ប្រពន្ធ និងគាំទ្រអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលចូលរួមឃ្លាំមើលសវនាការស្លុតចិត្តនៅពេលឃើញ សុខភាពរបស់លោក ថាច់ សេដ្ឋា កាន់តែធ្ងន់ធ្ងរសឹងតែមិនអាចដើរបាន ប៉ុន្តែតុលាការចេះតែអូសបន្លាយសំណុំរឿងបន្តទៀត។ មន្ត្រីសង្គមស៊ីវិលយល់ថា សំណុំរឿងលោក ថាច់ សេដ្ឋា គឺជារឿងនយោបាយតាំងពីដំបូង ដូច្នេះតុលាការហើយបើគួរតែដោះលែងលោក ថាច់ សេដ្ឋា។
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែសីហា បើកសវនាការជំនុំជម្រះលើប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ក្រោមបទ « មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន » ឬការចេញសែកដោយគ្មានសាច់ប្រាក់។
ក្រោយចេញពីសវនាការ សហមេធាវី ដែលការពារក្ដីឱ្យលោក ថាច់ សេដ្ឋា គឺលោក សឺន ជុំជួន បានឱ្យដឹងតុលាការនឹងបន្តសវនាការសំណុំរឿងរបស់លោក ថាច់ សេដ្ឋា នៅថ្ងៃក្រោយទៀត ដោយចៅក្រមជំនុំជម្រះបង្គាប់ឱ្យភាគីដើមចោទ និងចុងចោទរកភស្តុតាងបន្ថែម។ ទោះជាយ៉ាងណាក្ដី ចៅក្រមជំនុំជម្រះអ្នកស្រី ឈុន ដាវី ក៏មិនទាន់កំណត់ពេលសវនាការជាក់លាក់សម្រាប់សវនាការលើកក្រោយនោះទេ។
លោក សឺន ជុំជួន៖ « គាត់នៅតែបដិសេធការចេញមូលប្បទានប័ត្រស្អុយ យើងនៅតែព្យាយាមរកភស្តុតាងបន្ថែម ដើម្បីដោះបន្ទុក។ បើយើងនិយាយជារួមទៅធម្មតាមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទតែងតែមានការរំពឹងរកយុត្តិធម៌ឱ្យកូនក្ដីរបស់ខ្លួន ផ្អែកទៅតាមការលើកឡើងរបស់សហមេធាវី ក៏ស្នើឱ្យមាននៅក្រៅឃុំដែរ » ។
ប្រពន្ធលោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី បង្ហាញទឹកមុខព្រួយបារម្ភ និងតក់ស្លុតនៅពេលឃើញប្ដីលោកស្រីមានសភាពកាន់តែយ៉ាប់យ៉ឺនស្ទើរដើរមិនរួច និងមិនអាចទ្រាំទ្រជាមួយនឹងស្ថានភាពពន្ធនាគារដែលចង្អៀតណែនក្នុងពន្ធនាការបាននោះ។ លោកស្រី ថាច់ សុខបូរ៉ានី យល់ថា ចៅក្រមមិនបានផ្ដល់ឱកាសដល់ប្ដីលោកស្រី និងមេធាវីលើកឡើង និងបង្ហាញភស្តុតាង ដើម្បីបញ្ជាក់ពីភាពស្អាតស្អំនោះទេ ប៉ុន្តែបែរជាផ្ដល់ពេលវេលាច្រើនដល់ភាគីម្ខាងដែលជាដើមចោទទៀតឱ្យសួរដដែលៗ ដើម្បីដាក់បន្ទុកលើប្ដីលោកស្រី។
លោកស្រី ថាច់ សុខបូរ៉ានី៖«ចង់និយាយថា មិនអយុត្តិធម៌ជាមួយប្ដីខ្ញុំនោះទេ ដោយសារចូលចង់ ៨ខែហើយរឿងហ្នឹង ហើយសុខភាពគាត់មិនសូវល្អទៀត ហើយចង់ឱ្យគាត់នៅក្រៅឃុំជួបជុំគ្រួសារ ហើយទៅឆែកសុខភាព ហើយនៅក្នុងហ្នឹងគាត់ទ្រុឌទ្រោមមែនទែន ហើយខ្ញុំមើលទៅគាត់ពិបាកណាស់ គាត់ទ្រាំ គាត់ទ្រាំនឹងជំងឺគាត់ ហើយមើលទៅចៅក្រមលើកឡើងមិនយុត្តិធម៌ដោយសារអីគេកោះហៅគាត់ចូលខ្លួនពីរដងគាត់អត់ចូល ការពិតផ្ទះខ្ញុំមិនមែននៅបឹងឈូកទេ»។
លោកស្រី ថាច់ សុខបូរ៉ានី បន្តថា ប្រសិនបើតុលាការនៅតែអូសបន្លាយលើសំណុំរឿងប្ដីរបស់លោកស្រីនោះ ប្ដីលោកស្រីនឹងរងទុក្ខវេទនាក្នុងពន្ធនាគារ និងរងភាពអយុត្តិធម៌កាន់តែខ្លាំង ទាំងដែលប្ដីលោកស្រីមិនមានកំហុសអ្វីនោះទេ។
ចំណែកនៅខាងមុខតុលាការឯណោះវិញ អ្នកគាំទ្រលោក ថាច់ សេដ្ឋា ជាង ១០នាក់ អង្គុយរងចាំដំណឹង និងរងចាំមើលលោក ថាច់ សេដ្ឋា។
ចំណែកប្រធានក្រុមការងារគណបក្សភ្លើងទានស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លោកស្រី ម៉ី សុហន ដែលមកតុលាការដើម្បីបង្ហាញបង្ហាញការគាំទ្រនិងលើកទឹកចិត្តលោក ថាច់ សេដ្ឋា ថ្លែងថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋា គឺជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ និងជារឿងអយុត្តិធម៌តាំងពីដំបូងមកម្ល៉េះ។ លោកស្រីថា ករណីលោក ថាច់ សេដ្ឋា គឺជាឧទាហរណ៍មួយនៃការធ្វើទុក្ខបុកម្នេញមកលើសកម្មជននយោបាយបាយបក្សប្រឆាំង និងទទូចឱ្យតុលាការដោះលែងអ្នកនយោបាយឈាមជ័រខ្មែរក្រោមរូបនេះ។
