សកម្មជនគណបក្សសង្គ្រោះជាតិចំនួនពីរនាក់ទៀត គឺលោក លាស់ ឆេងឡាយ និងលោក អ៊ុក ឆុំ ត្រូវបានអាជ្ញាធរដោះលែងឲ្យមានសេរីភាពហើយនៅព្រឹកថ្ងៃទី១០ ខែមករានេះ ក្រោយពេលពួកគាត់បានអនុវត្តទោសជាប់ពន្ធនាគារចប់រយៈពេល១៨ខែគត់។ មន្រ្តីសង្គមស៊ីវិលយល់ថា ការដោះលែងសកម្មជនពេលនេះមិនមែនការស្រុះស្រួលផ្នែកនយោបាយនោះទេ។
មន្ត្រីគណបក្សសង្គ្រោះជាតិចំនួនពីរនាក់ រួមមាន សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតស្រុកបវេល ខេត្តបាត់ដំបងលោក លាស់ ឆេងឡាយ និងមេឃុំឃ្លាំងមាស ស្រុកបវេល លោក អ៊ុក ឆុំ ត្រូវបានអាជ្ញាធរដោះលែងឲ្យមានសេរីភាពហើយនៅព្រឹកថ្ងៃទី១០ ខែមករា ក្រោយពេលពួកគាត់បានអនុវត្តទោសជាប់ពន្ធនាគារចប់រយៈពេល១៨ខែគត់។
លោក លាស់ ឆេងឡាយ ថ្លែងប្រាប់វិទ្យុអាស៊ីសេរីក្រោយចេញពន្ធនាគារថា លោករីករាយបានជួបគ្រួសារនិងមិត្តភក្តិរួមការងារឡើងវិញ។ ប៉ុន្តែលោកខកចិត្តជាខ្លាំងចំពោះតុលាការចោទប្រកាន់ និងឃុំខ្លួនរូបលោក និងសកម្មជនម្នាក់ទៀតរហូតដល់ថ្ងៃចេញពីពន្ធនាគារបែបនេះ។ សកម្មជនបក្សប្រឆាំងរូបនេះ នៅតែចាត់ទុកថា ការចោទនិងការឃុំខ្លួនរូបលោកដាក់ពន្ធនាគារក្នុងបន្ទប់តូចចង្អៀត គ្មានអនាម័យ ម្ហូបអាហារគ្មានជីវជាតិដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកជាប់ឃុំ គឺជារឿងឈឺចាប់ និងអយុត្តិធម៌បំផុត សម្រាប់អ្នកនយោបាយដែលពុំមានកំហុសដូចការចោទប្រកាន់របស់តុលាការ។ លោកបញ្ជាក់ថា ទោះបីរងធ្វើទុក្ខបុកម្នេញយ៉ាងណាក្តី លោកប្តេជ្ញារក្សាឆន្ទៈមោះមុតដូចដើម ក្នុងការតស៊ូផ្នែកនយោបាយជាមួយបក្សប្រឆាំង ដើម្បីស្តារការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖ «វាអយុត្តិធម៌បំផុតព្រោះអី វាអត់មានកំហុសណាត្រូវ មកដាក់ទោសខ្ញុំ ដាក់បទចោទញុះញង់ ហើយអាញុះញង់ហ្នឹងអត់ឃើញថា ធាតុផ្សំនៃបទញុះញង់កន្លែងណាមួយពីជ្រុងណាមួយពីខ្ញុំទៅដែលធ្វើអាក្រក់ ថាទៅជាញុះញង់វាអត់ឃើញវាជាការពិត ខ្ញុំដេក ១៨ ខែនៅក្នុងពន្ធនាគារខ្ញុំរកថាខ្ញុំខុសអីអត់ឃើញ ខ្ញុំមិនមែននិយាយឱ្យតែពិរោះនោះទេ ខ្ញុំនៅតែបន្តហើយទៅមុខទៀតនៅក្នុងជីវភាពនយោបាយ»។
