មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គណបក្សបានប្រាប់ទៅមន្ត្រីបក្សរបស់ខ្លួននៅតាមមូលដ្ឋានទូទាំងប្រទេស មិនឲ្យកាត់ ឬលុបរូបលោក សម រង្ស៊ី កាន់ដៃលោក កឹម សុខា ដូចអ្វីដែលពួកគេបានធ្វើកន្លងទៅទៀតនោះទេ គឺត្រូវប្តូររូបសញ្ញាថ្មីដែលមានតែសញ្ញាព្រះអាទិត្យតែម្តង។ បក្សកាន់អំណាចថាការកាត់ ឬលុបរូបនេះ ដោយមិនបានប្តូរស្លាកថ្មី ព្រោះគណបក្សប្រឆាំងចង់ធ្វើខ្លួនជាតួកម្សត់ឲ្យពលរដ្ឋអាណិត ដើម្បីចង់បានប្រជាប្រិយភាពប៉ុណ្ណោះ។
ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ពន្យល់ថា សកម្មភាពដែលមន្ត្រីគណបក្សនេះនៅតាមមូលដ្ឋាន កាត់ ឬលុបរូបលោក សម រង្ស៊ី កាន់ដៃលោក កឹម សុខា ចេញពីស្លាកគណបក្ស ដោយទុកត្រឹមរូបព្រះអាទិត្យ ព្រោះពួកគេខ្លាចគណបក្សត្រូវរំលាយចោល ដោយសារច្បាប់គណបក្សនយោបាយថ្មីបានចូលជាធរមានកន្លងទៅនេះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គីមសួរ ភិរិទ្ធ ប្រាប់ថា ការដែលមន្ត្រីគណបក្សសង្គ្រោះជាតិ សម្រេចលុប ឬកាត់រូបលោក សម រង្ស៊ី កាន់ដៃលោក កឹម សុខា ដោយមិនប្តូររូបសញ្ញាថ្មីតែម្តងនោះ មិនមែនមកពីគណបក្សខ្វះខាតថវិកាទេ ប៉ុន្តែនេះគ្រាន់តែជាការរៀបចំខ្លួនលើកទីមួយ មុននឹងប្តូររូបសញ្ញាថ្មីរបស់គណបក្ស។
បញ្ជាក់បន្ថែមពីនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី១៩ ខែសីហា ថា លោកបានណែនាំទៅសាខាបក្សទូទាំងប្រទេសមិនឲ្យកាត់ ឬលុបរូបលោក សម រង្ស៊ី កាន់ដៃលោក កឹម សុខា ពីស្លាកគណបក្សទៀតទេ។ លោកបន្តថា គឺត្រូវដកស្លាកចាស់ចេញតែម្តង ដោយត្រូវដាក់រូបសញ្ញាថ្មីរបស់គណបក្សតែម្តង៖ « ខ្ញុំបានណែនាំទៅសាខាគណបក្សទូទាំងប្រទេស ឲ្យដោះដូរចេញ អត់មានឲ្យលុបឬកាត់ទេ »។
ការបង្ហាញចំណាត់ការរបស់មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ នៅពេលនេះ បន្ទាប់ពីមន្ត្រីគណបក្សសង្គ្រោះជាតិ នៅតាមបណ្តាខេត្តនានា កាត់ ឬលុបរូបលោក សម រង្ស៊ី កាន់ដៃលោក កឹម សុខា ពីស្លាកគណបក្ស ដោយនៅតាមមូលដ្ឋានខ្លះនិយាយថា ពួកគេធ្វើដូចនេះព្រោះជួបបញ្ហាខ្វះខាតថវិកា។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា ការធ្វើដូចនេះដោយសារគណបក្សប្រឆាំងមិនកសាងសមិទ្ធផលអ្វីទេ ដូច្នេះមានតែប្រឹងធ្វើខ្លួនជាតួកម្សត់។ លោកយល់ថា ការសម្ដែងរបស់គណបក្សសង្គ្រោះជាតិ នឹងទទួលបានផលដូចខ្លួនរំពឹងទុកនោះ៖ « គណបក្សប្រឆាំងកំពុងដើរតួជាតួអង្គកម្សត់ ដើម្បីទាក់ទាញសន្តានចិត្តពីប្រជាពលរដ្ឋ »។
ទាក់ទងដំណើរការដែលគណបក្សសង្គ្រោះជាតិ ដូររូបសញ្ញារបស់ខ្លួនឲ្យស្របទៅច្បាប់គណបក្សនយោបាយថ្មីឲ្យអស់ត្រឹមចុងខែសីហា ត្រូវបានលោក យឹម សុវណ្ណ ប្រាប់ថា ពេលនេះគណបក្សដូរស្លាកថ្មីបានជាង ៨០ភាគរយនៃស្លាកសញ្ញាទូទាំងប្រទេស។ ច្បាប់គណបក្សនយោបាយដែលគណបក្សប្រជាជនកម្ពុជា បានធ្វើវិសោធនកម្មលើកទីពីរ គឺហាមមិនឲ្យគណបក្សនយោបាយប្រើប្រាស់សារជាសំឡេង រូបភាព ឬសកម្មភាពរបស់ទណ្ឌិតសម្រាប់ផលប្រយោជន៍គណបក្សតែម្តង។ ច្បាប់នេះបានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា។ ច្បាប់ទុករយៈពេល ៩០ថ្ងៃឲ្យគណបក្សនយោបាយរៀបចំខ្លួន មុននឹងដាក់ទោសទណ្ឌ។
អ្នកវិភាគនយោបាយ លោក សូ ចន្ថា យល់ថា សកម្មភាពកាត់ ឬលុបរូបលោក សម រង្ស៊ី កាន់ដៃលោក កឹម សុខា ចេញពីស្លាកគណបក្ស ដោយទុកត្រឹមរូបព្រះអាទិត្យ អាចជាការបង្ហាញឲ្យពលរដ្ឋមើលឃើញថា គណបក្សសង្គ្រោះជាតិ រងគ្រោះព្រោះច្បាប់គណបក្សនយោបាយថ្មីដែលមិនអាចបត់បែនទាន់តាមច្បាប់នេះ៖« កន្លងមកឃើញហើយគណបក្សក្រៅរដ្ឋាភិបាល ជាពិសេសគណបក្សប្រឆាំង តែងទទួលរងការគាបសង្កត់ពីគណបក្សកាន់អំណាច ប៉ុន្តែយើងមើលទៅគណបក្សនេះហាក់បីដូចជាកើនសំឡេង »។
ប៉ុន្តែអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថាគណបក្សមានអ្នកគាំទ្រស្រាប់ទៅហើយ មិនចាំបាច់ធ្វើកម្សត់ចង់បានប្រជាប្រិយភាពនោះទេ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រកាសកាលពីពេលថ្មីៗនេះថា ស្លាកសញ្ញាថ្មីរបស់គណបក្ស គឺត្រឹមរូបព្រះអាទិត្យប៉ុណ្ណោះ។ គណបក្សនេះ ក៏ប្រកាសមិនទទួលស្គាល់ការផ្សព្វផ្សាយ និងសកម្មភាពរបស់បុគ្គលណាមួយទាក់ទងនឹងទណ្ឌិតដែលពុំមែនជាការសម្រេចផ្លូវការរបស់គណបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។