លោកស្រី ម៉ី សុហន៖«ការដែលចេញសែកស្អុយហ្នឹង វាជារឿងយូរណាស់ហើយ វាអត់ត្រូវសើរើទេ ព្រោះរឿងហ្នឹងគាត់ឈ្នះក្ដីហើយ ដល់ពេលអត់មានរឿងអីចាប់ គាត់ទៅជាយកបទហ្នឹងសើរើឡើងវិញ ទាំងដែលយើងចរចាជាមួយអ្នក ដែលប្ដឹងរួចអស់ហើយហ្នឹង សម្រួលហើយគាត់ឈ្នះហើយហ្នឹង គួរតែទម្លាក់បទចោទហ្នឹងហើយ មិនត្រឹមតែមិនទម្លាក់ទេ បែរជាបន្ថែមមួយទៀត»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាតំណាងអយ្យការដែលចោទប្រកាន់លោក ថាច់ សេដ្ឋា គឺលោក ប្លង់ សុផល បានទេ នៅថ្ងៃទី១៦ ខែសីហា ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា ទាំងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដែលបានឃ្លាំមើលករណីនេះយល់ថា គឺជារឿងនយោបាយតាំងពីដំបូង និងជាការកៀបសង្កត់ផ្នែកនយោបាយក្រោយពីលោក ថាច់ សេដ្ឋា ក្លាយជាមន្ត្រីជាន់ខ្ពស់នៃគណបក្សភ្លើងទៀន។
លោក អំ សំអាត៖ « យើងឃើញហើយករណីលោក ថាច់ សេដ្ឋា តាំងពីដំបូងយើងឃើញថា អង្គការជាតិ និងអន្តរជាតិ ដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គេមើលឃើញថា ការចាប់ និងការឃុំខ្លួនលោក ថាច់ សេដ្ឋា ក្នុងករណីហ្នឹងជាហេតុផលនយោបាយ ច្រើនជាងអនុវត្តច្បាប់ ពីព្រោះរឿងកើតយូរហើយ ការដោះស្រាយយូរហើយ។ ប៉ុន្តែ នៅពេលដែលលោក ថាច់ សេដ្ឋា ចាប់ផ្ដើមប្រឡូកវិស័យនយោបាយជាអនុប្រធានគណបក្សភ្លើងទៀន ស្រាប់តែត្រូវបានចាប់ខ្លួនក្នុងពេលហ្នឹងទៅ » ។
លោក អំ សំអាត យល់ថា តុលាការមិនបន្តគួរឃុំខ្លួន លោក ថាច់ សេដ្ឋា នោះទេ ព្រោះថា ចៅក្រមស៊ើបសួរបានបិតបញ្ចប់ការស៊ើបសួររួចហើយ និងមិនមានភស្តុតាងជាក់លាក់ណាមួយដាក់បន្ទុកលើលោក ថាច់ សេដ្ឋា នោះឡើយ។ ក្នុងពេលជាមួយគ្នានោះ លោក ថាច់ សេដ្ឋា និងក្រុមគ្រួសារក៏បានធានាអះអាងដោយតម្កល់ថវិកាធានានៅក្រៅឃុំផង និងបានសន្យាថា នឹងចូលរួមគ្រប់នីតិវិធីរបស់តុលាការថែមទៀត។
ក្រៅពីចោទប្រកាន់ ពីបទ «មិនបានបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន » ការចេញសែកដោយគ្មានសាច់ប្រាក់ លោក ថាច់ សេដ្ឋា ក៏ត្រូវបានតុលាការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌពីរករណីទៀត គឺបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងបទញុះញង់ឱ្យមានការរើសអើងតាមមាត្រា ៤៩៦ តាមក្រមព្រហ្មទណ្ឌដដែល។
លោក ជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអនុប្រធានគណបក្សភ្លើងទៀន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម្ដុំវត្តសំរោងអណ្ដែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ក្រោយចាប់ខ្លួនលោក ថាច់ សេដ្ឋា ត្រូវបានគេបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នភ្លាមៗ នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ ពីបទ «មិនបានបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន » ឬការចេញសែកដោយគ្មានសាច់ប្រាក់ ចំនួន ៥សន្លឹក ទៅឱ្យក្រុមហ៊ុន រិន ឆាយ ផនសប (Rin Chhay Pawn Shop) ដែលប្រព្រឹត្តតាំងពីឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។