នៅថ្ងៃដដែលនេះដែរ សាលាឧទ្ធរណ៍ភ្នំពេញ ក៏បានបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់សកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៤ នាក់ក្នុងនោះមានលោក គង់ ម៉ាស់ លោក ខាន់ ប៊ុងផេង និងសកម្មជនបក្សសង្គ្រោះជាតិ ពីរនាក់ទៀតដែលទើបចាប់បញ្ជូនពីប្រទេសថៃ (Thailand) គឺលោក វឿង សំណាង និងលោក វឿន វាសនា។ ប្រធានក្រុមប្រឹក្សាជំនុំជម្រេះ មិនអនុញ្ញាតឱ្យគ្រួសារចូលស្តាប់សវនាការនោះទេ។ ក្រោយសវនាការរួច តុលាការបានឲ្យមន្ត្រីពន្ធនាគារ ដឹកជញ្ជូនជនជាប់ឃុំទាំង៤នាក់ទៅឃុំក្នុងពន្ធនាគារព្រៃសវិញ ខណៈក្រុមគ្រួសារ មិនទាន់បានដឹងអំពីលទ្ធផលនៃសវនាការនេះនៅឡើយទេ។
ប្រពន្ធមន្រ្តីគណបក្សសង្គ្រោះជាតិលោក គង់ ម៉ាស់ គឺលោកស្រី កុល សាត ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រី ខកចិត្តចំពោះតុលាការជាន់ខ្ពស់មួយនេះ ដែលបន្តឃុំខ្លួនប្តីលោកស្រី និងសកម្មជនផ្សេងទៀតកំពុងមានជំងឺធ្ងន់ធ្ងរប្រចាំកាយ ដែលត្រូវយកចិត្តទុកដាក់ពីគ្រួសារ និងព្យាបាលបន្ទាន់នៅមន្ទីរពេទ្យខាងក្រៅ។ ប្រពន្ធមន្រ្តីបក្សប្រឆាំងរូបនេះថា ការចាប់ប្ដីរបស់លោកស្រីដាក់ពន្ធនាគារជាង១ឆ្នាំមកនេះ គឺជារឿងអយុត្តិធម៌បំផុត ពីព្រោះប្តីលោកស្រីមិនបានប្រព្រឹត្តខុសច្បាប់ ដូចការចោទប្រកាន់របស់តុលាការឡើយ៖ «វាជារឿងអយុត្តិធម៌សម្រាប់អ្នកនយោបាយដែលគ្នាអត់មានកំហុសសោះចាប់គ្នាដាក់គុក ហើយមិនកាត់ក្តីកាត់អីចឹង។ ខ្ញុំក្រុមគ្រួសារជួបទុក្ខលំបាកដោយសារសេដ្ឋកិច្ចគ្រួសារ ខ្ញុំអត់មានចំណូលទេ គឺកូនរៀនផង ចឹងសព្វថ្ងៃខ្ញុំជួលផ្ទះគេនៅទេ ហើយទីពីរត្រូវទៅមើលថែប្តីនៅក្នុងពន្ធនាគារទៀត ហើយមួយវិញទៀតគាត់មានបញ្ហាជំងឺលើសឈាមវាប៉ះពាល់ខ្លាំង ថ្ងៃមុនបើសិនវាបុកទៅខួរក្បាល គឺវាមានហានិភ័យដល់ជីវិតទៀត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យ និងប្រធានសាលាឧទ្ធរណ៍ភ្នំពេញលោក យូ ប៊ុនឡេង ដើម្បីសាកសួរបន្ថែមបានទេ នៅថ្ងៃទី១០ ខែមករា។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា ថ្លែងថា សំណុំរឿងសកម្មជនគណបក្សប្រឆាំងទាំងនេះ គឺជារឿងនយោបាយ ហើយទាល់តែអ្នកដឹកនាំបក្សនយោបាយងាកមករកការផ្សះផ្សាជាតិ រកដំណោះស្រាយជាមួយគ្នា ទើបរំពឹងថា ពួកគេមានសេរីភាពឡើងវិញបាន។ ចំណែកស្ថានភាពបច្ចុប្បន្នចំពោះករណីដោះលែងសកម្មជនជាបន្តបន្ទាប់ពីពន្ធនាគារមិនមែនកើតចេញពីការស្រុះស្រួលផ្នែកនយោបាយនោះទេ។ មន្រ្តីសង្គមស៊ីវិលរូបនេះមើលឃើញថា ប្រសិនបើរដ្ឋាភិបាល នៅតែមិនឆ្លើយតបជាវិជ្ជមានតាមសំណើរបស់សហគមន៍ជាតិនិងអន្តរជាតិទេ អាចប្រឈមការរិះគន់ និងរងទណ្ឌកម្មបន្ថែមទៀតពីប្រទេសប្រកាន់នូវរបបលទ្ធប្រជាធិបតេយ្យ ជាពិសេសប៉ះពាល់ដល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ៖ «ល្គឹកណាមេបក្សនយោបាយ អ្នកនយោបាយមិនទាន់មានឥរិយាបថងាករកការផ្សះផ្សាដំណោះស្រាយ ហើយនៅតែប្រកាន់ឥរិយាបថរៀងៗខ្លួន ខ្ញុំគិតថា សកម្មជនទាំងអស់នោះពុំមានវាសនាដោះលែងឱ្យមានសេរីភាពឡើងវិញបានទេ គ្មានវាសនាអីល្អដើម្បីដោះលែងឱ្យមានសេរីភាពក្នុងពេលនេះទេ ពីព្រោះស្ថានភាពបរិយាកាសមិនមានលក្ខណៈធូរស្បើយ»។
អាជ្ញាធរចាប់ខ្លួនសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតស្រុកបវេល ខេត្តបាត់ដំបង លោក លាស់ ឆេងឡាយ និងមេឃុំឃ្លាំងមាស ស្រុកបវេល លោក អ៊ុក ឆុំ កាលពីខែកក្កដា ឆ្នាំ២០២០ ហើយតុលាការក្រុងភ្នំពេញបានចោទប្រកាន់ពីបទ ញុះញង់ឱ្យមានវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដោយផ្តន្ទាទោសដាក់ពន្ធ១៨ខែ។ ចំណែកសមាជិកក្រុមការងារបក្សប្រឆាំងខេត្តស្វាយរៀងលោក គង់ ម៉ាស់ និងចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សនេះនៅសង្កាត់ព្រែកព្រះស្តេច ខេត្តបាត់ដំបងលោក ខាន់ ប៊ុនផេង វិញត្រូវបានតុលការចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រោមបទចោទ «រួមគំនិតក្បត់»។ ការចាប់ខ្លួនសកម្មជនទាំងពីរនេះ ធ្វើឡើងនៅមុនប៉ុន្មានថ្ងៃនៃការប៉ុនប៉ងវិលចូលប្រទេសកម្ពុជាមិនបានជោគជ័យរបស់អនុប្រធានគណបក្សសង្គ្រោះអ្នកស្រី មូរ សុខហួរ។ រីឯសកម្មជនគណបក្សប្រឆាំងពីរនាក់ទៀត គឺលោក វឿន វាសនា ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ «រារាំងដល់ការអនុវត្តវិធានការ» និងបទញុះញង់ ចំណែក លោកវឿង សំណាង ត្រូវបានតុលាការចោទប្រកាន់ពី «រួមគំនិតក្បត់» បន្ទាប់ពីអាជ្ញាធរកម្ពុជាសហការជាមួយសមត្ថកិច្ចប្រទេសថៃចាប់បញ្ជូនពួកគេពីប្រទេសថៃមកវិញកាលពីចុងឆ្នាំ២០២១។
កន្លងមកអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័នបានចាត់ទុករឿងក្ដីក្ដាំនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងស្នើឱ្យតុលាការទម្លាក់ ចោលការចោទប្រកាន់ និងដោះលែងជនជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញ ដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។