បក្ស​ប្រឆាំង​សន្យា​បំពាក់​អាវុធ​ទំនើបៗ​ឲ្យ​យោធា​នៅ​ពេល​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច

0:00 / 0:00

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្យា​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ថា នឹង​សន្សំ​សំចៃ​ថវិកា​ជាតិ​បន្ថែម ដើម្បី​ចាយ​លើ​វិស័យ​យោធា​តាម​រយៈ​បំពាក់​ឲ្យ​មាន​អាវុធ​សឹក​ទំនើបៗ​ជាង​ពេល​បច្ចុប្បន្ន​នេះ ប្រសិន​បើ​ខ្លួន​ឈ្នះ​ការ​បោះឆ្នោត និង​ឡើង​ដឹកនាំ​ប្រទេស​ជំនួស​បក្ស​កាន់​អំណាច។ ការ​សន្យា​នេះ បន្ទាប់​ពី​បក្ស​ប្រឆាំង​អះអាង​ថា នឹង​ផ្លាស់ប្ដូរ​តែ​តំណែង​អនុរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ប៉ុណ្ណោះ ក្រៅ​ពី​នេះ មន្ត្រី​ប៉ូលិស និង​ទាហាន​ទាំងអស់​ដែល​ជា​កង​កម្លាំង​ការពារ​ជាតិ គឺ​មិន​ប៉ះពាល់​ឡើយ។

នៅ​មុន​ចាប់​ផ្ដើម​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ដ៏​ធំ​ជា​លើក​ទី​ពីរ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ចូលរួម នៅ​ថ្ងៃ​ទី​២៨ ឧសភា និង​បន្ទាប់​ពី​ថ្លែង​រិះគន់​ទាក់ទង​នឹង​អំពើ​អយុត្តិធម៌​ជាច្រើន​នៅ​ក្នុង​សង្គម ដូចជា​ការ​អភិវឌ្ឍ​រឹត​តែ​ធ្វើ​ឲ្យ​រាស្ដ្រ​រង​ទុក្ខ​វេទនា​កាន់​តែ​ខ្លាំង ការ​វាយ​ដំ​តំណាងរាស្ត្រ​នៅ​ខាង​មុខ​រដ្ឋសភា និង​ការ​សម្លាប់​អ្នក​ដែល​មាន​មតិ​ជំទាស់ ហើយ​តុលាការ​មិន​រក​យុត្តិធម៌​នោះ។ គណបក្ស​ប្រឆាំង​ក៏​បាន​ក្រើន​រំឭក​ជា​ថ្មី​ទៀត​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា តាម​ឆន្ទៈ និង​មិន​ត្រូវ​ខ្លាច​សារ​គំរាម​សង្គ្រាម​ឡើយ ព្រោះ​ព្រះមហាក្សត្រ​បាន​ធានា​ចំពោះ​សន្តិភាព​ដែល​កំពុង​មាន​សព្វថ្ងៃ​នេះ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​គោល​នយោបាយ​ទម្លាក់​លុយ ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឃុំ-សង្កាត់​នៅ​ពេល​ឈ្នះ គណបក្ស​ក៏​នឹង​សន្សំ​ថវិកា​ផ្សេង​ទៀត​ដើម្បី​បំពាក់​អាវុធ​ទំនើបៗ​ឲ្យ​យោធា​ដែរ « គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​ទាហាន​ទេ កង​យោធពល​ខេមរភូមិន្ទ​យើង គឺ​កងទ័ព​របស់​ជាតិ ជា​កងទ័ព​បម្រើ​ជាតិ។ យើង​នឹង​ហ្វឹកហ្វឺន​ទាហាន​យើង​ឲ្យ​ខ្លាំង។ យើង​នឹង​សន្សំ​លុយ​ទិញ​អាវុធ​យុទ្ធភណ្ឌ​ទំនើបៗ​ឲ្យ​ទាហាន​យើង ដើម្បី​ការពារ​ប្រទេស​ជាតិ »

ការ​ប្រកាស​ពី​មន្ត្រី​បក្ស​ប្រឆាំង​នេះ បាន​កើត​ឡើង​ស្រប​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ព្រមាន​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ថា នឹង​ប្រើប្រាស់​កង​កម្លាំង​ទ័ព​ទាហាន ចេញ​បង្ក្រាប​ក្រុម​ណា​ដែល​ហ៊ាន​ងើប​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត និង​ព្រមាន​សារ​សង្គ្រាម​ផ្ទុះ​ឡើង​វិញ​នៅ​កម្ពុជា ប្រសិន​បើ​គណបក្ស​កាន់​អំណាច​របស់​លោក ដែល​ដឹកនាំ​ប្រទេស​ជិត ៤០​ឆ្នាំ ចាញ់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។

ពាក់ព័ន្ធ​នឹង​ការ​សន្យា​រក​លុយ​ជួយ​ពង្រឹង​វិស័យ​យោធា​ពី​មន្ត្រី​បក្ស​ប្រឆាំង​នេះ ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយតប​ថា ប្រសិន​បើ​គណបក្ស​របស់​លោក​ហ៊ាន​សន្យា​ដូច​គ្នា​នេះ ប្រហែល​ជា​ត្រូវ​រង​ការ​រិះគន់​ថា​គំរាម​កំហែង។ ប៉ុន្តែ​លោក​ថា ការ​លើក​ឡើង​នោះ​គ្រាន់​តែ​ជា​សារ​ស្រមើស្រមៃ​ខុស​ពី​ការពិត​ប៉ុណ្ណោះ ព្រោះ​បក្ស​ប្រឆាំង​នឹង​មិន​អាច​យក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ឡើយ « គាត់​គ្មាន​ប្រាកដ​និយម​គួរ​ឲ្យ​ជឿជាក់​ទេ ព្រោះ​ម្ដង​ថា​អ៊ីចេះ​អ៊ីចុះ ម្ដង​ឆ្វេង ម្ដង​ស្ដាំ »

