នៅមុនដំណាច់ឆ្នាំចាស់មួយ គឺថ្ងៃចន្ទ ទី៣១ ធ្នូ ឆ្នាំ២០១៨ ឆ្លងចូលឆ្នាំថ្មី ឆ្នាំ២០១៩ នេះ អ្នកនយោបាយ នៃគណបក្សធំៗ នៅកម្ពុជា បានផ្ញើសាររបស់ខ្លួនផ្សេងៗ គ្នា ជូនទៅពលរដ្ឋ និងអ្នកគាំទ្របក្ស តាមបណ្ដាញសង្គមហ្វេសប៊ុក។
នាឱកាសឆ្នាំថ្មី ២០១៩ នេះ មេដឹកនាំគណបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីសង្គមស៊ីវិល បានបង្ហាញក្តីព្រួយបារម្ភ ចំពោះបញ្ហាប្រទេសជាតិ ដែលកំពុងមានវិបត្តិនយោបាយធ្ងន់ធ្ងរ ហើយមិនទាន់បានដោះស្រាយនៅឡើយ។
ចំណែកមេដឹកនាំរបបក្រុងភ្នំពេញវិញ មិនបានលើកឡើងពីបញ្ហាវិបត្តិរបស់ប្រទេសជាតិ ដែលកើតមានភាពចម្រូងចម្រាសនោះទេ ប៉ុន្តែអំពាវនាវឲ្យពលរដ្ឋចូលរួមច្រៀងរាំសប្បាយ ក្នុងព្រឹត្តិការណ៍ដែលលោក ហ៊ុន សែន កំពុងរៀបចំនៅវិមានឈ្នះឈ្នះឯណោះទៅវិញ។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ជម្លោះនយោបាយរវាងគណបក្សប្រឆាំង និងរបបឯកបក្សរបស់លោក ហ៊ុន សែន បានហែកហួរគ្នារហូតដល់មេដឹកនាំគណបក្សប្រឆាំងពីរ ម្នាក់ត្រូវបានចាប់ឃុំ និងម្នាក់ទៀត បានរត់ភៀសខ្លួននៅក្រៅប្រទេស។
បើទោះបីមានវិបត្តិនយោបាយ មិនទាន់បានរលត់ក៏ដោយ ក៏អ្នកនយោបាយខ្មែរ និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សមិនភ្លេចការជូនពរឆ្នាំថ្មីឆ្នាំសកល២០១៩ នេះឡើយ។
ប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ដែលត្រូវរបបលោក ហ៊ុន សែន ឃុំឃាំងក្នុងផ្ទះផ្ញើសារអបអរឆ្នាំថ្មីនេះ ដោយទាមទារឲ្យមានការផ្សះផ្សាជាតិពិតប្រាកដ មិនយកខ្មែរណាជាសត្រូវ ដើម្បីប្រទេសកម្ពុជា និងពលរដ្ឋខ្មែរ ទទួលបានសុខសន្តិភាព និងវឌ្ឍនភាពតាមគោលការណ៍ប្រជាធិបតេយ្យ។
ជាមួយគ្នានេះ លោក កឹម សុខា បួងសួងសូមឲ្យឆ្នាំថ្មីនេះ កម្ពុជាបើកទំព័រប្រវត្តិសាស្ត្រថ្មី ដែលលុបបំបាត់ជំងឺពីរយ៉ាង ដែលកំពុងរាតត្បាតក្នុងសង្គមខ្មែរ គឺការគាបសង្កត់ជិះជាន់ គំរាមកំហែង ជាពិសេសដោយអំពើហិង្សា និងជំងឺមួយទៀតនោះ គឺការស្អប់ ឈ្នានីសគ្នា តាមរូបភាពលាបពណ៌ ជេរប្រមាថ និងបង្ខូចកេរ្តិ៍ឈ្មោះគ្នាជាដើម។
លោកបន្តថា ក្នុងប្រវត្តិសាស្ត្រថ្មីនេះគឺចាប់ផ្ដើមពីមេដឹកនាំគ្រប់និន្នាការនយោបាយ ត្រូវវិលទៅរកទសពិធរាជធម៌ ដោយបញ្ឈប់ការធ្វើនយោបាយតាមបែបគុណធម៌ ដើម្បីត្រួសត្រាយផ្លូវជូនប្រជាពលរដ្ឋ ជាពិសេសកូនខ្មែរជំនាន់ក្រោយ ឲ្យដើរឆ្ពោះទៅរកការអភិវឌ្ឍន៍ រីកចំរើន រុងរឿងពិតប្រាកដ។
មេដឹកនាំបក្សប្រឆាំង ដ៏ល្បីឈ្មោះ មួយរូបទៀត ដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស គឺលោក សម រង្ស៊ី ក៏បានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ដោយបង្ហាញនូវក្តីសង្ឃឹមថា ឆ្នាំថ្មី២០១៩ នេះ ជនរួមជាតិ នឹងទទួលបានសេចក្ដីសុខ រក្សាសាមគ្គីភាព និងរម្ងាប់ការព្យាបាទ ដើម្បីទុកជាប្រវត្តិសាស្ត្រ សម្រាប់កូនខ្មែរជំនាន់ក្រោយ។
លោក សម រង្ស៊ី បានបញ្ជាក់នៅក្នុងវេទិកាអ្នកស្ដាប់អាស៊ីសេរីកាលពីសប្ដាហ៍មុនដោយលោកមានសុទិដ្ឋិនិយមថា ឆ្នាំថ្មី អ្វីៗនឹងមានការផ្លាស់ប្ដូរ៖ « ឆ្នាំ២០១៩ឆ្នាំសកលខ្ញុំជឿជាក់១០០ % ថានឹងមានការផ្លាស់ប្ដូរជាវិជ្ជមានក្នុងអំឡុងឆ្នាំ២០១៩នេះដូចអ្វីដែលប្រជារាស្ត្រខ្មែរចង់បានយូរហើយគឺយើងត្រូវតែត្រៀមលក្ខណៈមិនមែនមានតែខ្ញុំ សម រង្ស៊ី មិនមែនមានតែគណបក្សសង្គ្រោះជាតិទេមានភាគីច្រើនទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស »។
អ្វីដែលបានលើកឡើងនៅក្នុងសារជូនពររបស់មេដឹកនាំគណបក្សប្រឆាំងនេះហាក់បីដូចជាបានបង្កប់នូវការដាក់សម្ពាធផងនឹងក៏ជំរុញដល់របបក្រុងភ្នំពេញអោយកែប្រែស្ថានភាពឡើងវិញសម្រាប់ឆ្នាំថ្មី២០១៩ នេះ។
ផ្ទុយពីសារជូនពរឆ្នាំថ្មីរបស់មេបក្សប្រឆាំង ដែលលើកឡើងពីបញ្ហាស្មុគស្មាញរបស់ជាតិ ដែលកំពុងមានវិបត្តិនយោបាយធ្ងន់ធ្ងរ យ៉ាងណាក្តី ក៏ លោក ហ៊ុន សែន មេបក្ស កាន់អំណាច មិនបានបង្ហាញសារដែលជាដំណោះស្រាយនយោបាយណាមួយជាមួយគណបក្សប្រឆាំងនាឱកាសឆ្នាំថ្មីនេះទេ។
មេដឹកនាំ របបឯកបក្ស បច្ចុប្បន្ន និងជាអតីតកម្មាភិបាលខ្មែរក្រហម គឺលោក ហ៊ុន សែន ដែលបានកាន់កាប់អំណាចជាង៣ទសវត្សមកហើយនោះ ក៏មានផ្ញើសារជូនពរ ទន្ទឹមគ្នានឹងការដាក់សម្ពោធអោយប្រើប្រាស់វិមានឈ្នះៗ ដែលលោក សម រង្ស៊ី ហៅថា ជាវិមានក្បត់ជាតិ ហើយអ្នកវិភាគថា ជាកន្លែងតម្កល់ឯកសារប្រវត្តិសាស្ត្រក្លែងក្លាយ។
លោក ហ៊ុន សែន បានយកឱកាសដាច់ឆ្នាំចាស់ ឆ្លងចូលឆ្នាំថ្មីនេះ បង្កើតកម្មវិធីច្រៀងរាំសប្បាយ ក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះរបស់ខ្លួន។ លោកបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា លោកនិងភរិយា នឹងចូលរួមឆ្លងឆ្នាំសកល ២០១៨ ចូល ២០១៩ នៅវិមានឈ្នះឈ្នះ ហើយលោកក៏បានឆ្លៀតរំលឹកទៅពលរដ្ឋឲ្យទៅចូលរួមក្នុងព្រឹត្តិការណ៍នេះឲ្យបានច្រើន។
លោកក៏បានជូនពរពលរដ្ឋខ្មែរទាំងអស់ រួមទាំងកងទ័ព ដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន មានសុខភាពល្អ ទទួលបានជោគជ័យក្នុងការងារ និងមុខរបរ និងមានលាភសំណាងគ្រប់ៗ គ្នា នាក្នុងឆ្នាំថ្មី ២០១៩។
ជុំវិញសារជូនពរឆ្នាំថ្មីឆ្នាំសកលរបស់អ្នកនយោបាយនេះ អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន សុំមិនធ្វើអត្ថាធិប្បាយពីការលើកឡើងរបស់អ្នកនយោបាយនេះទេ។ ប៉ុន្តែ មន្រ្តីសង្គមស៊ីវិលរូបនេះ ចង់ឃើញអ្នកនយោបាយទាំងពីរគណបក្ស គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ រកដំណោះស្រាយរួមមួយ ដើម្បីផ្តល់ប្រយោជន៍ពលរដ្ឋដែលកំពុងត្រូវការពួកគេ៖ «ទាំងអ្នកនយោបាយនិងប្រជាពលរដ្ឋត្រូវងាកមកលើការរួបរួមគ្នា ការផ្សះផ្សាជាតិ ការឯកភាពជាតិ រួមដៃគ្នាក្នុងការកសាងជាតិដើម្បីអភិវឌ្ឍន៍សង្គម នៅកម្ពុជាអោយស្របទៅនឹងប្រទេសផ្សេងៗ ប្រទេសជិតខាង ដែលគេមានការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងប្រព័ន្ធគ្រប់គ្រងរដ្ឋ » ។
ចំណែក មន្រ្តីសិទ្ធិមនុស្សឯណោះវិញ លោក ស៊ឹង សែនករុណា ដែលជាអ្នកនាំពាក្យសមាគម អាដហុក (ADHOC) បានបញ្ចេញទស្សនៈរបស់លោកតាមបណ្ដាញសង្គមហ្វេសប៊ុកដែរថា អ្វីដែលលោកដឹងឮ គឺការរំលោភសិទ្ធិពលរដ្ឋ និងនយោបាយមានសភាពធ្ងន់ធ្ងរជាងគេ ដែលបានកើតឡើងជាលក្ខណៈប្រព័ន្ធ ដោយកាត់ផ្តាច់ឫសគល់នៃលទ្ធិប្រជាធិបតេយ្យ។
លោកបង្ហាញការព្រួយបារម្ភថា សំពាធផ្សេងៗ អាចនឹងកើតមានក្នុងឆ្នាំថ្មីនេះតទៅ ខណៈបញ្ហាពិតដែលអន្តរជាតិលើកឡើងមិនត្រូវបានដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។