អង្គការសង្គមស៊ីវិលនៅកម្ពុជា ចំនួន៥ ដាក់ញត្តិស្ដីពីការទាមទារឱ្យមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ជូនថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការសង្គមស៊ីវិលទាំង៥ ដែលចេញនៅរៀលថ្ងៃទី៥ កញ្ញា សរសេរថា ញត្តិស្ដីពីការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ដែលដាក់ជូនថ្នាក់ដឹកនាំរដ្ឋសភា និងនាយករដ្ឋមន្ត្រីនៅពេលនេះ ជាដំណាក់កាលទី១ ហើយមានអ្នកគាំទ្រចំនួន ១.១៩០នាក់។ អ្នកគាំទ្រញត្តិនេះ គឺទទួលបានមកពីមជ្ឈដ្ឋានប្រជាពលរដ្ឋ សិស្សនិស្សិត ព្រះសង្ឃ អ្នកជំនាញឯករាជ្យ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលនានានៅកម្ពុជា។
មន្ត្រីផ្នែកអង្កេតនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា អង្គការខុមហ្វ្រែល (Comfrel) គឺលោក សៀន ប៊ុនរិទ្ធ មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិល នឹងបន្តប្រមូលការគាំទ្រញត្តិនេះបន្ថែមទៀត ដើម្បីដាក់ជូនថ្នាក់ដឹកនាំរដ្ឋសភា រាជរដ្ឋាភិបាល ហើយអាចថ្វាយព្រះមហាក្សត្រផង៖ «មកដល់ពេលនេះ យើងដាក់តែត្រឹមថ្នាក់ដឹកនាំរដ្ឋសភា ហើយដូចដែលក្នុងសេចក្ដីប្រកាសព័ត៌មានលើកឡើងអ៊ីចឹង គឺបានន័យថា យើងបានដាក់ទៅសម្ដេចប្រធាន ព្រមទាំងអនុប្រធានទាំងពីរ ហើយលិខិតដែលទៅសម្ដេចប្រធានហ្នឹង គឺយើងបានចម្លងជូនទៅសមាជិករដ្ឋសភាផ្សេងៗទៀត រួមទាំងញត្តិរបស់យើងផង ហើយជាបន្តបន្ទាប់ទៀត យើងនឹងប្រមូលការគាំទ្រញត្តិហ្នឹងបន្ថែមទៀត ហើយយើងគ្រោងនឹងដាក់ទៅ អាចនឹងដាក់ទៅព្រះមហាក្សត្រផងដែរ»។
កាលពីព្រឹកថ្ងៃទី៣ កញ្ញា ប្រតិភូតំណាងអង្គការសង្គមស៊ីវិល ដឹកនាំដោយនាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល គឺលោក គល់ បញ្ញា បានជួបអតីតនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា មួយរូប គឺលោក ប៉ែន សុវណ្ណ ដើម្បីរកការគាំទ្រចលនាឱ្យមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រី។ លោក គល់ បញ្ញា ថ្លែងថា ក្នុងយុទ្ធនាការស្វែងរកការគាំទ្រនេះដែរ ក្រុមលោកនឹងជួបជាមួយអតីតនាយករដ្ឋមន្ត្រីពីររូបទៀត គឺលោក អ៊ឹង ហួត និងសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។