រីឯ​ការ​សន្យា​របស់​បក្ស​ប្រឆាំង ថា​នឹង​ទម្លាក់​លុយ​កន្លះ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ឲ្យ​បាន​ក្នុង​មួយ​ឃុំ-សង្កាត់ ក៏​ត្រូវ​បាន​លោក សុខ ឥសាន អះអាង​ថា មិន​ដឹង​ជា​ត្រូវ​រក​ប្រភព​ថវិកា​មក​ពីណា​ឡើយ ហើយ​ការ​លើក​ឡើង​បែប​នេះ មិន​មាន​លក្ខណៈ​បែប​វិទ្យាសាស្ត្រ​ខាង​បច្ចេកទេស​ហិរញ្ញវត្ថុ​គួរ​ឲ្យ​ជឿជាក់​បាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គ្រាន់​តែ​ជា​ការ​សន្យា​ក្នុង​គោល​បំណង​ឲ្យ​ពលរដ្ឋ​យល់​ច្រឡំ និង​ចង់​បាន​សន្លឹក​ឆ្នោត​ប៉ុណ្ណោះ។

គោល​នយោបាយ​ទម្លាក់​លុយ ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក បាន​ក្លាយ​ជា​គោល​នយោបាយ​មួយ​លេចធ្លោ​ជាង​គេ​ក្នុង​ចំណោម​គោល​នយោបាយ​ទាំង ៥​ចំណុច​របស់​គណបក្ស​ប្រឆាំង។ រយៈពេល​កន្លង​មក​នេះ នៅ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​គ្រប់​ខេត្ត-ក្រុង​នៅ​ទូទាំង​ប្រទេស ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា បាន​អះអាង​ជា​រឿយៗ​ថា ទឹកប្រាក់​ត្រឹម​ចំនួន ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​មួយ​ឃុំ-សង្កាត់ គឺ​ក្នុង​មួយ​ឆ្នាំ​ចំណាយ​អស់​តែ​ចំនួន ៨២៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ស្រប​ពេល​ថវិកា​ជាតិ​ដែល​រដ្ឋសភា​អនុម័ត​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៧ មាន​ប្រហែល ៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឯណោះ។ ប្រធាន​បក្ស​ប្រឆាំង​អះអាង​ទៀត​ថា គោល​នយោបាយ ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឃុំ-សង្កាត់ គឺ​មិន​ចាំបាច់​ឲ្យ​រដ្ឋាភិបាល​ត្រូវការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ទៀត​ដែរ។

ចំណែក​អ្នក​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹកនាំ លោក ឆាំ ប៊ុនថេត មិន​គាំទ្រ​ចំពោះ​ការ​សន្យា​របស់​គណបក្ស​ប្រឆាំង ថា​នឹង​បង្កើន​ថវិកា​ជាតិ​លើ​វិស័យ​យោធា​ឡើយ ព្រោះ​លោក​យល់​ថា សព្វថ្ងៃ​ថវិកា​ចាយ​មក​លើ​លើ​វិស័យ​មួយ​នេះ ហាក់​មាន​ច្រើន​ពេក​ណាស់​ទៅ​ហើយ ប៉ុន្តែ​លោក​ថា ចំពោះ​គោល​នយោបាយ​ទម្លាក់​លុយ ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក គឺ​ជា​គោល​នយោបាយ​ដ៏​ល្អ​ប្រសើរ​មួយ និង​គ្រប់គ្រាន់​ដើម្បី​ការពារ​ទឹកដី​ឲ្យ​បាន​គង់វង្ស​នោះ « ជួយ​វិស័យ​កសិកម្ម​អី​សិន ដើម្បី​ជួយ​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រាន់​បើ​សិន ចាំ​គិត​លើ​វិស័យ​ផ្សេង​ទៀត »

អ្នក​ជំនាញ​រូប​នេះ​ថ្លែង​ទៀត​ថា ថវិកា​ត្រឹម ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក គឺ​កម្ពុជា មិន​ខ្វះ​ថវិកា​ឡើយ ប្រសិន​បើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ណា​មួយ​ដែល​មាន​ឆន្ទៈ​ពិត​ប្រាកដ ដើម្បី​ទប់ស្កាត់​អំពើ​ពុក​រលួយ និង​ការ​រៀបចំ​ប្រព័ន្ធ​រដ្ឋ​មួយ​ឲ្យ​បាន​ត្រឹមត្រូវ។ លោក ឆាំ ប៊ុនថេត បញ្ជាក់​ថា ថវិកា​ទាំង ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​នេះ នឹង​អាច​ជួយ​ពង្រឹង​វិស័យ​សុខាភិបាល វិស័យ​អប់រំ ប្រព័ន្ធ​ធារាសាស្ត្រ និង​ទប់ស្កាត់​គ្រឿង​ញៀន​មាន​ប្រសិទ្ធភាព​នៅ​ថ្នាក់​មូលដ្ឋាន​ជាង​បច្ចុប្បន្ន ជាពិសេស​នឹង​ជួយ​ឲ្យ​ជីវភាព​ពលរដ្ឋ​រឹង​តែ​ប្រសើរ​ឡើង ដោយ​មិន​ចាំបាច់​នាំ​គ្នា​ជួល​ដី និង​លក់​ដី​នៅ​តាម​ព្រំដែន​តទៅទៀត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។