ភាគ​ច្រើន​កើត​ចេញ​ពី​ហ្វេសប៊ុក (Facebook)។ លោក​ថា ចាប់​ពី​ខែ​១០ ឆ្នាំ​២០១៥ កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូន​ដំណឹង និង​សុំ​អន្តរាគមន៍​ទៅ​ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​ដែនដី ប៉ុន្តែ​ក្រៅ​ពី​នេះ គណបក្ស​មិន​ទាន់​សុំ​អន្តរាគមន៍​បន្ថែម​ទេ។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​ពង្រឹង​សុវត្ថិភាព​ជូន​លោក កឹម សុខា និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ៖ «យើង​មាន​ជំនឿ​ថា អាជ្ញាធរ​ដែន​ដី​មាន​សមត្ថកិច្ច លោក​នឹង​ពង្រឹង​ការពារ​សណ្ដាប់ធ្នាប់​ជូន​ឯកឧត្ដម កឹម សុខា ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​សង្គ្រោះ និង​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​មាន​សុខ សុវត្ថិភាព​ដូច​អ្វី​ដែល​យើង​ស្នើ​សុំ»

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា មក​ទល់​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ មិន​ទាន់​មាន​ក្រុម​ណា ឬ​គណបក្ស​ណា​ស្នើ​សុំ​មក​ក្រសួង​មហាផ្ទៃ ដើម្បី​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា ក្រសួងមហាផ្ទៃ មាន​កង​កម្លាំង​ពិសេស​តាម​ការពារ​មន្ត្រី​បក្ស​ប្រឆាំង ឬ​លោក កឹម សុខា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​ជា​លាយលក្ខណ៍អក្សរ។ ប៉ុន្តែ​លោក​ថា មក​ដល់​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ មិន​ទាន់​មាន​ការ​ស្នើ​សុំ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ៖ «ខ្លួន​ថា​ខ្លាច​ខ្មោច​លង​ នៅ​ផ្ទះ​ហ្នឹង ប៉ុន្តែ​អត់​មាន​ប្រាប់​គេ​ឲ្យ​មក​ជួយ​កំដរ។ ក្នុង​ន័យ​ហ្នឹង​ដូច​ឯកឧត្ដម កឹម សុខា ថា​មាន​គេ​គំរាម​កំហែង ចេះ​តែ​ថា​ទៅ អត់​ស្នើ​សុំ​កម្លាំង​ទៅ​ជួយ»

​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថា ការ​គំរាមកំហែង​លើ​បក្ស​ប្រឆាំង ព្រោះ​សម្ពាធ​ផ្នែក​នយោបាយ​លើ​បក្ស​ប្រឆាំង​ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ ពិបាក​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច។ លោក​ព្រួយ​បារម្ភ​ថា អំពើ​ហិង្សា​អាច​នឹង​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត ដែល​អ្នករងគ្រោះ​ជា​គណបក្ស​ប្រឆាំង បើ​ផ្អែក​លើ​ស្ថានការណ៍​សព្វថ្ងៃ​នេះ៖ «នៅ​កម្ពុជា មិនមែន​ជា​រឿង​ប្លែក​ទេ ជា​រឿង​ដដែលៗ។ យើង​គួរ​តែ​ជៀសវាង​នូវ​បញ្ហា​ទាំង​អស់​នេះ ហើយ​ងាក​មក​ចរចា​គ្នា​ដោយ​សន្តិវិធី បន្ត​វប្បធម៌​សន្ទនា»

​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៥ នៅ​ពេល​មាន​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​ប្រទេស​បារាំង លោក ហ៊ុន សែន ប្រកាស​ថា នឹង​មាន​បាតុកម្ម​នៅ​កម្ពុជា ដែរ ដើម្បី​ទាមទារ​ដក​លោក កឹម សុខា ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ហើយ​បាតុកម្ម​នោះ បាន​ឈាន​ទៅ​ដល់​ប្រើ​ហិង្សា​វាយប្រហារ តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​អោយ​រង​របួស​ធ្ងន់។ លើស​ពី​នោះ ផ្ទះ​របស់​លោក កឹម សុខា នៅ​ទួលគោក ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ហ្វូង​បាតុករ​ជា​ច្រើន​រយ​នាក់ ប្រើ​ដុំ​ថ្ម និង​ដប​ទឹក​គប់​ចូល​បរិវេណ​ផ្ទះ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។