ចិន​បញ្ជូន​នាវា​ចម្បាំង​ពីរ​គ្រឿង​ទៀត​មក​កាន់​មូលដ្ឋាន​ទ័ព​រាម

[អានអត្ថបទជា ភាសាអង់គ្លេស៖ China sends 2 more ships to Cambodia's Ream naval base]

រដ្ឋាភិបាល​ចិន​ទំនងជា​បាន​បញ្ជូន​នាវា​ចម្បាំង ២​គ្រឿង​ទៀត​មក​កាន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម។ រូបភាព​ផ្កាយរណប​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​បង្ហាញ​ថា នាវា​ចម្បាំង​ទាំង ២ គ្រឿង​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​កាល​ពី​ថ្ងៃ​ទី១៧ កុម្ភៈ។ នាវា​ទាំងពីរ​គ្រឿង​នេះ បាន​ចូល​ចត​នៅ​កំពង់ផែ​ថ្មី​ដែល​ចិន​បាន​ស្ថាបនា​ក្នុង​មូលដ្ឋាន​ទ័ព​រាម នៅ​ទល់​មុខ​គ្នា​នឹង​ នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង​ទៀត​ដែល​បាន​ចត​នៅ​ទីនោះ តាំង​តែ​ពី​ឆ្នាំ​មុន។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​ក្រសួង​ការពារជាតិ ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​យប់​ថ្ងៃ​ទី ១៨ កុម្ភៈ។

អត្ថបទ​ដែល​ទាក់ទង៖

នាវា​ចម្បាំង​ចិន ២គ្រឿង បន្ត​ចត​នៅ​កំពង់ផែរាម ទោះជា​សមយុទ្ធ​នាគមាស​បិទ​បញ្ចប់ទៅជាង១ខែក្តី

នាវា​ចម្បាំង​ចិន បន្ត​ចូលចត​នៅ​កំពង់ផែ​រាម

ប្រភព​មួយ​ចំនួន​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាល​ពី​ឆ្នាំ​មុន​ថា ចិន​នឹង​ប្រគល់​គ្រឿង​បរិក្ខារ​ថ្មីៗ​ជាច្រើន​នៅ​ឯ​មូលដ្ឋាន​ទ័ព​រាម បូករួម​ទាំង​កំពង់ផែ និង​នាវា​ចម្បាំង ២ គ្រឿង​ផង​ដែរ ដល់​កម្ពុជា។ ជា​ការ​តបស្នង ក្រុម​អ្នក​វិភាគ​យល់​ថា វា​ទំនងជា​ប្រទេស​ទាំងពីរ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង ដែល​អនុញ្ញាត​ឱ្យ​កងទ័ព​ជើង​ទឹក​ចិន​មាន​សិទ្ធិ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ថ្មី​នេះ។

ការ​មក​ដល់​នៃ​នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង​ទៀត​នៅ​ពេល​នេះ អាច​បញ្ជាក់​ថា ការ​ផ្ទេរ​នាវា​ចម្បាំង​ពីរ​គ្រឿង​ដល់​កម្ពុជា​នោះ នឹង​ជិត​មក​ដល់​ហើយ។

កាល​ពី​ថ្ងៃ​ទី៩ កុម្ភៈ រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ សីហា និង​ឪពុក​របស់​លោក គឺ​លោក ទៀ បាញ់ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ទំនើបកម្ម​មូលដ្ឋាន​ទ័ព​រាម ដោយ​មាន​ការ​ចូលរួម​ពី​ឯកអគ្គរដ្ឋទូត​ចិន លោក វ៉ាង វិនពីន (Wang Wenbin) ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។